fbpx

  ការសម្ពោធជាផ្លូវការធនាគារវីង និងដាក់ឲ្យដំណើរការសាខាសែនសុខ និង សាខាវិមានឯករាជ្យ!

មីនា 17, 2022

ការសម្ពោធជាផ្លូវការធនាគារវីង

និងដាក់ឲ្យដំណើរការសាខាសែនសុខ និង សាខាវិមានឯករាជ្យ!

ធនាគារវីងត្រូវបានសម្ពោធជាផ្លូវការ រួមជាមួយនឹងការដាក់ឲ្យដំណើរការសាខាចំនួនពីរ គឺសាខាសែនសុខ និងសាខាវិមានឯករាជ្យ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ន មេបញ្ជាការកងទ័ពជើងគោក និងដោយមានការចូលរួមពីសំណាក់ ឯកឧត្តម រ័ត្ន សុវណ្ណនរៈ អគ្គនាយកត្រួតពិនិត្យធនាគារជាតិនៃកម្ពុជា អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាលធនាគារវីង និងជាអគ្គនាយកក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប និង លោក ជំទាវ ម៉ៅ ចំណាន ព្រមទាំងភ្ញៀវកិត្តិយសជាច្រើនរូបទៀត។

 

ឯកឧត្តម ហ៊ុន ម៉ាណែត បានសម្តែងនូវការអបអរសាទរចំពោះជោគជ័យ និងសមិទ្ធផលទាំងឡាយដែលក្រុមហ៊ុនវីង ខិតខំសម្រេចបានក្នុងរយៈពេល ១៣ឆ្នាំ កន្លងមកនេះ ដែលជាដំណើរជោគជ័យគួរជាទីមោទនៈមួយទៀតរបស់ក្រុមហ៊ុនក្នុងស្រុក។ ការពង្រីកខ្លួនបន្ថែមទៅជាធនាគារពាណិជ្ជ និងការដាក់ឲ្យដំណើរការសាខាចំនួនពីរ ដែលត្រូវបានប្រកាសជាផ្លូវការក្នុងថ្ងៃនេះ ក៏បានឆ្លុះបញ្ចាំងឲ្យឃើញផងដែរអំពីស្ថិរភាព ភាពធន់ និងសក្តានុពលទីផ្សារនៃវិស័យហិរញ្ញវត្ថុនៅកម្ពុជា ជាពិសេសក្នុងបរិការណ៍នៃការរាតត្បាតសាកលនៃជំងឺកូវីដ-១៩ ដែលបានបង្កផលប៉ះពាល់ដល់ស្ថានភាពសេដ្ឋកិច្ច-សង្គមទាំងក្នុងកម្រិតសាកល តំបន់ និងជាតិនីមួយៗ។ ឯកឧត្តមបណ្ឌិត ក៏បានកត់សម្គាល់អំពីកំណើននៃគ្រិះស្ថានធនាគារនិងហិរញ្ញបត្ថុនៅកម្ពុជាក្នុងរយៈពេលជាង ២០ឆ្នាំចុងក្រោយនេះ ដែលជាការចូលរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់បរិយាប័ន្នហរិញ្ញវត្ថុនៅកម្ពុជា ខណៈពេលដែលបរិយាប័ន្នហិរញ្ញបត្ថុត្រូវបានទទួលស្គាល់ថា បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការរួមចំណែកផ្តល់លទ្ធភាពដល់ប្រជាជន ក៏ដូចជាសហគ្រាសធុនតូច និងមធ្យមឲ្យទទួលបានសេវាហិរញ្ញវត្ថុលឿនរហ័ស ងាយស្រួល និងមានតម្លៃសមរម្យ ជាការធានាបាននូវការពង្រីកសក្តានុពលសកម្មភាពសេដ្ឋកិច្ចលើគ្រប់វិស័យ និងការកាត់បន្ថយភាពក្រីក្រនៅក្នុងសង្គម។

 

ឯកឧត្តម រ័ត្ន សុវណ្ណនរៈ បានមានប្រសាសន៍ថា៖ «ការពង្រីក​បណ្តាញ​ប្រតិបត្តិការ​របស់​ធនាគារ​ វីង​ (​ខេមបូឌា)​ម.ក​ តាមរយៈការបើក​ដំណើរការ​សាខា​សែនសុខ និង​សាខា​វិមានឯករាជ្យ នាពេលនេះ ជាសក្ខី​ភាព​មួយ​បង្ហាញ​ពីការរីកចម្រើនរបស់​វិស័យធនាគារ​នៅកម្ពុជា​ ព្រមទាំង​ជំនឿទុកចិត្ត​របស់​វិនិយោគិន ទាំងបរទេស និង​ក្នុង​ស្រុក​ ចំពោះ​វិស័យ​នេះ បើទោះបី​ជា​ស្ថិត​ក្នុង​បរិបទនៃ​ជំងឺកូវីដ១៩ ក៏ដោយ។ ទន្ទឹមនេះ​ និន្នាការ​ធនាគារ​ វីង​ (​ខេមបូឌា)​ម.ក ក៏បាននិង​កំពុង​រួម​ចំណែក​យ៉ាង​សំខាន់​ដក់​ការ​លើក​កម្ពស់​បិរយាបន្ន​ហិរញ្ញ​វត្ថុ តាមរយៈ​ការ​ផ្តល់​សេវា​ហិរញ្ញវត្ថុ​ប្រកប​ដោយ​ការ​ទទួលខុសត្រូ​ វិជ្ជាជីវៈ និង​ប្រសិទ្ធភាព ជូន​ប្រជា​ពលរដ្ឋកម្ពុជា​យើង។​»

ធនាគារ វីង នឹងប្រើប្រាស់បច្ចេកវិទ្យាទំនើបដែលផ្តល់ដោយដៃគូលំដាប់ពិភពលោក ដើម្បីកាត់បន្ថយការចំណាយលើប្រតិបត្តិការធនាគារ និងកាត់បន្ថយពេលវេលាសម្រាប់ដំណើរការផ្តល់ឥណទាន។ ធនាគារ វីង នឹងមានផលិតផលសន្សំប្រកបដោយភាពច្នៃប្រឌិត និងមានភាព​ទាក់ទាញ​ដែលមិនត្រឹមតែផ្តល់ឲ្យ​ប្រជាជនកម្ពុជាគ្រប់រូបនូវសមត្ថភាពក្នុងការរៀបចំផែនការសម្រាប់តម្រូវការហិរញ្ញវត្ថុរបស់ពួកគេប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយពួកគេឲ្យ​បង្កើត​នូវ​ទំនុកចិត្ត​ឥណទាន​តាមរយៈប្រតិបត្តិការ​ដែល​ពួក​គេ​ធ្វើ​ដោយ​ប្រើ​​ប្រាស់​ប្រព័ន្ធអេកូរបស់​ធនាគារ វីង។ ពួកគេប្រើប្រាស់សេវាធនាគារវីងកាន់តែច្រើន ពួកគេកាន់តែអាចទទួលបាន​ពិន្ទុឥណទាន​ដើម្បីមានសិទ្ធិទទួលបានកម្ចីរហ័សពីធនាគារ វីង។ ធនាគារ វីង​ ប្រើប្រាស់បច្ចេកវិទ្យា AI និង Machine Learning ទំនើបៗសម្រាប់ការអនុម័ត​ឥណទាន​​ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល។ ការអនុម័តឥណទាន​នៅលើកម្មវិធីវីង​ប៊ែងអេប​ ចំណាយពេល​តិចជាង​៥​ នាទី។

អ្នកឧកញ៉ា គិត ម៉េង បានមានប្រសាសន៍ថា​​៖ «យើងបានដាក់អាទិភាពខ្ពស់លើការដោះស្រាយបញ្ហាប្រឈមរបស់សហគមន៍ និងបានរៀបចំផលិតផល​ជាច្រើន​ដើម្បី​ធ្វើឲ្យ​ប្រសើរ​ឡើង​នូវជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជនកម្ពុជា ដោយ​ផ្តល់​ភាព​ងាយ​ស្រួល​ដល់​ពួកគេ​ក្នុងការទទួល​សេវាហិរញ្ញវត្ថុដែលចាំបាច់​ ទោះបីជាពួកគេរស់​នៅក្នុងភូមិដាច់ស្រយាលក៏ដោយ​។ ក្នុងនាម​ជា​ក្រុមហ៊ុន​ក្នុង​ស្រុកដែលមានទស្សន​វិស័យ​សកល យើងត្រៀមខ្លួនជាស្រេចដើម្បី​លើកកម្ពស់កំណើនសេដ្ឋកិច្ច និងការកែលម្អលក្ខខណ្ឌសុខុមាលភាពសង្គមរបស់​សហគមន៍ក្នុងពេល​ជំងឺរាតត្បាតបាន​បញ្ចប់។»

ជាលើកដំបូងដែលមិនធ្លាប់មាន៖ កាតធនាគារលោហៈនៅកម្ពុជា ដែលធានាសុវត្ថិភាព 100% និងការពារពីចោរកម្ម

ជាលើកដំបូងដែលមិនធ្លាប់មាន ដែលកាតធនាគារក្នុងប្រទេសកម្ពុជា មានការការពារពីចោរកម្មបាន 100% ។ សុវត្ថិភាពនៃគណនីធនាគារ វីង ​របស់លោក​អ្នកនឹងស្ថិតនៅចុងម្រាមដៃរបស់លោកអ្នក​។ សូម្បីតែនៅពេលដែលកាតធនាគាររបស់អ្នកត្រូវបានបាត់បង់ ឬត្រូវបានគេលួច លុយនៅក្នុងគណនីនឹងមានសុវត្ថិភាពដោយសារតែលក្ខណៈពិសេសជាច្រើននៃកាតនេះ។ លោក​អ្នកអាច​បើក​ដំណើរការ និងបិទកាតដោយគ្រាន់តែចុច ប៊ូតុង​នៅក្នុងកម្មវិធី ​វីងប៊ែងអេប​​។ ជាលើកដំបូងមិនធ្លាប់មាន ដែលធនាគារវីងផ្តល់កាតលោហៈសុទ្ធ ​មានភាពប្រសើរខ្លាំងជាងកាតប្លាស្ទិកធម្មតាដទៃទៀត។

ធនាគារ វីង ជា​អ្នក​គាំទ្រ​ធំ​មួយ​នៃ​ធនាគារ​បៃតង​នៅ​កម្ពុជា។ ជាមួយនឹងប្រព័ន្ធអេកូឌីជីថលដ៏ធំបំផុត ដែលត្រូវ​បានបង្កើតឡើងសម្រាប់ធនាគារឌីជីថល និងការទូទាត់តាមឌីជីថល វីងកំពុងធ្វើទៅ​តាមចក្ខុវិស័យរបស់ខ្លួនក្នុងការកែលម្អជីវភាពរស់នៅរបស់ប្រជាជនកម្ពុជាគ្រប់រូប តាមរយៈផលិតផលធនាគារដែលងាយស្រួល មានសារៈសំខាន់​ និងមាន​ការ​ទទួលខុសត្រូវចំពោះសង្គម។ វីង​ បានបង្កើតបណ្តាញ​ភ្នាក់ងារ​ជាង​​១ម៉ឺន​កន្លែង​នៅ​ទូទាំងប្រទេស ហើយ​មាន​អតិថិជន​​ជាង​១៣​លាននាក់​ ដែល​ប្រើប្រាស់ប្រព័ន្ធអេកូឡូស៊ី Phygital ដែល​ផ្តល់​ទំនុកចិត្ត​​ និងជំនាញនៃ      រាប់លានប្រតិបត្តិការហិរញ្ញវត្ថុក្នុងស្រុក និងសកល ជាមួយនឹងការប្រកាន់ខ្ជាប់យ៉ាងតឹងរ៉ឹងចំពោះការអនុលោមតាមច្បាប់ និងបទពិសោធន៍អតិថិជនល្អបំផុតជាច្រើន​។

រស់នៅក្នុងជីវិតឌីជីថល ១០០% ជាមួយនឹងបទពិសោធន៍របស់អតិថិជនជាង​៨០ករណីនៅក្នុងកម្មវិធី​វីង​ប៊ែក​អេប​

ធនាគារវីងមានប្រព័ន្ធអេកូដ៏ធំបំផុតមួយសម្រាប់ការទូទាត់តាមឌីជីថល។ លោក​អ្នកអាចបង់វិក្កយបត្រទឹកភ្លើង ទូទាត់ប្រាក់ ផ្ទេរប្រាក់ទៅគ្នាទៅវិញទៅមកដោយមិនគិតថ្លៃ ផ្ញើប្រាក់ទៅក្រៅប្រទេសដោយគិតថ្លៃទាបបំផុត បញ្ចូលលុយទូរស័ព្ទ សងប្រាក់កម្ចី បង់ថ្លៃធានារ៉ាប់រង ធ្វើដំណើរតាមរថយន្តក្រុង បង់ថ្លៃជិះរ៉ឺម៉ក កក់និងបង់ថ្លៃ        តាក់ស៊ី ឡានក្រុងនិងសាឡាង បង់ប្រាក់តាមអ៊ីនធឺណិត បង្កើតនិងប្រើប្រាស់Mastercard និង Visaនៅលើកម្មវិធី​  វីងប៊ែងអេប ដែលអាច​ទូទាត់ជុំវិញពិភពលោក ប្រើប្រាស់វីងMastercardសម្រាប់ទូទាត់តាមឌីជីថលនៅហាងក្នុងស្រុកនិងអន្តរជាតិ បរិច្ចាគទៅអង្គការសប្បុរសធម៌ ទូទាត់ការចំណាយសម្រាប់​ពាណិជ្ជកម្មអេឡិចត្រូនិក ពាណិជ្ជកម្មសង្គម និងច្រើនទៀត។ ធនាគារ វីង បានកត់ត្រា​បទពិសោធន៍របស់អតិថិជនជាង៨០ករណីនៅក្នុងកម្មវិធី            វីងប៊ែងអេប ដើម្បីជួយដល់​ប្រតិបត្តិការតាមប្រព័ន្ធឌីជីថល​ សម្រាប់​ប្រជាជនគ្រប់គ្នាក្នុងប្រទេសកម្ពុជាមិនថា​ជា​ប្រើប្រាស់​​រូបិយប័ណ្ណណាក៏ដោយ។

ប្រព័ន្ធអេកូឌីជីថលបានវិវត្តន៍យ៉ាងខ្លាំងនៅពេលដែលអ្នកប្រើប្រាស់ជំរុញការទទួលយកឌីជីថលតាមរយៈការបង្កើនល្បឿននៃការប្រើប្រាស់បច្ចេកវិទ្យាហិរញ្ញវត្ថុ​​ក្នុងអំឡុងពេលជំងឺរាតត្បាត។ ក្នុងអំឡុងពេលដ៏លំបាកនេះ ធនាគារវីង​ខិតខំប្រឹងប្រែងយ៉ាងយកចិត្តទុកដាក់ក្នុងការធានាឲ្យបាន​នូវសេវាកម្មគ្មានការរំខាន ដើម្បីឲ្យប្រជាជន​គ្រប់រូប​អាចទទួល​បាន​សេវាហិរញ្ញវត្ថុ​ដ៏ធំទូលាយប្រកបដោយសុវត្ថិភាព ភាពងាយស្រួល និងប្រសិទ្ធភាព។

ដៃគូអាជីវកម្ម​អាចទៅដល់គ្រប់ទីកន្លែង

កាលពីឆ្នាំមុន ធនាគារ វីង បានបម្រើអតិថិជនជាង១៣លាននាក់ តាមរយៈប្រព័ន្ធអេកូ​ហិរញ្ញវត្ថុរបស់ខ្លួន។ ឥឡូវនេះមាន​ក្រុមហ៊ុន​សាជីវកម្មជាង ៥០០​ និងអង្គភាពរាជរដ្ឋាភិបាលជាង​១០ស្ថាប័ន​ កំពុងប្រើប្រាស់សេវាកម្មបើកប្រាក់បៀវត្សរ៍ និងការទូទាត់របស់ធនាគារវីង ដែលអនុញ្ញាតឲ្យ​ពួកគេទូទាត់ចំណាយ​បានឆាប់រហ័ស និងគាំទ្រប្រតិបត្តិការអាជីវកម្មកាន់តែប្រសើរឡើង។ មានពាណិជ្ជករជាង ៨៥​.០០០ ទទួលយក WingPay ដែលជាសេវាកម្មទូទាត់ QRកូដពីវីង ។

ចាប់តាំងពីសម្ពោធក្នុងឆ្នាំ២០០៩មក ធនាគារ វីង​ បានដាក់ពង្រាយផលិតផលប្រកបដោយភាពច្នៃ       ប្រឌិតដែល​ជាឧបករណ៍ដើម្បីជំរុញបរិយាបន្នហិរញ្ញវត្ថុនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដោយនាំយកអ្នកមិនមានគណនីធនាគារ និងមិនស្ថិតក្នុងបណ្តាញធនាគារឲ្យមកប្រើប្រាស់។

សាខាធនាគារ វីង ទាំងពីរនេះ គឺជាសាខាដំបូងគេដែលបាន​ដាក់ឲ្យដំណើរការ​ចាប់តាំងពីធនាគារ វីង ទទួលបានអាជ្ញាប័ណ្ណពាណិជ្ជកម្មរបស់ខ្លួន។ ទីតាំងទាំងនេះ​ត្រូវបានរៀបចំឡើងដើម្បីបំពេញតម្រូវការនៃ​អតិថិជន​មូលដ្ឋាន ដើម្បីឆ្លើយតបទៅនឹងកំណើនតម្រូវការ​សេវាធនាគារប្រកបដោយភាពងាយស្រួល និងគុណភាពខ្ពស់នៅកម្ពុជា៕