fbpx

ធនាគារ វីង  ចុះអនុស្សរណៈនៃការយោគយល់ជាមួយសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ដើម្បីចូលរួមចំណែកយ៉ាងសំខាន់ក្នុងសកម្មភាពមនុស្សធម៌ដើម្បីបុព្វហេតុសង្គម

មេសា 18, 2022

ធនាគារ វីង  ចុះអនុស្សរណៈនៃការយោគយល់ជាមួយសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ដើម្បីចូលរួមចំណែកយ៉ាងសំខាន់ក្នុងសកម្មភាពមនុស្សធម៌ដើម្បីបុព្វហេតុសង្គម

 កាលពីថ្ងៃទី ១២ ខែមេសា ឆ្នាំ២០២២ ធនាគារវីង (ខេមបូឌា) ម.ក បានចុះអនុស្សរណៈនៃការយោគយល់ជាមួយសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ក្នុងគោលបំណងផ្តល់ការគាំទ្របន្ថែមដល់បុព្វហេតុដ៏ថ្លៃថ្លារបស់សមាគម ក្នុងការផ្តល់សេវាព្យាបាលដោយឥតគិតថ្លៃដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេសកម្ពុជា ។

អនុស្សរណៈនេះត្រូវបានចុះហត្ថលេខាដោយ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ប្រធានក្រុមប្រឹក្សាភិបាល សមាគមគ្រូពេទ្យស្ម័គ្រយុវជនសម្តេចតេជោ និង អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាល ធនាគារ វីង ដោយមានវត្តដ៏ខ្ពង់ខ្ពស់របស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អនុប្រធានក្រុមប្រឹក្សាភិបាល សមាគមគ្រូពេទ្យស្ម័គ្រយុវជនសម្តេចតេជោ និងភ្ញៀវកិត្តិយសជាច្រើនរូបទៀត ។

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា៖ “អ្វីៗដែលយើងមានបានមកដល់ពេលបច្ចុប្បន្ននេះគឺដោយសារសុខសន្តិភាពដែលធ្វើឱ្យយើងមានឱកាសបម្រើប្រជាពលរដ្ឋ។ ជាលទ្ធផល គិតដល់ថ្ងៃនេះសមាគមបានពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋក្រីក្រទូទាំងប្រទេសបានចំនួន៣៣៦,៣៥៣ នាក់ អ្នកជំងឺធ្ងន់ចំនួន ៦,១៥៣ នាក់ ត្រូវបញ្ជូនមកព្យាបាលបន្តនៅរាជធានីភ្នំពេញ និង ជាមួយដៃគូសហការនានានៅក្នុងនោះផងដែរ និងមានអ្នកជំងឺបេះដូងធ្ងន់ធ្ងរចំនួន ៥៦នាក់ត្រូវបានព្យាបាលដោយឥតគិតថ្លៃ ។”

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានបន្តថា៖​ “សូមថ្លែងអរគុណចំពោះក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប និងធនាគារវីង (ខេមបូឌា) ម.ក ដែលបានផ្ដល់ថវិកាចំនួន១០ម៉ឺនដុល្លារសហរដ្ឋអាមេរិចដើម្បីចូលរួមចំណែកយ៉ាងសំខាន់ក្នុងសកម្មភាពមនុស្សធម៌ដើម្បីបុព្វហេតុប្រជាពលរដ្ឋតាមរយៈការចុះពិនិត្យនិងព្យាបាលប្រជាពលរដ្ឋដោយឥតគិតថ្លៃនៅទូទាំងប្រទេស។“​

តាមរយៈអនុស្សរណៈនេះ អ្ន​កឧកញ៉ា គិត ម៉េង លោកជំទាវ ម៉ៅ ចំណាន និងក្រុមគ្រួសារ នឹងបរិច្ចាគថវិកា ចំនួន ១០០.០០០ ដុល្លារក្នុងរយៈពេល៥ឆ្នាំតាមរយៈធនាគារ វីង ដើម្បីគាំទ្រដល់ការងារមនុស្សធម៌របស់សមាគមគ្រូពេទ្យស្ម័គ្រយុវជនសម្តេចតេជោ ។

អ្នកឧកញ៉ា គិត ម៉េង បានមានប្រសាសន៍ថា៖ “ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រុមការងារនៃសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ចំពោះការលះបង់ និងការខិតខំប្រឹងប្រែងរបស់ពួកគាត់ចំពោះសហគមន៍របស់យើង។ វេជ្ជបណ្ឌិត គិលានុបដ្ឋាយិកា និងអ្នកស្ម័គ្រចិត្តរបស់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយការពារ​សហគមន៍ក្នុងអំឡុងពេលជំងឺរាតត្បាត។​ យើង​សូម​គោរព​យ៉ាង​ខ្ពស់​ចំពោះ​ការ​រួម​ចំណែក​ដោយមិនគិតពីខ្លួនឯងរបស់អ្នកទាំងអស់គ្នា។”

អ្នកឧកញ៉ា គិត ម៉េង និងលោកជំទាវ ម៉ៅ ចំណាន គឺជាអ្នកគាំទ្រដ៏សកម្មនៃសមាគមគ្រូពេទ្យស្ម័គ្រយុវជនសម្តេចតេជោ សម្រាប់ការងារសប្បុរសធម៌ដោះស្រាយបញ្ហាប្រឈមដែលសហគមន៍កំពុងប្រឈម ។ កាលពីខែមីនា ឆ្នាំ២០២១ អ្នកឧកញ៉ា បានបរិច្ចាគថវិកាចំនួន ៥០,០០០ ដុល្លារអាមេរិក ដល់សមាគមគ្រូពេទ្យស្ម័គ្រយុវជនសម្តេចតេជោ សម្រាប់ការខិតខំប្រឹងប្រែងយ៉ាងខ្លាំងរបស់សមាគមក្នុងការទប់ស្កាត់ការ ឆ្លងនៃមេរោគកូវីដ-១៩នៅក្នុងសហគមន៍ ។

ដើម្បីជាការថ្លែងអំណរគុណ កាលពីឆ្នាំមុន អ្នកឧកញ៉ា គិត ម៉េង ក៏បានរៀបចំឲ្យវីងម៉លយកអាហារពី ហាង KFC ចំនួនពីរដងទៅជូនក្រុមការងារដ៏ក្លាហាននៃសមាគមគ្រូពេទ្យស្ម័គ្រយុវជនសម្តេចតេជោ ។

អ្នកឧកញ៉ា គិត ម៉េង ព្រមទាំងក្រុមហ៊ុនដទៃទៀតនៃក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប និងធនាគារ វីង តែងតែគាំទ្រយ៉ាងសកម្ម និងប្រកបដោយទឹកចិត្តសប្បុរសធម៌ដើម្បីជួយដល់សហគមន៍ដែលខ្វះខាតតាមរយៈសកម្មភាពសង្គមផ្សេងៗ ជាច្រើននាពេលកន្លងមក៕​