fbpx

ម៉ាស្ទ័រកាត និងធនាគារ វីង ដាក់ឲ្យដំណើរការប័ណ្ណឥណពន្ធគ្មានលេខដំបូងគេបង្អស់នៅកម្ពុជា

មេសា 29, 2022

 

ម៉ាស្ទ័រកាត និងធនាគារ វីង ដាក់ឲ្យដំណើរការប័ណ្ណឥណពន្ធគ្មានលេខដំបូងគេបង្អស់នៅកម្ពុជា

កាតឥណពន្ធ Mastercard របស់ធនាគារ វីង នឹងផ្តល់ជូនម្ចាស់ប័ណ្ណនូវភាពបត់បែននៃការទូទាត់កាន់តែច្រើន ខណៈពេលដែលជំរុញបរិយាប័ន្នហិរញ្ញវត្ថុ និងឌីជីថលនៅកម្ពុជា

ម៉ាស្ទ័រកាត និងធនាគារ វីង (ខេមបូឌា) ម.ក បានដាក់ឲ្យដំណើរការ កាតឥណពន្ធ ធនាគារវីង ដែលជាកាតគ្មានលេខដំបូងគេបង្អស់នៅកម្ពុជា។ ត្រូវបានគាំទ្រ​ដោយ​បច្ចេកវិទ្យាដែលផ្តល់នូវសុវត្ថិភាពឈានមុខគេក្នុងឧស្សាហកម្ម របស់ ម៉ាស្ទ័រកាត ព្រមទាំង​បណ្តាញទូទាត់ដែលលាតសន្ធឹងទៅកាន់​210 ប្រទេស អ្នក​ប្រើប្រាស់កាតនេះ​នឹងអាចធ្វើប្រតិបត្តិការ នៅតាមប្រព័ន្ធអ៊ីនធឺណិត និងក្រៅប្រព័ន្ធអ៊ីនធឺណិតដោយរលូន ហើយអាចទុកចិត្តបានថាការធ្វើប្រតិបត្តិការទិញរបស់ពួកគេមានសុវត្ថិភាព។

កាតថ្មីដែលភ្ជាប់ជាមួយគណនីរបស់ធនាគារ វីង នេះ​ អនុញ្ញាតឲ្យអ្នកប្រើប្រាស់អាចគ្រប់គ្រង និងត្រួតពិនិត្យប្រវត្តិប្រតិបត្តិការ និងសមតុល្យរបស់ពួកគេប្រកបដោយសុវត្ថិភាព។ អ្នកប្រើប្រាស់ក៏អាចពិនិត្យព័ត៌មានលម្អិតរបស់កាតតាមរយៈកម្មវិធីវីងប៊ែងអេបបានដោយងាយស្រួល ដើម្បីធ្វើការទិញតាមប្រព័ន្ធអ៊ីនធឺណិត ដោយមិនពឹងផ្អែកទាំងស្រុងលើព័ត៌មានលម្អិតដែលបង្កប់នៅលើកាតរូបវ័ន្តនោះឡើយ។

ធនាគារ វីង ប្តេជ្ញាចិត្តក្នុងការផ្ដល់បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុទៅដល់អ្នកមិនមានគណនីធនាគារ និងមិនស្ថិតក្នុងបណ្តាញធនាគារ។ កាលពីពេលថ្មីៗនេះ ធនាគារ វីង បានសម្ពោធអាជ្ញាប័ណ្ណធនាគារពាណិជ្ជរបស់ខ្លួន ដែលផ្តល់ដោយធនាគារជាតិនៃកម្ពុជា ដើម្បីដំណើរការសេវាកម្មធនាគារពាណិជ្ជតាមរយៈប្រព័ន្ធអេកូហិរញ្ញវត្ថុឌីជីថលដ៏ធំទូលំទូលាយរបស់ខ្លួន។ ម៉ាស្ទ័រកាត បានចាប់ដៃគូជាមួយ វីង តាំងពីឆ្នាំ 2018 ដើម្បីផ្តល់ឲ្យអតិថិជននូវភាពបត់បែននៃការទូទាត់កាន់តែច្រើន។

គំនិតផ្តួចផ្តើមចុងក្រោយបំផុតនេះ គឺជាផ្នែកមួយនៃការប្តេជ្ញាចិត្តរួមរវាង ម៉ាស្ទ័រកាត និង ធនាគារ វីង ក្នុងការជំរុញបរិយាប័ន្នហិរញ្ញវត្ថុ និងឌីជីថលនៅប្រទេសកម្ពុជា។ គំនិតផ្តួចផ្តើមនេះបំពេញបន្ថែមទៅលើភាពជាដៃគូមានស្រាប់ដូចជា៖ សេវាទូទាត់ចល័តដោយប្រើប្រាស់ QR នៅក្នុងប្រទេសកម្ពុជា តាមរយៈការសម្ពោធឲ្យដំណើរការនូវកាតនិម្មិតបង់ប្រាក់មុន Wing Online Mastercard និង វីង SOHO Club Mastercard សម្រាប់ការទិញទំនិញ និងរង្វាន់ដោយមិនប្រើសាច់ប្រាក់។

លោក ហាន ប៉េងក្វាង អគ្គនាយកនៃធនាគារ វីង បានមានប្រសាសន៍ថា៖ “យើងមានសេចក្តីសោមនស្សរីករាយក្នុងការពង្រឹងភាពជាដៃគូជាមួយ ម៉ាស្ទ័រកាត ដើម្បីណែនាំផលិតផលថ្មីៗ​ប្រកបដោយភាពច្នៃប្រឌិត ដែលនឹងជួយឲ្យ​អតិថិជនរបស់យើងមានវិធីកាន់តែច្រើនដើម្បី​ប្រើប្រាស់ទ្រព្យធនរបស់ពួកគេ។ យើងផ្តោតលើការផ្តល់នូវដំណោះស្រាយការទូទាត់ដែលងាយស្រួល ដែលមានភាពបត់បែនខ្ពស់បំផុត ហើយជាមួយនឹងកាតឥណពន្ធ ម៉ាស្ទ័រកាត របស់ធនាគារ វីង យើងអាចផ្តល់ឲ្យអតិថិជនរបស់យើងនូវបច្ចេកវិទ្យាទូទាត់កម្រិតខ្ពស់ដូចគ្នាទៅនឹងស្ថាប័នហិរញ្ញវត្ថុប្រពៃណី។”

យោងទៅតាម Mastercard New Payments Index 2021 សេចក្តីត្រូវការបច្ចេកវិទ្យាទូទាត់កាន់តែសម្បូរបែបជាងមុន មានកំណើនខ្លាំងនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដោយប្រមាណ 94% នៃអ្នកដែលត្រូវបានស្ទង់មតិបានឲ្យដឹងថា ពួកគេនឹងពិចារណាប្រើប្រាស់យ៉ាងហោចណាស់វិធីសាស្ត្រទូទាត់ដែលដាក់ឲ្យដំណើរការកាលពីឆ្នាំមុនដូចជា ៖ QR codes និង កាបូបប្រាក់ឌីជីថល ឬកាបូបចល័ត ជាដើម។ ទម្រង់ថ្មីនៃការទូទាត់បែបឌីជីថលក៏កំពុងនាំមកនូវអត្ថប្រយោជន៍ដល់ពាណិជ្ជករផងដែរ ដោយ 74% នៃអ្នកឆ្លើយសំណួរនៃការស្ទង់មតិបានបញ្ជាក់ថាពួកគេនឹងទិញទំនិញនៅអាជីវកម្មខ្នាតតូចញឹកញាប់ជាងមុន ប្រសិនបើផ្តល់ជម្រើសនៃការបង់ប្រាក់មានច្រើនជាងមុន។

Winnie Wong អ្នកគ្រប់គ្រងប្រចាំ ប្រទេស វៀតណាម កម្ពុជា និងឡាវ នៃ ម៉ាស្ទ័រកាត បានមានប្រសាសន៍ថា៖ “នៅទូទាំងពិភពលោក អ្នកប្រើប្រាស់បានធ្វើការផ្លាស់ប្តូរឆ្ពោះទៅរកទម្លាប់ឌីជីថល។ នៅពេលដែលពិភពលោកសម្របខ្លួនទៅនឹងសភាព​ធម្មតា​តាម​បែប​គន្លង​ថ្មី វានឹងចាំបាច់ក្នុងការអភិវឌ្ឍការផ្តល់ជូនដែលឆ្លើយតបទៅនឹងការផ្លាស់ប្តូរនៃតម្រូវការរបស់អ្នកប្រើប្រាស់ ខណៈពេលដែលអនុញ្ញាតឲ្យពួកគេចូលរួមក្នុងសេដ្ឋកិច្ចពិភពលោក។ ការដាក់ឲ្យដំណើរការនូវប័ណ្ណគ្មានលេខជាមួយ ធនាគារ វីង នឹងផ្តល់ឲ្យម្ចាស់ប័ណ្ណនូវជម្រើសនៃការទូទាត់ដែលអាចបត់បែនបាន ដែលសមស្របនឹងរបៀបរស់នៅថ្មីរបស់ពួកគេ ហើយថែមទាំងអនុញ្ញាតឲ្យពួកគេទទួលបាននូវ ការពារសុវត្ថិភាពដ៏រឹងមាំ និងច្រើនស្រទាប់ដែលទទួលបានតាមរយៈការទូទាត់តាមដំណោះស្រាយទូទាត់របស់ ម៉ាស្ទ័រកាត នៅគ្រប់ទីកន្លែង និងនៅពេលណាក៏បាន។”

អតិថិជន វីង អាចដាក់ពាក្យ និងទទួលបានប័ណ្ណឥណពន្ធនិម្មិតភ្លាមៗ ជាមួយនឹងព័ត៌មានលម្អិតដែលអាចប្រើប្រាស់សម្រាប់ប្រតិបត្តិការអនឡាញ។ កាតរូបវ័ន្ត ដែលមិនមានលេខទាំងនៅផ្នែកខាងមុខ និងផ្នែកខាងក្រោយ នឹងត្រូវបានផ្ញើទៅអតិថិជន បន្ទាប់ពីពួកគេបានចុះឈ្មោះ ហើយអាចប្រើប្រាស់សម្រាប់ប្រតិបត្តិការដោយផ្ទាល់នៅគ្រប់ទីកន្លែងដែល ម៉ាស្ទ័រកាត ត្រូវបានទទួលយក។​ អវត្ដមាននៃព័ត៌មានលម្អិតពិសេសនៅលើកាតជួយកាត់បន្ថយលទ្ធភាពនៃការលួចអត្តសញ្ញាណ និងការក្លែងបន្លំ។