fbpx

វីង ដាក់ឲ្យប្រើប្រាស់សេវាកម្មទូទាត់ប្រាក់លើកម្មវិធីតាក់ស៊ីភូមិ

ឧសភា 4, 2018

ដោយមើលឃើញថា ចំនួនកក់មធ្យោបាយធ្វើដំណើរ តាមរយៈទូរស័ព្ទដៃ ហាក់មានសន្ទុះខ្លាំង ធនាគារ ឯកទេស​​វីង បានសហការជាមួយក្រុមហ៊ុនជាច្រើន និងមានក្តីសោមនស្សរីករាយ ក្នុងការប្រកាសជាលើកដំបូង​នូវសេវាកម្មទូទាត់ប្រាក់តាមប្រព័ន្ធអេឡិចត្រូនិក ជាមួយតាក់ស៊ីភូមិ ដែលជាកម្មវិធីសម្រាប់កក់​មធ្យោបាយ​ធ្វើដំណើរលើទូរស័ព្ទដៃឈាន​មុខគេមួយនៅក្នុងស្រុក។

កិច្ចសហការនេះ នឹងផ្តល់នូវភាពងាយស្រួលមួយកម្រិតទៀតសម្រាប់អតិថិជន ដែលធ្វើដំណើរជារឿយៗ​តាមរយៈ​តាក់ស៊ី រឺម៉កកង់បី ឬម៉ូតូឌុប។ អតិថិជនក៏អាចឲ្យជាលុយធីបទៅដល់អ្នកបើកបរ តាមរយៈកម្មវិធី តាក់ស៊ីភូមិផងដែរ។ ជាមួយនឹងការទូទាត់ប្រាក់តាមរយៈគណនីវីង យើងអាចធានាបានថា ទឹកប្រាក់ដែល អតិថិជនចំណាយក្នុងការធ្វើដំណើរ ពិតជាត្រឹមត្រូវ។ ដើម្បីបង់ប្រាក់សម្រាប់​ការធ្វើដំណើរ អតិថិជនអាច បញ្ចូល​លុយជាមុនទៅក្នុងគណនីរបស់កម្មវិធី តាក់ស៊ីភូមិ ដោយបញ្ចូលលេខគណនី​វីង។ បន្ទាប់មក កម្មវិធី តាក់ស៊ីភូមិ នឹងកាត់ទឹកប្រាក់ដោយស្វ័យប្រវត្តិ ពីក្នុងគណនីនោះទៅតាមថ្លៃ​ធ្វើ​ដំណើរ​ដែលបានកំនត់។ សម្រាប់ជម្រើសមួយទៀត អតិថិជនអាចទូទាត់ថ្លៃធ្វើដំណើរ តាមរយៈគណនីវីង នៅពេលដែលពួកគាត់ទៅ​ដល់​គោលដៅ ដោយគ្រាន់តែបញ្ចូលលេខសម្ងាត់៤ខ្ទង់  ជាការស្រេច។

លោក វ៉ាន សុធារី ប្រធានជាន់ខ្ពស់ផ្នែក Merchant Sales នៃធនាគារឯកទេស​ វីង មានប្រសាសន៍ថា “ធនាគារ​ឯកទេសវីង មានក្តីប្រាថ្នាចង់បង្កើតនូវប្រព័ន្ធនៃការទូទាត់​ប្រាក់​តាម​ប្រព័ន្ធ​​អេឡិច​ត្រូនិក​ប្រកបដោយ​ជោគជ័យ និងផ្តល់​ជាចំនូលប្រចាំថ្ងៃសម្រាប់ ភ្នាក់ងារ ដៃគូសហការ សាជីវកម្ម សហគ្រាសខ្នាតតូច និងមធ្យម ម្ចាស់អាជីវកម្ម និងស្ថាប័ននានា ទាំងនៅទីក្រុង និងនៅតាមទី​ជនបទ។ តាមរយៈសេវាកម្មទូទាត់ប្រាក់លើ​កម្មវិធី តាក់ស៊ីភូមិ អតិថិជនមិនចាំបាច់ព្រួយ​បារម្ភ​អំពី​សាច់​​ប្រាក់របស់ពួកគេនៅពេលធ្វើដំណើរ ឬត្រូវរង់ចាំ​លុយ​អាប់នៅពេលដែលពួកគាត់ទៅដល់គោលដៅ​ឡើយ។”

“នេះគឺជាការបន្តប្រឹងប្រែងរបស់ធនាគារឯកទេសវីង ក្នុងការផ្តល់ជូននូវបច្ចេកវិទ្យា និងការបង្កើតថ្មីសម្រាប់ សង្គមជាតិកម្ពុជាទាំងមូល បន្ថែមលើសេវាកម្មទូទាត់ប្រាក់តាមរយៈទូរស័ព្ទដៃជាច្រើន ដែលក្រុមហ៊ុនបាន​បង្កើតឡើង  ក្នុងគោលបំណងផ្តល់ភាពងាយស្រួលដល់ប្រជាជនកម្ពុជា ក្នុងការប្រើប្រាស់សេវាកម្មហិរញ្ញវត្ថុ​ផ្សេងៗ និងធ្វើឲ្យប្រសើរឡើងនូវជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគាត់។”

ដើម្បីអបអរសាទរកិច្ចសហការនេះ អតិថិជនដែលធ្វើដំណើរតាមរយៈកម្មវិធី តាក់ស៊ីភូមិ នឹងទទួល​បាន​ការ​បញ្ចុះតម្លៃយ៉ាងសំបើមរហូតដល់ ៧០ភាគរយនៅពេលពួកធ្វើការទូទាត់​ថ្លៃធ្វើដំណើរតាមរយៈ​គណនីវីង។ កម្មវិធីពិសេសនេះ នឹងផ្តល់ជូនគ្រប់អតិថិជនទាំងអស់ដែលមានកម្មវិធី តាក់ស៊ីភូមិ​ នៅលើទូរស័ព្ទ​ដៃ​ចាប់ពី​ថ្ងៃនេះ រហូតដល់ចុងខែសីហា។

លោក មុំ ក្លេអូម៉ូរ៉ា នាយកប្រតិបត្តិក្រុមហ៊ុន អ៊ីតស៊ុម៉ូ តិក ឯ.ក មានប្រសាសន៍ថា “ធនាគារឯកទេសវីង និង​តាក់ស៊ីភូមិ ពិតជាចែករំលែកទស្សនៈវិស័យរួមគ្នា ពោលគឺនាំមកនូវការបង្កើតថ្មីសម្រាប់បងប្អូនប្រជាជាតិ​ខ្មែរ។ ជាមួយកម្មវិធី ​ តាក់ស៊ីភូមិ អតិថជនមានភាពងាយស្រួល និងធ្វើដំណើរប្រកបដោយ​ផាសុកភាព​ និង​សុវត្ថិភាព។ ជាមួយគ្នានេះ យើងក៏មិនភ្លេចយក​ចិត្តទុកដាក់​ទៅលើដៃគូជាអ្នកបើកបរសម្រាប់​ក្រុមហ៊ុន ដោយ​ធានា​ថាពួកគាត់នឹងទទួលបានថវិកាភ្លាមៗតាមរយៈគណនីវីង។ ជាមួយនឹងកិច្ចសហការនេះ យើងបាន​ផ្តល់​ជូននូវការបញ្ចុះតម្លៃរហូតដល់ ៧០ភាគរយទៅលើថ្លៃធ្វើដំណើររបស់អតិថិជន។ នៅពេល​អតិថិជន​ធ្វើដំណើរ​ដល់គោលដៅ រួចទូទាត់ប្រាក់តាមគណនីវីង របារកងមួយនឹងលោតឡើងនៅលើទូរស័ព្ទ​សម្រាប់ឲ្យពួកគាត់​បង្វិល និងទទួលបានការបញ្ចុះតម្លៃលើថ្លៃធ្វើដំណើរ។”

“យើងសង្ឃឹមថា កិច្ចសហការនេះនឹងជួយឲ្យអតិថិជនទាំងអស់របស់តាក់ស៊ីភូមិ រីករាយជាមួយនឹងការធ្វើ​ដំណើរ​​ទៅកាន់ជាច្រើនកន្លែងក្នុងប្រទេសកម្ពុជាជាមួយនឹងការផ្តល់ជូនពិសេស និងតម្លៃដែលទទួលយកបាន។

អតិថិជនក៏អាចធ្វើការទូទាត់ប្រាក់សម្រាប់ថ្លៃធ្វើដំណើរក្នុងកម្មវិធីកក់មធ្យោបាយធ្វើដំណើរ​លើទូរស័ព្ទនានា តាមរយៈគណនីវីង ឬ វាយលេខ​*989# លើទូរស័ព្ទ។ ដើម្បីគិតលុយតាមគណនី វីង អតិថិជនអាចបង្កើត​គណនី​វីង​បានយ៉ាងងាយដោយគ្រាន់តែដោនឡូត កម្មវិធីស្មាតហ្វូន​ វីង និងបំពេញរាល់ព័ត៌មានចាំបាច់សម្រាប់​បង្កើតគណនីនោះ ឬទៅកាន់ភ្នាក់ងារវីងនៅទូទាំងប្រទេស​ដើម្បីបង្កើតគណនីនៅទីនោះ។ នៅពេលលោកអ្នក​មាន​គណនី វីង លោកអ្នកអាចបញ្ចូលសាច់ប្រាក់ចូលទៅក្នុងគណនីនោះនៅគ្រប់ភ្នាក់ងា​រ វីង​ ​ទូទាំងប្រទេស។ ជាមួយគណនីវីង អតិថិជនអាចជ្រើសយកវិធីទូទាត់ប្រាក់តាមប្រព័ន្ធអេឡិចត្រូនិកដូចជា បង់វិក្កយបត្រ ទិញទំនិញអនឡាញ បញ្ចូលុយទូរស័ព្ទ ផ្ទេរប្រាក់ និងសេវាកម្មជាច្រើនទៀត។

កំណត់ចំណាំស្តីអំពីកិច្ចសហការៈ

ការទូទាត់ប្រាក់តាមប្រព័ន្ធអេឡិចត្រូនិក លើកម្មវិធីស្មាតហ្វូនតាក់ស៊ីភូមិផ្តល់អត្ថប្រយោជន៍ដូចជាៈ

  • ការទូទាត់ប្រាក់មានល្បឿនលឿន។
  • ងាយស្រួលក្នុងការពិនិត្យមើលទឹកប្រាក់ដែលបានចំនាយ។
  • ធ្វើការទូទាត់ប្រាក់ដោយមិនចាំបាច់មានសាច់ប្រាក់សុទ្ធ។