fbpx

ខេមឡៃហ្វ និង ធនាគារ វីង សហការពង្រីកវិសាលភាពក្នុងការផ្តល់សេវាធានារ៉ាប់រងនៅក្នុងទីផ្សារកម្ពុជា

ឧសភា 25, 2023

ស្ថាប័នហិរញ្ញវត្ថុទាំងពីរនេះបានប្រកាសពីការរួមកម្លាំងគ្នា ដើម្បីរួមចំណែកជួយបង្កើនកម្រិតបរិយាប័ន្នហិរញ្ញវត្ថុ   ​ ដោយបង្កើនលទ្ធភាពក្នុងការទទួលបានសេវា ធានារ៉ាប់រងទៅដល់អតិថិជនកាន់តែច្រើន។

 

ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតខ្នាតតូចកម្ពុជា “ខេមឡៃហ្វ” ម.ក បានចុះអនុស្សរណៈយោគយល់គ្នា ជាមួយ ធនាគារ វីង (ខេមបូឌា) ម.ក ដើម្បីជំរុញការផ្សព្វផ្សាយដល់ពលរដ្ឋកម្ពុជា ឲ្យបានយល់ដឹងកាន់តែទូលំទូលាយអំពីអត្ថប្រយោជន៍ ក្នុងការប្រើប្រាស់ផលិតផលធានារ៉ាប់រង ដែលជួយគាំំពារសុវត្ថិភាពផ្នែកហិរញ្ញវត្ថុ សុខភាព និងសុខមាលភាព។

 

លោក Johnson Chai See Hawk អគ្គនាយកក្រុមហ៊ុន ខេមឡៃហ្វ បានថ្លែងថា៖ “យើងពិតជាមានសេចក្តីសោមនស្សរីករាយ ដែលបានចាប់ដៃគូសហការជាមួយធនាគារ វីង ជាធនាគារពាណិជ្ជដែលមានការរីកចម្រើនដ៏ឆាប់រហ័សមួយនៅកម្ពុជា​។ តាមរយៈកិច្ចសហការនេះ យើងនឹងរួមបញ្ចូលភាពខ្លាំងនៃស្ថាប័នទាំងពីរ ដើម្បីផ្តល់នូវផលិតផលធានារ៉ាប់រងតម្លៃសមរម្យទៅដល់ពលរដ្ឋមានចំណូលមធ្យមកម្រិតទាប ដែលជាអតិថិជនរបស់ធនាគារ វីង នៅទូទាំងប្រទេសកម្ពុជា” ។

 

លោក Johnson Chai See Hawk បានបន្តថា៖ “ស្របតាមចក្ខុវិស័យរបស់ក្រុមហ៊ុន ខេមឡៃហ្វ ដោយផ្តល់ការការពារអាយុជីវិតដល់ប្រជាជនកម្ពុជាគ្រប់រូប តាមរយៈផលិតផលធានារ៉ាប់រងស៊ីមផល វ័ន (Simple One) និងការការពារផ្នែកសុខភាព តាមរយៈផលិតផល ដេលី ហូស្ពីថល ខេស (Daily Hospital Cash – DHC)។ ផលិតផលធានារ៉ាប់រង Simple One និង Daily Hospital Cash មានលក្ខណៈសាមញ្ញ ថែមទាំង​មានតម្លៃសមរម្យត្រូវបានបង្កើតឡើង ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ពលរដ្ឋដែលមានចំណូលទាប និងមធ្យម។​ ក្រុមហ៊ុន ខេមឡៃហ្វ តែងតែផ្តល់អាទិភាពខ្ពស់ដល់អតិថិជន ដោយប្រាកដថា​​ ពួកគាត់មានទំនុកចិត្តលើ ខេមឡៃហ្វ ដែលតែងតែនៅជាមួយអតិថិជន ដើម្បីផ្តល់សុវត្ថិភាពផ្នែកហិរញ្ញវត្ថុ និងភ្ជាប់ពួកគេទៅកាន់សុវត្ថិភាព” ។

 

ធនាគារវីង និងក្រុមហ៊ុន ខេមឡៃហ្វ បានត្រៀមខ្លួនរួមជាស្រេចដើម្បីផ្តល់ដំណោះស្រាយក្នុងការផ្តល់សេវាកម្មធានារ៉ាប់រងទៅដល់ពលរដ្ឋកម្ពុជានៅទូទាំងប្រទេសកម្ពុជា ដែលជាការប្តេជ្ញាចិត្តរួមគ្នា ដើម្បីរួមចំណែកលើកកម្ពស់សុខមាលភាព និងសុវត្ថិភាពផ្នែកហិរញ្ញវត្ថុទៅដល់ប្រជាជនកម្ពុជា។​​

 

លោក ហាន ប៉េងក្វាង អគ្គនាយកធនាគារ វីង បានថ្លែងថា៖ “យើងជឿជាក់ថា ពលរដ្ឋកម្ពុជាគ្រប់រូប​មិនថាមាន កម្រិតចំណូលបែបណានោះទេ គឺពួកគាត់ស័ក្តិសមនឹងទទួលបានការការពារផ្នែកហិរញ្ញវត្ថុដែលអាចទុកចិត្តបាន” ។

 

លោក ហាន ប៉េងក្វាង បានបន្តថា៖ “តាមរយៈកិច្ចសហប្រតិបត្តិការជាមួយ ខេមឡៃហ្វ គឺបានគូសបញ្ជាក់ពីការតាំងចិត្តក្នុងការជួយទៅដល់អតិថិជនរបស់យើង ដោយផ្តល់នូវដំណោះស្រាយទាក់ទងនឹងហិរញ្ញវត្ថុ ដើម្បីជួយគាំពារសុខមាលភាព និងមនុស្សជាទីស្រឡាញ់របស់ពួកគេ” ។​

ធនាគារ វីង  ដែលជាធនាគារសម្រាប់ប្រជាជនកម្ពុជា ដោយ​ផ្តោតលើប្រតិបត្តិការតាមបែបឌីជីថល កំពុងផ្តល់សេវាហិរញ្ញវត្ថុដ៏សម្បូរបែបទៅដល់ពលរដ្ឋកម្ពុជា។​​ ដោយមានបេសកម្ម ដើម្បីក្លាយជា ធានាគារ សម្រាប់ប្រជាជនកម្ពុជា  ធនាគារ វីង បានប្តេជ្ញាក្នុងការលើកកម្ពស់កម្រិតជីវភាពក្នុងការរស់នៅរបស់អតិថិជន តាមរយៈការទទួលបាននូវដំណោះស្រាយផ្នែកហិរញ្ញវត្ថុតាម​បែបឌីជីថល ដែលមានតម្លៃសមរម្យ។ ចាប់តាំងពីការបង្កើតឡើង ក្នុងឆ្នាំ២០០៨ ធនាគារ វីង បានក្លាយជាធនាគារពាណិជ្ជ ដែលមានការវិវឌ្ឍន៍យ៉ាងឆាប់រហ័ស​ និងស្ថិតក្នុងចំណោមគ្រឹះស្ថានហិរញ្ញវត្ថុដែលមានទំនុកចិត្តបំផុតនៅក្នុងប្រទេសកម្ពុជា។

 

បើនិយាយពីវិស័យធានារ៉ាប់រងខ្នាតតូច វិស័យនេះបានបង្ហាញសន្ទុះកំណើនគួរឲ្យកត់សម្គាល់ក្នុងទីផ្សារកម្ពុជា នៅក្រោយស្ថានភាពកូវីដ-១៩។ ​ក្រុមហ៊ុន ខេមឡៃហ្វ គឺជាក្រុមហ៊ុនធានារ៉ាប់រងខ្នាតតូច ដែលទទួលបានពានរង្វាន់ជ័យលាភីក្រុមហ៊ុនធានារ៉ាប់រងខ្នាតតូចល្អបំផុតនៅកម្ពុជាប្រចាំឆ្នាំ២០២១ (Best Micro Insurance Cambodia 2021) ពីវិទ្យាស្ថានសាជីវកម្មហិរញ្ញវត្ថុ (CFI) ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស​ ហើយក្រុមហ៊ុននេះ បានដើរតួយ៉ាងសំខាន់នៅក្នុងទីផ្សា​រកំណើនធានារ៉ាប់រង ដោយបានរួមចំណែកទីផ្សារដល់ទៅ​ ១៨,៥ ភាគរយក្នុងត្រីមាសទី១ ឆ្នាំ២០២៣។

 

ប៊េងកាសួរេន (Bancassurance) គឺជាទម្រង់អាជីវកម្មដែលមានការរៀបចំជាកិច្ចសហការរវាង ធនាគារ និងក្រុមហ៊ុនធានារ៉ាប់រង ដើម្បីផ្តល់នូវផលិតផលធានារ៉ាប់រងទៅកាន់អតិថិជនរបស់ធនាគារ។ ដោយមើលឃើញពីសក្តានុពលគំរូអាជីវកម្មក្នុងវិស័យនេះ  ធនាគារជាតិ នៃកម្ពុជា និងនិយ័តករធានារ៉ាប់រងកម្ពុជា បានធ្វើការយ៉ាងជិតស្និត​ដើម្បីពង្រីក និងការអនុវត្តគំរូអាជីវកម្មនេះឲ្យស្របតាមក្របខ័ណ្ឌគតិយុត្តិរបស់ប៊េងកាសួរេន។

 

ប៊េងកាសួរេន ដើរតួរនាទីយ៉ាងសំខាន់ ក្នុងការជួយជំរុញភាពរីកចម្រើនវិស័យធានារ៉ាប់រងនៅកម្ពុជា ដោយបានរួមចំណែកដល់ទៅ ៤០ ភាគរយនៃការលក់សរុបក្នុងវិស័យធានារ៉ាប់រងកាលពីឆ្នាំ២០២២។ ​កំណើននេះ គឺ​បានឆ្លុះបញ្ចាំងយ៉ាងច្បាស់​ពីការរួមចំណែករបស់គំរូអាជីវកម្ម ប៊េងកាសួរេន ដើម្បីជំរុញកំណើនក្នុងឧស្សាហកម្មធានារ៉ាប់រងនៅកម្ពុជា។ នៅត្រឹមឆ្នាំ២០៣០ កម្ពុជាគ្រោងកំណត់យកសូចនាករ ដែលត្រូវសម្រេចឲ្យបាននូវអត្រាភាគទានធានារ៉ាប់រងក្នុងសេដ្ឋកិច្ចឲ្យបាន ៥,៥ ភាគរយ និងដង់ស៊ីតេធានារ៉ាប់រងឲ្យបាន ១៣៥​ដុល្លារក្នុងមួយនាក់៕