fbpx

ភ្នាក់ងារ វីង ជាច្រើនពាន់នាក់ទទួលបានការបណ្តុះបណ្តាល ដើម្បីបង្កើនប្រសិទ្ធភាពសេវាកម្មដល់អ្នកប្រើប្រាស់

មេសា 5, 2023

ភ្នាក់ងារ វីង ជាង ៤.០០០ នាក់ ទទួលបានការបណ្តុះបណ្តាលពីក្រុមការងារជំនាញ ដែលជាផ្នែកមួយនៃការធ្វើឲ្យប្រសើរឡើងនូវពិសោធន៍អតិថិជន របស់ វីង

វីង បានរៀបចំវគ្គបណ្តុះបណ្តាល​ដោយជោគជ័យទៅដល់ភ្នាក់ងារ វីង ជាង ៤.០០០ នាក់​ ដែលមានមូលដ្ឋាននៅក្នុងរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១៣,​ ១៤, ១៥,​ និងថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៣ នៅឯសណ្ឋាគារ​កាំបូឌីយ៉ាណា ក្នុងគោលបំណងផ្តល់ការបណ្តុះបណ្តាលផ្នែកសេវាកម្មដល់ភ្នាក់ងារ វីង ដើម្បីបង្កើនបទពិសោធន៍អតិថិជន ក៏ដូចជាការពង្រឹកទំនាក់ទំនងជាមួយភ្នាក់ងារ វីង ឲ្យកាន់តែល្អប្រសើរ។ កិច្ចខិតខំប្រឹងប្រែងរបស់ភ្នាក់ងារ វីង បានរួមចំណែកដល់ការរីកចម្រើនយ៉ាងឆាប់រហ័សរបស់ក្រុមហ៊ុននារយៈពេលជិត ១៥ឆ្នាំ កន្លងមកនេះ ហើយវឌ្ឍនភាពរបស់ វីង ក៏បាននាំមកនូវសេវាកម្មហិរញ្ញវត្ថុដ៏មានភាពច្នៃប្រឌិត​ខ្ពស់ ដើម្បីបម្រើទៅដល់អ្នកប្រើប្រាស់នៅទូទាំងរាជធានី/ខេត្តក្នុងប្រទេសកម្ពុជា។

 

លោក ម៉ានូ រ៉ាចាន់​ អគ្គនាយកនៃក្រុមហ៊ុន វីង បានលើកឡើងថា  “យើងតែងប្រកាន់ភ្ជាប់នូវចក្ខុវិស័យ ដើម្បីផ្តល់សេវាកម្មហិរញ្ញវត្ថុដែលមានងាយស្រួល​ សុវត្ថិភាព និងអាចទុកចិត្តបាន ទៅដល់ពលរដ្ឋកម្ពុជាគ្រប់រូប ដែលជាការរួមចំណែកលើកកម្ពស់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគេឲ្យកាន់តែប្រសើរ។ វីង មានបណ្តាញអ៉ីកូឡូស៊ី​ដ៏ធំបំផុតក្នុងវិស័យហិរញ្ញវត្ថុ ដែលបច្ចុប្បន្នមានភ្នាក់ងាររហូតដល់ទៅ ១១.០០០ទីតាំង កំពុងប្រតិបត្តិការគ្រប់ដណ្តប់នៅទូទាំងប្រទេស ដោយបានផ្តល់សេវាកម្មហិរញ្ញវត្ថុប្រកបដោយគុណភាព​ និងទំនួលខុសត្រូវខ្ពស់​ទៅដល់ពលរដ្ឋកម្ពុជារាប់លាននាក់។​ ក្នុងនោះជាង ៨០ ភាគរយ​ នៃភ្នាក់ងារ វីង​ ​គឺជាស្រ្តី ដែលកត្តានេះគឺជាគំរូដ៏សំខាន់មួយសម្រាប់ វីង ដែលតែងតែខិតខំក្នុងនាមជាស្ថាប័នឯកជននាំមុខគេលើការលើកកម្ពស់បរិយាបន្នសមភាពយេនឌ័រនៅក្នុងប្រទេសកម្ពុជា។ ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមថ្លែងអំណរគុណទៅដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដែលបានខិតខំរួមចំណែកដល់ភាពរីកចម្រើនគួរឲ្យកត់សម្គាល់របស់យើងមកទល់ពេលនេះ​ ហើយកត្តានេះបានជួយពន្លឿនដល់ការលើកកម្ពស់កម្រិតបរិយាបន្នហិរញ្ញវត្ថុនៅកម្ពុជា ក្នុងការបោះជំហានទៅមុខយ៉ាងឆាប់រហ័ស” ។

 

បើនិយាយពីចំនួនអ្នកប្រើប្រាស់ វីង គឺជាក្រុមហ៊ុនផ្តល់សេវាកម្មហិរញ្ញវត្ថុមានឈ្មោះបោះសំឡេងជាងគេនៅកម្ពុជា​ ដែលអនុញ្ញាតឲ្យពលរដ្ឋកម្ពុជា មិនថារស់នៅតាមតំបន់ប្រជុំជន​ ឬជនបទ ​អាចទទួលបានសេវាកម្មហិរញ្ញវត្ថុប្រកបដោយភាពងាយស្រួល រួមមានសេវាផ្ទេរប្រាក់ បញ្ចូលកាតទូរស័ព្ទដៃ មធ្យោបាយទូទាត់ទិញទំនិញតាមអនឡាញ ការទូទាត់តាម QR ការសងត្រលប់កម្ចីពីដៃគូដែលជាគ្រឹះស្ថានហិរញ្ញវត្ថុ និងសេវាកម្ម​សំខាន់ៗជាច្រើនផ្សេងទៀត។​ ភ្នាក់ងារ​ វីង ប្រតិបត្តិការនៅទូទាំងប្រទេសកម្ពុជា ដោយបើកដំណើរការ ៧ថ្ងៃ ក្នុងមួយសប្តាហ៍ ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជន។​

 

លោក ស៊ុ្រន ឈាងស្រេង នាយកគ្រប់គ្រងអាជីវកម្មទីផ្សារអតិថិជននៃក្រុមហ៊ុន វីង បានលើកឡើងថា៖ “រាល់ភ្នាក់ងារ វីង សុទ្ធតែទទួលបាននូវចំណេះដឹងពាក់ព័ន្ធនឹងហិរញ្ញវត្ថុ មុននឹងបើកបម្រើសេវាកម្មដល់អតិថិជន។ វគ្គបណ្តុះបណ្តាលដែលបានរៀបចំឡើងនាពេលនេះនឹងរឹតបន្តឹងចំណងទំនាក់ទំនងជាមួយភ្នាក់ងាររបស់យើងទាំងអស់ ហើយក៏ជាការផ្តល់ឱកាសដើម្បីបង្ហាញពីផលិតផល និងសេវាកម្មថ្មីៗ ដែលមានភាពច្នៃប្រឌិតជាមួយភ្នាក់ងារ វីង របស់យើង​ ដើម្បីបង្កភាពងាយស្រួលក្នុងការផ្តល់សេវាកម្ម​ទៅដល់អតិថិជន។ ហើយយើងនឹងបន្តរៀបចំវគ្គបណ្តុះបណ្តាលជាច្រើនបន្ថែមទៀតទៅដល់ភ្នាក់ងាររបស់យើង ដើម្បីប្រាកដថាអតិថិជនអាចទទួលយកនូវបទពិសោធន៍ពេញចិត្ត ចំពោះការប្រើប្រាស់សេវាកម្មរបស់យើង” ។

 

តាមរយៈការចូលរួមវគ្គបណ្តុះបណ្តាលជាមួយក្រុមការងារជំនាញ​ ភ្នាក់ងារ វីង ទាំងអស់នឹងអាចផ្តល់សេវាកម្មកាន់តែល្អប្រសើរបានមួយកម្រិតទៀតពីអ្នកជំនាញ និងយកចំណេះដឹងដែលទទួលបាននាពេលនេះយកទៅប្រើប្រាស់សម្រាប់ការកែលម្អសេវាកម្មអតិថិជនបន្ថែមទៀត ដើម្បីទាក់ទាញ និងរក្សាអតិថិជនកាន់តែច្រើន។ វគ្គបណ្តុះបណ្តាលនេះនឹងត្រូវរៀបចំធ្វើឡើងនៅទូទាំងប្រទេសកម្ពុជា ហើយភ្នាក់ងារ វីង ទាំងអស់នឹងត្រូវបានអញ្ជើញឲ្យចូលរួម។ សម្រាប់ដំណាក់កាលដំបូង វគ្គបណ្តុះបណ្តាលនេះចាប់ផ្តើមពីរាជធានីភ្នំពេញ ហើយនឹងត្រូវរៀបចំធ្វើឡើងនៅតាមបណ្តាខេត្តទាំងអស់នាពេលឆាប់ៗខាងមុខនេះ។

 

ទោះបីវីងបានចាប់យកចំណែកទីផ្សារដ៏ធំ ហើយបានក្លាយជាអ្នកផ្តល់ដំណោះស្រាយហិរញ្ញវត្ថុដែលមានអ្នកប្រើប្រាស់ និងជឿទុកចិត្តបំផុតនៅក្នុងប្រទេសកម្ពុជាក៏ដោយ វីងនៅតែប្តេជ្ញាចិត្តក្នុងការកែលម្អ និងធ្វើឱ្យអតិថិជនកាន់តែពេញចិត្តជាមួយនឹងសេវាកម្មរបស់ភ្នាក់ងារ វីង។ វីងនឹងបន្តផ្តល់ការបណ្តុះបណ្តាល និងបង្វឹកជាបន្តបន្ទាប់ដល់ភ្នាក់ងាររបស់ខ្លួន ដើម្បីអភិវឌ្ឍជំនាញ និងសេវាកម្មឲ្យកាន់តែប្រសើរ៕

ថ្ងៃទី 13-02-2023

មើលរូបថតបន្ថែម

ថ្ងៃទី​ Day 14-02-2023

មើលរូបថតបន្ថែម

ថ្ងៃទី 15-02-2023

មើលរូបថតបន្ថែម

ថ្ងៃទី 19-02-2023

មើលរូបថតបន្ថែម