fbpx

ធនាគារ វីង និងក្រុមហ៊ុនព្រូដិនសល ចុះអនុស្សរណៈយោគយល់ លើការសិក្សាស្វែងយល់ជាដៃគូសហប្រតិបត្តិការអាជីវកម្ម ដើម្បីលើកកម្ពស់បរិយាប័ន្នហិរញ្ញវត្ថុនៅកម្ពុជា

ឧសភា 12, 2023

ធនាគារ វីង (ខេមបូឌា) ម.ក ដែលជាគ្រឹះស្ថានធនាគារពាណិជ្ជ រីកលូតលាស់យ៉ាងឆាប់រហ័សមួយនៅកម្ពុជា និងក្រុមហ៊ុន ព្រូដិនសលកម្ពុជា ដែលជាក្រុមហ៊ុនផ្តល់សេវាធានារ៉ាប់រងអាយុជីវិតដ៏ធំមួយនៅក្នុងប្រទេសកម្ពុជាផងដែរនោះ បានចុះអនុស្សរណៈយោគយល់គ្នា (MoU) ដើម្បីសិក្សាស្វែងយល់ពីកាលនុវត្តភាពជាដៃគូសហ​ប្រតិបត្តិការអាជីវកម្ម។​

ការចុះកិច្ចសហការរវាង ធនាគារ វីង និងក្រុមហ៊ុន ព្រូដិនសលកម្ពុជា​ នាពេលនេះ មានការរំពឹងទុកថា នឹងផ្តល់នូវគុណតម្លៃ និងឥទ្ធិពលដ៏សំខាន់ចំពោះវិស័យហិរញ្ញវត្ថុនៅកម្ពុជា ព្រមទាំងជួយសម្រួលដល់អនាគតហិរញ្ញវត្ថុដ៏ល្អសម្រាប់ប្រទេសជាតិ ក៏ដូចជា​ជួយប្រជាជនកម្ពុជា ឲ្យទទួលបាននូវអត្ថប្រយោជន៍ច្រើនបំផុតពីជីវិត។

ពិធីចុះ MoU នេះត្រូវបានរៀបចំធ្វើឡើង នៅថ្ងៃទី ១២ ខែឧសភា ឆ្នាំ ២០២៣ នៅឯសណ្ឋាគារកាំបូឌីយ៉ាណា ដោយមានការអញ្ចើញចូលរួមជាអធិបតីពីសំណាក់អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាលធនាគារវីង និងជាអគ្គនាយកក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប និងលោក Paul  Lynch នាយកទំនាក់ទំនងស្ថាប័នរដ្ឋ នៃក្រុមហ៊ុនព្រូដិនសល ​ភីអិលស៊ី។ ពិធីចុះ MoU នេះ​  ត្រូវបានចុះហត្ថលេខាដោយលោក លោក ហាន ប៉េងក្វាង អគ្គនាយកធនាគារ វីង និងលោក Sanjay Chakrabarty​ អគ្គនាយកប្រតិបត្តិក្រុមហ៊ុនព្រូដិនសលកម្ពុជា។

ការរួមចំណែកអភិវឌ្ឍន៍ដើម្បីសម្រេចគោលដៅលើកកម្ពស់បរិយាប័ន្នហិរញ្ញវត្ថុនៅកម្ពុជា

និយ័តករធានារ៉ាប់រងកម្ពុជា (IRC) បានដាក់គោលដៅដើម្បីបង្កើនអត្រានៃការអភិវឌ្ឍវិស័យធានារ៉ាប់រងដើម្បីឲ្យកើនដល់ ៥.៥​ ភាគរយ និងបង្កើនដង់ស៊ីតេឧស្សាហកម្មធានារ៉ាប់រងដល់ ១៣៥ ដុល្លារ នៅត្រឹមឆ្នាំ ២០៣០។​ ភាពជាដៃគូរវាងក្រុមហ៊ុនព្រូដិនសលកម្ពុជា និងធនាគារ វីង នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែកដល់គោលដៅជាតិដែលបានកំណត់។

លោក Paul  Lynch នាយកទំនាក់ទំនងស្ថាប័នរដ្ឋ នៃក្រុមហ៊ុនព្រូដិនសល ​ភីអិលស៊ី បានលើកឡើងថា កិច្ចសហការនាពេលនេះពិតជាមានសារៈសំខាន់ ដោយ​ស្របតាមចក្ខុវិស័យរបស់ធនាគារជាតិ នៃកម្ពុជា​ ក្នុងការ​លើកកម្ពស់កម្រិតបរិយាប័ន្នហិរញ្ញវត្ថុ។

លោក Paul  Lynch បាន​ថ្លែងថា៖ “ការប្តេជ្ញាចិត្តយ៉ាងខ្ជាប់ខ្ជួនរបស់យើងក្នុងការការពារហិរញ្ញវត្ថុសម្រាប់ប្រជាជនកម្ពុជាទាំងអស់ នឹងត្រូវបានពង្រឹងបន្ថែមទៀតតាមរយៈការសិក្សាជាដៃគូសហប្រតិបត្តិការអាជីវកម្ម រវាងស្ថាប័នទាំងពីរនាពេលនេះ។ យើងមានបំណងច្របាច់បញ្ចូលគ្នា​នៃវត្តមានដ៏រឹងមាំរបស់ធនាគារ វីង នៅទូទាំងព្រះរាជាណាចក្រកម្ពុជា​ ដើម្បីបង្កើនលទ្ធភាពទទួលបានសេវាធានារ៉ាប់រង​ ទោះបីប្រជាជនកម្ពុជារស់នៅ និងប្រកបកិច្ចការនៅទីណាក៏ដោយ។”

ភាពជាដៃគូនេះកើតឡើងបន្ទាប់ពីភាពជាដៃគូយុទ្ធសាស្រ្តរបស់ក្រុមហ៊ុនព្រូដិនសលកម្ពុជា ជាមួយក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ដែលជាក្រុមហ៊ុនដ៏លេចធ្លោមួយនៅក្នុងប្រទេសកម្ពុជា។ ភាពជាដៃគូរវាងក្រុមហ៊ុន​ទាំងពីរ បានគូសបញ្ជាក់ឲ្យឃើញពីការប្តេជ្ញាចិត្តរបស់ព្រូដិនសល ចំពោះការរួមចំណែកដល់​បរិយាប័ន្នហិរញ្ញវត្ថុ​ និងធ្វើឲ្យសេវ៉ាធានារ៉ាប់រងកាន់តែងាយស្រួល ព្រមទាំង​មានតម្លៃសមរម្យសម្រាប់គ្រួសារ និងសហគមន៍នៅកម្ពុជា។

ការរួមបញ្ជូលគ្នារវាង ផលិតផល​ និងថ្នាលឌីជីថល

កិច្ចសហការជាយុទ្ធសាស្រ្តនេះមានគោលបំណងរួមបញ្ចូលជាមួយបណ្តាញធនាគារ វីង ដែលមានភ្នាក់ងារ ១១. ០០០ នៅទូទាំងប្រទេសកម្ពុជា ក្នុងគោលបំណងបង្កើនភាពងាយស្រួល និងការការពារផ្នែកហិរញ្ញវត្ថុសម្រាប់ប្រជាជនកម្ពុជា។

លោក ហាន ប៉េងក្វាង អគ្គនាយកធនាគារ វីង បានថ្លែងថា៖ ​“យើងជឿជាក់យ៉ាងមុតមាំថា កិច្ចសហការនេះនឹងផ្តល់អត្ថប្រយោជន៍យ៉ាងសំខាន់ទៅដល់អតិថិជនរបស់យើង ព្រោះពួកគាត់នឹងទទួលបាននូវផលិតផលធានារ៉ាប់រងអាយុជីវិត និងផលិតផលវិនិយោគហិរញ្ញវត្ថុជាច្រើនជម្រើស ដែលមាននៅគ្រប់សាខាធនាគារ​ វីង បន្ថែមលើផលិតផល និងសេវាកម្ម ដែលធនាគារកំពុងផ្តល់ជូននាពេលបច្ចុប្បន្ន។”

លោក ហាន ប៉េងក្វាង បានបន្ថែថមថា៖ “អតិថិជនរបស់ធនាគារវីង នឹងទទួលបានអត្ថប្រយោជន៍ពីភាពជាដៃគូផ្នែកធានារ៉ាប់រងនេះ តាមរយៈការទទួលបានផលិតផលធានារ៉ាប់រងដែលស្រមតាមតម្រូវការ ការណែនាំអំពីផែនការហិរញ្ញវត្ថុ និងដំណើរការទិញដ៏ងាយស្រួលពីក្រុមហ៊ុន ព្រូដិនសល។”

លោក Sanjay Chakrabarty អគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុនព្រូដិនសលកម្ពុជា បានមានប្រសាសន៍ថា៖ “ចំណុចដែលយើងផ្តោតសំខាន់ គឺពង្រីកការផ្តល់ជូននូវផលិតផលទៅកាន់អតិថិជនឲ្យបានកាន់តែទូលំទូលាយ និងមានតម្លៃសមរម្យ។ កិច្ចសហការជាមួយធនាគារ វីង បានអនុញ្ញាតឲ្យ​យើងសិក្សាស្វែងយល់បន្ថែមលើការរួមបញ្ចូលគ្នារវាងផលិតផលរបស់ធនាគារ វីង ជាមួយនឹងអតិថិជនរបស់យើង ដោយផ្តល់នូវដំណោះស្រាយហិរញ្ញវត្ថុឲ្យបានកាន់តែទូលំទូលាយទៅដល់ប្រជាជនកម្ពុជា។”

លោក Sanjay Chakrabarty បានបន្ថែមថា៖ “កិច្ចសហការរបស់យើងជាមួយក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប គឺផ្អែកលើតម្លៃរួមគ្នានៃតម្លាភាព អភិបាលកិច្ចរឹងមាំ និងទំនួលខុសត្រូវសង្គម ដែលស្របតាមគោលការណ៍ចម្បងរបស់ក្រុមហ៊ុនព្រូដិនសល។ យើងមានការរំពឹងទុកថា វិស័យធានារ៉ាប់រង ធនាគារនិងហិរញ្ញវត្ថុ នឹងមានការអភិវឌ្ឍដ៏គួរឲ្យកត់សម្គាល់ ដើម្បីផ្តល់ផលវិជ្ជមាន និងកាលានុវត្តភាពដល់សង្គមជាតិ។”

ការប្រកាន់ភ្ជាប់នូវវិធីសាស្រ្តប្រកបដោយភាពច្នៃប្រឌិតរបស់ក្រុមហ៊ុនព្រូដិនសលកម្ពុជា រួមទាំងគោលនយោបាយឌីជីថល និងយុទ្ធសាស្ត្រឌីជីថលដែលផ្តោតលើអតិថិជន ស្របតាមកំណត់ត្រា​របស់ក្រុមហ៊ុនទាំងមូល ដែលឆ្លុះបញ្ចាំងពីទំនុកចិត្ត និងឧត្តមភាពរបស់ក្រុមហ៊ុនអស់រយៈពេល ១៧៥ ឆ្នាំកន្លងមកនេះ។ ក្រុមហ៊ុនព្រូដិនសលកម្ពុជា គឺជាក្រុមហ៊ុនឈានមុខគេក្នុងការបង្កើតភាពជាដៃគូយុទ្ធសាស្ត្រ និងកិច្ចសហការ ដើម្បីពង្រីកវិសាលភាពរបស់ក្រុមហ៊ុននៅក្នុងទីផ្សារ។ ភាពជោគជ័យថ្មីៗរបស់ក្រុមហ៊ុនព្រូដិនសល ត្រូវបានបង្ហាញឲ្យឃើញនៅក្នុងរបាយការណ៍ទីផ្សារ ដែលឆ្លុះបញ្ចាំងពីការគ្របដណ្តប់របស់ក្រុមហ៊ុនរហូតទៅដល់ ៦៥% នៃចំណែកទីផ្សារទាំងមូល  ដោយយោងទៅលើករណីដែលបានអនុម័តនៅក្នុងត្រីមាសទី ១ ក្នុងឆ្នាំ២០២៣។

ធនាគារ វីង ផ្តោតលើការផ្តល់ដំណោះស្រាយឌីជីថល ដើម្បីបង្កើនជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា ដោយមាន​គោលបំណងក្លាយជាធនាគារដែលអាចផ្តល់សេវាកម្មដល់ប្រជាជនកម្ពុជាគ្រប់រូប។ ជាមួយនឹងយុទ្ធសាស្ត្រអាជីវកម្មដែលមានលក្ខណៈពិសេស មានភ្នាក់ងារ​ធ្វើ​​​ប្រតិបត្តិការឌីជីថលបានអនុញ្ញាតឲ្យធនាគារ វីង គ្របដណ្តប់ ១០០​ ភាគរយនៅគ្រប់ស្រុកទាំងអស់ក្នុងប្រទេសកម្ពុជា។ កត្តានេះបាន ធ្វើឲ្យធនាគារ វីង អាចជំរុញបរិយាប័ន្ន​ផ្នែកហិរញ្ញវត្ថុ យេនឌ័រ និងឌីជីថល។ ធនាគារ វីង ផ្តល់សេវាហិរញ្ញវត្ថុប្រកបដោយសុវត្ថិភាព និងភាពងាយស្រួលដល់ប្រជាជនគ្រប់រូប ហើយធនាគារបានប្តេជ្ញាលើការជំរុញអត្ថប្រយោជន៍នៃប្រតិបត្តិការតាមប្រព័ន្ធឌីជីថល ដើម្បីលើកកម្ពស់កម្រិតជីវភាព នៃការរស់នៅរបស់ប្រជាជនកម្ពុជា៕