fbpx

ធនាគារ វីង បើកសម្ពោធសាខាថ្មីនៅតំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់គ្រុបភ្នំពេញ

កុម្ភៈ 27, 2023

ដើម្បីអបអរសារទរដល់ការបើកសម្ពោធជាផ្លូវការសាខាថ្មីរបស់ខ្លួន     ធនាគារ វីង      បានដាក់ដំណើរការសេវាកម្មបើកប្រាក់បៀវត្សរ៍ដោយឥតគិតថ្លៃដល់អតិថិជនជានិយោជកទាំងអស់។

រាជធានីភ្នំពេញ ថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០២៣៖   ធនាគារ វីង (ខេមបូឌា) ម.ក បានសម្ពោធសាខាថ្មី            បំផុតរបស់ខ្លួននៅតំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់គ្រុបភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្តម រ័ត្ន សុវណ្ណនរៈ                  ឧបការីទេសាភិបាល និងជាអគ្គនាយកត្រួតពិនិត្យធនាគារជាតិនៃកម្ពុជា          អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាលធនាគារ វីង និងជាអគ្គនាយកក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ព្រមទាំង​ឥស្សរជនកិត្តិយសជាច្រើនរូបទៀត។

ដើម្បីអបអរសារទរដល់ការបើកសម្ពោធសាខាថ្មីនេះ ធនាគារ វីង បានដាក់ដំណើរការសេវាកម្មបើកប្រាក់បៀវត្សរ៍ដ៏ពិសេស        ដែលអនុញ្ញាតឲ្យអតិថិជនជានិយោជកទាំងអស់         អាចចូលប្រើប្រាស់​កម្មវិធីប្រាក់បៀវត្សរ៍បានតាមរយៈ ប្រព័ន្ធ iBanking របស់ធនាគារ វីង ដោយឥតគិតថ្លៃ។

​និយោជិតទាំងអស់ក៏អាចធ្វើការដកប្រាក់បៀវត្សរ៍ពីភ្នាក់ងារវីង សាខាធនាគារ  ការិយាល័យកណ្តាល និងទូATMរបស់ធនាគារ វីង ទូទាំងប្រទេសដោយឥតគិតថ្លៃផងដែរ។

ទាំងនិយោជកនិងនិយោជិត ក៏មានសិទ្ធិទទួលបានប្រាក់កម្ចីឌីជីថលដោយមិនត្រូវការទ្រព្យបញ្ចាំ ខណៈធនាគារ វីង ក៏មានការផ្តល់ជូនអត្រាប្រាក់សមរម្យ​សម្រាប់គណនីសន្សំផងដែរ។ បន្ថែមពីនេះអតិថិជនដែលមានគណនីប្រាក់បៀវត្សរ៍អាចធ្វើការស្នើសុំកាតឥណទាននិងកាតឥណពន្ធ វីងវីសា ដោយឥតគិតថ្លៃសេវាសម្រាប់ឆ្នាំដំបូង។

លោក ហាន ប៉េងក្វាង អគ្គនាយកនៃធនាគារ វីង  បានមានប្រសាសន៍ថា៖ “តំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់គ្រុប ភ្នំពេញ ជាមជ្ឈមណ្ឌលដ៏ធំមួយសម្រាប់ក្រុមហ៊ុនអន្តរជាតិក្នុងប្រទេសកម្ពុជា។ យើងបាន​បង្កើតផលិតផលក៏ដូចជាសេវាកម្មនានាជាច្រើន​ ដើម្បីបំពេញតម្រូវការរបស់អតិថិជននៅទីនេះ។” 

បន្ទាប់ពីសម្ពោធ​អាជ្ញាបណ្ណធនាគារពាណិជ្ជជាផ្លូវការ     ធនាគារ វីង       បានពង្រីកបណ្តាញធនាគាររបស់ខ្លួនទៅកាន់ទីតាំងយុទ្ធសាស្រ្តចំនួន៩         បន្ថែមពីលើទីស្នាក់ការកណ្តាលរបស់ខ្លួនដែលស្ថិតនៅលើមហាវិថីព្រះមុនីវង្ស ក្នុងសង្កាត់បឹងកេងកង៣ រាជធានីភ្នំពេញ។

កាលពីឆ្នាំ២០២២កន្លងទៅនេះ ធនាគារ វីង បានបើកដំណើរការសាខាសែនសុខ សាខាវត្តភ្នំ សាខាទួលគោក  សាខាបឹងត្របែក  និងសាខាព្រះយុគន្ធរ   ដែលសាខាទាំងអស់នេះស្ថិត​នៅរាជធានីភ្នំពេញ រីឯសាខាមួយទៀតនោះគឺស្ថិតនៅខេត្តព្រះសីហនុ។ កាល​ពី​ខែ​មុន​នេះ ធ​នាគារ វីង ទើបតែបានសម្ពោធ​សាខា​របស់​ខ្លួនមួយទៀត​នៅ​ខេត្ត​បាត់ដំបង។

ធនាគារ វីង សាខាតំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់គ្រុបភ្នំពេញ ក៏មានលក្ខណៈពិសេសដូចធនាគារ វីងសាខាដទៃទៀតដែរ ពោលគឺផ្តល់ជូននូវផលិតផល  និងសេវាកម្មធនាគារយ៉ាងពេញលេញ   ដែលមានដូចជា៖ សេវាប្រាក់បញ្ញើ សេវាប្រាក់កម្ចីសម្រាប់អាជីវកម្ម សេវាផ្ទេរប្រាក់ និងសេវាជាច្រើនទៀត។

គ្រប់សាខាធនាគារ វីង ត្រូវបានរចនាយ៉ាងស្រស់ស្អាត ដែលមានចំណតយានយន្តធំទូលាយ កន្លែងរង់ចាំមានផាសុកភាព ហាងកាហ្វេឈ្ងុយឆ្ងាញ់ និងបន្ទប់ប្រជុំដ៏ប្រណីត។ ធនាគារ វីង មានបុគ្គលិកដែលប្រកបដោយវិជ្ជាជីវៈខ្ពស់ និងបានត្រៀមខ្លួនរួចជាស្រេចដើម្បីបម្រើអតិថិជន។

ធនាគារ វីង ដែលទើបនឹងសម្ពោធនេះ មានទីតាំងនៅតំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់គ្រុបភ្នំពេញ ដែលស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤  នៅជាប់នឹងមជ្ឈមណ្ឌលដឹកជញ្ជូន   និងបណ្តុះបណ្តាលក្រុមហ៊ុនតូយ៉ូតា។

ធនាគារ វីង សាខាតំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់គ្រុបភ្នំពេញ ផ្តល់ជូនសេវាកម្មធនាគារយ៉ាងពេញលេញ និងបើកទទួលស្វាគមន៍អតិថិជនចាប់ពីម៉ោង៨ព្រឹកដល់ម៉ោង ៥ល្ងាច និងពីថ្ងៃច័ន្ទ ដល់ថ្ងៃអាទិត្យ​ ដោយអតិថិជនគ្រប់រូបអាចប្រើប្រាស់ផលិតផល និងសេវាកម្មហិរញ្ញវត្ថុនាំមុខគេជាច្រើន សូម្បីនៅថ្ងៃចុងសប្តាហ៍ក៏ដោយ។

 

ធនាគារ វីង តំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់គ្រុប ភ្នំពេញ ​ត្រូវ​បាន​បំពាក់​ដោយ​ម៉ាស៊ីន ATMដ៏ទំនើប​ ដែលអតិថិជនអាចធ្វើការដកប្រាក់បានគ្រប់ពេលវេលាដោយឥតគិ​តថ្លៃ៕