បុគ្គលិក និងអតិថិជនរបស់វីងចូលរួមទិវាសម្អាតពិភពលោក
ចូលរួមជាមួយអ្នកស្ម័គ្រចិត្តរាប់ពាន់នាក់នៅទូទាំងប្រទេសកម្ពុជា បុគ្គលិកក៏ដូចជាអតិថិជនរបស់ធនាគារឯកទេសវីង (ខេមបូឌា) លីមីធីតបានចូលរួមស្ម័គ្រចិត្តធ្វើសកម្មភាពសម្អាតបរិស្ថាននៅរាជធានីភ្នំពេញ ដែលនេះជាផ្នែកមួយនៃសកម្មភាពទំនួលខុសត្រូវសង្គមរបស់ធនាគារ និងការប្រារព្ធខួប១០ឆ្នាំ ដែលធនាគារនេះបានផ្តល់សេវាកម្មហិរញ្ញវត្ថុនៅកម្ពុជា។
ក្នុងភាពជាដៃគូជាមួយក្រុមចលនាស្ម័គ្រចិត្ត GoGreen Cambodia សកម្មភាពសម្អាតបរិស្ថាននេះគឺជាសកម្មភាពក្នុងចំនោមសកម្មភាពរាប់ពាន់ ដែលប្រព្រឹត្តឡើងក្នុងទិវាសម្អាតពិភពលោកឆ្នាំ២០១៨ ដែលមានការចូលរួមពីប្រជាជនមកពីជាង១៥០ប្រទេស។ គោលបំណងនៃទិវាសម្អាតពិភពលោកនៅកម្ពុជា (WCD) គឺដើម្បីលុបបំបាត់ចោលនូវសំរាមនៅតាមដងផ្លូវ អប់រំប្រជាពលរដ្ឋអំពីវិធីសាស្ត្រជាមូលដ្ឋានក្នុងការគ្រប់គ្រងកាកសំណល់ និងកាតព្វកិច្ចរបស់ប្រជាពលរដ្ឋ តាមរយៈការលើកទឹកចិត្តពាក់ព័ន្ធនឹងវប្បធម៌នៃភាពមានអនាម័យ។ ព្រឹត្តិការណ៍នេះនឹងប្រព្រឹត្តទៅនៅទូទាំងប្រទេស តាមរយៈការសម្អាតកាកសំណល់នៅតាមដងផ្លូវនៅតាមសង្កាត់ ក្រុង និងផ្លូវជាតិសំខាន់ៗរួមមានផ្លូវជាតិលេខ ១ ២ ៣ ៤ ៥ និង ៦។
នៅក្នុងប្រទេសកម្ពុជា ដោយឈរលើពាក្យស្លោក “ធ្វើការរួមគ្នាដើម្បីកម្ពុជា” បុគ្គលិកនិងអតិថិជនរបស់វីងប្រមាណ ២០០នាក់នឹងចូលរួមដោយធ្វើការដើរប្រមូលសំរាមនៅតាមបណ្តោយផ្លូវជាតិលេខ 1 ដោយចាប់ពីគល់ស្ពានព្រះមុនីវង្ស រហូតដល់វត្តនិរោធន៍។ នៅថ្ងៃដដែលនោះ ភ្នាក់ងារវីងជាង 5.000 នាក់នៅទូទាំងប្រទេស ក៏នឹងចូលរួមក្នុងចលនាសម្អាតអនាម័យជាសកលនេះផងដែរដោយធ្វើការសម្អាតបរិស្ថានជុំវិញភ្នាក់ងាររបស់ពួកគេ ឲ្យបានស្អាតតាមដែលអាចធ្វើបាន។
អគ្គនាយកធនាគារឯកទេសវីង លោក ចូចូ ម៉ាឡូឡូស សូមថ្លែងអំណរគុណដល់បុគ្គលិកនិងភ្នាក់ងារវីងដែលបានចូលរួមចំនាយពេលវេលាដ៏មានតម្លៃនៅចុងសប្តាហ៍នេះក្នុងការចូលរួមក្នុងសកម្មភាពសម្អាតបរិស្ថាននេះបន្ថែមពីលើកិច្ចខិតខំប្រឹងប្រែងដែលពួកគាត់ធ្វើជារៀងរាល់ថ្ងៃក្នុងការបម្រើប្រជាពលរដ្ឋកម្ពុជាតាមរយៈសេវាធនាគារចល័តរបស់វីង។
លោក ម៉ាឡូឡូស មានប្រសាសន៍បន្ថែមថា “សូមអរគុណចំពោះការគាំទ្រពីបុគ្គលិក និងភ្នាក់ងាររបស់យើង ជាពិសេសប្រជាជនកម្ពុជាដែលចូលរួមជាមួយវីងក្នុងការធ្វើឱ្យសកម្មភាពទំនួលខុសត្រូវសង្គមមួយនេះកើតមានឡើង។ ខណៈពេលដែលវីងបានឈានដល់គម្រប់ខួប១០ឆ្នាំ របស់ខ្លួន យើងនឹងផ្តល់ជូនទៅឲ្យសង្គមកម្ពុជា តាមរយៈសកម្មភាពទំនួលខុសត្រូវសង្គម និងកម្មវិធីប្រូម៉ូសិនជាច្រើន។ ហេតុដូច្នេះ សូមរង់ចាំទស្សនាព័ត៌មានបន្តបន្ទាប់ពីធនាគារឯកទេសវីង ក្នុងពេលឆាប់ៗនេះ។”
លោក Grace Smith សហស្ថាបនិករបស់ GoGreen Cambodia បានមានប្រសាសន៍ថា “គោលបំណងរបស់យើងគឺជម្រុញឱ្យប្រជាជនកម្ពុជាយកចិត្តទុកដាក់លើបរិស្ថានដែលពួកគេរស់នៅ ព្រោះបរិស្ថាននេះអាចមានផលប៉ះពាល់ផ្ទាល់លើសុខភាពនិងសមត្ថភាពរបស់ពួកគេ។ ការចូលរួមសម្អាតបរិស្ថាន គឺជារឿងមួយដែលងាយស្រួលបំផុត ហើយថែមទាំងជួយលោកអ្នកឲ្យឈានជើងមួយជំហានទៀតដើម្បីបង្កើននូវវប្បធម៌ នៃការចូលរួមថែរក្សា និងការពារធម្មជាតិរួមគ្នាសម្រាប់ពេលនេះនិងមនុស្សជំនាន់ក្រោយរបស់យើង។”
លោក ស៊ាង សិរី បុគ្គលិកធនាគារឯកទេសវីងម្នាក់ដែលចូលរួមក្នុងយុទ្ធនាការសម្អាតបរិស្ថានបានមានប្រសាសន៍ថា “ខ្ញុំមានសេចក្តីរំភើបរីករាយដែលបានចូលរួមក្នុងកិច្ចការងារដែលជួយឲ្យទីក្រុង និងប្រទេសរបស់យើងមានបរិស្ថានស្រស់ស្អាត។ យើងបានដឹងរួចមកហើយអំពីព័ត៌មានពាក់ព័ន្ធនឹងផលប៉ះពាល់របស់កាកសំណល់ផ្លាស្ទិក។ ហេតុដូច្នេះ ខ្ញុំសង្ឃឹមថាការចូលរួមរបស់ខ្ញុំនឹងជួយដោះស្រាយមួយផ្នែកនូវបញ្ហាបរិស្ថានដែលយើងកំពុងជួបប្រទះសព្វថ្ងៃ”
ទិវាសម្អាតពិភពលោក គឺជាលទ្ធផលនៃគំនិតផ្តួចផ្តើមដោយស្ម័គ្រចិត្តដ៏ធំ ដែលហៅថា Let’s Do It! ដែលបានចាប់ផ្តើមនៅប្រទេសអេស្តូនីក្នុងឆ្នាំ ២០០៨ នៅពេលដែលអ្នកស្ម័គ្រចិត្តចំនួន ៥0.000 នាក់ (ស្មើនឹង៤% នៃចំនួនប្រជាជនសរុប) បានចូលរួមសម្អាតកាកសំណល់ខុសច្បាប់បានចំនួន ១0.000 តោនក្នុងរយៈពេលត្រឹមតែ ៥ ម៉ោងប៉ុណ្ណោះ។ មន្រ្តីប្រចាំប្រទេសនេះ បានប៉ាន់ប្រមាណថាគំនិតផ្តួចផ្តើមនេះ បានចូលរួមសន្សំថវិការបស់រាជរដ្ឋាភិបាលរយៈពេល ៣ ឆ្នាំ ដែលស្មើនឹងទឹកប្រាក់២២.៥ លានអឺរ៉ូ។ ចាប់តាំងពីពេលនោះមក សកម្មភាពនេះបានរីករាលដាលយ៉ាងឆាប់រហ័សនៅទូទាំងពិភពលោក។ ទិវាសម្អាតពិភពលោកនៅកម្ពុជាត្រូវបានសម្របសម្រួលដោយ Let’s Do It! Cambodia និង GoGreen Cambodia កម្ពុជា ក្រោមកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងបរិស្ថាន ក្រសួងអប់រំយុវជននិងកីឡានិងក្រសួងមហាផ្ទៃ។
នៅក្នុងឆ្នាំ២០១៧ មានសំរាមប្រមាណ ១.៤២ លានតោនស្ថិតនៅក្នុងប្រទេសកម្ពុជា ហើយចំនួននេះនឹងកើនឡើងស្របពេលដែលចំនួនប្រជាជននៅតែបន្តកើនឡើង។ យោងតាមក្រសួងបរិស្ថាន ជិត៦០% នៃកាកសំណល់សំរាមមិនត្រូវបានគ្រប់គ្រងបានត្រឹមត្រូវ ហើយក្នុងនោះដែរ កាកសំណល់ប្រភេទប្លាស្ទិក ប្រមាណ ១៥.៧៤% ត្រូវបានគេចាក់ចោលនៅតាមទីវាល ឬប្រព័ន្ធបង្ហូរទឹកនានា (ភ្នំពេញប៉ុស្តិ៍ ២០១៧)
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង៖
ធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត
អ៊ីម៉ែល៖ marketing@wingmoney.com