fbpx

វីងជួយបន្តបេសកកម្មដ៏​​​​សំខាន់របស់មន្ទីរពេទ្យកុមារអង្គរ

កញ្ញា 11, 2020

ធនាគារឯកទេស​ វីង​ បានចូលរួមប្រារព្ធពិធី“បុណ្យផ្កាប្រាក់មហាសាមគ្គីឆ្នាំទី៧”
ដើម្បីជួយដល់មន្ទីរពេទ្យកុមារអង្គរ

កាលពីពេលថ្មីៗនេះធនាគារឯកទេសវីង រួមជាមួយដៃគូសហការ គ្រួសាររ៉ូយាល់គ្រុប ភ្នាក់ងារវីង អតិថិជន និងដៃគូជាច្រើន បានបង្ហាញពីការតាំងចិត្តជួយដល់មន្ទីរពេទ្យកុមារអង្គរ ដែលជាមជ្ឈមណ្ឌលសុខភាពកុមារឈានមុខគេនៅកម្ពុជា។

ជារៀងរាល់ថ្ងៃ មានកុមារយ៉ាងតិច៤០០​នាក់ បានទទួលការព្យាបាលដោយឥតគិតថ្លៃពីមន្ទីរពេទ្យកុមារអង្គរ ហើយក្នុងមួយឆ្នាំៗ មន្ទីរពេទ្យ​មួយនេះ បានចំណាយថវិការប្រមាណ​៧លានដុល្លារលើប្រតិបត្តិការនិងសេវាព្យាបាល។ ដោយសារវិបត្តិសង្គមក៏ដូចបញ្ហាសេដ្ឋកិច្ចធ្លាក់ចុះដោយសារជំងឺកូវីដ១៩ អ្នកជំងឺមួយចំនួនត្រូវប្រឈមឧបសគ្គក្នុងការទទួលបានសេវាព្យាបាលដោយឥតគិតថ្លៃទាំងនេះ។

ដោយមើលឃើញពីសារៈសំខាន់នៃតំរូវការរបស់អ្នកជំងឺ កាលពីថ្ងៃទី៣០ ខែសីហាកន្លងទៅនេះ គណៈគ្រប់គ្រងនៃធនាគារឯកទេស វីង បានចូលរួមគាំទ្រពិធី“បុណ្យផ្កាប្រាក់មហាសាមគ្គីឆ្នាំទី៧” ដើម្បីជួយដល់មន្ទីរពេទ្យឲ្យបន្តកិច្ចការទៀត។ លោកជំទាវ ម៉ៅ ចំណាន អគ្គនាយិកាប្រតិបត្តិការនៃធនាគារឯកទេស វីង បានយល់យ៉ាងច្បាស់ពីអារម្មណ៍ដែលគ្រួសារនីមួយៗត្រូវការអ្នកមើលថែរក្សារ។

លោកជំទាវបានមានប្រសាសន៍ថា៖ «ក្នុងនាមជាម្តាយមួយរូប ខ្ញុំដឹងថា នៅពេលដែលកូនឈឺម្តងៗ ម្តាយរបស់ពួកគេតែងតែកើតក្តីបារម្មគ្រប់ពេលវេលា។ ជាពិសេសនៅពេលដែលពួកគាត់មិនអាចរកកន្លែងដែលទុកចិត្តដើម្បីព្យាបាលកូនៗ»។

ចាប់តាំងពីឆ្នាំ ១៩៩៩ មន្ទីរពេទ្យកុមារអង្គរ បានផ្តល់សេវាព្យាបាលប្រកបដោយគុណភាពខ្ពស់ ជាមួយការមើលថែយ៉ាងយកចិត្តទុកដាក់លើកុមារមកពីគ្រប់ខេត្តដោយមិនគិតពីគ្រួសារដែលមានឬមិនមានសមត្តិភាពក្នុងការបង់ថ្លៃសេវា។ លោកជំទាវ ម៉ៅ ចំណាន បានបន្តថា វីងមានមោទនភាពក្នុងការជួយគាំទ្រមន្ទីរពេទ្យដើម្បីបន្តដំណើរការនិងបេសកកម្មក្នុងការផ្តល់សេវាព្យាបាលដោយឥតគិតថ្លៃប្រកបដោយការយកចិត្តទុកដាក់និងមានគុណភាពដល់កុមារកម្ពុជា។

នៅក្នុងពីធី“បុណ្យផ្កាប្រាក់មហាសាមគ្គី”នេះ ធនាគារឯកទេសវីង បានប្រមូលថវិកាបរិច្ចាគសរុបប្រមាណ ៤៨.៥៦៤.៨០០រៀល ដល់មន្ទីរពេទ្យ ដែលក្នុងនោះរួមបញ្ចូលទឹកប្រាក់មួយចំនួនរបស់លោក ជំទាវម៉ៅ ចំណាន ដោយផ្ទាល់។ ជាមួយគ្នានេះដែរលោក ឧកញ៉ា លី ហួរ លោកជំទាវ នួន ពេជ្រសុផល ព្រមទាំងស្វាមីនិងកញ្ញា ទូច សុជាតិតា ក៏បានចូលរួមឧបត្ថមផងដែរ។

ទឹកប្រាក់មួយចំនួនផ្សេងទៀត វីង ក៏បានទទួលពី គ្រួសាររ៉ូយាល់គ្រុប បុគ្គលិកវីង ភ្នាក់ងារវីង អតិថិជនទូទាំងប្រទេសដែលបានបរិច្ចាគតាមរយៈវីង។

លោកវេជ្ជបណ្ឌិត ងួន ច័ន្ទភក្ត្រា នាយកមន្ទីរពេទ្យកុមារអង្គរ បានថ្លែងអំណរគុណដល់ធនាគារឯកទេស វីង ព្រមទាំងអ្នកតំណាងធនាគារសម្រាប់ការចូលរួមបរិច្ចាគនៅក្នុងពិធី​ថា៖ «ការបរិច្ចាគថវិកានៅក្នុងថ្ងៃនេះជាទឹកចិត្តសប្បុរសដ៏ធំធេងសម្រាប់មន្ទីរពេទ្យកុមារអង្គរដែលកំពុងជួបប្រទះការខ្វះខាត» លោកវេជ្ជបណ្ឌិតបានបន្តថា៖«ថវិកាបរិច្ចាគទាំងនេះ នឹងជួយផ្តល់នូវការថែទាំប្រកបដោយគុណភាពសម្រាប់កុមារដែលមកសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ ហើយក៏ជាផ្នែកមួយក្នុងការលើកកម្ពស់វិស័យសុខាភិបាលនៅក្នុងប្រទេសកម្ពុជា ព្រមទាំងរួមចំណែកដើម្បីធានាថាគ្មានកុមារណាម្នាក់ត្រូវបានទុកចោល»។

បង្កើតឡើងនាឆ្នាំ២០០៩ វីងបានប្តេជ្ញាធ្វើប្រតិបត្តិការស្របតាមគោលការអភិវឌ្ឍប្រកបដោយចីរភាព។ សព្វថ្ងៃវីងបានអនុវត្តគោលការណ៍នៅក្នុងកាតព្វកិច្ចជួយសង្គមប្រកបដោយក្រមសីលធម៌ និងក្នុងនាមជាសាជីវកម្មពលរដ្ឋរបស់ប្រទេសកម្ពុជា។

លោក ម៉ានូ រ៉ាចាន់ អគ្គនាយកនៃធនាគារឯកទេសវីងបានកោតសរសើរចំពោះការងារជួយសង្រោះជីវិតរបស់មន្ទីរពេទ្យកុមារអង្គរ ដល់ពលរដ្ឋកម្ពុជា។​ លោកក៏បានថ្លែងអំណរគុណដល់ម្ចាស់ជំនួយទាំងឡាយដែលបានបរិច្ចាគផងដែរ។

លោក​បានមានប្រសាសន៍ថា៖ « កុមាររាប់ពាន់នាក់បានឈឺជារៀងរាល់ថ្ងៃ ហើយមន្ទីរពេទ្យមួយនេះគឺជាក្តីសង្ឃឹមទីមួយសម្រាប់ការព្យាបាលរបស់ពួកគេ។ ការបរិច្ចាគរបស់យើងមានន័យថា យើងកំពុងជួយដល់កុមារដែលកំពុងខ្វះខាត ពួកគេអាចទទួលសេវាថែទាំសុខភាពបានដោយស្មើរភាព។ ការបរិច្ចាគថវិកាផ្ទាល់ខ្លួនរបស់អ្នកពិតជាមានតម្លៃណាស់ក្នុងការជួយសង្គ្រោះជីវិតកុមារដែលខ្វះខាតក្នុងគ្រាដ៏លំបាកនេះ»។

លោកអ្នកនៅតែអាចចូលរួមវិភាគទានដល់មន្ទីរពេទ្យកុមារអង្គរជារៀងរាល់ថ្ងៃតាមរយៈភ្នាក់ងារវីងច្រើនជាង៨០០០កន្លែងនៅទូទាំងប្រទេស និងតាមរយៈកម្មវិធីស្មាតហ្វូនវីង៖ ៩១២២ (រៀល) និង ៨១២២ (ដុល្លារ)។