fbpx

វីងចូលរួមគាំទ្រដល់ទិវាសហគ្រិនភាពកម្ពុជា

តុលា 18, 2018

កាលពីថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ ២០១៨ ធនាគារឯកទេស វីង (ខេមបូឌា) លីមីតធីត មានមោទនភាពក្នុងការគាំទ្រក្រសួងអប់រំ យុវជន និងកីឡា ដោយបានជួយឧបត្ថម្ភដល់សិក្ខាសាលានៅតាមមន្ទីរអប់រំខេត្តនានាទូទាំងប្រទេស ក្នុងឱកាសទិវាសហគ្រិនភាពកម្ពុជា។ ព្រឹត្តិការណ៍មួយនេះ ត្រូវបានចូលរួមដោយយុវជនប្រមាណ ៣៧៥០ នាក់ ហើយត្រូវបានធ្វើឡើងក្រោមកិច្ចសហការជាមួយ អង្គការពលកម្មអន្តរជាតិ (ILO) និងអង្គការស្ម័គ្រចិត្តអង្គការសហប្រជាជាតិ (UNV)។

អគ្គនាយកធនាគារឯកទេសវីង លោកចូចូ ម៉ាឡូឡូស បានមានប្រសាសន៍ថាគាត់មានសេចក្តីសោមនស្សរីករាយក្នុងការផ្តល់ជំនួយគាំទ្រដល់គំនិតផ្តួចផ្តើមមួយនេះ ដែលមានគោលបំណងជួយដល់យុវជនកម្ពុជាដែលចង់ស្វែងយល់អំពីសហគ្រិនភាព។

លោក ម៉ាឡូឡូស មានប្រសាសន៍ថា “សហគ្រិនភាពអាចជំរុញយុវជនកម្ពុជាឲ្យសម្រេចបាននូវសក្តានុពលពេញលេញរបស់ពួកគេ ហើយក៏អាចរួមចំណែកក្នុងការរីកចម្រើននៃសេដ្ឋកិច្ចកម្ពុជាផងដែរ។ ខ្ញុំសង្ឃឹមថាតាមរយៈសិក្ខាសាលាទាំងនេះ យុវជនកម្ពុជានឹងអាចទទួលបាននូវចក្ខុវិស័យកាន់តែច្បាស់អំពីរបៀបដែលពួកគេចង់តម្រង់ទិសដៅអនាគតរបស់ពួកគេ ហើយមានទំនុកចិត្តលើខ្លួនឯងក្នុងការចាត់វិធានការចាំបាច់ដើម្បីឈានដល់គោលដៅរបស់ពួកគេ”

ប៉ោ ហួរប៉ ដែលជាសិស្សថ្នាក់ទី ១០ មកពីវិទ្យាល័យច្បារអំពៅ ដែលបានចូលរួមកម្មវិធី បាននិយាយថាសិក្ខាសាលាមួយនេះបានផ្តល់ឲ្យគាត់នូវគំនិតច្នៃប្រឌិតនិងការយល់ដឹងថ្មីៗមួយចំនួន។

ហួរប៉ បាននិយាយថា “ខ្ញុំមានចំណាប់អារម្មណ៍ទៅលើសហគ្រិនភាពយ៉ាងខ្លាំង ហើយខ្ញុំនឹងចែករំលែកបទពិសោធន៍ដែលវាគ្មិនបានចែករំលែកក្នុងសិក្ខាសាលាថ្ងៃនេះជាមួយមិត្តរួមថ្នាក់របស់ខ្ញុំដែលមិនបានចូលរួម។ ហើយខ្ញុំនឹងប្រើប្រាស់នូវអ្វីដែលខ្ញុំបានរៀនថ្ងៃនេះក្នុងអាជីពផ្ទាល់ខ្លួនរបស់ខ្ញុំនាពេលអនាគត”។

បន្ថែមពីលើការឧបត្ថម្ភជាថវិកាសម្រាប់ការរៀបចំសិក្ខាសាលា ធនាគារឯកទេសវីងក៏បានបង្ហាញការគាំទ្រដល់ព្រឹត្តការណ៍មួយនេះតាមរយៈការឧបត្ថម្ភកាបូបអេកូ (eco-bag) និងបិចចំនួន ៣៧៥០ ជាមួយនឹងកាដូអនុស្សាវរីយ៍ផ្សេងៗទៀតដែលអាចជួយយុវជនទាំងនេះក្នុងការសម្រេចក្តីសុបិន្តរបស់ពួកគេ។

វិស័យ startup របស់ប្រទេសកម្ពុជាឃើញមាននូវការរីកចម្រើនយ៉ាងខ្លាំងក្នុងអំឡុងពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ជាមួយនឹងការលេចឡើងជាប្រចាំនូវក្រុមហ៊ុនថ្មីៗក្នុងវិស័យជាច្រើន ជាពិសេសក្នុងពិភពឌីជីថលនិងបច្ចេកវិទ្យា។ ក្រុមហ៊ុន startup ទាំងនេះភាគច្រើនត្រូវបានដឹកនាំដោយសហគ្រិនវ័យក្មេងពោរពេញដោយមហិច្ចតា។ ជាការពិត អាជីវកម្មទាំងនេះភាគច្រើនសុទ្ធតែមានទំនាក់ទំនងជាមួយវីងជាដៃគូពាណិជ្ជកម្មឬជាអតិថិជនផ្ទាល់។ ដោយប្រើប្រាស់ផលិតផលនិងសេវាកម្មរបស់វីង អាជីវកម្មរបស់ពួកគេកាន់តែមានភាពរឹងមាំនិងរលូន ទាំងការគ្រប់គ្រងនិងប្រតិបត្តិការ។ លើសពីនេះទៅទៀត ៦៥ % នៃភ្នាក់ងារវីងគឺគ្រប់គ្រងដោយស្ត្រីមេផ្ទះ ដែលបង្ហាញអំពីការកើនឡើងនៃសហគ្រិនភាពរបស់ស្ត្រី និងភាពប្រសើរឡើងនៃជីវភាពរស់នៅរបស់ប្រជាជន។ ទាំងនេះគ្រាន់ជាផលប្រយោជន៍មួយចំនួនប៉ុណ្ណោះដែលសហគ្រិនកម្ពុជាអាចទទួលបានតាមរយៈការក្លាយជាដៃគូពាណិជ្ជកម្មឬអតិថិជនរបស់វីង។

ចាប់ផ្តើមដំណើរការក្នុងឆ្នាំ ២០០៩ ធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីតបានណែនាំនូវប្រព័ន្ធវេរលុយតាមរយៈទូរស័ព្ទដៃដំបូងគេបង្អស់នៅកម្ពុជា ហើយនៅតែស្ថិតនៅជួរមុខក្នុងវិស័យហិរញ្ញវត្ថុរបស់ប្រទេស។ ក្នុងអំឡុងពេលជិតមួយទសវត្សកន្លងមកនេះ ក្រុមហ៊ុនបានផ្តល់ជូននូវបច្ចេកវិទ្យាទូទាត់ប្រាក់ថ្មីៗនិងមានភាពទាន់សម័យ រួមទាំងសេវាទូទាត់ប្រាក់អេឡិចត្រូនិច ក៏ដូចជាដំណោះស្រាយការចំណាយនិងប្រាក់បៀវត្សសម្រាប់សហគ្រាសខ្នាតតូចនិងមធ្យម (SMEs) ផងដែរ។

សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទង:

ធនាគារឯកទេស វីង (ខេមបូឌា) លីមីតធីត

អ៊ីមែល: marketing@wingmoney.com