Karpia គឺជាធុរកិច្ចថ្មី ដែលផ្តោតលើការផ្តល់សេវាកម្មសន្តិសុខសាយប័រនៅក្នុងប្រទេសកម្ពុជា បង្កើតឡើងដោយលោក អ៊ឹង ប៉ោហៃ ដែលជាអ្នកជំនាញបច្ចេកវិទ្យាម្នាក់មកពីខេត្តកំពង់ចាម។ គោលដៅរបស់លោក គឺចង់ផ្តល់សេវាកម្មកម្រិតស្តង់ដារអន្តរជាតិជូនដល់អតិថិជនក្នុងវិស័យធនាគារ និងស្ថាប័នរដ្ឋាភិបាល។
លោក អ៊ឹង ប៉ោហៃ ដែលមានវ័យ ៣១ ឆ្នាំ បានបញ្ចប់ការសិក្សាបរិញ្ញាបត្រផ្នែកបច្ចេកវិទ្យាព័ត៌មានពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ លោកក៏ជាម្ចាស់ជ័យលាភីលេខ១ ក្នុងកម្មវិធីពន្លឿនអាជីវកម្មថ្នាលឌីជីថល រដូវកាលទី២ ដែលរៀបចំដោយមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មីតេជោ។ លោក ប៉ោហៃ បានបង្កើតអាជីវកម្ម Karpia នេះឡើង ដើម្បីបំពេញតម្រូវការទីផ្សារផ្នែកសេវាកម្មសន្តិសុខសាយប័រ។
កាលនៅជានិស្សិត ប៉ោហៃ បានចាប់ផ្តើមធ្វើការក្រៅម៉ោងក្នុងវិស័យបច្ចេកវិទ្យា ជាវិស្វករផ្នែកបណ្តាញកុំព្យូទ័ររយៈពេល ៥ ឆ្នាំ មុននឹងប្តូរជំនាញមកផ្តោតលើសន្តិសុខសាយប័រ ហើយក្រោយមកក៏បានក្លាយជាអ្នកគ្រប់គ្រងផ្នែកសន្តិសុខបច្ចេកវិទ្យានេះតែម្តង។
នៅចុងឆ្នាំ ២០១៩ ប៉ោហៃ បានចូលរួមព្រឹត្តិការណ៍សន្តិសុខសាយប័រមួយនៅប្រទេសថៃ។ នៅទីនោះ លោកបានជួបយុវជនវ័យក្មេងជាច្រើនដែលមានចំណេះដឹងខ្ពស់ផ្នែកសន្តិសុខសាយប័រ ដែលខុសប្លែកពីស្ថានភាពនៅកម្ពុជានាពេលនោះ។ ប៉ោហៃ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះជំនាញ និងទស្សនវិស័យរបស់ពួកគេចំពោះទីផ្សារការងារនាពេលអនាគត។

ដោយមើលឃើញថា កម្ពុជានៅមានធនធានមនុស្សតិចតួចក្នុងវិស័យនេះ ប៉ោហៃ ក៏បានបង្កើត "SalaCyber" ក្នុងឆ្នាំ ២០២០ ដែលជាមជ្ឈមណ្ឌលបណ្តុះបណ្តាលវគ្គសិក្សាជំនាញសន្តិសុខសាយប័រ។ បន្ទាប់មក លោកក៏បានបង្កើត Karpia ដែលផ្តល់សេវាកម្មសន្តិសុខសាយប័រ ដើម្បីបំពេញតម្រូវការទីផ្សារដែលកំពុងខ្វះខាត។
លោកបានលើកឡើងថា ក្រុមហ៊ុនធំៗដូចជាធនាគារជាដើម ចំណាយលុយប្រមាណ ១ លានដុល្លារក្នុងមួយឆ្នាំៗ ដើម្បីទិញសេវាកម្មសន្តិសុខសាយប័រពីបរទេស។ លោកបញ្ជាក់ថា៖ “ខ្ញុំបង្កើត Karpia ឡើង ដើម្បីបង្ហាញថា កម្ពុជាក៏មានអ្នកជំនាញផ្នែកសន្តិសុខសាយប័រដែរ។”
Karpia បានចុះបញ្ជីនៅក្រសួងពាណិជ្ជកម្មក្នុងខែមេសា ឆ្នាំ ២០២៤។ ក្នុងរយៈពេលត្រឹមតែមួយឆ្នាំនៃការប្រតិបត្តិការ Karpia ទទួលបានអតិថិជនជាច្រើន ដោយសារបទពិសោធន៍ដ៏យូរអង្វែង និងបណ្តាញទំនាក់ទំនងរបស់ក្រុមការងារ ដែលធ្វើឱ្យអតិថិជនមានទំនុកចិត្តលើសមត្ថភាពរបស់ពួកគេ។
ហេតុអ្វីបានជាត្រូវវិនិយោគលើសន្តិសុខសាយប័រ?
ប៉ោហៃ បានពន្យល់ថា អតិថិជនគោលដៅរបស់ពួកគេគឺ ធនាគារ និងស្ថាប័នរដ្ឋាភិបាល ព្រោះពួកគាត់មានធនធាន និងមានតម្រូវការខ្ពស់ផ្នែកសន្តិសុខសាយប័រ។ ក្រុមហ៊ុនរបស់លោកមានគោលការណ៍ និងស្តង់ដារច្បាស់លាស់ក្នុងការផ្តល់ដំណោះស្រាយ និងការសាកល្បងប្រព័ន្ធ ដែលមានសារៈសំខាន់ណាស់ក្នុងការការពារអតិថិជនពីការវាយប្រហារពីក្រុម ចោរអ៊ិនធឺណិត ឬ Hacker។
មូលហេតុមួយទៀតគឺ ក្រុមហ៊ុនអាចប្រឈមនឹងហានិភ័យធំៗ ប្រសិនបើប្រព័ន្ធសន្តិសុខខ្សោយ ដែលអាចនាំឱ្យ Hacker ចូលបំផ្លាញកម្មវិធីចល័ត ជាដើម។ វាអាចបណ្តាលឱ្យខាតបង់ទាំងលុយកាក់ និងពេលវេលាក្នុងការអភិវឌ្ឍកម្មវិធីឡើងវិញ ហើយលើសពីនេះ ព័ត៌មានផ្ទាល់ខ្លួនរបស់អតិថិជនក៏អាចត្រូវបានលួចផងដែរ។

កម្មវិធីពន្លឿនអាជីវកម្មថ្នាលឌីជីថល សម្រាប់ធុរកិច្ចថ្មី
ក្នុងឆ្នាំ ២០២៣ Karpia បានចូលរួមក្នុងកម្មវិធីពន្លឿនអាជីវកម្មថ្នាលឌីជីថល រដូវកាលទី២ ហើយទទួលបានប្រាក់រង្វាន់ចំនួន ៤០ លានរៀល (ប្រហែល ១០.០០០ ដុល្លារ) ដើម្បីជួយពង្រីកអាជីវកម្មរបស់ខ្លួន។ មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មីតេជោ បានបង្កើតកម្មវិធីនេះឡើងកាលពី ៣ ឆ្នាំមុន ដើម្បីគាំទ្រដល់នៅកម្ពុជា។ រហូតមកដល់បច្ចុប្បន្ន មាន ធុរកិច្ចថ្មីជិត ៤០ ហើយដែលបានអភិវឌ្ឍខ្លួនតាមរយៈកម្មវិធីនេះ។
លោក ប៉ោហៃ បានរំលឹកទាំងក្តីរំភើបថា៖ “ខ្ញុំពិតជាសប្បាយចិត្តខ្លាំងណាស់ ពេលដែលក្រុមរបស់យើងទទួលបានជ័យលាភី។ យើងមិនដែលរំពឹងថានឹងឈ្នះនោះទេ វាពិតជារំភើបមែនទែន។”
ប្រាក់រង្វាន់នេះពិតជាមានសារៈសំខាន់ ដែលអនុញ្ញាតឱ្យ ប៉ោហៃ ឈប់ពីការងារពេញម៉ោង ដើម្បីមកផ្តោតលើ ធុរកិច្ចថ្មីរបស់ខ្លួន ដោយពង្រីកក្រុមការងារពីម្នាក់ រហូតដល់ ១០ នាក់ ដែលសុទ្ធតែជាអ្នកជំនាញបច្ចេកទេស និងកំពុងផ្តល់សេវាកម្មជូនក្រុមហ៊ុន និងស្ថាប័នរដ្ឋជាង ២០ នៅក្នុងប្រទេសកម្ពុជា។
ក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយនេះ ធុរកិច្ចថ្មីនៅកម្ពុជាមានការវិវឌ្ឍយ៉ាងខ្លាំង ដោយសារការរីកចម្រើននៃបច្ចេកវិទ្យា មហិច្ឆតារបស់សហគ្រិនវ័យក្មេង ព្រមទាំងមានការផ្តល់នូវកិច្ចសហការជាយុទ្ធសាស្ត្រពីផ្នែកពាក់ព័ន្ធផងដែរ។
មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មីតេជោ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជ្រោមជ្រែងប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មី តាមរយៈ កម្មវិធីពន្លឿនអាជីវកម្មថ្នាលឌីជីថល។ កម្មវិធីនេះមានរយៈពេល ៣ ខែ ដែលត្រូវបានរៀបចំឡើងដើម្បីជួយដល់ ធុរកិច្ចថ្មីផ្នែកបច្ចេកវិទ្យាឌីជីថល ក្នុងការស្វែងរកដំណោះស្រាយថ្មីៗសម្រាប់បំពេញតម្រូវការទីផ្សារ ដោយផ្តោតសំខាន់លើការជួយដល់សហគ្រាសមីក្រូ តូច និងមធ្យម (MSMEs)។

គំនិតច្នៃប្រឌិត និងភាពជាដៃគូដ៏រឹងមាំ
ធនាគារ វីង គឺជាដៃគូដ៏សំខាន់របស់មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មីតេជោ ដោយតែងតែគាំទ្រដល់ការរីកចម្រើនរបស់ ធុរកិច្ចថ្មី តាមរយៈការផ្តល់ជំនួយហិរញ្ញវត្ថុ ការតម្រង់ទិសការធ្វើអាជីវកម្ម ចែករំលែកបទពិសោធន៍ ក៏ដូចជាចូលរួមវាយតម្លៃផ្តល់ជ័យលាភីទៅដល់បេក្ខជនផងដែរ។
ចាប់តាំងពីឆ្នាំ ២០២០ មកធនាគារ វីង បានគាំទ្រកម្មវិធីជាច្រើនរបស់ មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មីតេជោ ដូចជា៖ កម្មវិធីនវានុវត្តន៍បញ្រ្ចាស, កម្មវិធីពន្លឿនអាជីវកម្មសហគ្រាសខ្នាតតូច និងមធ្យម និងកម្មវិធី Turing Hackathon ជាដើម។ ក្នុងរយៈពេល ៥ ឆ្នាំនៃកិច្ចសហការនេះ ស្ថាប័នទាំងពីរបានជួយគាំទ្រធុរកិច្ចចំនួន ៦៧ អាជីវកម្មឱ្យទទួលបានជំនាញថ្មីៗ និងគំនិតក្នុងធ្វើអាជីវកម្មដ៏ពិតប្រាកដដែលអាចឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង។
លោក ហោ ប៊ុនថែ អគ្គនាយករងធនាគារ វីង បានលើកឡើងថា៖ “សហគ្រិនភាព និងនវានុវត្តន៍ គឺជាកម្លាំងចលករដ៏សំខាន់សម្រាប់សេដ្ឋកិច្ចកម្ពុជានាពេលអនាគត។ កិច្ចសហការរបស់យើងជាមួយមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មីតេជោ គឺលើសពីការគាំទ្រផ្នែកហិរញ្ញវត្ថុ យើងក៏បានរួមចំណែកផ្តល់ចំណេះដឹង ជំនាញ និងឱកាសទៅដល់សហគ្រិន ដើម្បីឱ្យពួកគាត់ទទួលបានជោគជ័យក្នុងបរិការណ៍ឌីជីថលដែលកំពុងមានការប្រកួតប្រជែងខ្លាំង។”
លោក ហោ ប៊ុនថែ បានបន្ថែមថា៖ “យើងនៅតែបន្តប្តេជ្ញាចិត្តគាំទ្ររាល់គំនិតច្នៃប្រឌិតដែលជំរុញដល់កំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព និងជួយបណ្តុះបណ្តាលធនធានសហគ្រិនជំនាន់ក្រោយឱ្យកាន់តែរឹងមាំ។”
មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មីតេជោ មានតួនាទីសំខាន់យ៉ាងណាខ្លះ?
លោក ប៉ោហៃ បានគូសបញ្ជាក់ថា លោក និងក្រុមការងារទទួលបានជំនាញជាច្រើនពី មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មីតេជោ។ កាលពីដំបូង ក្រុមការងាររបស់លោកមានតែជំនាញបច្ចេកទេសប៉ុណ្ណោះ ប៉ុន្តែក្រោយពីបានធ្វើការជាមួយមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មីតេជោ ពួកគេទទួលបានជំនាញទន់ពីអ្នកជំនាញជាច្រើន ដែលជួយឱ្យក្រុមការងាររបស់លោកមានសមត្ថភាពក្នុងការផ្តល់សេវាកម្មនៅលើទីផ្សារប្រសើរជាងមុន។
យ៉ាងនេះក្តី លោកក៏បានសារភាពថា ទោះបីជា Karpia សម្បូរដោយអ្នកជំនាញក៏ដោយ ក៏នៅតែមានបញ្ហាក្នុងការបញ្ចុះបញ្ចូលអតិថិជនថ្មីៗឱ្យទុកចិត្ត ព្រោះពួកគេជាធុរកិច្ចថ្មីថ្មោង។ ប៉ោហៃ បាននិយាយថា៖ “ក្រុមការងារ IT ប្រុសៗ អាចនឹងពូកែខាងបច្ចេកទេស ប៉ុន្តែផ្នែកទំនាក់ទំនងអាចនឹងត្រូវរៀនសូត្របន្ថែមទៀត។”
សម្រាប់អ្នកដែលចង់បង្កើតធុរកិច្ចថ្មី ឬអាជីវកម្មផ្សេងៗ លោក ប៉ោហៃ បានផ្តល់យោបល់ថា គួរគិតពីការដោះស្រាយបញ្ហាដែលកើតមានញឹកញាប់ក្នុងសង្គមជាមុនសិន។ លោកបញ្ជាក់ថា៖ “ចូរផ្តល់ដំណោះស្រាយទាំងនោះដល់អតិថិជន ជាជាងការមើលរំលងអ្វីដែលមនុស្សត្រូវការ។” លោកបានលើកទឹកចិត្តឱ្យអ្នកអភិវឌ្ឍន៍ថ្មីៗ ឧស្សាហ៍សង្កេតមើលបញ្ហាដែលសាធារណជនកំពុងជួបប្រទះ ហើយប្រើប្រាស់បច្ចេកវិទ្យាដើម្បីដោះស្រាយបញ្ហាទាំងនោះ។
លោកបានបន្ថែមទៅកាន់អ្នកដែលចង់ចូលរួមប្រកួតប្រជែងធុរកិច្ចថ្មីថា៖ “អ្នកគួរតែចូលរួមប្រកួតប្រជែង ព្រោះបើចង់ដោះស្រាយក្នុងបញ្ហាសហគមន៍ មិនមែនដើម្បីតែចង់បានរង្វាន់នោះទេ។ យើងម្នាក់ៗគួរតែចាប់ផ្តើមធ្វើវា និងសាកល្បងនៅពេលយើងនៅក្មេង ព្រោះយើងមានពេលច្រើនក្នុងការរៀនសូត្រពីមេរៀននៃការបរាជ័យ និងភាពជោគជ័យ។”