ដំណើរជីវិតរបស់ស្រ្តីកម្មការនីរោងចក្រម្នាក់តស៊ូរើបម្រាស់ពីការរើសអើង រហូតក្លាយជាដឹកនាំអាជីវកម្មដ៏លេចធ្លោ

May 12, 2025

អ្នកស្រី ផាន់ ចាន់នី បានខិតខំយ៉ាងស្វិតស្វាញដើម្បីចាកចេញពីជីវភាពដ៏លំបាក ដែលអ្នកដ៏ទៃធ្លាប់មើលឃើញសមត្ថភាពអ្នកស្រីត្រឹមតែជាកម្មការនីរោងចក្រធម្មតាម្នាក់ប៉ុណ្ណោះ។ ដោយមានសង្ឃឹមថានឹងជួយកែប្រែគ្រួសារទទួលបានជីវភាពល្អប្រសើរឡើង អ្នកស្រីចាន់នី និងគ្រួសារបានចាប់យកឱកាស​វិនិយោគលើអាជីវកម្មផ្ទេរប្រាក់មួយដើម្បីបម្រើជូននៅក្នុងសហគមន៍របស់គាត់។

តាមរយៈការខិតខំតស៊ូដ៏មោះមុត និងអំណត់ធ្មត់ អ្នកស្រីចាន់នី អាចមានលទ្ធភាពពង្រីកអាជីវកម្មរបស់គាត់ដល់ទៅពីរទីតាំង។ ការប្រឹងប្រែងចំពោះអាជីវកម្មនេះបង្កើតបាននូវប្រភពចំណូលមួយ ដែលពីមុនហាក់មិនអាចទៅរួចនោះឡើយ ហើយភាពរីកចម្រើន​បន្តិចម្តងៗបានធ្វើឱ្យអ្នកស្រីទទួលបានការកោតសរសើរនៅក្នុងសហគមន៍របស់គាត់។ ឥឡូវនេះ អ្នកស្រី ចាន់នី បានលើកទឹកចិត្តទៅដល់ស្ត្រី ជាពិសេសកម្មការនីរោងចក្រ និងស្ត្រីមេផ្ទះ ឱ្យចាប់ផ្តើមបង្កើតអាជីវកម្មផ្ទាល់ខ្លួន ទោះតូចតាចក្តីព្រោះវាជាប្រភពចំណូលថេរដែលជួយផ្គត់ផ្គង់ និងលើកកម្ពស់ជីវភាពគ្រួសារបានប្រសើរ។

អ្នកស្រី ចាន់នី បាននិយាយថា៖ “ពេលវេលាមិនរង់ចាំយើងនោះឡើយ ដូច្នេះត្រូវហ៊ានចាប់ផ្តើមវិនិយោគលើអាជីវកម្មដើម្បីបង្កើតប្រាក់ចំណូល។”

អ្នកស្រី ចាន់នី កើតក្នុងគ្រួសារក្រីក្រដែលមានបងប្អូនប្រាំពីរនាក់ រៀនត្រឹមថ្នាក់ទី៨ និងមិនមានចំណេះជំនាញ ឡើយ ដែលគាត់មើលឃើញផ្លូវតែមួយគត់នាពេលនោះគឺការងាររោងចក្រ។ ក្នុងឆ្នាំ១៩៩៦ អ្នកស្រី ចាន់នី បានចូលបម្រើការងារនៅក្នុងរោងចក្រកាត់ដេរមួយដើម្បីរកចំណូលជួយសងបំណុលឪពុកម្តាយ ដែលពួកគាត់ជាកសិករមិនអាចរកចំណូលគ្រាប់គ្រាន់សម្រាប់ការផ្គត់ផ្គង់គ្រួសារ ហើយកសិផលនាពេលនោះលក់បានតម្លៃថោក ទើបធ្វើឱ្យគ្រួសារ​អ្នកស្រីតែងតែរងការខាតបង់ជាបន្តបន្ទាប់។

បន្ទាប់ពីបម្រើការងារជាកម្មការនីរោងចក្ររយៈពេល១០ឆ្នាំ ក្នុងការជួយឪពុកម្តាយដោះបំណុលរួចរាល់អស់ អ្នកស្រី ចាន់នី ក៏សម្រេចចិត្តលាឈប់ពីការងាររោងចក្រនោះ។

បន្ទាប់ពីលាឈប់ការងាររោងចក្រនៅក្នុងឆ្នាំ ២០០៥ អ្នកស្រី ចាន់នី បានចាប់យកជំនាញជាអ្នកអ៊ុតសក់មុនពេលគាត់រៀបការនៅឆ្នាំ២០០៨ ហើយទទួលបានកូនដំបូងជាចំណងក្រោយអាពាហ៍ពិពាហ៍នាពេលនោះ។ ក៏ប៉ុន្តែការងារនេះហាក់មិនអំណោយផល ដែលអ្នកស្រីបញ្ជាក់ថាសារធាតុគីមីក្នុងថ្នាំជ្រលក់ និងស្ព្រាយបាញ់សក់​បានបង្កនូវផលប៉ះពាល់ដល់ទារកក្នុងផ្ទៃ ព្រោះគាត់ដកដង្ហើមចេញចូលជាមួយវាជារៀងរាល់ថ្ងៃ។ ការណ៍នេះ បានធ្វើឱ្យអ្នកស្រី ចាន់នី ត្រូវបង្ខំចិត្តបោះបង់ការងារជាជាងអ៊ុតសក់ ព្រោះគាត់មិនចង់ឱ្យមានផលប៉ះពាល់ដល់កូនបន្ទាប់ទៀត។

គ្រានោះ គ្រួសាររបស់អ្នកស្រីដែលមានបន្ទុកសមាជិកចំនួន ៤នាក់ ត្រូវពឹងផ្អែកទាំងស្រុងលើចំណូលរបស់ស្វាមី ដែលមានពិការភាពជើងតែម្ខាង ប្រកបរបរជាជាងកាត់សក់ហើយអាចរកចំណូលបានចន្លោះពី ៣០.០០០ ទៅ ៤០.០០០ រៀល ប៉ុណ្ណោះក្នុងមួយថ្ងៃដើម្បីផ្គត់ផ្គង់នៅក្នុងគ្រួសារទាំងមូល។

ហានប្រឈមជាមួយនឹងការខ្ចីបុល ព្រោះជឿជាក់ការរកចំណូលពីមុខរបរ

ព្រោះតែបញ្ហាហិរញ្ញវត្ថុ ទើបគ្រួសាររបស់អ្នកស្រី ចាន់នី មានលទ្ធភាពត្រឹមយកពងទាមកធ្វើជាមុខម្ហូបអាហារ ប្រចាំថ្ងៃប៉ុណ្ណោះ។ អ្នកស្រីបានរម្លឹកពីជីវភាពដ៏លំបាកនាពេលនោះថា៖ “រាល់ពេលញាំបាយត្រូវបិទទ្វារផ្ទះ ព្រោះខ្ញុំមិនចង់ឱ្យអ្នកដទៃមើលមកឃើញការទទួលទានអារហារមានតែពងទាយ៉ាងដូច្នេះនោះទេ។”

បញ្ហាជីវភាពនេះបានធ្វើឱ្យអ្នកស្រីកាន់តែអស់សង្ឃឹម ហើយបារម្ភយ៉ាងខ្លាំងពីអនាគតកូនៗថែមទៀត។ អ្នកស្រីចង់ឃើញកូនៗរបស់គាត់រៀនបានខ្ពង់ខ្ពស់ហើយមានជីវភាពប្រសើរ ដើម្បីគេចផុតពីជីវិតដ៏លំបាកដែលអ្នកស្រីបានឆ្លងកាត់។

ដើម្បីរើបម្រាស់ពីជីវភាពដ៏លំបាកនេះ អ្នកស្រី និងស្វាមីបានសម្រេចខ្ចីប្រាក់ពីធនាគារយកមកប្រកបរបរជាភ្នាក់ងារ វីង។ ទោះបីមានភាពភ័យខ្លាចមិនអាចសងបំណុលបាន តែសក្តានុពលនៃអាជីវកម្មនេះបានផ្តល់ជាពន្លឺនៃក្តីសង្ឃឹមដល់គ្រួសាររបស់គាត់។

អ្នកស្រីបាននិយាយថា៖ “ខ្ញុំមើលឃើញថាមុខរបរវេរលុយតាម វីង​ និងនៅក្នុងវិស័យធនាគារ អាចរកចំណូលបានច្រើន។ ម្យ៉ាងវិញទៀត ភ្នាក់ងារ វីង ដែលបើកនៅតាមភូមិមានទីតាំងឆ្ងាយៗពីគ្នា។ ដោយសារកាលនោះ ខ្ញុំមិនឃើញមាននរណាម្នាក់បើកភ្នាក់ងារ វីង នៅក្នុងភូមិ។ ខ្ញុំក៏សម្រេចចិត្តបើកភ្នាក់ងារ វីង តែម្តងទៅ។”

មុខរបរនេះគឺជាការចាប់ផ្តើមដំណើរជីវិតថ្មីរបស់អ្នកស្រី ដែលគាត់បានក្លាយជាភ្នាក់ងារ វីង នៅក្នុងភូមិរបស់គាត់ចាប់តាំងពី ២០១៩។

ការចាប់យកមុខរបរជាភ្នាក់ងារ វីង អ្នកស្រីរកបានប្រាក់ចំណូលប្រចាំថ្ងៃពីកម្រៃសេវាផ្ទេរប្រាក់ និងសេវាផ្សេងៗទៀតដូចជាការបង់វិក្កយបត្រថ្លៃទឹក និងថ្លៃភ្លើងជាដើម ដែលជាតម្រូវការរបស់អ្នករស់នៅក្នុងសហគមន៍។ ក៏ប៉ុន្តែ នៅពេលដែលជំងឺរាតត្បាតសកលកូវីដ-19 បានផ្ទុះឡើង ចំណូលរបស់គាត់ចាប់ផ្តើមធ្លាក់ចុះ។ យ៉ាងនេះក្តី បញ្ហាប្រឈមនេះមិនអាចរារាំងការពង្រីកមុខរបររបស់អ្នកស្រីបាននោះឡើយ។

នៅចុងឆ្នាំ២០២២ ពោលគឺរយៈពេលពីរឆ្នាំបន្ទាប់ពី វីង ក្លាយជាធនាគារពាណិជ្ជ អ្នកស្រី ចាន់នី បានចូលរួមជាផ្នែកមួយនៃវឌ្ឍនភាពរបស់ធនាគារ​ វីង ដោយបានពង្រីកអាជីវកម្មរបស់គាត់ពីភ្នាក់ងារ វីង ធម្មតា ទៅជាភ្នាក់ងារ វីងម៉ាស្ទ័រ តាំងពីពេលនោះមក។

ការពង្រីកខ្លួនជាភ្នាក់ងារ វីង​ម៉ាស្ទ័រ បានផ្តល់លទ្ធភាពដល់អ្នកស្រីក្នុងការបម្រើសេវាហិរញ្ញវត្ថុច្រើនជាងមុនដូចជា សេវាណែនំាប្រាក់កម្ចី និងប្រតិបត្តិការហិរញ្ញវត្ថុផ្សេងៗទៀត ដើម្បីជួយគាំទ្រដល់ការរីកចម្រើនអាជីវកម្មខ្នាតតូច និងមធ្យម​។ បន្ថែមលើនេះ អ្នកស្រីក៏ផ្តល់នូវសេវាផ្ទេរប្រាក់ ដែលជួយដល់ពលរដ្ឋរស់នៅក្នុងសហគមន៍ ដោយពួកគាត់មិនចាំបាច់ចំណាយពេលធ្វើដំណើរឆ្ងាយទៀតនោះឡើយ។

បច្ចុប្បន្ន អ្នកស្រីចាន់នីបានពង្រីកពីភ្នាក់ងារ វីងម៉ាស្ទ័រ សាខាដំបូងរបស់គាត់ស្ថិតក្នុងស្រុកពញាឮ ខេត្តកណ្តាល ជាមួយសាខាពីរបន្ថែមទៀត។ វត្តមានសាខាទាំងនេះជួយសម្រួលដល់ជីវភាពរស់នៅដល់អ្នកភូមិ អ្នកនេសាទ កម្មកររោងចក្រ ម្ចាស់អាជីវកម្ម កសិករ និងអ្នកបម្រើការងារ​ ដោយផ្តល់ជូននូវប្រាក់កម្ចីសម្រាប់ការពង្រីកមុខរបរជាមួយអត្រាការប្រាក់ទាប។

អ្នកស្រីចាន់នី បាននិយាយថា៖ “ធនាគារ វីង ពិតជាបានរួមចំណែកជួយប្រជាជនខ្មែរច្រើនណាស់ ព្រោះអតិថិជនមិនចាំបាច់ធ្វើដំណើរទៅធនាគារដែលនៅឆ្ងាយនោះទេ។ ជាក់ស្តែងនៅក្នុងសហគមន៍ខ្ញុំ ពួកគាត់អាចធ្វើដំណើរត្រឹម ៨គីឡូម៉ែត្រប៉ុណ្ណោះដើម្បីមកទទួលសេវាហិរញ្ញវត្ថុតាមតម្រូវការ។ ប្រសិនបើអតិថិជនចង់ដាក់ប្រាក់បញ្ញើ ឬដកលុយក្នុងចំនួនទឹកប្រាក់ច្រើន យើងក៏អាចផ្តល់ជូនដល់ពួកគាត់បានផងដែរ។”

ជាមួយគ្នានេះ អ្នកស្រីបានសម្តែងការអរគុណទៅដល់បុគ្គលិកធនាគារ វីង ចំពោះភាពអត់ធ្មត់ និងការយកចិត្តទុកដាក់ក្នុងការជួយបណ្តុះបណ្តាលដល់អ្នកស្រីនូវចំណេះដឹងអំពីផលិតផល សេវាកម្ម និងជំនាញថ្មីៗដល់រូបគាត់។  ការជួយគាំទ្រនូវការបង្វឹកបង្ហាត់ទាំងនេះជួយឱ្យអ្នកស្រីក្លាយជាមនុស្សថ្មីដែលមានទាំងចំណេះដឹង និងជំនាញដែលអាចដឹកនាំអាជីវកម្មបានយ៉ាងប្រសើរ។

បើមានឱកាស អ្នកស្រី ចាន់នី ដែលបច្ចុប្បន្នមានវ័យ ៤៥ឆ្នាំ ចង់បន្តការសិក្សារបស់គាត់ឱ្យបានខ្ពស់ជាងនេះ។ អ្នកស្រីនិយាយថា៖ “ខ្ញុំចង់រៀនពីចំណេះដឹងប្រើប្រាស់កុំព្យូទ័រ ដូចជាកម្មវិធី Microsoft Excel និងជំនាញគណនេយ្យជាដើម។ តែវាហាក់ដូចជាសុបិនដែលមិនអាចទៅរួច ព្រោះគ្មានសាលាណាទទួលយកមនុស្សវ័យចំណាស់ខ្ញុំដែលរៀនត្រឹមថ្នាក់ទី៨ នោះទេ។”

ពីការរើសអើង តស៊ូរហូតក្លាយជាបុគ្គលគំរូទទួលបានកោតសរសើរ

អ្នកស្រី ចាន់នី បានលើកឡើងពីមោទនភាពដែលសម្រេចបាន​ពីការតស៊ូជម្នះនូវភាពលំបាកដែលបានឆ្លងកាត់កន្លងមកថា៖ “អ្នកភូមិចាប់ផ្តើមកោតសរសើរខ្ញុំពីការតស៊ូក្នុងការប្រែជីវភាព និងលើកមុខមាត់ដល់គ្រួសារ។ ពួកគាត់មិននឹកស្មានថាខ្ញុំអាចដើរមកដល់ចំណុចនេះឡើយ។ ហើយខ្ញុំក៏ចង់ប្រាប់ពួកគាត់ទៅវិញថា ខ្ញុំក៏ស្ទើរតែមិនជឿថា ជីវភាពខ្ញុំនឹងប្រសើរឡើងយ៉ាងដូច្នេះដែរ។ “ក្នុងឱកាសនេះ ខ្ញុំសូមសម្តែងនូវការអរគុណទៅដល់ធនាគារ វីង ដែលធ្វើឱ្យខ្ញុំមានថ្ងៃនេះ។ ហើយខ្ញុំពិតជាមានមោទនភាពណាស់។”

អ្នកស្រី ចាន់នី បាននិយាយថា គាត់មានបុគ្គលគំរូ ២​​​រូប ដែលជួយបំផុសការតស៊ូក្នុងជីវិតគាត់ឱ្យប្រសើរឡើង។ ទី១គឺលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ភរិយាអ្នកឧកញ៉ា គិត ម៉េង ដែលជាប្រធានក្រុមប្រឹក្សាភិបាលធនាគារ វីង និងជាអគ្គនាយកក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ហើយទី២ គឺអ្នកស្រីយកខ្លួនឯងផ្ទាល់ធ្វើជាបុគ្គលគំរូ។​

អ្នកស្រីបាននិយាយបន្ថែមថា៖ “បុគ្គលគំរូផ្សេងទៀតនោះគឺខ្លួនខ្ញុំផ្ទាល់តែម្តង។ ប្រសិនបើខ្ញុំមិនខិតខំប្រឹងប្រែងនោះទេ ខ្ញុំមិនអាចរីកចម្រើន ហើយជួយកែប្រែជីវភាពគ្រួសារឱ្យប្រសើរឡើងនោះឡើយ។ ហេតុដូច្នេះ ខ្ញុំជាខ្លួនឯងត្រូវតែរឹងមាំ ហើយជាមួយគ្នានេះខ្ញុំក៏មើលឃើញគាត់ [លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន] ជាបុគ្គលគំរូដែរ។ លោកជំទាវជាស្រ្តីគំរូដ៏ឧត្តុង្គឧត្តមទាំងចរិយាសម្បត្តិ និងអាជីពការងាររបស់គាត់។”

អ្នកស្រី ចាន់នី បានជួបលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន និងអ្នកឧកញ៉ាគិត ម៉េង ដោយផ្ទាល់ ក្នុងឱកាសនៃពិធីដាក់ឱ្យដំណើរការជាផ្លូវការនៃអាជ្ញាបណ្ណធនាគារពាណិជ្ជរបស់ធនាគារ វីង ក្នុងខែមីនា ឆ្នាំ២០២២។ អ្នកស្រី ចាន់នី បានភ្ញាក់ផ្អើលនឹងភាពរួសរាយរាក់ទាក់របស់អ្នកឧកញ៉ាទាំងទ្វេ។ អ្នកស្រីនិយាយថា៖ “ពួកគាត់ជាលំដាប់សេដ្ឋីនៅក្នុងប្រទេសកម្ពុជា តែពួកគាត់បង្ហាញនូវកាយវិការគួរឱ្យស្ងើចសរសើរ ដោយបានមកនិយាយជាមួយយើងយ៉ាងរួសរាយរាក់ទាក់។”

កម្លាំងចិត្តដ៏ធំមួយទៀតដែលជំរុញអ្នកស្រី ចាន់នី ឱ្យឆ្ពោះទៅមុខ គឺបំណងចង់ក្លាយជាវីរនារីសម្រាប់កូនៗរបស់គាត់។ អ្នកស្រីនិយាយថា៖ “ខ្ញុំចង់ក្លាយជាវីរនារីសម្រាប់កូនៗខ្ញុំ។ ពួកគេមានមោទនភាពនៅពេលនិយាយពីខ្ញុំទៅកាន់អ្នកដទៃ។” អ្នកស្រី ចាន់នី បានប្តេជ្ញាចិត្តផ្តល់ជីវភាពល្អប្រសើរដល់កូនៗដែលអ្នកស្រីខ្លួនឯងផ្ទាល់មិនធ្លាប់មានពេលកុមារភាព។

អ្នកស្រីចាន់នី ក៏បានជំរុញលើកទឹកចិត្តឱ្យអ្នកជាប់គាំងជាមួយនឹងការងារដដែលៗ ដោយផ្តល់នូវក្តីសង្ឃឹមតិចតូចហើយមិនមានភាពច្បាស់លាស់សម្រាប់ជីវិត ជាពិសេសបងប្អូនប្រកបការងារជាកម្មការនីរោងចក្រ គួរងាកមកគិតគូរលើការចាប់ផ្តើមអាជីវកម្មផ្ទាល់ខ្លួនព្រោះវាអាចបង្កើតនូវប្រភពចំណូលមួយដែលឋិតថេរ។

អ្នកស្រីនិយាយថា៖ “សូមកុំរង់ចាំរហូតទាល់តែអ្នកមានលុយគ្រប់គ្រាន់ ឬសន្សំលុយបានច្រើននោះអី។ អ្នកនឹងមិនអាចសន្សំគ្រប់គ្រាន់ទេ ព្រោះអ្នកនឹងគ្រាន់តែសន្សំ ហើយមិនអាចធ្វើអ្វីបានក្រៅពីការសន្សំនេះឡើយ។ សូមកុំរង់ចាំពេលវេលា ព្រោះវាមិនរង់ចាំយើងទេ។ នៅយុគសម័យឌីជីថលនេះ យើងគួរព្យាយាមធ្វើអ្វីមួយដើម្បីរកប្រាក់ចំណូលសម្រាប់ខ្លួនឯងទើបជាការប្រសើរ។”