នៅធនាគារវីង តម្លាភាព និងទំនុកចិត្ត គឺជាស្នូលនៃគុណតម្លៃរបស់យើង។ មុនពេលអ្នកចាប់ផ្តើមដំណើរហិរញ្ញវត្ថុរបស់អ្នកជាមួយយើង យើងចង់ធានាថា អ្នកបានយល់យ៉ាងច្បាស់អំពីលក្ខខណ្ឌទូទៅរបស់យើង។

ខាងក្រោមនេះ អ្នកនឹងឃើញពីទិដ្ឋភាពទូទៅនៃលក្ខខណ្ឌនានារបស់យើង ដែលគ្របដណ្តប់លើចំណុចសំខាន់ៗ ដែលចាំបាច់សម្រាប់អ្នក នៅពេលធ្វើប្រតិបត្តិការនានាជាមួយធនាគារ វីង។ ចំណុចនីមួយៗ តំណាងឱ្យផ្នែកជាក់លាក់នៃសេវាកម្មរបស់យើង ដែលអាចឱ្យអ្នក យល់ដឹងអំពីការប្តេជ្ញាចិត្តរបស់យើងចំពោះឯកជនភាព សុវត្ថិភាព និងការពេញចិត្តប្រើប្រាស់របស់អ្នក។ សូមចំណាយពេលបន្តិច ដើម្បីឱ្យខ្លួនអ្នកបានយល់ដឹងពីលក្ខខណ្ឌទាំងនេះ ហើយទទួលបានបទពិសោធ ដែលល្អបំផុតសម្រាប់សេវាកម្មធនាគាររបស់អ្នក។

  • ១.​​ សេចក្តីផ្តើម

    ខចែង និងលក្ខខណ្ឌទូទៅសម្រាប់អតិថិជន (“ខចែង និងលក្ខខណ្ឌ”) ត្រូវបានបង្កើតឡើងជាផ្នែកមួយនៃកិច្ចព្រមព្រៀងដែលគ្រប់គ្រងលើការប្រើប្រាស់ផលិតផល និងសេវាកម្មរបស់ធនាគារវីង រួមមាន គណនីធនាគារ ប្រាក់កម្ចី ប្រាក់បញ្ញើសន្សំ សេវាផ្ទេរប្រាក់ និងសេវាកម្មធនាគារផ្សេងទៀត។ ខចែង និងលក្ខខណ្ឌទាំងនេះ ត្រូវយកមកអនុវត្តនៅពេលលោកអ្នកចាប់ផ្តើម ឬស្នើសុំសេវាកម្ម និងផលិតផលធនាគារណាមួយរបស់យើង ហើយយើងផ្តល់ជូនលោកអ្នកនូវសេវាកម្ម និងផលិតផលធនាគារ នោះ។ លោកអ្នកត្រូវបានចាត់ទុកថាបានយល់ព្រមទៅតាមខចែង និងលក្ខខណ្ឌ ចាប់ពីពេលដែលលោកអ្នកចុះហត្ថលេខាលើទម្រង់បើកគណនី ឬទទួលបានផលិតផល និងសេវាកម្មធនាគារណាមួយរបស់យើង។ ដូច្នេះ វាជា ការសំខាន់ណាស់ដែលអ្នកអាន និងយល់ដឹងពីឯកសារនេះ នៅពេលលោកអ្នកដាក់ពាក្យស្នើសុំផលិតផល ឬសេវាកម្ម ណាមួយជាមួយយើង ឬមុនពេលប្រើប្រាស់ផលិតផល ឬសេវាកម្មណាមួយរបស់ធនាគារវីង។
    វាមានសារៈសំខាន់ក្នុងការកត់សម្គាល់ថា ខចែង និងលក្ខខណ្ឌដែលមានចែងក្នុងឯកសារនេះ មិនបង្ហាញអំពីខចែង និងលក្ខខណ្ឌទាំងអស់ដែលផលិតផល និងសេវាកម្មធនាគារត្រូវបានផ្តល់ជូននោះទេ។ ទោះបីជាយ៉ាងណាក៏ដោយ លក្ខខណ្ឌបន្ថែម អាចត្រូវបានបញ្ជាក់យ៉ាងច្បាស់ដោយច្បាប់ និងខចែង និងលក្ខខណ្ឌជាក់លាក់ (ឧទាហរណ៍ ខចែង និងលក្ខខណ្ឌកាតឥណទាន វីសាកាត ម៉ាស្ទ័រកាត ប្រាក់កម្ចី ប្រាក់បញ្ញើសន្សំ សេវាទូទាត់ សេវាផ្ទេរប្រាក់) ឬអាចត្រូវបានយល់ព្រមជាលាយលក្ខណ៍អក្សរ ពីលោកអ្នក (រួមទាំងការទទួលយកតាមអេឡិចត្រូនិក)។
    លោកអ្នកយល់ព្រមថា ខចែង និងលក្ខខណ្ឌទាំងនេះ ក៏ដូចជាលក្ខខណ្ឌជាក់លាក់នៃផលិតផល ឬសេវាកម្ម អាចត្រូវបានផ្លាស់ប្តូរពីមួយពេលទៅមួយពេល ដើម្បីឆ្លុះបញ្ចាំងពីតម្រូវការចាំបាច់សម្រាប់ប្រតិបត្តិការគណនីរបស់ធនាគារ រួមទាំង ប៉ុន្តែមិនកំហិតត្រឹម អត្រាការប្រាក់ លក្ខខណ្ឌ ថ្លៃសេវា តាមឆន្ទានុសិទ្ធិតែមួយគត់របស់យើង និង/ឬដោយអនុលោមតាមច្បាប់ជាធរមាន ឬការណែនាំរបស់រដ្ឋាភិបាល។ ក្នុងករណីនេះ លោកអ្នកយល់ព្រមថា យើងនឹងផ្តល់ព័ត៌មានដែលបានធ្វើបច្ចុប្បន្នភាពជូនលោកអ្នកតាមរយៈការជូនដំណឹង (ក្នុងករណីចាំបាច់ តួយ៉ាងដូចជា ការផ្លាស់ប្តូរផ្តល់ភាពអវិជ្ជមានចំពោះលោកអ្នក) ឬតាមរយៈការបង្ហោះព័ត៌មានដែលបានធ្វើបច្ចុប្បន្នភាពនៅលើគេហទំព័រនេះ និង/ឬការទំនាក់ទំនងផ្សេងទៀត តាមដែលសមស្រប។
    ក្នុងករណីមានភាពមិនស្របគ្នា ឬភាពមិនស៊ីសង្វាក់គ្នារវាងខចែង និងលក្ខខណ្ឌទាំងនេះ ជាមួយខចែង និងលក្ខខណ្ឌជាក់លាក់នៃផលិតផល ឬសេវាកម្ម ខចែង និងលក្ខខណ្ឌជាក់លាក់នៃផលិតផល ឬសេវាកម្ម ត្រូវយកមកអនុវត្ត។

  • ២. និយមន័យ និងពាក្យកាត់

    ”កិច្ចព្រម​ព្រៀង”

    សំដៅលើកិច្ចព្រមព្រៀងអំពីផលិតផល ឬសេវាកម្មជាក់លាក់ណាមួយរវាងលោកអ្នក និងធនាគារ វីង ក្រោមខចែង និង​លក្ខខណ្ឌ ដែល​មាន​ចែងដាច់ដោយឡែក ដែលបានបញ្ជាក់នៅក្នុងនោះ ហើយដែលអាចត្រូវបានកែសម្រួល និងផ្លាស់ប្តូរ ក្នុងពេលណាមួយ។

    ”ម៉ាស៊ីន ATM

    សំដៅលើម៉ាស៊ីនដក​ប្រាក់​ស្វ័យប្រវត្តិ ដែលបានដំឡើងដោយ ឬជាកម្មសិទ្ធិរបស់យើង ឬធនាគារសមាជិកណាមួយនៃបណ្តាញក្នុងស្រុក ឬអន្តរជាតិ ឬប្រព័ន្ធផ្ទេរប្រាក់អេឡិចត្រូនិកផ្សេងទៀត ក្រៅពីបណ្តាញទាំងនោះ ឬឧបករណ៍ ឬបញ្ជរណាមួយផ្សេង​ទៀត​អនុញ្ញាត​ដល់​ការទូទាត់ ឬការផ្ទេរប្រាក់តាមមធ្យោបាយអេឡិចត្រូនិក ដែលនឹងត្រូវជូនដំណឹងដល់​លោក​អ្នក​ពីមួយពេលទៅមួយពេល។

    ”គណនី វីង” ឬ
    “គណនីធនាគារ”

    សំដៅលើ​ការរៀបចំដែលបាន​ធ្វើឡើងជាមួយធនាគារ វីង ដែលតាម​រយៈ​នោះ អតិថិជនអាចដាក់ប្រាក់បញ្ញើ​សន្សំ និងដកប្រាក់ចេញ​ពីគណនីដែលបានបើកនៅធនាគារ វីង ហើយក្នុងករណីខ្លះត្រូវបង់ការប្រាក់។

    “ម្ចាស់​គណនី”

    សំដៅលើបុគ្គល ដែលមានគណនី ត្រូវបានដំណើរការក្រោមឈ្មោះរបស់​ខ្លួន និងហើយខ្លួនជាអ្នកទទួលខុសត្រូវចំពោះប្រតិបត្តិការទាំងអស់នៅលើគណនីនោះ។

    “ម្ចាស់កាត”

    សំដៅលើអ្នកដែលកាន់កាត ATM កាតឥណពន្ធ ឬកាតឥណទានដែលចេញដោយធនាគារ។

    “ប្រព័ន្ធទូទាត់កាត
    លក្ខណៈអន្តរជាតិ”

    សំដៅលើ​បណ្តាញទូទាត់អន្តរជាតិ ដែលប្រើកាតឥណទាន និងកាត​ឥណពន្ធ ដើម្បីដំណើរការទូទាត់។ តួនាទីចម្បងរបស់វា គឺដើម្បីគ្រប់គ្រងប្រតិបត្តិការទូទាត់ រួមទាំងប្រតិបត្តិការ និងការ​ផាត់​ទាត់។

    “កាតឥណទាន”

    សំដៅលើមធ្យោបាយទូទាត់​ ដែលអនុញ្ញាតឲ្យអតិថិជនប្រើប្រាស់ថវិការបស់ធនាគារ ដោយ​មាន​កម្រិត​កំណត់ឥណទានដែលមានការអនុញ្ញាតជាមុន ដើម្បីធ្វើ​ប្រតិបត្តិការណាមួយ តាមរយៈកាតនោះ និងធ្វើ​ការ​បង់សងប្រាក់វិញទៅធនាគារវិញ នាពេលក្រោយ។

    “CRM”

    សំដៅលើម៉ាស៊ីនបញ្ចូលសាច់ប្រាក់។

    “CSS”

    សំដៅលើខេមបូឌានស៊ែរស្វ៊ីច។

    “កម្រិត​កំណត់ប្រចាំថ្ងៃ”

    សំដៅលើ​កម្រិត​កំណត់ដែល​ត្រូវ​បាន​អនុញ្ញាតជាអតិបរមា ដូច​បាន​កំណត់​ដោយធនាគារ ពាក់​ព័ន្ធ​នឹងចំនួនសរុបនៃប្រតិបត្តិការដែលមានប្រសិទ្ធភាពក្នុងមួយថ្ងៃ។

    “កាតឥណពន្ធ”

    សំដៅលើមធ្យោបាយទូទាត់ ដែលអនុញ្ញាតឲ្យអតិថិជនប្រើប្រាស់ថវិកាផ្ទាល់របស់ខ្លួន នៅក្នុងគណនីធនាគារ (គណនីសន្សំ ឬគណនីចរន្ត) ដើម្បីធ្វើ​ប្រតិបត្តិការណាមួយតាមរយៈកាត។

    “FATCA”

    សំដៅលើកិច្ច​ព្រម​ព្រៀង​ច្បាប់​ស្តីពី​អនុលោមភាពពន្ធចំពោះ​គណនី​ក្រៅ​ប្រទេស​របស់​អាមេរិក។​

    "កញ្ចប់ដកប្រាក់ដោយឥតគិតថ្លៃ"

    សំដៅលើសេវាកម្ម ដែលធនាគារផ្តល់ជូនលោកអ្នកសម្រាប់ការដកប្រាក់ដោយឥតគិត ដោយផ្អែកលើកញ្ចប់ដែលលោកអ្នកបានជ្រើសរើស។ ឧទាហរណ៍ លោកអ្នកអាចដកប្រាក់ ៥ ដងក្នុងមួយថ្ងៃ ដោយមិនគិតថ្លៃ ប្រសិនបើលោកអ្នកជ្រើសរើសកញ្ចប់ USD ៥ ក្នុងមួយឆ្នាំ។

    “ករណីប្រធាន​សក្តិ”

    សំដៅលើ​ព្រឹត្តិការណ៍ ឬស្ថានភាពដែលមិនអាច​រំពឹង​ទុក​ជា​មុន និងមិនអាចកែប្រែ​បាន ដែលហួស​ពីការគ្រប់គ្រងសមហេតុផលរបស់ធនាគារ រួមមាន ប៉ុន្តែមិនកំហិត​ត្រឹម គ្រោះមហន្តរាយធម្មជាតិ អំពើអាទិទេព ការវាយប្រហារ ភេរវកម្ម សង្គ្រាម ការផ្តាច់ចរន្តអគ្គិសនីភ្លាមៗ ការរំខាននៅក្នុងប្រព័ន្ធព័ត៌មាន និងទូរគមនាគមន៍ ការខកខាន ដំណើរការខុសប្រក្រតី ការផ្អាកផ្នែក​មេកានិច ឬ អេឡិចត្រូនិក ភាពមិនត្រឹមត្រូវ ឬភាពមិនគ្រប់គ្រាន់នៃប្រព័ន្ធទូរគមនាគមន៍ និងប្រព័ន្ធ​កុំព្យូទ័ររបស់ធនាគារ ឬឧបករណ៍ផ្សេងទៀត ឬការតម្លើង​ ឬប្រតិបត្តិការរបស់វា។

    “សេចក្តីណែនាំ”

    សំដៅលើ​​ព័ត៌មានលម្អិតពីធនាគារ ជូនលោកអ្នកអំពីរបៀបដែលអ្វីមួយគួរតែត្រូវធ្វើ ឬត្រូវ​ប្រតិបត្តិការ និងផ្ទុយមកវិញ។

    “KYC”

    សំដៅលើការ​យក​ចិត្ត​ទុកដាក់​ស្គាល់​អតិថិជន។

    “ការ​ខូចខាត”

    ដែល​ទទួល​រង​ដោយ​បុគ្គល សំដៅលើ ការទាមទារ សកម្មភាព ឬដំណើរការប្រឆាំងនឹងបុគ្គលនោះ និងការខាតបង់ ការចំណាយ ការទទួលខុសត្រូវ ឬការខូចខាតដែលទទួលរង ឬកើតឡើងដោយបុគ្គលនោះ។

    “ពាណិជ្ជករ”

    សំដៅលើ​អ្នកផ្គត់ផ្គង់ទំនិញ និង/ឬសេវាកម្មអនឡាញ ឬជារូបវ័ន្ត ដែលបានយល់ព្រមទទួលយកការទូទាត់ពីអតិថិជនសម្រាប់ទំនិញ និង/ឬសេវាកម្ម តាមរយៈបណ្តាញរបស់ធនាគារ វីង។

    “ML/FT”

    សំដៅលើ​​ការសម្អាត​ប្រាក់/ហិរញ្ញប្បទានភេរវកម្ម។

    “NBC”

    សំដៅលើធនាគារជាតិ ​នៃ​កម្ពុជា។

    “OTC”

    សំដៅលើនៅបញ្ជរធនាគារ។

    “OTP”

    សំដៅលើលេខសម្ងាត់ដែលផ្តល់ឲ្យតែមួយលើក។

    “PIN”

    សំដៅលើលេខអត្តសញ្ញាណផ្ទាល់ខ្លួនណាមួយ ដែលចេញដោយយើងខ្ញុំ ដើម្បីអនុញ្ញាតឲ្យលោកអ្នក ប្រើប្រាស់កាតឥណពន្ធរបស់អ្នកនៅម៉ាស៊ីន ATM នៅចំណុចលក់ ដើម្បី​ទទួល​បាន​សាច់ប្រាក់ត្រឡប់មកវិញ និង/ឬការចូលប្រើប្រាស់សេវាអេឡិចត្រូនិច។

    “ម្ចាស់គណនីចម្បង”

    សំដៅលើបុគ្គលដែលឈ្មោះគណនីចម្បង​ត្រូវបានបើកក្រោមឈ្មោះ​របស់បុគ្គលនោះ។

    “ម្ចាស់កាតដើម”

    សំដៅលើ​ម្ចាស់កាត ដែលគណនីកាត​ត្រូវបានរក្សាទុក​នៅធនាគារក្រោមឈ្មោះបុគ្គលនោះ។

    “កាតឥណទានដែលមានការធានា”

    សំដៅលើកាតឥណទាន ដែលទាមទារការដាក់ទ្រព្យបញ្ចាំណាមួយ ទៅ​តាមសមាមាត្រនៃ​កម្រិត​កំណត់ឥណទាន ដែលផ្តល់ដោយធនាគារ ដោយផ្អែកលើគោលការណ៍របស់ធនាគារ។

    “SME”

    សំដៅលើសហគ្រាស​ខ្នាតតូច​និង​មធ្យម។

    “ម្ចាស់កាតបន្ទាប់បន្សំ”

    សំដៅលើបុគ្គលដែលត្រូវបានតែងតាំងដោយម្ចាស់កាតដើម ដើម្បីប្រើប្រាស់គណនីកាត ហើយដែលធនាគារបានចេញកាតបន្ថែមរបស់ឈ្មោះ​របស់បុគ្កលនោះ។

    “ខចែង និង​លក្ខខណ្ឌ”

    សំដៅលើ​ឯកសារគ្រប់គ្រងទំនាក់ទំនងកិច្ចសន្យារវាងធនាគារ វីង និងលោកអ្នក។

    “កាតឥណទានដែលគ្មានការធានា”

    សំដៅលើកាតឥណទាន ដែលមិនតម្រូវឲ្យមានដាក់​ប្រាក់បញ្ញើ ឬទ្រព្យ​ធានា​សម្រាប់ការស្នើសុំកម្រិត​ឥណទាន ប៉ុន្តែវាតម្រូវឲ្យដាក់ឯកសារបញ្ជាក់​​ប្រាក់ចំណូលទាំងអស់ ក្នុងអំឡុងពេលដាក់ពាក្យស្នើសុំ ដើម្បីធ្វើ​ការ​វាយតម្លៃកម្រិត​ឥណទាន និងទទួលបានការយល់ព្រមពីធនាគារ។

    “វ៉ិបសាយថ៍”

    សំដៅលើ www.wingbank.com.kh

    “ធនាគារ វីង” “ធនាគារ” “យើង” ឬ​ “របស់​យើង”

    សំដៅលើ ធនាគារ វីង (ខេមបូឌា) ម.ក ដែល​មាន​ទីស្នាក់ការ​កណ្តាល​ស្ថិត​នៅ​អាគារ​លេខ ៧២១ មហាវិថី​ព្រះ​មុនីវង្ស សង្កាត់​បឹង​កេងកង ៣ ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ ព្រះរាជាណាចក្រ​កម្ពុជា។

    “ភ្នាក់ងារវីង”

    សំដៅលើ​ភ្នាក់ងារឯករាជ្យ ដែលត្រូវបានតែងតាំង និងផ្តល់សិទ្ធិឲ្យអនុវត្តទាំងស្រុងនូវសេវាកម្មជាច្រើន ដែលផ្តល់ដោយធនាគារ ជូនអតិថិជនរបស់ធនាគារ រួមមាន ការផ្ទេរប្រាក់ ការបញ្ចូលទឹក​ប្រាក់​ចូល​ទូរស័ព្ទ ការបង់វិក្កយបត្រ ការបើកគណនីធនាគារ ការដាក់ប្រាក់ ការដកប្រាក់ និងផលិតផល ព្រម​ទាំងសេវាកម្មធនាគារផ្សេងទៀត។

    “កម្មវិធីទូរសព្ទ វីង”

    សំដៅលើកម្មវិធីទូរស័ព្ទ ដែលលោក​អ្នកអាចចូលប្រើសេវាកម្មរបស់ធនាគារបាន​។

    ”លោក​អ្នក/របស់​លោក​អ្នក”

    សំដៅលើអ្នក​ដែល​ប្រើ​ប្រាស់ផលិតផល និង​សេវាកម្ម​របស់​ធនាគារ វីង។

  • ៣. ការអនុវត្តន៍ខចែង និងលក្ខខណ្ឌ

    ខចែង និងលក្ខខណ្ឌទាំងនេះ បង្កើតបានជាកិច្ចព្រមព្រៀងស្របច្បាប់ ដែលធ្វើឡើងរវាងលោកអ្នក មិនថាផ្ទាល់ខ្លួន ឬក្នុងនាមស្ថាប័ន ("លោកអ្នក" ឬ "របស់លោកអ្នក") តាមរយៈគណនីប្រភេទណាមួយដែលលោកអ្នកបានចុះឈ្មោះជាមួយធនាគារ ("គណនី វីង") និងការប្រើប្រាស់របស់លោកអ្នកជាមួយសេវាកម្ម និងផលិតផលរបស់ធនាគារ វីង។ លោកអ្នកទទួលស្គាល់ថា លោកអ្នកបានអាន យល់ដឹង និងយល់ព្រមតាមខចែង និងលក្ខខណ្ឌទាំងនេះ មុនពេលលោកអ្នកចូលប្រើ និងប្រើប្រាស់ផលិតផល ឬសេវាកម្មណាមួយរបស់ធនាគារ វីង ហើយតាមរយៈការប្រើប្រាស់បែបនេះ លោកអ្នកបានយល់ព្រមអនុលោមតាមខចែង និងលក្ខខណ្ឌទាំងនេះ។
    លោកអ្នកយល់ព្រម និងទទួលស្គាល់ថា ធនាគារ វីង មានសិទ្ធិផ្លាស់ប្តូរ កែប្រែ បន្ថែម ឬដកចេញផ្នែកណាមួយនៃខចែង និងលក្ខខណ្ឌទាំងនេះនៅពេលណាមួយ ហើយការកែប្រែនេះ នឹងមានប្រសិទ្ធភាពបន្ទាប់ពីបានចុះផ្សាយនៅលើគេហទំព័រ ឬមធ្យោបាយផ្សេងទៀត ដែលធនាគារយល់ថាសមស្រប។
    វាជាទំនួលខុសត្រូវរបស់លោកអ្នកក្នុងការត្រួតពិនិត្យអំពីខចែង និងលក្ខខណ្ឌទាំងនេះជាទៀងទាត់ ដើម្បីទទួលបានការជូនដំណឹងអំពីការធ្វើបច្ចុប្បន្នភាព។ លោកអ្នកនឹងត្រូវគោរពតាម ហើយនឹងត្រូវបានចាត់ទុកថាបានដឹង និងបានទទួលយក ការផ្លាស់ប្តូរខចែង និងលក្ខខណ្ឌ ដែលបានកែសម្រួល តាមរយៈការបន្តប្រើប្រាស់ផលិតផល ឬសេវាកម្ម ធនាគារ វីង របស់លោកអ្នក បន្ទាប់ពីកាលបរិច្ឆេទនៃខចែង និងលក្ខខណ្ឌដែលបានកែប្រែទាំងនេះ ត្រូវបានចុះផ្សាយ។
    ប្រសិនបើលោកអ្នកមិនយល់ស្របជាមួយខចែង និងលក្ខខណ្ឌ ព្រមទាំងការកែប្រែជាបន្តបន្ទាប់ទេ ដំណោះស្រាយតែមួយគត់ដែលលោកអ្នកអាចធ្វើបាន គឺការមិនត្រូវបន្តប្រើប្រាស់ផលិតផល ឬសេវាកម្មរបស់ធនាគារ វីងតទៅទៀត។ ព័ត៌មានដែលបានផ្តល់នៅលើវ៉ិបសាយថ៍ មិនមានគោលដៅសម្រាប់ចែកចាយ ឬប្រើប្រាស់ដោយបុគ្គល ឬអង្គភាពណាមួយនៅក្នុងយុត្តាធិការ ឬប្រទេសណាមួយដែលការចែកចាយ ឬការប្រើប្រាស់នោះអាចផ្ទុយនឹងច្បាប់ ឬបទប្បញ្ញត្តិ ឬដែលនឹងតម្រូវឲ្យយើងធ្វើការចុះបញ្ជីណាមួយនៅក្នុងដែនសមត្ថកិច្ច ឬនៅក្នុងប្រទេសនោះឡើយ។
    វាអាចមានព័ត៌មាននៅលើគេហទំព័រ ដែលមានកំហុសអក្ខរាវិរុទ្ធ ភាពមិនត្រឹមត្រូវ ឬការបាត់តួអក្សរ រួមទាំងការពិពណ៌នា ភាពអាចរកបាន និងព័ត៌មានផ្សេងៗជាច្រើនទៀត។ យើងរក្សាសិទ្ធិក្នុងការកែកំហុស ភាពមិនត្រឹមត្រូវ ឬការបាត់តួអក្សរ និងធ្វើការផ្លាស់ប្តូរ ឬធ្វើបច្ចុប្បន្នភាពព័ត៌មាននៅលើវ៉ិបសាថយ៍ នៅពេលណាមួយ ដោយមិនចាំបាច់មានការជូនដំណឹងជាមុននោះទេ។
    ស្របពេលជាមួយគ្នានេះ លោកអ្នកអាចជ្រើសរើសប្រើប្រាស់ផលិតផល ឬសេវាកម្មរបស់ធនាគារ វីង ពីទីតាំងផ្សេងទៀតបានតាមរយៈគំនិតផ្តួចផ្តើមរបស់ខ្លួន ហើយទទួលខុសត្រូវទាំងស្រុងចំពោះការអនុលោមតាមច្បាប់ក្នុងស្រុក ប្រសិនបើ និងក្នុងវិសាលភាពដែលច្បាប់ក្នុងស្រុកអាចអនុវត្តបាន និងអនុញ្ញាតឲ្យធ្វើដូច្នេះ។

  • ៤. សេចក្តីសង្ខេបអំពីផលិតផលគណនីនៅធនាគារ វីង

    នៅធនាគារ វីង មានគណនីធនាគារជាច្រើនប្រភេទ។ ប្រភេទគណនីទាំងនោះ រួមមាន គណនីចរន្ត គណនីសន្សំ និងគណនីដាក់ប្រាក់បញ្ញើមានកាលកំណត់។ ប្រភេទគណនីនីមួយៗមាន ចំណាត់ថ្នាក់នៃផលិតផលគណនីផ្សេងៗគ្នា សម្រាប់លោកអ្នកជ្រើសរើស ដោយផ្អែកលើតម្រូវការជាក់ស្តែងរបស់លោកអ្នកផងដែរ។

    ៤.១ គណនីចរន្ត

    គណនីចរន្ត គឺជាគណនីមួយប្រភេទ ដែលលោកអ្នកអាចដាក់ប្រាក់ និងដកសាច់ប្រាក់របស់លោកអ្នកបានគ្រប់ពេលវេលា។ ធនាគារ វីង មានប្រភេទគណនីចរន្តផ្សេងៗ ដើម្បីបំពេញតាមតម្រូវការរបស់អតិថិជន រួមមាន ប៉ុន្តែមិនកំហិតត្រឹម គណនីចរន្តស្តង់ដារ គណនីចរន្តអាជីវកម្ម និងគណនីចរន្តសាជីវកម្ម។ ប្រភេទនៃគណនីទាំងនេះមានលក្ខណៈពិសេសផ្សេងៗគ្នា ហើយអាចនឹងមានខចែង និងលក្ខខណ្ឌផ្សេងៗ នៅពេលបើកគណនី។ គណនីចរន្ត ជាទូទៅ មានលក្ខណៈពិសេស ដូចខាងក្រោម៖

    (១) មិនទទួលបានអត្រាការប្រាក់។
    (២) អាចប្រើបានជាមួយកាត ATM, VISA Card, Mastercard, Union Pay Card ក្នុងទម្រង់ជាកាតនិម្មិត និងកាតរូបវ័ន្ត។
    (៣) ទទួលបានរបាយការណ៍គណនីឌីជីថលដោយឥតគិតថ្លៃ។
    (៤) សៀវភៅមូលប្បទានបត្រ អាចទទូលបានតាមការស្នើសុំ។
    (៥) អាចបើកគណនីបាននៅតាមរយៈបណ្តាញឌីជីថល និងបណ្តាញបញ្ជររបស់ធនាគារ។
    (៦) គណនីនឹងត្រូវបានចាត់ទុកថា "គ្មានចលនា" ក្នុងករណីដែលមិនមានសកម្មភាពលើសពី ដប់ពីរ ខែឡើងទៅ គិតចាប់ពីកាលបរិច្ឆេទធ្វើប្រតិបត្តិការចុងក្រោយ។ និង
    (៧) នៅពេលណាដែលអាចអនុវត្តបាន ការគិតថ្លៃសេវានៅលើគណនីចរន្ត នឹងត្រូវគណនាដោយយោងទៅតាមគោលការណ៍ផ្ទៃក្នុងរបស់យើង។
    ៤.២ គណនីសន្សំ
    គណនីសន្សំ គឺជាគណនីប្រាក់បញ្ញើទទួលបានការប្រាក់ ដែលរក្សាទុកនៅធនាគារ ហើយជា ធម្មតា គណនីសន្សំនេះ ទទួលបានអត្រាការប្រាក់តិចតួច។ វាអនុញ្ញាតឲ្យលោកអ្នកដក ឬដាក់ប្រាក់តាមដែលលោកអ្នកចង់បានគ្រប់ពេលវេលា។ ធនាគារ វីង មានគណនីសន្សំច្រើនប្រភេទ ដើម្បីបំពេញតាមតម្រូវការរបស់អតិថិជន រួមមាន ប៉ុន្តែមិនកំហិតត្រឹម គណនីសន្សំស្តង់ដារ គណនីសន្សំខ្នាតតូច និងមធ្យម និងគណនីសន្សំសាជីវកម្ម។ ប្រភេទនៃគណនីសន្សំនីមួយៗ ត្រូវបានផ្តល់ជូនជាមួយនឹងលក្ខណៈពិសេសផ្សេងៗគ្នា ហើយអាចនឹងមានខចែង និងលក្ខខណ្ឌផ្សេងគ្នា ក្នុងការបើកគណនី។ គណនីសន្សំ ជាទូទៅ មានលក្ខណៈពិសេស ដូចខាងក្រោម៖
    (១) គ្មានកម្រិតកំណត់សម្រាប់ការដាក់ប្រាក់អប្បបរមា និងពុំមានកម្រិតកំណត់សម្រាប់ការដាក់ប្រាក់អតិបរមា។
    (២) ទទួលបានអត្រាការប្រាក់ដែលផ្តល់ដោយធនាគារ ហើយធនាគារអាចផ្លាស់ប្តូរអត្រាការប្រាក់ពី ពេលមួយទៅពេលមួយ។
    (៣) គណនីសន្សំមានលក្ខណៈបន្តជានិច្ច និងមិនមានរយៈពេលអតិបរមានៃការកាន់កាប់ទេ។
    (៤) អាចប្រើបានជាមួយកាត ATM, VISA Card, Mastercard, Union Pay Card ក្នុងទម្រង់ជាកាតនិម្មិត និងជាកាតរូបវ័ន្ត។
    (៥) សៀវភៅគណនីសន្សំ និងសៀវភៅមូលប្បទានបត្រ អាចទទូលបានតាមការស្នើសុំ។
    (៦) ទទួលបានរបាយការណ៍គណនីឌីជីថលដោយឥតគិតថ្លៃ។
    (៧) អាចបើកគណនីបាននៅតាមរយៈបណ្តាញឌីជីថល និងបណ្តាញបញ្ជររបស់ធនាគារ។
    (៨) គណនីនឹងត្រូវបានចាត់ទុកថា "គ្មានចលនា" ក្នុងករណីដែលមិនមានសកម្មភាពលើសពី ១២ ខែឡើងទៅ គិតចាប់ពីកាលបរិច្ឆេទធ្វើប្រតិបត្តិការចុងក្រោយ។ និង
    (៩) នៅពេលណាដែលអាចអនុវត្តបាន ការគិតថ្លៃសេវានៅលើគណនីសន្សំ នឹងត្រូវគណនាដោយយោងទៅតាមគោលការណ៍ផ្ទៃក្នុងរបស់យើង។
    ៤.៣ គណនីប្រាក់បញ្ញើមានកាលកំណត់

    គណនីប្រាក់បញ្ញើមានកាលកំណត់ គឺជាគណនីទទួលបានការប្រាក់ ដែលផ្តល់ជូននូវអត្រាការប្រាក់យ៉ាងច្រើនលើចំនួនទឹកប្រាក់វិនិយោគមានកាលកំណត់សម្រាប់រយៈពេលដែលបានផ្តល់ជូន។ ប្រភេទ នៃគណនីប្រាក់បញ្ញើមានកាលកំណត់នៅធនាគារ វីង រួមមាន គណនីប្រាក់បញ្ញើមានកាលកំណត់ស្តង់ដារ គណនីប្រាក់បញ្ញើមានកាលកំណត់គោលដៅ និងគណនីប្រាក់បញ្ញើមានកាលកំណត់ថេរ ដែលវាត្រូវអាស្រ័យទៅលើលក្ខណៈពិសេសផ្សេងៗគ្នានៃគណនី និងខចែង និងលក្ខខណ្ឌជាក់លាក់នៅពេលបើកគណនី។ លោកអ្នកអាចដាក់ប្រាក់បញ្ញើរបស់លោកអ្នកនៅតាមភ្នាក់ងារ វីង សាខាធនាគារ វីង ឬលោកអ្នកអាចដាក់ប្រាក់បញ្ញើរបស់លោកអ្នកតាមរយៈកម្មវិធីទូរសព្ទវីង។ ក្នុងករណីលោកអ្នកដាក់ប្រាក់តាមរយៈ កម្មវិធីទូរសព្ទ វីង ខចែង និងលក្ខខណ្ឌពិសេសនឹងត្រូវយកមក អនុវត្ត។ លោកអ្នកនឹងត្រូវទទួលបាននូវអត្រាការប្រាក់បញ្ញើផ្សេងៗគ្នា ដោយផ្អែកលើជម្រើសនៃការប្រើប្រាស់ផលិតផលប្រាក់បញ្ញើ រយៈពេលនៃការដាក់ប្រាក់បញ្ញើ និងរបៀបដែលត្រូវទូទាត់ការប្រាក់។ នៅពេលណាដែលអាចអនុវត្តបាន ការគិតថ្លៃសេវាទៅលើគណនីបញ្ញើមានកាលកំណត់ នឹងត្រូវគណនាដោយយោងទៅតាមគោលការណ៍ផ្ទៃក្នុងរបស់យើង។

    គណនីប្រាក់បញ្ញើជាទូទៅ មានលក្ខណៈពិសេស ដូចខាងក្រោម៖

    (១) ទទួលបានអត្រាការប្រាក់ខ្ពស់។
    (២) អាចតម្រូវឲ្យដាក់ទឹកប្រាក់អប្បបរមា ដូចបានកំណត់ដោយធនាគារ វីង សម្រាប់ប្រាក់បញ្ញើមានកាលកំណត់។
    (៣) សៀវភៅគណនីសន្សំ និងសៀវភៅមូលប្បទានបត្រ អាចទទួលបានតាមការស្នើសុំ។
    (៤) អាចទទួលបានរបាយការណ៍គណនីឌីជីថលដោយឥតគិតថ្លៃ។
    (៥) អាចប្រើប្រាស់បានជាមួយកម្មវិធីទូរសព្ទ វីង។
    (៦) ទទួលបានការផ្តល់ជូននូវវិញ្ញាបនបត្រប្រាក់បញ្ញើមានកាលកំណត់។ និង
    (៧) មិនមានការអនុវត្តគោលការណ៍គណនីគ្មានចលនា។
  • ៥. ពណ៌នាអំពីគណនីធនាគារ

    ៥.១ ការបើកគណនី
    ៥.១.១ បណ្ដាញសម្រាប់បើកគណនីធនាគារ

    ការបើកគណនីធនាគារ អាចត្រូវបានធ្វើឡើងតាមរយៈបណ្ដាញផ្សេង​ៗ​គ្នា​។ លោកអ្នកអាចទាញយកកម្មវិធីទូរសព្ទ វីង ហើយធ្វើការចុះឈ្មោះ ដើម្បីបើកគណនីដោយខ្លួនឯង ឬលោកអ្នក​អាច​អញ្ជើញទៅកាន់ទីស្នាក់ការ​កណ្ដាល ឬ សាខារបស់ធនាគារ វីង ឬទៅកាន់ភ្នាក់ងារ វីង នៅ​ទូទាំងប្រទេស។ ធនាគារអាចតម្រូវឲ្យលោកអ្នកតម្កល់ទឹកប្រាក់ក្នុងគណនី ដោយ​យោងទៅតាមប្រភេទគណនីដែលលោកអ្នកនឹងបើក។

    ​អាស្រ័យទៅតាម​ប្រភេទគណនីដែលនឹងបើក និងស្របតាមគោលការណ៍​របស់ធនាគារ លោកអ្នកនឹងត្រូវបង់ថ្លៃសេវាគណនីប្រចាំឆ្នាំ ហើយ​លោកអ្នកព្រមព្រៀងនឹងការ​យកថ្លៃសេវានេះពីធនាគារ។

    នៅពេលលោក​អ្នក​បើកគណនីនៅ​ធនាគារ លោកអ្នកមានជម្រើសក្នុងការប្រើប្រាស់សេវាកម្មដកប្រាក់ដោយឥតគិតថ្លៃ ដែលអនុញ្ញាតអោយលោកអ្នកធ្វើការដកប្រាក់ដោយឥតគិតថ្លៃជាច្រើនដងក្នុងមួយឆ្នាំ។ ធនាគារមានកញ្ចប់សេវាកម្មដកប្រាក់ដោយឥតគិតថ្លៃជាច្រើនជម្រើសអោយលោកអ្នកជ្រើសរើស ដោយផ្អែកលើតម្រូវការរបស់លោកអ្នក។

    ៥.១.២ លក្ខខណ្ឌតម្រូវក្នុងការបើកគណនី

    ការបើកគណនី ត្រូវបានបែងចែកចេញជា ០៣ (បី) ប្រភេទ៖

    (១) សម្រាប់គណនីឯកត្តបុគ្គល តម្រូវអោយមានឯកសារមួយចំនួន ដូចជា​ឯកសារសម្គាល់អត្តសញ្ញាណ ផ្ទាល់ខ្លួន អាសយដ្ឋានបច្ចុប្បន្ន ឯកសារបញ្ជាក់ពីប្រភពចំណូល និងឯកសារពាក់ព័ន្ធផ្សេងទៀត (ប្រសិនបើមាន)។ គណនីអតិថិជនម្នាក់ៗ អាចរួមបញ្ចូលអតិថិជនឯកត្តបុគ្គលតែ​ម្នាក់ អតិថិជនគណនីរួម (រួមទាំងគណនីអនីតិជន) និងសហគ្រាសធុនតូច និងមធ្យម (SME)។

    (២) សម្រាប់គណនីពាណិជ្ជករ តម្រូវអោយមានឯកសារមួយចំនួន ដូចជា ឯកសារតម្រូវសម្រាប់គណនីឯកត្តបុគ្គលដែរ​ ប៉ុន្តែត្រូវបន្ថែមនូវព័ត៌មានមួយចំនួនទាក់ទងនឹងអាជីវកម្មរបស់អតិថិជនផងដែរ។

    (៣) សម្រាប់អតិថិជន​ជាក្រុមហ៊ុន តម្រូវអោយមានព័ត៌មាន និង​/ឬឯកសារពាក់ព័ន្ធនឹងការបង្កើតក្រុមហ៊ុន និងអត្តសញ្ញាណក្រុមហ៊ុន រួមមានតែមិនកំហិតត្រឹម អាជ្ញាប័ណ្ណ លក្ខន្តិកៈក្រុមហ៊ុន ការអនុញ្ញាត ឬលិខិតអនុញ្ញាត ទៅតាមករណីជាក់ស្តែង លេខអត្តសញ្ញាណកម្មសារពើពន្ធ អាសយដ្ឋាន លេខទូរសព្ទ និងឯកសារព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកតំណាង និងម្ចាស់អត្ថគាហក​ចុងក្រោយ។

    ក្នុងករណីដែលការផ្ទៀងផ្ទាត់អត្តសញ្ញាណរបស់លោកអ្នក មិន​មានភាពត្រឹមត្រូវ ធនាគាររក្សាសិទ្ធិក្នុងការទម្លាក់​ចំណាត់ថ្នាក់គណនីធនាគាររបស់លោក​អ្នកទៅជា “គណនីមូលដ្ឋាន” ដែល​តាមរយៈនោះ ប្រភេទ​នៃ​ការ​ធ្វើ​ប្រតិបត្តិការនឹង​ត្រូវ​បាន​កំហិត។ រាល់​ការ​កែតម្រូវណាមួយ ចំពោះព័ត៌មានមិនត្រឹមត្រូវខាងលើ ត្រូវដាក់ជូនធនាគារដើម្បីធ្វើការផ្ទៀងផ្ទាត់បន្ថែម។

    ៥.១.៣ គណនីធនាគារសម្រាប់អនីតិជន

    នៅធនាគារ វីង លោកអ្នកអាចបើកគណនីរួមរវាងឯកត្តបុគ្គល និងអនីតិជន (បុគ្គលអាយុក្រោម ១៨ ឆ្នាំ) (“អនីតិជន”)។ ប្រសិនបើគណនីត្រូវបានបើកសម្រាប់អនីតិជន គណនីនោះត្រូវតែស្ថិតក្នុងទម្រង់ជាគណនីរួមជានិច្ច ដែលតាម​រយៈនោះ ឈ្មោះឪពុកម្តាយ ឬអ្នកអាណាព្យាបាលនឹងត្រូវ​ក្លាយជាម្ចាស់គណនីចម្បង។ ឪពុកម្តាយ ឬអាណាព្យាបាលរបស់ម្ចាស់គណនី ត្រូវតែជានីតិជន។

    នៅពេលអនីតិជន​បាន​ដល់នីតិភាពតាម​ដែល​​ច្បាប់​ទទួល​ស្គាល់ នីតិជន​នោះ ដោយមានឪពុកម្តាយ ឬអ្នកអាណាព្យាបាលមកជាមួយ អាចស្នើសុំដកឪពុកម្តាយ ឬអ្នក អាណាព្យាបាលនោះចេញពីម្ចាស់គណនីចម្បង។ សិទ្ធិអំណាច និងការចូលប្រើក្នុងនាមជាម្ចាស់គណនីទោល និងម្ចាស់​គណនីចម្បង នឹង​ត្រូវយកមកអនុវត្ត។

    ៥.១.៤ គណនីរួម

    ម្ចាស់គណនីរួម អាចត្រូវបានអនុញ្ញាតរហូតដល់សមាជិក ០៥ (ប្រាំ) នាក់​ប៉ុណ្ណោះ។ ធនាគាររក្សាសិទ្ធិក្នុងការផ្លាស់ប្តូរកម្រិតកំណត់នេះ នៅពេលណាមួយ ផ្អែកទៅ​តាម​ការ​ចាំបាច់។ ក្នុងករណីបែបនេះ យើងនឹងជូនដំណឹងដល់លោក​អ្នកអំពីការផ្លាស់ប្តូរនេះ ហើយលោក​អ្នកយល់ព្រមថា លោក​អ្នកនឹងអនុញ្ញាតឲ្យយើងអនុវត្តការផ្លាស់ប្តូរនេះ។ សមាជិកអាចកំណត់ចំនួនម្ចាស់គណនីដែលអាចធ្វើ​ប្រតិបត្តិការ និងបិទគណនីបាន។ ម្ចាស់គណនីរួម អាចត្រូវបានបន្ថែម ឬ ដកចេញនៅពេលណាក៏បានដោយចុះហត្ថលេខាពីសមាជិកមួយចំនួន ឬទាំងអស់ដែលបានលើកឡើងនៅក្នុង “អាណត្តិគណនី”។ វាជាការសំខាន់ដែលត្រូវយល់ថា ម្ចាស់គណនីរួមទាំងអស់ ត្រូវទទួលខុសត្រូវរួមគ្នា និងទទួលខុសត្រូវដោយ​ឡែក​ពីគ្នា​ចំពោះបំណុលទាំងអស់ដែលអាចកើតឡើងពីគណនីរួម។

    ទោះបីជាយ៉ាងណាក៏ដោយ ម្ចាស់គណនីរួម អាចស្នើសុំកែប្រែ ឬផ្លាស់ប្តូរប្រតិបត្តិការនៃគណនីរួម ដោយម្ចាស់គណនីរួមទាំងអស់ នឹងត្រូវតម្រូវអោយមានវត្តមាននៅធនាគារដើម្បីចុះហត្ថលេខាលើទម្រង់ឯកសារនានាសម្រាប់ការស្នើសុំកែប្រែ ឬ​ផ្លាស់ប្តូរ​នោះ។

    ប្រសិនបើម្ចាស់គណនីរួម ជូនដំណឹងដល់ធនាគារ ដើម្បីដក​ហត្ថលេខីណាម្នាក់ ចេញពីគណនីរួម ធនាគារនឹងផ្អាក​គណនីនោះជាបណ្ដោះអាសន្ន ប៉ុន្តែការទទួលខុសត្រូវរួមគ្នា និងដោយឡែកពីគ្នាចំពោះបំណុល ឬ​កាតព្វកិច្ច​ទាំងអស់ដែលនៅសេសសល់ នឹង​នៅ​តែ​បន្ត​ចំពោះ​ម្ចាស់គណនីរួម រហូតដល់ ការទូទាត់សង ត្រូវ​បាន​ធ្វើ​ឡើង​ចប់​សព្វ​គ្រប់​ចំពោះគណនីរួម។

    ៥.២ ផលិតផលធនាគារ​ទាក់ទងគណនី
    ៥.២.១ សៀវភៅប្រាក់សន្សំ

    លោកអ្នកអាចស្នើសុំសៀវភៅប្រាក់សន្សំ​ និងធ្វើបច្ចុប្បន្នភាពសៀវភៅប្រាក់សន្សំតាម​រយៈបណ្ដាញដូចខាងក្រោម៖

    (១) ភា្នក់ងារ វីង ម៉ាស្ទ័រ

    (២) ភ្នាក់ងារ វីង ដែលបានកំណត់

    (៣) សាខាទាំងអស់របស់ធនាគារ វីង និង

    (៤) ទីស្នាក់ការកណ្ដាលរបស់ធនាគារ វីង

    ធនាគារអាចតម្រូវអោយលោកអ្នកបង់ថ្លៃសេវាសម្រាប់ការធ្វើបច្ចុប្បន្នភាពសៀវភៅប្រាក់សន្សំ ឬ សម្រាប់​ការបន្តសៀវប្រាក់សន្សំរបស់លោកអ្នក ស្របតាមគោលការណ៍ផ្ទៃក្នុងរបស់ធនាគារ។

    ៥.២.២ សៀវភៅមូលប្បទានបត្រ

    លោកអ្នកអាចស្នើសុំសៀវភៅមូលប្បទានបត្រតាមរយៈកម្មវិធីទូរសព្ទ វីង គេហទំព័រ​របស់ធនាគារ វីង ភ្នាក់ងារ វីង ឬសាខាធនាគារ វីង ដោយបញ្ជាក់ពីទីតាំងដែលលោកអ្នកមកទទួលយក (នៅភ្នាក់ងារ វីង សាខាធនាគារ វីង ឬ ទីស្នាក់​ការកណ្ដាលធនាគារ វីង) ឬការប្រគល់​ជូនដល់គេហដ្ឋានរបស់លោកអ្នក។ យើងអាចផ្ញើសៀវភៅមូលប្បទានបត្រដោយផ្ទាល់ជូន​លោកអ្នក ឬលោកអ្នកអាចមកទទួលយកនៅតាម​ភ្នាក់ងារ វីង សាខាធនាគារ វីង ឬ ទីស្នាក់ការកណ្ដាលធនាគារ វីង ដែលនៅជិតលោកអ្នកបំផុត។

    ប្រសិនបើលោកអ្នកភ្ជាប់សៀវភៅមូលប្បទានបត្ររបស់លោកអ្នកទៅគណនី វីង របស់លោកអ្នក តាមកម្មវិធីទូរសព្ទ វីង លោកអ្នកត្រូវជ្រើសរើសគណនី វីង ដោយ​ប្រុង​ប្រយ័ត្ន​នៅលើកម្មវិធីទូរសព្ទវីង ដែលត្រូវភ្ជាប់ទៅសៀវភៅមូលប្បទានបត្រអោយបានត្រឹមត្រូវ។ ធនាគារ វីង នឹងមិនអាចកែប្រែការសម្រេចចិត្តរបស់លោកអ្នកវិញបានឡើយ នៅពេលដែលពាក្យស្នើសុំនោះត្រូវបានបញ្ជូនរួចហើយ។

    ៥.២.៣ កាតធនាគារ

    កាតធនាគាររបស់ធនាគារ វីង ត្រូវបានបែងចែកចេញជា ៣ ប្រភេទ។ ប្រភេទ និងលក្ខណៈនៃកាតនីមួយៗ មានដូចខាងក្រោម៖

    ៥.២.៣.១ កាតរបស់ធនាគារ វីង (Close Loop Card)

    វាជា​កាតដែល​ជា​កម្មសិទ្ធិរបស់ធនាគារ ហើយ​ដែល​ភ្ជាប់ទៅនឹងគណនីចរន្ត ឬគណនីសន្សំរបស់លោកអ្នកនៅក្នុងធនាគារ វីង។

    ក. លក្ខណៈពិសេសសំខាន់ៗនៃកាត Close Loop

    ល.រ

    ការពិពណ៌នា

    ​សេចក្ដីលម្អិត

    ប្រភេទនៃសេវាកម្មគាំទ្រ ​

    ក. ដកសាច់ប្រាក់/ដាក់សាច់ប្រាក់នៅភ្នាក់ងារ វីង ឬនៅបញ្ជរធនាគារ

    ខ. កំណត់លេខកូដលើកម្មវិធីទូរសព្ទ វីង

    គ. សេវាផ្ទេរប្រាក់តាមកម្មវិធីទូរសព្ទ វីង

    ឃ. សេវាផ្សេងទៀត

    រយៈពេលមានសុពលភាព

    ៥ ឆ្នាំ

    រូបិយប័ណ្ណ

    ដុល្លារអាមេរិក/ រៀល

    ចំណាត់ថ្នាក់កាត

    ក្លាស៊ីក (Classic)

    ជម្រើស

    មិនផ្ទាល់ខ្លួន (non-personalized)

    ខ. លក្ខខណ្ឌតម្រូវសម្រាប់ការ​ដាក់ពាក្យស្នើសុំ និងសិទ្ធិទទួលបាន

    លក្ខខណ្ឌតម្រូវជាមុន​សម្រាប់ការ​ដាក់​ពាក្យ​សុំ​កាត Close Loop នេះ គឺ​ត្រូវ​ធ្វើ​ឡើង ​តាម​រយៈការបើក គណនីសន្សំ ឬគណនីចរន្ត។ កាត Close Loop នេះ អាចត្រូវបានចេញឲ្យទៅគណនីឯកត្តបុគ្គល ឬគណនីរួមដែលមានលក្ខខណ្ឌ "នរណាម្នាក់​ដែល​នឹង​ត្រូវចុះ ហត្ថលេខា" សម្រាប់គណនីរួម។

    បន្ថែមលើលក្ខខណ្ឌតម្រូវខាងលើ ដើម្បីទទួលបានកាត Close Loop លោកអ្នកអាចជាប្រជាជនកម្ពុជា ឬ អាចជាជនបរទេស ប៉ុន្តែត្រូវតែមានអាយុស្របតាមច្បាប់កំណត់ ឬអាយុ​ដែល​ច្បាប់​ទទួល​ស្គាល់ និងត្រូវអនុលោម​តាម​នីតិវីធីការ​យកចិត្តទុកដាក់ស្គាល់អតិថិជនពេញលេញ តាម​ការ​តម្រូវ​របស់ធនាគារ។

    ការ​គិត​ថ្លៃ​សេវា និង​លក្ខខណ្ឌនៃ​ការ​ប្រើប្រាស់នឹង​ត្រូវអនុវត្តស្របតាមគោលការណ៍ផ្ទៃក្នុងរបស់ធនាគារ។​

    ៥.២.៣.២ កាតឥណពន្ធ

    វីសាកាត ម៉ាស្ទ័រកាត ឬប្រភេទកាតលក្ខណៈអន្តរជាតិផ្សេងទៀត និង​អាចមាន​រួម​ទាំង លក្ខណៈ​ពិសេស​នៃខេមបូឌានស៊ែរស្វីច (Cambodian Share Switch) និងកាតនោះ នឹងត្រូវបានភ្ជាប់ទៅគណនីសន្សំ ឬគណនីចរន្ដរបស់លោក​អ្នក។

    ក. លក្ខណៈពិសេសសំខាន់ៗនៃកាតឥណពន្ធរបស់​ធនាគារ

    ល.រ

    ការពិពណ៌នា

    ​សេចក្ដីកម្អិត

    ប្រភេទសេវាកម្មគាំទ្រ ​

    (១) ដាក់សាច់ប្រាក់នៅម៉ាស៊ីនបញ្ចូលសាច់ប្រាក់ (CRM) ដកសាច់ប្រាក់ពីម៉ាស៊ីន ATM និងនៅបញ្ជរធនាគារ រួមបញ្ចូលទាំង ប្រព័ន្ធខេមបូឌានស៊ែរស្វីច (CSS)

    (1)

    (២) ទូទាត់ទំនិញលក់​រាយ/អនឡាញ

    (៣) ពិនិត្យព័ត៌មានសមតុល្យ/ស្នើសុំរបាយការណ៍ខ្លីនៅម៉ាស៊ីន ATM រួមបញ្ចូលទាំងប្រព័ន្ធខេមបូឌានស៊ែរស្វីច (CSS)

    (៤) ផ្លាស់ប្ដូរលេខកូដនៅម៉ាស៊ីន ATM រួមបញ្ចូលទាំងប្រព័ន្ធខេមបូឌានស៊ែរស្វីច (CSS) សេវាផ្ទេរប្រាក់ រួមបញ្ចូលទាំងប្រព័ន្ធខេមបូឌានស៊ែរស្វីច (CSS)

    (៥) អាចធ្វើប្រតិបត្តិការជាប្រាក់ដុល្លារអាមេរិក ឬ ជាប្រាក់រៀល

    (៦) អាចគ្រប់គ្រងមុខងារ​នៃ​កាត (ប្លុកកាត/បើក កាតឲ្យ​ដំណើរ​ការ​ឡើង​វិញ) កំណត់ទំហំ​ទឹក​ប្រាក់ប្រចាំថ្ងៃ/កំណត់​ប្រតិបត្តិការ​ក្នុងមួយថ្ងៃ

    (៧) ផ្លាស់ប្ដូរគណនីដែលបាន​ភ្ជាប់ និង​សេវាផ្សេងៗទៀត

    រយៈពេលមាន ​សុពលភាព

    ៥ ឆ្នាំ

    រូបិយប័ណ្ណ

    ដុល្លាអាមេរិក/រៀល

    ជម្រើស

    មិនផ្ទាល់ខ្លួន (non-personalized) និង/ឬផ្ទាល់ខ្លួន (personalized)

    ខ. លក្ខខណ្ឌតម្រូវសម្រាប់ការ​ដាក់ពាក្យស្នើសុំ និងសិទ្ធិទទួលបាន

    លក្ខខណ្ឌតម្រូវជាមុន​សម្រាប់ការ​ដាក់​ពាក្យ​សុំ​កាតឥណពន្ធនេះ គឺ​ត្រូវ​ធ្វើ​ឡើង​តាម​រយៈការបើកគណនីសន្សំ ឬគណនីចរន្ត។ កាតឥណពន្ធនេះ អាចត្រូវបានចេញឲ្យទៅគណនី ឯកត្តបុគ្គល ឬគណនីរួមដែលមានលក្ខខណ្ឌ "នរណាម្នាក់​ដែល​នឹង​ត្រូវចុះហត្ថលេខា" ក្រោម​ជម្រើស​សម្រាប់គណនីរួម។

    បន្ថែមពីលើ​លក្ខខណ្ឌតម្រូវខាងលើ ដើម្បីទទួលបានកាតឥណពន្ធ លោកអ្នកអាចជាប្រជាជនកម្ពុជា ឬ អាចជាជនបរទេស ប៉ុន្តែត្រូវតែមានអាយុយ៉ាង​ហោច​ណាស់ ១៨ ឆ្នាំ និងត្រូវអនុលោម​តាម​នីតិវីធីយកចិត្តទុកដាក់ស្គាល់អតិថិជនពេញលេញ តាម​ការ​តម្រូវ​របស់​ធនាគារ។

    ការ​គិត​ថ្លៃ​សេវា និង​លក្ខខណ្ឌនៃ​ការប្រើប្រាស់ នឹង​ត្រូវអនុវត្តស្របតាមគោលការណ៍ផ្ទៃក្នុងរបស់ធនាគារ។​

    ៥.២.៣.៣ កាតឥណទាន

    កាតឥណទាន​ គឺជាវីសាកាត ម៉ាស្ទ័រកាតរបស់​ធនាគារ ឬជាប្រភេទកាតមានលក្ខណៈជាអន្តរជាតិផ្សេងទៀតដែលអនុញ្ញាតឲ្យអតិថិជនធ្វើប្រតិបត្តិការទូទាត់ ថ្លៃទំនិញលក់​រាយ តាមប្រព័ន្ធអនឡាញ និងដកសាច់ប្រាក់នៅទូទាំងពិភពលោកជាមួយវីសាកាត ម៉ាស្ទ័រកាត ឬប្រភេទកាតមាន លក្ខណៈជាអន្តរជាតិផ្សេងទៀត។ ការធ្វើ​ប្រតិបត្តិការ គឺស្ថិតនៅលើលក្ខខណ្ឌឥណទាន និង​កម្រិត​កំណត់នៃ​ឥណទាន ដែល​នឹងត្រូវ កំណត់ដោយធនាគារ។ អតិថិជនមានរយៈពេល ៥៥ថ្ងៃ គិតចាប់ពីថ្ងៃដែលបានចេញវិក្កយបត្រ ដើម្បីទូទាត់​សងឥណទានដែលបានប្រើប្រាស់ ដោយមិនមាន​ការ​គិតការប្រាក់ណាមួយឡើយ។ បន្ទាប់មកចំនួនទឹកប្រាក់នៅសេសសល់ដែលពុំ​ទាន់​បានបង់ នឹងត្រូវគិតការប្រាក់។

    ក. លក្ខណៈពិសេស​សំខាន់ៗនៃកាតឥណទានរបស់​ធនាគារ​

    ល.រ

    ការពិពណ៌នា

    ​សេចក្ដីលម្អិត

    ប្រភេទសេវាកម្មគាំទ្រ ​

    (១) ទិញ​ទំនិញលក់​រាយ/តាមប្រព័ន្ធអនឡាញ

    (២) ដកសាច់ប្រាក់ជាមុននៅធនាគារ វីង និងនៅ​តាម​ម៉ាស៊ីន ATM ទូទាំងពិភពលោក ដែលក្រុមហ៊ុន​ វីសាទទួល​ស្គាល់

    (៣) ឆែកព័ត៌មាន​ទំហំឥណទានតាម​ម៉ាស៊ីន ATM / តាម​កម្មវីធីទូរសព្ទ វីង

    (៤) ផ្លាស់ប្ដូរលេខកូដ/កំណត់លេខកូដឡើងវិញ

    (៥) អាចធ្វើប្រតិបត្តិការជាប្រាក់ដុល្លាអាមេរិក ឬ ជាប្រាក់រៀល

    (៦) អាចគ្រប់គ្រងមុខងារ​នៃ​កាត (ប្លុកកាត/បើក កាតឲ្យដំណើរ​ការ​ឡើង​វិញ) កំណត់ទំហំ​ទឹក​ប្រាក់ប្រចាំថ្ងៃ/កំណត់​ប្រតិបត្តិការ​ក្នុងមួយថ្ងៃ ផ្លាស់ប្ដូរគណនីឥណពន្ធ​ដោយ​ស្វ័យ​ប្រវត្តិ ផ្លាស់​ប្តូរ​ជម្រើស​ទូទាត់ ទូទាត់​វិក្កយបត្រ

    (៧) សេវាផ្សេងទៀត

    រយៈពេលមានសុពលភាព

    ៥ ឆ្នាំ

    ចំនួនកាតបន្ទាប់បន្សំ

    រហូតដល់ ៥ កាត

    កាលបរិច្ឆេទនៃការ​ចេញ​ របាយការណ៍វិក្កយបត្រ

    រៀងរាល់ថ្ងៃទី ២១ នៃខែនីមួយៗ

    ជម្រើសទូទាត់ប្រាក់

    ទូទាត់ទាំងអស់/អប្បបរមា (១០%, ២០%, ៥០%)

    ការទូទាត់អប្បបរមា

    ១០% នៃសមតុល្យ​ឥណទានដែលនៅសល់សរុប អប្បបរមា ១៥ ដុល្លារអាមេរិក

    កាលបរិច្ឆេទដល់​​កំណត់​ទូទាត់សង

    ៥៥ ថ្ងៃ គិតចាប់ពីកាលបរិច្ឆេទចេញ​របាយការណ៍ (មិនលើកទៅថ្ងៃបន្ទាប់ ទោះចំថ្ងៃចុងសប្ដាហ៍/ ថ្ងៃឈប់បុណ្យ)

    ការកាត់ប្រាក់ចេញពីគណនី

    ១ ថ្ងៃមុនថ្ងៃដល់​កំណត់ទូទាត់សង (ប្រសិនបើប្រតិបត្តិការនេះ​ មិនទទួលបានជោគជ័យ វា​នឹងត្រូវបន្ត​ រហូតទាល់​តែ​ទទួលបានជោគជ័យ នៅ​មុនកាលបរិច្ឆេទទូទាត់សងបន្ទាប់)

    រូបិយប័ណ្ណ

    ដុល្លាអាមេរិក

    ខ. ថ្លៃសេវា និងលក្ខខណ្ឌនៃ​ការប្រើប្រាស់

    ធនាគារមានសិទ្ធិកំណត់ថ្លៃសេវា ដែល​នឹង​ត្រូវ​យក ស្របតាមគោលការណ៍ផ្ទៃក្នុងរបស់ ធនាគារ។ ថ្លៃសេវានេះ អាចនឹង​ត្រូវកែប្រែពីពេលមួយទៅពេលមួយ ដោយយោងតាមលក្ខខណ្ឌ ទីផ្សារ និងការប្រកួតប្រជែង ហើយលោក​អ្នកយល់ព្រមទទួល​យក​ថ្លៃសេវាថ្មីដែលបានកែប្រែនោះ នៅពេលទទួលបានការជូនដំណឹងអំពីការកែប្រែថ្លៃសេវា។

    គ. លក្ខខណ្ឌតម្រូវនៃការស្នើសុំកាតឥណទានដោយមានការធានា

    លោកអ្នកនឹង​ត្រូវតម្រូវ​ឲ្យ​តម្កល់សាច់ប្រាក់ក្នុងគណនីសន្សំ ឬគណនីចរន្ដ ឬគណនីប្រាក់បញ្ញើមានកាលកំណត់ជាមួយធនាគារ វីង ដើម្បីមាន​សិទ្ធិទទួល​បាន​កាតឥណទាន។ កម្រិតឥណទាននឹងអាចត្រូវបានផ្ដល់ជូនរហូតដល់ ៩០% នៃទឹកប្រាក់ដែលបាន​តម្កល់ក្នុងគណនី។

    បន្ថែមលើលក្ខខណ្ឌតម្រូវខាងលើ ដើម្បីទទួលបានកាតឥណទានដោយមានការធានា លោកអ្នកអាចជាប្រជាជនកម្ពុជា ឬអាចជាជនបរទេស ប៉ុន្តែត្រូវមានអាយុចាប់ពី ១៨ ឆ្នាំឡើងទៅសម្រាប់ម្ចាស់កាតដើម និង ១៦ឆ្នាំឡើងទៅ សម្រាប់ម្ចាស់កាតបន្ទាប់បន្សំ និងត្រូវតម្រូវឲ្យ​អនុលោម​តាមនីតិវីធីយកចិត្តទុកដាក់ស្គាល់អតិថិជនពេញលេញ តាម​ការ​តម្រូវ​របស់​ធនាគារ។

    លោកអ្នកតម្រូវ​ឲ្យដាក់​ពាក្យស្នើសុំកាតឥណទាន និងចុះហត្ថលេខាលើ “លិខិតធានា” ដើម្បី​អនុញ្ញាតឲ្យធនាគារ ធ្វើ​ការ​ទូទាត់សមតុល្យដែល​​នៅ​សល់ពីការ​ប្រើប្រាស់​កាត​ឥណទាន ចេញ​ពីគណនីសន្សំ គណនីចរន្ដ ឬគណនីប្រាក់បញ្ញើមានកាលកំណត់​ ក្នុងករណីមានករណីបំពានលក្ខខណ្ឌកើតឡើង។

    ឃ. លក្ខខណ្ឌតម្រូវនៃការស្នើសុំកាតឥណទានដោយពុំមានការធានា

    កាតឥណទានដោយពុំមានការធានា ត្រូវបានផ្ដល់ជូន ដោយពុំតម្រូវអោយមានការតម្កល់នូវទ្រព្យធានា។ ដើម្បីអាចស្នើសុំកាតឥណទានដោយពុំមានការធានានេះ លោកអ្នកត្រូវតែផ្ដល់ជូនធនាគារនូវភស្តុតាង ដែលអាចបញ្ជាក់ពីសមត្ថភាពទូទាត់សងនូវ​ឥណទាននៃកាតឥណទានរបស់លោកអ្នក និង​ត្រូវមានប្រវត្តិឥណទាន​បច្ចុប្បន្នល្អ។ កម្រិតឥណទាននឹងត្រូវកំណត់ស្របតាមគោលការណ៍វាយតម្លៃឥណទានផ្ទៃក្នុងរបស់ធនាគារ។

    បន្ថែមលើលក្ខខណ្ឌតម្រូវខាងលើ ដើម្បីទទួលបានកាតឥណទានដោយពុំមានការធានា លោកអ្នកអាចជាប្រជាជនកម្ពុជា ឬអាចជាជនបរទេស ប៉ុន្តែត្រូវតែមានអាយុចាប់ពី ១៨ ឆ្នាំឡើងទៅសម្រាប់ម្ចាស់កាតដើម និង ១៦ ឆ្នាំឡើងទៅសម្រាប់ម្ចាស់កាតបន្ទាប់បន្សំ និងត្រូវអនុលោម​តាមនីតិវីធីយកចិត្តទុកដាក់ស្គាល់អតិថិជនពេញលេញ តាម​ការ​តម្រូវ​របស់​ធនាគារ។

    ការ​គិត​ថ្លៃ​សេវា និងលក្ខខណ្ឌ​នៃ​ការប្រើប្រាស់ នឹង​ត្រូវអនុវត្តស្របតាមគោលការណ៍ ផ្ទៃក្នុងរបស់ធនាគារ។​

    ៥.២.៣.៤ ការត្រួតពិនិត្យលើការគៃបន្លំកាត

    ធនាគារនឹងប្រើប្រាស់ប្រព័ន្ធត្រួតពិនិត្យការគៃបន្លំកាត ដើម្បីកាត់បន្ថយការបាត់បង់តាមរយៈការកំណត់អត្តសញ្ញាណភ្លាមៗនៃសកម្មភាពកាតដែលអាចគៃបន្លំ និងសកម្មភាពសមស្រប ដើម្បីបង្ការ​ការក្លែងបន្លំ។ ធនាគារនឹងប្រើប្រាស់យុទ្ធសាស្ត្រខាងក្រោម ដើម្បីតាមដានប្រតិបត្តិការគៃបន្លំកាត៖

    (១) ការត្រួតពិនិត្យការគៃបន្លំកាត តាមពេលវេលាជាក់ស្តែង ២៤ ម៉ោង។

    (២) ការ​ត្រួត​ពិនិត្យ​ជា​ញឹក​ញាប់​ និង​ជាប់​លាប់​នៃ​ប្រតិបត្តិការទាំង​អស់ ​និង​សកម្មភាព​លើក​លែង​ ​ដើម្បី​បង្ការការ​បាត់​បង់​។ ធនាគារនឹងត្រួតពិនិត្យនូវ​ការផ្តល់​សិទ្ធិ​ទាំងអស់ ដោយប្រើប្រាស់ អេក្រង់ឧបករណ៍ប្រើប្រាស់កាត ដើម្បីកំណត់អត្តសញ្ញាណសកម្មភាពគួរឲ្យសង្ស័យ ហើយទាក់ទងទៅ​លោក​អ្នក (ម្ចាស់កាត) សម្រាប់ការបញ្ជាក់ ឬប្លុក​ការ​ប្រើ​ប្រាស់កាត ដើម្បីបង្ការ​ លទ្ធភាពនៃសកម្មភាពគៃបន្លំបន្ថែមនៅលើគណនី។

    (៣) ដើម្បីកាត់បន្ថយ និងបង្ការ​ប្រតិបត្តិការដែលគ្មានការអនុញ្ញាត ធនាគារអាចអនុវត្តសារ​រំលឹក​ជូនដំណឹងអំពីប្រតិបត្តិការ ដើម្បីផ្តល់​ដំណឹងអំពី​ប្រតិបត្តិការទាំងអស់ ដែលធ្វើឡើងដោយលោក​អ្នក តាមរយៈវិធីសាស្រ្តសម​ស្រប​ ដែល​អនុវត្តដោយធនាគារ។ ធនាគារក៏អាចអនុវត្តសេវាកម្មសុវត្ថិភាព ៣D សម្រាប់គម្រោងកាតនីមួយៗសម្រាប់លោក​អ្នក (ម្ចាស់កាត​) ផងដែរ ដើម្បី ផ្ទៀងផ្ទាត់អំពីភាពត្រឹមត្រូវដោយការផ្ញើ “One Time Password (OTP)” ទៅកាន់លោកអ្នក នៅ​រៀង​រាល់ពេលដែលលោក​អ្នកធ្វើការទិញទំនិញ​លក់រាយអនឡាញ តាមរយៈពាណិជ្ជករ អេឡិចត្រូនិក។

    ចំណុចខាងលើមិនទាន់​មានលក្ខណៈពេញលេញឡើយទេ ហើយធនាគារ វីង នឹងអនុវត្តការត្រួតពិនិត្យ ការ​គៃ​បន្លំ និងប្រើ​ប្រាស់​មធ្យោបាយបង្ការដ៏​ល្អ​បំផុត តាម​គ្រប់​មធ្យោបាយ និងនៅពេលដែលវាអាច​រក​បាន​នៅក្នុងវិស័យនេះ។

    ៥.៣ ប្រតិបត្តិការគណនី
    ៥.៣.១ សិទ្ធិអំណាចសម្រាប់ប្រតិបត្តិការគណនី

    រាល់ប្រតិបត្តិការគណនីទាំង​អស់ នឹងត្រូវធ្វើឡើងដោយការបញ្ជាជាលាយលក្ខណ៍អក្សរពីម្ចាស់គណនី​ ឬបុគ្គលទទួលបានសិទ្ធិអនុញ្ញាត រួម​ជាមួយនឹងហត្ថលេខា ឬស្នាមមេដៃ ដែល​ដូចទៅនឹងគំរូហត្ថលេខា ឬ​ស្នាម​មេដៃ ដែលមានជាមួយធនាគារ ឬនឹងត្រូវធ្វើឡើង ដោយការបញ្ចូលលេខកូដសម្ងាត់ (PIN) ត្រឹមត្រូវ ដោយម្ចាស់គណនី ប្រសិនបើប្រតិបត្តិការនោះ ធ្វើ​ឡើងតាមរយៈអនឡាញ (Online)។ លោក​អ្នកអាចធ្វើ​ប្រតិបត្តិការគណនី តាមរយៈការមកកាន់សាខាធនាគារ ប្រព័ន្ធធនាគារអនឡាញ ភ្នាក់ងារ វីង និងនៅ​តាម​ម៉ាស៊ីន ATM។ សម្រាប់ការដកប្រាក់ ឬដាក់​ប្រាក់នៅតាមម៉ាស៊ីន ATM ​មិនតម្រូវឲ្យមានការចុះហត្ថលេខា ឬផ្តិត​ស្នាមមេដៃឡើយ។ រាល់ការ​បញ្ជា​លើប្រតិបត្តិការគណនីទាំងអស់ ដែលធ្វើឡើងតាម ទូរសព្ទ ទូរសារ ទូរលេខ សំបុត្រ ឬបណ្តាញ​សង្គម នឹងមិនត្រូវបានទទួលយកឡើយ លុះត្រាតែមានការយល់ព្រមជាមុនពីគណៈគ្រប់គ្រងជាន់ខ្ពស់របស់ធនាគារ។

    ៥.៣.២ សេវាកម្មធនាគារតាមរយៈភ្នាក់ងារ វីង

    ធនាគារ វីង ​ផ្តល់ជូន​នូវផលិតផលហិរញ្ញវត្ថុបែប​ទំនើប​ជាច្រើនសម្រាប់អតិថិជន ទាំងរូបវ័ន្តបុគ្គល និងទាំង​នីតិបុគ្គល។ ផលិត​ផល​ទាំងនេះ រួម​មាន ឥណទាន ប្រាក់បញ្ញើ ការសន្សំប្រាក់ខ្នាត​តូច ការផ្ទេរប្រាក់ ការទូទាត់វិក្កយបត្រ និង​ធានា​រ៉ាប់​រង ការទូទាត់ខ្សែសង្វាក់ផ្គត់ផ្គង់ទំនិញ សេវាកម្មបើកប្រាក់បៀវត្ស សេវាកម្មបញ្ចូលទឹកប្រាក់ក្នុង​ទូរសព្ទ និង​សេវាកម្មផ្សេងៗទៀត។ សេវាកម្មហិរញ្ញវត្ថុទាំងនេះ អាចប្រតិបត្តិការបានតាមរយៈភ្នាក់ងារ វីង នៅទូទាំងប្រទេស ហើយ​ដែលវិសាលភាពនៃសេវាកម្មនីមួយៗ នឹងត្រូវកំណត់ដោយគោលការណ៍របស់ធនាគារ ដោយ​យោង​ទៅ​តាម​ការ​អនុញ្ញាតដោយនិយ័តករ និងអាជ្ញាធរ មានសមត្ថកិច្ច។

    ៥.៣.៣ ធនាគារអនឡាញ (Online Banking)

    ធនាគារ វីង ជាធនាគារមួយ ក្នុងចំណោមធនាគារ ដែលមានប្រព័ន្ធអេកូឡូស៊ី (Ecosystem) ដ៏​ធំជាងគេបំផុតសម្រាប់ធនាគារឌីជីថល (Digital Banking)។ លោកអ្នកអាចចុះបញ្ជី និងបង្កើតគណនីធនាគារតាមរយៈកម្មវិធីទូរស័ព្ទវីង ដើម្បីបង្កើតនូវប្រាក់​បញ្ញើ​មានកាលកំណត់ ការស្នើសុំឥណទាន ការទូទាត់វិក្កយបត្រ សេវាកម្មការទូទាត់ ការផ្ទេរប្រាក់ទៅកាន់គណនីធនាគារ វីងមួយផ្សេងទៀត ឬធនាគារដទៃទៀត ការផ្ទេរប្រាក់ទៅក្រៅ​ប្រទេស ការបញ្ជូលទឹកប្រាក់ក្នុង​ទូរសព្ទ ការទូទាត់ឥណទាន ការទូទាត់បុព្វលាភធានារ៉ាប់រង ការស្នើសុំ និងប្រើប្រាស់កាតរបស់​ធនាគារ វីង រួមបញ្ចូលទាំង ម៉ាស្ទ័រកាត (Mastercard) និងវីសាកាត (Visa) នៅលើកម្មវិធីទូរស័ព្ទ វីង និងសេវាកម្មផ្សេងៗជាច្រើនទៀត។ លោក​អ្នកនឹង​ត្រូវអនុលោមតាម​ខចែង និងលក្ខខណ្ឌដោយឡែកសម្រាប់ការប្រើប្រាស់សេវាកម្មធនាគារអនឡាញរបស់ធនាគារវីង។

    ៥.៤ ការបិទគណនី
    ៥.៤.១ លក្ខខណ្ឌតម្រូវសម្រាប់ការបិទគណនី

    សម្រាប់គណនីរូបវ័ន្តបុគ្គល (បើកជាឯកត្តបុគ្គល) លោក​អ្នកដែលជាម្ចាស់គណនីតែ​ម្នាក់ ត្រូវស្នើសុំបិទគណនីធនាគាររបស់អ្នក។ ក្នុងករណីដែលគណនីធនាគារជាគណនីរួម ឬគណនីនីតិបុគ្គល ម្ចាស់គណនីរួមទាំងអស់ ឬអ្នកតំណាងស្របច្បាប់ ត្រូវស្នើសុំបិទគណនីធនាគារ ដោយភ្ជាប់មក​ជាមួយនូវឯកសារចាំបាច់ដែលធនាគារតម្រូវ។ លើសពីនេះទៅទៀត គណនីធនាគារអាចនឹងត្រូវបិទតាម​ការ​តម្រូវ​របស់​ធនាគារ ស្រប​តាម​គោលការណ៍ និងនីតិវិធីរបស់​ធនាគារ ឬស្រប​តាម​ការ​បញ្ជារបស់តុលាការមានសមត្ថកិច្ច និងនិយ័តករ។

    រាល់ទឹកប្រាក់ដែលមាននៅក្នុងគណនីរបស់លោក​អ្នកដែលបានស្នើសុំបិទ ឬបានបិទដោយហេតុផលណាមួយ នឹងត្រូវអនុលោមតាមខចែង និងលក្ខខណ្ឌនៃប្រតិបត្តិការ គំរូហត្ថលេខា​ដែល លោក​អ្នកមានជាមួយធនាគារ គោលការណ៍ និងនីតិវិធីរបស់ធនាគារ និងច្បាប់ជាធរមាន។

    ការបិទនូវរាល់ប្រភេទគណនីនឹងត្រូវបានអនុញ្ញាតគិតចាប់ពី រយៈពេល ០៦ ខែ ឬច្រើនជាងនេះ ដោយមិនមាន​ការគិតកម្រៃសេវាកម្មបន្ថែមនោះឡើយ។ ប្រសិនបើគណនីដែលបានបើក មានរយៈពេលតិចជាង ០៦​ ខែ នោះទឹកប្រាក់ចំនួន ៥​ ដុល្លារអាមេរិក ឬចំនួន​ទឹក​ប្រាក់​ដែល​មាន​តម្លៃសមមូល នឹងត្រូវគិត​ថ្លៃសម្រាប់ការស្នើសុំបិទគណនី។

    ធនាគាររក្សាសិទ្ធិក្នុងការបិទគណនី ឬបញ្ចប់គណនី ឬបញ្ចប់នូវរាល់ប្រតិបត្តិការគណនីមួយ ឬទាំង​អស់ ដោយមិនមានការជូនដំណឹងជាមុនឡើយ ប្រសិនបើវា​ត្រូវបានតម្រូវដោយគោល​ការណ៍​ណែនាំ ឬបទបញ្ញត្តិច្បាប់​ជាធរមានពី​សំណាក់ធនាគារជាតិនៃកម្ពុជា ឬអាជ្ញាធរមានសមត្ថកិច្ច ឬតាម​ការ​តម្រូវ​របស់​គោលការណ៍ធនាគារ។

    ៥.៤.២ បណ្តាញសម្រាប់ការបិទគណនី

    ការបិទគណនីត្រូវធ្វើឡើងនៅទីតាំងដើម ដែលគណនីបានបើក រួមមាន​ទីស្នាក់ការកណ្តាល ឬសាខារបស់ធនាគារ វីង។ ដើម្បីភាពងាយស្រួល លោក​អ្នកក៏អាចស្នើសុំ និងបិទប្រភេទ​គណនីមួយចំនួន នៅតាមភ្នាក់ងារ វីង ផងដែរ។

    ៥.៤.៣ ការបិទគណនីតាមការស្នើសុំរបស់អតិថិជន

    លោកអ្នកដែលជាម្ចាស់គណនី ឬម្ចាស់គណនីដែលបានទទួល​សិទ្ធិ (ដូចមានចែងក្នុងអាណត្តិគណនី (Account Mandate)) ឬអាណាព្យាបាលស្របច្បាប់របស់គណនីអនីតិជន (“អ្នកតំណាងស្របច្បាប់”) អាចស្នើសុំបិទគណនីធនាគារ ឬបញ្ចប់ខចែង និងលក្ខខណ្ឌសម្រាប់ការបើកគណនីនៅគ្រប់ពេលវេលា។ ក្នុងករណីនេះ អ្នកតំណាងស្របច្បាប់ ត្រូវបង្ហាញខ្លួននៅតាម​បណ្តាញដែលមាន​សម្រាប់ការបិទគណនី ហើយធ្វើការស្នើសុំបិទគណនី ដោយផ្តល់នូវព័ត៌មាន និងឯកសារដែលតម្រូវដោយធនាគារ ដើម្បីធ្វើ​ឲ្យ​ការ​បិទគណនីធនាគាររបស់លោក​អ្នកទទួលបានជោគជ័យ។ រាល់ផលិតផលធនាគារ ដែលពាក់ព័ន្ធនឹងគណនី នឹងត្រូវប្រគល់មកឲ្យធនាគារវិញ បន្ទាប់ពីមានការស្នើសុំ រួមមានដូចជាកាតធនាគារ វិញ្ញាបនបត្រប្រាក់​បញ្ញើ​មាន​កាលកំណត់ សៀវភៅប្រាក់សន្សំ សៀវភៅមូលបទានបត្រ។

    ទោះបីជាយ៉ាងណាក៏ដោយ ខាងក្រោម​នេះ គឺជាលក្ខខណ្ឌជាក់​លាក់ ដែលគណនីធនាគារមិនអាចបិទបានបន្ទាប់ពីមានការស្នើសុំ ៖

    (១) គណនីធនាគារ ត្រូវ​បាន​ភ្ជាប់ទៅនឹងលក្ខខណ្ឌទូទាត់ណាមួយ (ឧទាហរណ៍ ការ​កាត់​ប្រាក់​ចេញ​ពីគណនីដោយស្វ័យប្រវត្តិ ការផ្ទេរប្រាក់អន្តរជាតិដែលកំពុងដំណើរការ ឬការទូទាត់ផ្សេងទៀតដែលកំពុងដំណើរការ)។

    (២) គណនីត្រូវ​បានភ្ជាប់ជា​ប្រភពទឹកប្រាក់ទៅ​នឹង​ផលិតផលធនាគារដទៃទៀត ដែលមានលក្ខខណ្ឌ ទូទាត់ជាក់លាក់។ ឬ

    (៣) លោក​អ្នកបានសើ្នសុំបិទគណនី តាមរយៈបណ្តាញដែលយើង​មិនអាចទទួល​យក​បាន រួមមានតែមិនកំហិតត្រឹម អ៊ីម៉ែល បណ្តាញសង្គម ផ្នែកបម្រើសេវាកម្មអតិថិជន វៀរលែងតែមាន​ ការ​អនុញ្ញាតពីគណៈគ្រប់គ្រងរបស់ធនាគារ វីង។

    ៥.៤.៤ ការបិទគណនីដោយធនាគារ វីង

    ធនាគាររក្សាសិទ្ធិក្នុងការបិទគណនីរបស់លោកអ្នក ដោយមិនតម្រូវឲ្យមានការយល់ព្រមពីលោកអ្នក ក្នុងករណីដែល​ ឬតាមការយល់ឃើញរបស់ធនាគារ ធនាគារ​ជឿជាក់ថា ៖

    (១) ម្ចាស់គណនីត្រូវបានសង្ស័យ ឬរកឃើញថា បានប្រពឹ្រត្តការសម្អាត​ប្រាក់ ឬមាន​ជាប់ពាក់ព័ន្ធនឹងហិរញ្ញប្បទានភេរវកម្ម។

    (២) ប្រសិនបើគណនីស្ថិតក្នុងស្ថានភាព “គ្មានចលនា”។

    (៣) ម្ចាស់គណនីបានចេញ “មូលប្បទានប័ត្រគ្មានសាច់ប្រាក់” ចាប់ពី ០៣ ដងឡើងទៅ។ និង

    (៤) គណនីមានពាក់ព័ន្ធទៅនឹងការប៉ុនប៉ង ដើម្បីទទួលបាន ឬទាញយកផលប្រយោជន៍ពីធនាគារ វីង។

    ៥.៤.៥ ការបិទគណនីដែលតម្រូវដោយច្បាប់ ឬដីកាតុលាការ

    ធនាគារនឹងធ្វើនូវសកម្មភាពដែលចាំបាច់ ក្នុង​ការ​ការបិទគណនីរបស់លោកអ្នក ដើម្បីអនុលោមតាមច្បាប់ និងបទប្បញ្ញត្តិដែលពាក់ព័ន្ធទាំង​អស់​ និងស្រប​តាម​គោលការណ៍ និងនីតិវិធីរបស់ធនាគារ ក្នុងករណីដែល៖

    (១) ធនាគារទទួលបានដីកាសម្រេច ឬការ​សម្រេច​ពី​តុលាការ ធនាគារជាតិនៃកម្ពុជា ឬអាជ្ញាធរមានសមត្ថកិច្ចណាមួយ។

    (២) ទឹកប្រាក់របស់លោក​អ្នក មានជាប់​ពាក់ព័ន្ធនឹងការសម្អាតប្រាក់/ហិរញ្ញប្បទានភេរវកម្ម។

    (៣) ទឹកប្រាក់របស់លោក​អ្នក មាន​ជាប់​បំណុលរបស់រដ្ឋាភិបាល ដូច​ជា​ពាក់​ព័ន្ធ​នឹង​ការ​ទូទាត់ពន្ធ ហើយ​ដែលគណនីនឹងត្រូវបិទ ដើម្បីយក​ទឹកប្រាក់ដែលនៅ​សល់​នោះ មក​ទូទាត់​ជាមួយនឹងបំណុល។

    (៤) ម្ចាស់គណនីត្រូវបានរកឃើញថា មានពិរុទ្ធភាព​លើ​ការ​ប្រព្រឹត្ត​អំពើពុករលួយណាមួយ។ និង

    (៥) លក្ខខណ្ឌដទៃទៀត ដូច​មានចែងក្រោមច្បាប់ពាក់​ព័ន្ធ​នៃប្រទេសកម្ពុជា ដែលតម្រូវឲ្យធនាគារបិទគណនីរបស់លោកអ្នក។

    ៥.៤.៦ ការចាត់ចែងទឹកប្រាក់បន្ទាប់ពីបិទគណនី

    ការបិទគណនីចរន្ត ឬគណនីសន្សំ នឹងតម្រូវឲ្យមានការប្រគល់មកធនាគារវិញនូវមូលប្បទានបត្រដែលមិនបានប្រើប្រាស់ និងត្រូវប្រាកដថា មិនមានការចេញនូវមូលប្បទានបត្រដែលនៅសេសសល់នោះឡើយ វៀរលែងតែការប្រើប្រាស់មូលប្បទានបត្រនោះ ត្រូវបានជូនដំណឹងមកកាន់ធនាគារ នៅ​មុនកាលបរិច្ឆេទបិទគណនី។

    បន្ទាប់​ពីបិទគណនីប្រាក់បញ្ញើមាន​កាល​កំណត់​ ទឹក​ប្រាក់​អាចនឹង​ត្រូវផ្ទេរទៅកាន់​គណនីចរន្ត ឬគណនីសន្សំរបស់ម្ចាស់គណនី និងមិនមែនផ្ទេរ​ទៅកាន់​គណនីផ្សេងទៀតដែលមិនមែនជាគណនី​របស់ម្ចាស់ដើម ឬមិនជាប់​ពាក់​ព័ន្ធ​នឹងម្ចាស់គណនីនោះទេ។ យោងតាមប្រភេទគណនីផ្សេងៗគ្នា អតិថិជនអាចមានជម្រើសក្នុងការបិទ និងដកប្រាក់ចេញ បិទ និងផ្ទេរទៅកាន់​គណនីផ្សេងទៀតរបស់ម្ចាស់គណនី ឬ បិទ និងផ្ទេរប្រាក់ទៅកាន់​គណនីផ្សេងទៀត។

    ៥.៥ គណនីគ្មានចលនា
    ៥.៥.១ សិទ្ធិរបស់ធនាគារទៅលើគណនីគ្មានចលនា

    ប្រសិនបើគណនីរបស់លោក​អ្នកមិនមានប្រតិបត្តិការណាមួយក្នុងរយៈពេល ១២ (ដប់ពីរ) ខែ គិតចាប់ពីកាលបរិច្ឆេទប្រតិបត្តិការចុងក្រោយ នោះគណនីរបស់លោក​អ្នក នឹងត្រូវចាត់ទុកជា “គណនីគ្មានចលនា”។ ក្នុងករណីនេះ ធនាគារមានសិទ្ធិអនុវត្ត​សកម្មភាព ដូចខាងក្រោម៖

    (១) មិនអនុញ្ញាតឲ្យមានការដាក់ប្រាក់ ឬដកប្រាក់ណាមួយពីគណនីឡើយ វៀរលែងតែស្ថានភាពរបស់គណនីត្រូវបានផ្លាស់ប្តូរពី “គ្មានចលនា” ទៅជា “មានចលនា”។

    (២) គិតកម្រៃសេវាប្រចាំខែ តាម​រយៈការ​កាត់​ទឹក​ប្រាក់​ចេញពី​គណនីរបស់​អតិថិជនដោយស្វ័យ​ប្រវត្តិ។

    (៣) បិទគណនីរបស់លោក​អ្នកដោយស្វ័យប្រវត្តិ ដោយមិនមានការជូនដំណឹងជាមុន ប្រសិនបើគណនីរបស់លោកអ្នកគ្មានសមតុល្យទឹក​ប្រាក់ ឬ​ប្រសិនបើធនាគារជឿជាក់ថាគណនីរបស់លោក​អ្នកទំនងជាស្ថិត​នៅក្នុងស្ថានភាពជា​ឥណទានវិបារូបន៍​មិនបានរៀបចំទុកជាមុន ដោយសារ តែគណនីធម្មតា និងថ្លៃសេវាផ្សេងទៀត ត្រូវកាត់​ចេញពីគណនីនេះ។

    លោក​អ្នកទទួលស្គាល់ និងយល់ព្រមថា វាជាកាតព្វកិច្ចរបស់លោក​អ្នកក្នុងការរក្សាគណនីរបស់លោក​អ្នក ឲ្យ​ស្ថិត​ក្នុងស្ថានភាព "សកម្ម" ដោយមិនចាំបាច់មានការជូនដំណឹងអំពីលទ្ធភាព​ ដែល​អាចត្រូវបានចាត់​ថ្នាក់​ជា​គណនី "អសកម្ម"។ ធនាគារអាចជ្រើសរើសមធ្យោបាយផ្សេងៗ ទាក់ទងទៅ​កាន់​ លោក​អ្នក ជាសេវាកម្មបំពេញបន្ថែម ដើម្បីជូនដំណឹងដល់លោក​អ្នកជាមុនអំពីការគិតថ្លៃសេវាផ្សេងៗ​ដែលអាចនឹង​ត្រូវយក មុនពេលគណនី​របស់លោក​អ្នកក្លាយជាគណនីគ្មានចលនា។ លោកអ្នកគួរដំណើរការគណនីរបស់លោក​អ្នកឲ្យ​មាន​ចលនា​ឡើងវិញ មុនពេលដែល​ការគិតថ្លៃ​សេវា និង​ការ​ដាក់​កំហិត ត្រូវបានអនុវត្ត។

    ធនាគាររក្សាសិទ្ធិក្នុងការពិនិត្យឡើងវិញនូវការ​គិត​ថ្លៃសេវា សម្រាប់​គណនី​គ្មាន​ចលនា ពីពេលមួយទៅពេលមួយ ដោយផ្អែកលើភាពចាំបាច់របស់​ធនាគារ។ ក្នុងករណីនេះ យើងនឹងជូនដំណឹងដល់លោកអ្នកអំពីការផ្លាស់ប្តូរនេះ ហើយលោក​អ្នកយល់ព្រមឲ្យយើងអនុវត្តនូវ​ថ្លៃសេវាថ្មីចំពោះលោកអ្នក។

    ៥.៥.២ ការចាត់ចែងទឹកប្រាក់ក្នុង​គណនីគ្មានចលនា

    ប្រសិនបើគណនីរបស់លោក​អ្នក ស្ថិតក្នុងស្ថានភាព “គ្មានចលនា” ក្នុង​រយៈពេលលើសពី ១០ (ដប់) ឆ្នាំជាប់ៗគ្នា នោះធនាគារអាចបិទគណនីរបស់លោកអ្នក និងផ្ទេរទឹកប្រាក់ដែលមានក្នុងគណនីរបស់លោកអ្នក ទៅកាន់ធនាគារជាតិនៃកម្ពុជា ស្របតាមច្បាប់ជាធរមាន ដោយមិនមានការជូនដំណឹងដល់លោកអ្នកឡើយ។ ក្នុងករណីនេះ លោក​អ្នកអាចមកកាន់សាខាណាមួយរបស់ធនាគារ ដើម្បីស្វែងរកពីរបៀប​ដែលលោក​អ្នកអាចទទួលបាន​ទឹកប្រាក់របស់លោក​អ្នកមក​វិញ ​ទោះជាការទាមទារទឹកប្រាក់ដែលបានផ្ទេរទៅកាន់ធនាគារជាតិនៃកម្ពុជា អាចនឹងត្រូវចំណាយពេល​យូរក៏ដោយ។

  • ៦. របាយការណ៍គណនី

    លោកអ្នកអាចពិនិត្យ និងផ្ទៀងផ្ទាត់រាល់ប្រតិបត្តិការ តាមរយៈរបាយការណ៍ដែលបានផ្តល់ជូនដោយសាខារបស់ធនាគារ ឬតាមរយៈ ម៉ាស៊ីន ATM ឬកម្មវិធីទូរសព្ទវីង។ ក្នុងករណីលោកអ្នករកឃើញភាពមិនប្រក្រតីណាមួយនៅលើប្រតិបត្តិការគណនីរបស់លោកអ្នក លោកអ្នកត្រូវរួសរាន់មកកាន់សាខាធនាគារដែលនៅជិតលោកអ្នកបំផុត ឬជូនដំណឹងមកកាន់ធនាគារជាបន្ទាន់ ដើម្បីឲ្យធនាគារអាចចាត់វិធានការបានទាន់ពេលវេលា។ ធនាគារនឹងមិនមានទំនួលខុសត្រូវណាមួយលើប្រតិបត្តិការមិនប្រក្រតី ដែលលោកអ្នកខកខានក្នុងការជូនដំណឹងមកកាន់ធនាគារឡើយ។
    ក្នុងករណីមានភាពខុសគ្នា ឬវិវាទលើរបាយការណ៍ធនាគារ លោកអ្នកត្រូវជូនដំណឹងមកកាន់ធនាគារក្នុងរយៈពេល ៦០ (ហុកសិប) ថ្ងៃ គិតចាប់ពីកាលបរិច្ឆេទចេញរបាយការណ៍ ឬបើពុំដូច្នោះទេ របាយការណ៍នោះនឹងត្រូវបានចាត់ទុកថាត្រឹមត្រូវ និងពិតប្រាកដ។ កំណត់ត្រារបស់ធនាគារលើការបញ្ជាណាមួយ ដែលមិនមានកំហុស នឹងត្រូវចាត់ទុកជាភស្តុតាងចុងក្រោយនៃការបញ្ជានោះ ហើយវានឹងចងភ្ជាប់កាតព្វកិច្ចចំពោះលោកអ្នក។
    លោកអ្នកយល់ព្រម និងអនុញ្ញាតឲ្យធនាគារ ប្រើប្រាស់ព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក ព័ត៌មានហិរញ្ញវត្ថុក្នុងគណនីរបស់លោកអ្នក ដែលមានជាមួយធនាគារ តាមការតម្រូវរបស់រដ្ឋាភិបាល ស្របតាមច្បាប់ជាធរមាន។ ប្រសិនបើធនាគារត្រូវការធ្វើសវនកម្មប្រតិបត្តិការគណនីរបស់លោកអ្នក លោកអ្នកត្រូវយល់ព្រមសហការជាមួយសវនករនៅគ្រប់ពេលវេលា បន្ទាប់ពីមានការស្នើសុំពីធនាគារ។

  • ៧. ផលិតផល និងសេវាកម្មធនាគារ

    ៧.១ ឥណទាន
    ធនាគារ វីងមានផលិតផលឥណទាន ដែលមានការធានា និងគ្មានការធានា។ ឥណទានដែលមានការធានា មានដូចជាឥណទានខ្ចីបរិភោគ ឥណទានគេហដ្ឋាន ឥណទានអាជីវកម្ម ឥណទានកសិកម្ម ឥណទានមានកម្រិត (Credit Line) ឥណទានវិបារូបន៍ និងឥណទានពាណិជ្ជកម្ម។ល។ ដែលឥណទានទាំងនេះ ត្រូវបានធានាដោយអចលនវត្ថុដែលជាដីធ្លី សាច់ប្រាក់ និងប្រាក់បញ្ញើមានកាលកំណត់ជាមួយធនាគារ វីង ជាដើម។ ដោយឡែក ឥណទានដែលគ្មានការធានា មានដូចជាឥណទានរថយន្ត ឥណទានទោចក្រយានយន្ត ឥណទានអាជីវកម្ម ឥណទានអ្នកប្រើប្រាស់ និងឥណទានខ្ចីបរិភោគ។ល។ ដែលឥណទានប្រភេទនេះមិនតម្រូវឲ្យមានការដាក់ទ្រព្យធានាឡើយ។ លោកអ្នកអាចស្នើសុំឥណទានប្រភេទណាក៏បាន តាមការតម្រូវរបស់លោកអ្នក។ ពាក្យស្នើសុំរបស់លោកអ្នក នឹងត្រូវអនុលោមតាមការវាយតម្លៃផ្ទៃក្នុងរបស់ធនាគារ វីង សម្រាប់គោលបំណងនៃឥណទាន និងលទ្ធភាពនៃការទូទាត់សងរបស់លោកអ្នក។ រាល់ពាក្យស្នើសុំឥណទាន នឹងត្រូវឆ្លងកាត់នីតិវិធីដំណើរការឥណទានផ្ទៃក្នុង ហើយបន្ទាប់ពីឥណទានត្រូវបានអនុម័ត កម្ចីនឹងត្រូវអនុលោមតាមខចែង និងលក្ខខណ្ឌនានា ដែលនឹងត្រូវកំណត់ដោយធនាគារ។
    ៧.២ ការសន្សំ
    ធនាគារ វីងផ្តល់ជូននូវសេវាកម្មប្រាក់សន្សំជាមួយនឹងលក្ខខណ្ឌ និងអត្ថប្រយោជន៍ផ្សេងៗគ្នា។ សេវាកម្មប្រាក់សន្សំទាំងនេះ នឹងត្រូវចាត់ចូលទៅក្នុងចំណាត់ថ្នាក់សំខាន់ៗ ដូចជា ការសន្សំដែលត្រូវបានផ្តល់ជូនតាមរយៈគណនីប្រាក់សន្សំ និងគណនីប្រាក់បញ្ញើមានកាលកំណត់។ លោកអ្នកអាចពិនិត្យមើលផ្នែកទី ៤ នៃខចែង និងលក្ខខណ្ឌទាំងនេះសម្រាប់ព័ត៌មានបន្ថែម ដែលពាក់ព័ន្ធនឹងសេវាកម្មប្រាក់សន្សំរបស់យើង។
    ៧.៣ ការទូទាត់
    ៧.៣.១ សេវាកម្មទូទាត់

    លោក​អ្នកអាចចូលទៅប្រើប្រាស់សេវាកម្មទូទាត់ណាមួយរបស់យើងខ្ញុំ (អនុលោមតាមកិច្ចព្រមព្រៀង ដោយឡែក និង/ឬខចែង និងលក្ខខណ្ឌជាក់លាក់) រួមមាន​តែ​មិន​កំហិតត្រឹមសេវាកម្មដូចខាងក្រោម   (“សេវាកម្មទូទាត់”) ៖

    (១) វីងផេ (WingPay) ៖ លោកអ្នក អាចប្រើប្រាស់សេវាកម្មនេះលើការទូទាត់ថ្លៃទំនិញ/សេវាកម្មជូនអ្នកផ្គត់ផ្គង់ និង/ឬពាណិជ្ជករដែលបានសហការជាមួយធនាគារ វីង សម្ព័ន្ធ ដៃគូ និង/ឬភ្នាក់ងាររបស់យើងខ្ញុំ។

    (២) ការទូទាត់​វិក្កយបត្រ៖ លោក​អ្នក អាចប្រើប្រាស់សេវាកម្មនេះ លើការទូទាត់ទឹកប្រាក់/បំណុលទៅឲ្យ​អ្នកផ្គត់ផ្គង់ ពាណិជ្ជករ ម្ចាស់បំណុល និង/ឬអ្នក​ទូទាត់វិក្កយបត្រ ដែលបានសហការជាមួយធនាគារ វីង សម្ព័ន្ធ ដៃគូ និង/ឬភ្នាក់ងាររបស់យើងខ្ញុំ​ រួមមាន​តែមិនកំហិតត្រឹម វិក្កយបត្រភ្លើង ទឹក ការ​ទូទាត់សង​ឥណទាន សេវាកម្មឯកជន/សាធារណៈ។

    (៣) សេវា​បើក​ប្រាក់បៀវត្ស/បើក​ប្រាក់​កម្ចី៖ លោក​អ្នកអាចប្រើប្រាស់សេវាកម្មនេះនៅធនាគារ វីង តាម​រយៈ​ការ​ចុះកិច្ចព្រមព្រៀងដោយឡែក ដើម្បីអនុញ្ញាតឲ្យ​ធនាគារវីង បញ្ជូន/បើក​ប្រាក់បៀវត្ស/ទឹកប្រាក់​ជូនបុគ្គលិករបស់លោក​អ្នក ឬបុគ្គលដែលលោក​អ្នកមាន​បំណង​ផ្តល់​ជូន ក្នុងរយៈពេលកំណត់ជាក់លាក់ណាមួយ ឬនៅ​កាលបរិច្ឆេទដែលបានកំណត់។

    (៤) កញ្ចប់សេវាកម្មសហគ្រាស​ខ្នាត​តូច និង​មធ្យម (SME Package) ៖ លោក​អ្នកអាចប្រើប្រាស់សេវាកម្មនេះ តាម​រយៈ​ការ​ស្នើសុំការបើក ឬធ្វើ​បច្ចុប្បន្នភាពគណនីរបស់លោក​អ្នកទៅជាគណនី SME។ តាម​រយៈ​ការប្រើប្រាស់សេវាកម្មនេះ លោក​អ្នកអាចនឹងទទួលបានផលប្រយោជន៍ជាក់លាក់ពីសេវាកម្មទូទាត់ ដែលបានផ្តល់ជូនដោយធនាគារ វីង ដោយអនុលោមតាមខចែង និងលក្ខខណ្ឌនៃគណនី និងកញ្ចប់សេវាកម្មនីមួយៗ។

    ៧.៣.២ ការផ្តល់សេវាកម្មទូទាត់

    (១) លោកអ្នក អាចប្រើប្រាស់សេវាកម្មទូទាត់ ប្រសិនបើ ៖
    ក. លោកអ្នកជានីតិជន ស្របតាមច្បាប់នៃប្រទេសកម្ពុជា។
    ខ. លោកអ្នកមានគណនីដែលមានចលនាជាមួយធនាគារវីង។ និង
    គ. លោកអ្នកបានបំពេញនូវលក្ខខណ្ឌតម្រូវ ដែលមានចែងក្នុងកិច្ចព្រមព្រៀងដោយឡែកសម្រាប់សេវាកម្មទូទាត់នីមួយៗ។
    (២) សេវាកម្មទូទាត់របស់យើង ត្រូវបានផ្តល់ជូនតាមរយៈថ្នាលជាច្រើនរបស់ធនាគារ វីង រួមមានតែមិនកំហិតត្រឹម កម្មវិធីទូរសព្ទវីង បញ្ជរធនាគារ បន្ទះស្កេន QR និងភ្នាក់ងារម៉ាស៊ីន POS (“បណ្តាញទូទាត់”)។
    (៣) ធនាគារ វីងរក្សាសិទ្ធិក្នុងការកម្រិតវិសាលភាពនៃប្រតិបត្តិការ រួមមានតែមិនកំហិតត្រឹម ចំនួនទឹកប្រាក់ និងចំនួនប្រតិបត្តិការ ដោយផ្អែកទៅលើការជ្រើសរើសកញ្ចប់សេវាកម្មរបស់លោកអ្នក និងត្រូវអនុលោមតាមគោលការណ៍ នីតិវិធីផ្ទៃក្នុង និងស្របតាមច្បាប់ជាធរមាន ដែលអាចនឹងត្រូវបានកែប្រែពីមួយពេលទៅមួយពេល។

    ៧.៣.៣ ថ្លៃសេវា និងការគិតថ្លៃសេវាកម្មទូទាត់

    (១) ធនាគារ វីងរក្សាសិទ្ធិក្នុងការផ្លាស់ប្តូរថ្លៃសេវា និង/ឬការគិតថ្លៃផ្សេងទៀត សម្រាប់សេវាកម្មទូទាត់ពីមួយពេលទៅមួយពេល ផ្អែកតាមភាពចាំបាច់ ឬស្របតាមការអនុវត្តន៍ក្នុងទីផ្សារជាក់ស្តែង។ ក្នុងករណីនេះ លោកអ្នកទទួលស្គាល់ និងព្រមព្រៀងទទួលយកថ្លៃសេវា និង/ឬការគិតថ្លៃថ្មី ដែលនឹងត្រូវអនុវត្តចំពោះលោកអ្នក។
    (២) បន្ថែមពីលើការយកថ្លៃសេវា និង/ឬការគិតថ្លៃ ដែលកំណត់ដោយធនាគារ លោកអ្នកទទួលស្គាល់ និងព្រមព្រៀងទទួលយកថ្លៃសេវា និង/ឬការគិតថ្លៃបន្ថែម ដែលអាចនឹងត្រូវកំណត់ដោយធនាគារជាតិនៃកម្ពុជា ក្នុងករណីដែលមានប្រតិបត្តិការពាក់ព័ន្ធនឹង KHQR។ ក្នុងករណីនេះ លោកអ្នកអនុញ្ញាតឲ្យធនាគារ វីង ធ្វើការកាត់ចេញពីគណនីរបស់លោកអ្នកនូវថ្លៃសេវា និង/ឬការគិតថ្លៃបន្ថែមដែលកំណត់ដោយធនាគារជាតិនៃកម្ពុជា ដោយមិនមានការជូនដំណឹងជាមុនជូនលោកអ្នកឡើយ។
    (៣) រាល់ថ្លៃសេវារបស់រដ្ឋ ពន្ធអាករ និងចំណាយផ្សេងៗដែលអាចមាន រួមមានតែមិនកំហិតត្រឹម ពន្ធនិវាសនជន ពន្ធកាត់ទុកសម្រាប់និវាសនជន អនិវាសនជន និងថ្លៃសេវា ព្រមទាំងការគិតថ្លៃដែលពាក់ព័ន្ធនឹងសេវាកម្មទូទាត់ ក៏អាចនឹងត្រូវធនាគារ កាត់ចេញពីគណនីរបស់លោកអ្នកផងដែរ។
    (៤) ធនាគារ វីងមានសិទ្ធិបង្កក និង/ឬកាត់ចេញពីគណនីរបស់លោកអ្នកសម្រាប់ចំនួនទឹកប្រាក់ផ្ទេរ ដែលបានស្នើសុំ ថ្លៃសេវា ការគិតថ្លៃដែលពាក់ព័ន្ធ និង/ឬពន្ធនានា នៅពេលដែលដល់កំណត់ត្រូវទូទាត់ ដោយមិនមានការជូនដំណឹងទៅលោកអ្នកជាមុននោះឡើយ។

    ៧.៣.៤ ការផ្តល់សិទ្ធិជូនធនាគារ វីង

    លោកអ្នកអាចបញ្ជាយើងខ្ញុំឲ្យធ្វើប្រតិបត្តិការសេវាកម្មទូទាត់ តាមរយៈបណ្តាញទូទាត់នៅគ្រប់ពេលវេលា ដែលការបញ្ជានោះ នឹងត្រូវចាត់ទុកជាការផ្ទេរសិទ្ធិអំណាចជូនយើងខ្ញុំ ដើម្បីធ្វើការកាត់នូវ រាល់ទឹកប្រាក់ដែលត្រូវទូទាត់ ឬធ្វើប្រតិបត្តិការណាមួយចេញពីគណនីរបស់លោកអ្នក (“បញ្ជាទូទាត់”)។ យើងមិន មានកាតព្វកិច្ចក្នុងការផ្ទៀងផ្ទាត់លើព័ត៌មានណាមួយនៃបញ្ជាទូទាត់នោះឡើយ ដែលរួមមានតែមិនកំណត់ត្រឹម ភាពត្រឹមត្រូវនៃព័ត៌មាន ចំនួនទឹកប្រាក់ ឬព័ត៌មាននៃអ្នកទទួល។ បញ្ជាទូទាត់ នឹងមិនអាចធ្វើការលុបចោល កែប្រែ ឬផ្លាស់ប្តូរបានឡើយ វៀរលែងតែ បញ្ជាទូទាត់នោះ មិនទាន់ត្រូវបានអនុវត្ត អនុញ្ញាត ឬដោះស្រាយដោយយើងខ្ញុំ។ យើងរក្សាសិទ្ធិក្នុងការពន្យារពេល ព្យួរ ឬបដិសេដនូវបញ្ជាទូទាត់ណាមួយ ដោយឆន្ទានុសិទ្ធិផ្តាច់មុខរបស់យើង ឬស្របតាមច្បាប់ជាធរមាន។ ធនាគារ វីង នឹងមិនទទួលខុសត្រូវចំពោះលោកអ្នក ក្នុងករណីដែលមានការពន្យារពេល ការរំខាន ឬការបដិសេដបញ្ជាទូទាត់ដែល បណ្តាលមកពីកំហុសរបស់លោកអ្នកឡើយ។

    ៧.៤ ការផ្ទេរប្រាក់

    លោកអ្នកអាចស្នើសុំមកកាន់សាខារបស់ធនាគារ វីង ឬភ្នាក់ងារ វីង ណាមួយនៅទូទាំងប្រទេស ដើម្បីធ្វើការផ្ទេរប្រាក់ ឬទូទាត់ទឹកប្រាក់ចេញពីគណនីរបស់លោកអ្នក ទៅកាន់គណនីបុគ្គលម្នាក់ទៀត ដែលមានជាមួយធនាគារ វីង ឬទៅកាន់ធនាគារក្នុងប្រទេស ឬធនាគារក្រៅប្រទេសដទៃទៀត។ ម្យ៉ាងវិញទៀត លោកអ្នកអាចធ្វើប្រតិបត្តិការផ្ទេរប្រាក់ដោយខ្លូនឯង តាមរយៈកម្មវិធីទូរសព្ទវីង និងធនាគារតាមអ៊ីនធើណិត។
    សេវាកម្មផ្ទេរប្រាក់នឹងត្រូវបែងចែកជា ០២ ប្រភេទ ៖ ការផ្ទេរប្រាក់អន្តរធនាគារក្នុងស្រុក និងក្រៅស្រុក។
    លោកអ្នកនឹងត្រូវតម្រូវឲ្យដាក់ពាក្យស្នើសុំផ្ទេរប្រាក់មកកាន់ធនាគារ វីង ប្រសិនបើលោកអ្នកមានបំណង ផ្ទេរប្រាក់ ហើយលោកអ្នកនឹងត្រូវអនុលោមទៅតាមថ្លៃសេវា និងការគិតថ្លៃ ដូចដែលកំណត់ដោយគោលការណ៍ផ្ទៃក្នុងរបស់យើង។
    បច្ចុប្បន្ន ធនាគារ វីងមានដៃគូសហការជាមួយភ្នាក់ងារទូទាត់អន្តរជាតិធំៗជាច្រើន ដូចជា ម៉ាស្ទ័រកាត (Mastercard) វីសា (Visa) អាលីផេរ (Alipay) វីឆាត (Wechat) វេស្ទើនយូញៀន (Western Union) ម៉ាន់នីក្រាម (MoneyGram) រៀរ (Ria) ត្រេងក្លូ (Tranglo) និងដៃគូទូទាត់ក្រៅស្រុកដទៃទៀត។

  • ៨. អត្រាការប្រាក់ ថ្លៃសេវា និងការគិតថ្លៃ

    ការប្រាក់ ថ្លៃសេវា ការគិតថ្លៃ និងការផាកពិន័យ (ប្រសិនបើមាន) ដែលធនាគារទូទាត់ឲ្យលោកអ្នក ឬពីលោកអ្នកទូទាត់មកឲ្យធនាគារ នឹងប្រែប្រួលទៅតាមផលិតផល និង/សេវាកម្មនីមួយៗ ដែលត្រូវ ផ្តល់ជូនលោកអ្នក ហើយនឹងត្រូវកំណត់នៅក្នុងកិច្ចព្រមព្រៀងជាក់លាក់សម្រាប់ផលិតផល និង/ឬសេវាកម្មទាំងនោះដែលនឹងត្រូវចងភ្ជាប់កាព្វកិច្ចចំពោះអ្នក។
    លោកអ្នកទទួលស្គាល់ថា លោកអ្នកបានដឹង និងយល់ថា នឹងមានអត្រាការប្រាក់ ថ្លៃសេវា ការគិតថ្លៃ និងការផាកពិន័យ (ប្រសិនបើមាន) ដែលអាចត្រូវបានអនុវត្ត ស្របតាមខចែង និងលក្ខខណ្ឌជាក់លាក់នៃផលិតផល និង/ឬសេវាកម្មដែលលោកអ្នកមានបំណងទទួលបានពីធនាគារ វីង។
    ព័ត៌មានទាក់ទងនឹងអត្រាការប្រាក់ ថ្លៃសេវា និងការគិតថ្លៃផ្សេងៗ ត្រូវបានកំណត់នៅក្នុងផលិតផល ឬសេវាកម្មនីមួយៗ និងអាចផ្តល់ជូនតាមការស្នើសុំ។ លោកអ្នកត្រូវបង់ការប្រាក់ ថ្លៃសេវា និងការគិតថ្លៃផ្សេងៗ ដែលត្រូវអនុវត្តចំពោះគណនី ផលិតផល ឬសេវាកម្មពីពេលមួយទៅពេលមួយ។ ធនាគារ វីងរក្សាសិទ្ធិក្នុងការផ្លាស់ប្តូរអត្រាការប្រាក់ ថ្លៃសេវា និងការគិតថ្លៃផ្សេងៗនៅពេលណាមួយ ផ្អែកតាមភាពចាំបាច់ ឬស្របតាមការអនុវត្តន៍ក្នុងទីផ្សារជាក់ស្តែង។ ក្នុងករណីនេះ លោកអ្នកទទួលស្គាល់ និងព្រមព្រៀងទទួលយកអត្រាការប្រាក់ ថ្លៃសេវា និងការគិតថ្លៃថ្មី ដែលនឹងត្រូវអនុវត្តចំពោះលោកអ្នក។ ប្រសិនបើលោកអ្នក មិនយល់ស្របជាមួយនឹងការផ្លាស់ប្តូរបែបនេះទេ លោកអ្នកអាចជ្រើសរើសមិនបន្តប្រើប្រាស់ផលិតផល និង/ឬសេវាកម្មនោះ និងត្រូវដោះស្រាយរាល់សិទ្ធិ និងកាតព្វកិច្ចដែលត្រូវបំពេញដោយលោកអ្នកចំពោះធនាគារ (ប្រសិនបើមាន) ដែលជាលទ្ធផលនៃការបញ្ចប់ (ឧទាហរណ៍ លោកអ្នក ត្រូវសងទៅធនាគារនូវប្រាក់ដើម ការប្រាក់ ការប្រាក់ពិន័យ និង/ឬថ្លៃសេវា ព្រមទាំងការគិតថ្លៃផ្សេងៗ ដែលត្រូវអនុវត្តចំពោះលោកអ្នក ក្នុងករណីដែលលោកអ្នកខ្ចីប្រាក់ពីធនាគារ)។

  • ៩. ការគ្រប់គ្រងការប្រឆាំងការសម្អាតប្រាក់ ការផ្តល់ហិរញ្ញប្បទានភេរវកម្ម និងទណ្ឌកម្ម

    យើងខ្ញុំមិនមានកាតព្វកិច្ចធ្វើ ឬមិនធ្វើសកម្មភាពណាមួយ ប្រសិនបើយើងយល់ឃើញថា សកម្មភាពនោះ អាចនាំឲ្យមានការបំពានច្បាប់ និងបទប្បញ្ញត្តិជាធរមានណាមួយស្តីពីការប្រឆាំង ការសម្អាតប្រាក់ ការប្រឆាំងការ ផ្តល់ហិរញ្ញប្បទានភេរវកម្ម ឬច្បាប់ពាក់ព័ន្ធនឹងការដាក់ទណ្ឌកម្មសេដ្ឋកិច្ច ឬពាណិជ្ជកម្មជាធរមាន ដែលយើងត្រូវអនុលោមតាម។
    លោកអ្នកគួរតែដឹងថា ប្រតិបត្តិការអាចត្រូវបានពន្យារពេល រារាំង បង្កក ឬបដិសេធ ក្នុងករណីដែលយើងមានហេតុផលសមរម្យដែលអាចជឿជាក់ថា ប្រតិបត្តិការទាំងនោះ បំពានច្បាប់ ឬទណ្ឌកម្មជាធរមាន (ឬច្បាប់ ឬទណ្ឌកម្មនៃប្រទេសណាមួយផ្សេងទៀត)។ នៅពេលដែលប្រតិបត្តិការ ត្រូវបានពន្យារពេល រារាំង បង្កក ឬបដិសេធ ធនាគារ និងធនាគារអន្តរការី មិនទទួលខុសត្រូវចំពោះការបាត់បង់ណាមួយដែលលោកអ្នកទទួលរង (រួមទាំងការបាត់បង់ជាបន្តបន្ទាប់) ដែលបង្កឡើងដោយមូលហេតុណាមួយក៏ដោយដែលពាក់ព័ន្ធនឹងផលិតផលប្រាក់បញ្ញើ។
    លោកអ្នកត្រូវតែផ្តល់ឲ្យធនាគារភ្លាមៗនូវព័ត៌មាន និងឯកសារទាំងអស់ដែលស្ថិតនៅក្នុងការកាន់កាប់ ការថែរក្សា ឬការគ្រប់គ្រងរបស់លោកអ្នក ស្របតាមការតម្រូវសមហេតុផលណាមួយរបស់ធនាគារ ដើម្បីឲ្យធនាគារអនុវត្តបានត្រឹមត្រូវតាមច្បាប់ និងបទប្បញ្ញត្តិជាធរមានណាមួយស្តីពីការប្រឆាំងការសម្អាតប្រាក់ ការប្រឆាំងហិរញ្ញប្បទានភេរវកម្ម ឬច្បាប់ពាក់ព័ន្ធនឹងការដាក់ទណ្ឌកម្មសេដ្ឋកិច្ច ឬពាណិជ្ជកម្ម ដែលត្រូវអនុវត្តចំពោះធនាគារ។
    លោកអ្នកយល់ព្រម និងអនុញ្ញាតឲ្យធនាគារ អាចបង្ហាញព័ត៌មាន និងឯកសារណាមួយពាក់ព័ន្ធនឹងលោកអ្នក និងគណនីរបស់លោកអ្នក ទៅកាន់អាជ្ញាធរណាមួយ តាមការតម្រូវពីច្បាប់ និងបទប្បញ្ញត្តិនានាជាធរមានដែលអនុវត្តចំពោះធនាគារ។
    លោកអ្នកយល់ព្រមអនុវត្តសិទ្ធិ និងកាតព្វកិច្ចរបស់អ្នកក្រោមខចែង និងលក្ខខណ្ឌនេះ ព្រមទាំងលក្ខខណ្ឌជាក់លាក់ណាមួយដែលពាក់ព័ន្ធ ដោយអនុលោមតាមច្បាប់ និងបទប្បញ្ញត្តិជាធរមានទាំងអស់ស្តីពីការប្រឆាំងការសម្អាតប្រាក់ ការផ្តល់ហិរញ្ញប្បទានភេរវកម្ម ឬច្បាប់ពាក់ព័ន្ធនឹងការដាក់ទណ្ឌកម្មសេដ្ឋកិច្ច ឬពាណិជ្ជកម្ម ដែលត្រូវអនុវត្តចំពោះធនាគារ។

  • ១០. ភាពរអាក់រអួលនៃសេវាកម្ម

    លោកអ្នកយល់ស្របថា ធនាគារនឹងមិនទទួលខុសត្រូវចំពោះការបាត់បង់ ឬការខូចខាតណាមួយឡើយ ប្រសិនបើធនាគារមិនអាចផ្តល់សេវាកម្មពាក់ព័ន្ធនឹងគណនីណាមួយរបស់លោកអ្នក ដោយសារ តែករណីប្រធានសក្តិ ការណែនាំ ឬការបញ្ជាមិនពេញលេញ ឬមិនត្រឹមត្រូវ ឬកំហុសណាមួយរបស់លោកអ្នកក្នុងការអនុវត្តន៍ការណែនាំ ឬការបញ្ជានោះ ឬការពន្យារពេល ការបាត់បង់ ការចំណាយ ឬការខូចខាតណាមួយដែលកើតឡើង ឬដែលលោកអ្នកទទួលរង ដែលជាលទ្ធផលនៃការមិនអាចផ្តល់ សេវាកម្មរបស់ធនាគារ។

  • ១១. គោលការណ៍ដោះស្រាយវិវាទ

    លោកអ្នកយល់ស្របថា បណ្តឹង ឬវិវាទណាមួយ ដែលកើតឡើងពាក់ព័ន្ធនឹងខចែង និងលក្ខខណ្ឌទាំងនេះ នឹងត្រូវបានដោះស្រាយ ដោយអនុលោមតាម គោលការណ៍ដោះស្រាយវិវាទ របស់ធនាគារ និងតាមច្បាប់ជាធរមាន។
    លោកអ្នកយល់ព្រមមិនឲ្យយើងខ្ញុំ និងក្រុមហ៊ុនញាតិសម្ព័ន្ធរបស់យើង ទទួលខុសត្រូវចំពោះព័ត៌មានណាមួយដែលមិនពិត ឬបំភ័ន្ត។ លោកអ្នកយល់ព្រមលើកលែង និងចេញសំណងដល់យើងខ្ញុំ (និងភ្នាក់ងារ ក្រុមហ៊ុនញាតិសម្ព័ន្ធ នាយក មន្រ្តី និងនិយោជិត) នូវរាល់ការតវ៉ា ការទាមទារ សកម្មភាព ដំណើរការនីតិវិធី ការចំណាយ និងការខូចខាត (រួមមានតែមិនកំណត់ត្រឹម ការខូចខាតជាក់ស្តែង ការខូចខាតពិសេស ការខូចខាតចៃដន្យ ឬការខូចខាតដែលជាផលវិបាកនៃបញ្ហានេះ) ដែលកើតចេញពី ឬ ពាក់ព័ន្ធនឹងវិវាទនេះ។

  • ១២. ការទទួលខុសត្រូវរបស់ធនាគារ

    លុះត្រាតែមានការធ្វេសប្រហែស ឬកំហុសដោយចេតនារបស់ធនាគារ ឬមន្ត្រី បុគ្គលិក ឬភ្នាក់ងារដែលទទួលបានការអនុញ្ញាតពីធនាគារ ធនាគារនឹងមិនទទួលខុសត្រូវចំពោះការបាត់បង់ ឬការខូចខាតណាមួយដែលកើតឡើងចំពោះលោកអ្នក ឬបុគ្គលណាមួយដែលជាលទ្ធផលនៃ៖
    (១) ការលុបចោលគណនីធនាគារទាំងអស់ ឬគណនីណាមួយរបស់លោកអ្នក (តាមករណីជាក់ស្តែង) ឬសេវាកម្មណាមួយ។ និង/ឬ
    (២) ការដក ឬការផ្អាកប្រតិបត្តិការណាមួយ ដែលលោកអ្នកបានផ្តួចផ្តើមឡើង ឬការបរាជ័យក្នុងការធ្វើឲ្យមានប្រសិទ្ធភាព ឬអនុវត្តបទបញ្ជា ឬការណែនាំណាមួយ ទោះបីជាការដក ឬការផ្អាកនោះ អាចកើតឡើង (ដោយផ្ទាល់ ឬដោយប្រយោល) ចំពោះកាលៈទេសៈ ឬព្រឹត្តិការណ៍ណាមួយ ដែលនៅក្រៅការគ្រប់គ្រងរបស់ធនាគារ។ និង/ឬ
    (៣) បរាជ័យផ្នែកមេកានិច អេឡិចត្រូនិក ឬបញ្ហាផ្សេងទៀត ដំណើរការខុសប្រក្រតី ការរំខាន ភាពមិនត្រឹមត្រូវ ឬមិនគ្រប់ជ្រុងជ្រោយនៃប្រព័ន្ធទូរគមនាគមន៍ និងប្រព័ន្ធកុំព្យូទ័រ ឬឧបករណ៍ផ្សេងទៀត ឬការតម្លើង ឬប្រតិបត្តិការរបស់ធនាគារ។ ការបញ្ជូនការណែនាំ ឬការបញ្ជារបស់លោកអ្នក មិនបានពេញលេញ ឬមិនត្រឹមត្រូវ ឬកំហុសណាមួយក្នុងការអនុវត្តការណែនាំ ឬការបញ្ជានោះ ឬការពន្យារ ការបាត់បង់ ការចំណាយ ឬការខូចខាតអ្វីក៏ដោយដែលកើតឡើងចំពោះលោកអ្នក ឬទទួលរងដោយលោកអ្នក ដែលជាលទ្ធផលនៃសកម្មភាពនោះ។ និង/ឬ
    (៤) ការពន្យារពេល ការរំខាន ឬការផ្អាកណាក៏ដោយ ដែលបង្កឡើងដោយតតិយជនណាមួយ រួមមានតែមិនកំហិតត្រឹម អ្នកផ្តល់សេវា ឬអ្នកផ្គត់ផ្គង់ឧបករណ៍ ដែលរំខាន ធ្វើឲ្យប៉ះពាល់ ឬរាំងស្ទះដល់ដំណើរការរបស់ធនាគារ។

  • ១៣. ឆន្ទានុសិទ្ធិរបស់ធនាគារ

    ធនាគាររក្សាសិទ្ធិក្នុងការកម្រិត ឬលុបចោលប្រតិបត្តិការរបស់លោកអ្នក ដោយគ្មានការជូនដំណឹងជាមុន និងដោយគ្មានការទទួលខុសត្រូវ ប្រសិនបើធនាគារសង្ស័យថា៖
    (១) ការចូលដំណើរការធនាគារ ការប្រើប្រាស់ឈ្មោះអ្នកប្រើប្រាស់ ឬពាក្យសម្ងាត់របស់លោកអ្នក អាចធ្វើឲ្យមានការបាត់បង់ចំពោះលោកអ្នក ឬធនាគារ។
    (២) ឯកសារដែលបានបង្ហាញ គឺមិនត្រឹមត្រូវ/ក្លែងក្លាយ បន្ទាប់ពីគណនីរបស់លោកអ្នកត្រូវបានបើក។
    (៣) ប្រព័ន្ធ ឬឧបករណ៍របស់ធនាគារដំណើរការខុសប្រក្រតី ឬមិនអាចប្រើបានសម្រាប់ការប្រើប្រាស់។
    (៤) ធនាគារបានរកឃើញថាសុវត្ថិភាពនៃគណនីរបស់លោកអ្នកមានហានិភ័យ។ ឬ
    (៥) ហេតុផលណាមួយ ដែលច្បាប់តម្រូវឲ្យធនាគារធ្វើដូច្នេះ។

  • ១៤. ការអះអាង និងការធានារបស់អ្នក

    លោកអ្នកអះអាង និងធានាថា ព័ត៌មានដែលលោកអ្នកបានផ្តល់ឲ្យគឺពិតប្រាកដ ច្បាស់លាស់ និងត្រឹមត្រូវនៅគ្រប់ទិដ្ឋភាពទាំងអស់សម្រាប់ធនាគារ វីង ដើម្បីដំណើរការ និងគ្រប់គ្រងការប្រើប្រាស់ និង/ឬការចូលប្រើប្រាស់សេវាកម្មធនាគាររបស់លោកអ្នក។ ការខកខានក្នុងការផ្តល់ព័ត៌មាន និងឯកសារពិតប្រាកដ ច្បាស់លាស់ និងត្រឹមត្រូវ គឺជាការទទួលខុសត្រូវផ្ទាល់ខ្លួនរបស់លោកអ្នកតែម្នាក់គត់។ ប្រសិនបើព័ត៌មានរបស់លោកអ្នក ដែលផ្តល់ទៅឲ្យធនាគារ វីង មិនមានសុពលភាពទៀតទេ លោកអ្នកអាចស្នើសុំទៅធនាគារ វីង ដើម្បីកែសម្រួលព័ត៌មានទាំងនោះ ពីពេលមួយទៅពេលមួយ តាមរយៈបណ្តាញដែលមាន។

  • ១៥. ការទទួលខុសត្រូវរបស់លោកអ្នក

    លោកអ្នកត្រូវទទួលខុសត្រូវចំពោះការបាត់បង់ណាមួយ ដែលទទួលរងដោយយើងខ្ញុំ (រួមទាំងការបាត់បង់ជាផលវិបាក) ដែលបណ្តាលមកពីការណែនាំរបស់លោកអ្នក ការក្លែងបន្លំ ការធ្វេសប្រហែស ឬការបំពានលើខចែង និងលក្ខខណ្ឌជាក់លាក់ ទាក់ទងនឹងការប្រើប្រាស់ផលិតផល ឬសេវាកម្មរបស់ធនាគាររបស់លោកអ្នក។
    លោកអ្នកយល់ព្រមក្នុងការចេញសំណង និងការពារធនាគារប្រឆាំងនឹងបណ្តឹងទាមទារ ឬការខូចខាតពីភាគីណាមួយដែលកើតចេញ ឬពាក់ព័ន្ធនឹងការប្រើប្រាស់របស់លោកអ្នកលើផលិតផល ឬសេវាកម្មណាមួយរបស់ធនាគារ។ លោកអ្នកត្រូវចេញសំណងដល់ធនាគារភ្លាមៗ សម្រាប់ចំនួនទឹកប្រាក់ណាមួយដែលទាមទារដោយធនាគារ ដែលធនាគារត្រូវទទួលខុសត្រូវ ដោយសារតែការធ្វេសប្រហែសរបស់លោកអ្នក ឬការប្រើប្រាស់របស់លោកអ្នកលើផលិតផល ឬសេវាកម្មណាមួយរបស់ធនាគារ។

  • ១៦. ការយល់ព្រមរបស់លោកអ្នក

    ១៦.១ ការយល់ព្រមក្នុងការបង្កកសមតុល្យ និង/ឬ គណនី

    លោកអ្នកអនុញ្ញាត និងយល់ព្រមឲ្យធនាគារបង្កកមូលនិធិ និង/ឬគណនីរបស់លោកអ្នក ប្រសិនបើធនាគារបានរកឃើញថា៖

    (១) លោកអ្នកទទួលបានចំនួនទឹកប្រាក់ដែលមិនត្រូវទទួលបាន បន្ទាប់ពីធនាគារបានទទួលពាក្យបណ្តឹងពីអ្នកផ្ទេរប្រាក់។
    (២) គណនីរបស់លោកអ្នក ត្រូវបានគេជឿថា ជាគណនីសង្ស័យ ឬជាប់ពាក់ព័ន្ធនឹងការសម្អាតប្រាក់ ឬអំពើឧក្រិដ្ឋណាមួយ។
    (៣) ធនាគារទទួលបានការណែនាំពីតុលាការ ឬអាជ្ញាធរមានសមត្ថកិច្ច ឲ្យបង្កកសមតុល្យ និង/ឬគណនីរបស់លោកអ្នក។ និង
    (៤) ករណីផ្សេងទៀតតាមការអនុញ្ញាតដោយច្បាប់ និងបទប្បញ្ញត្តិជាធរមាន។
    ១៦.២ ការយល់ព្រមឲ្យបង្វិលទឹកប្រាក់ត្រឡប់

    លោកអ្នកផ្តល់សិទ្ធិ និងយល់ព្រមឲ្យធនាគារបង្វិលទឹកប្រាក់នៅក្នុងគណនីធនាគាររបស់លោកអ្នកត្រឡប់វិញ ប្រសិនបើធនាគារបានរកឃើញថា លោកអ្នកទទួលបានចំនួនទឹកប្រាក់ដែលមិនត្រូវទទួលបាន និងបន្ទាប់ពីធនាគារបានទទួលពាក្យបណ្តឹងពីអ្នកផ្ទេរប្រាក់ ដោយធនាគារនឹងធ្វើការជូនដំណឹងជាមុនដល់លោកអ្នក។

    ១៦.៣ ការកាត់ប្រាក់ចេញពីគណនី

    លោកអ្នកផ្តល់សិទ្ធិ និងយល់ព្រមឲ្យធនាគារកាត់ ឬដកប្រាក់របស់លោកអ្នកដោយស្វ័យប្រវត្តិចេញពីគណនីណាមួយរបស់លោកអ្នកដែលមាននៅធនាគារ រួមទាំងគណនីសន្សំ គណនីចរន្ត គណនីប្រាក់បញ្ញើមានកាលកំណត់ ឬគណនីផ្សេងទៀតដែលបានបើកជាមួយធនាគារ ដោយគ្មានការជូនដំណឹង ឬការយល់ព្រមពីលោកអ្នក ដើម្បីអនុវត្តកាតព្វកិច្ចរបស់លោកអ្នក រួមទាំងការសងប្រាក់ដើម ការទូទាត់ការប្រាក់ ថ្លៃសេវា ការគិតថ្លៃ បុព្វលាភធានារ៉ាប់រង និងចំនួនទឹកប្រាក់ផ្សេងទៀត ដែលអ្នកត្រូវបង់ទៅធនាគារ។

    ១៦.៤ ព្រឹត្តិការណ៍មិនច្បាស់លាស់សម្រាប់ការទទួលបាន ឬការបាត់បង់ក្នុងប្រតិបត្តិការ

    វាអាចមានកាលៈទេសៈដែលប្រព័ន្ធបរាជ័យ ឬមានកំហុស ដែលកើតឡើងដោយសារព្រឹត្តិការណ៍មិនច្បាស់លាស់ ដោយសារលក្ខណៈនៃការផ្តល់សេវាជាទូទៅ។ លោកអ្នកមានឆន្ទៈក្នុងការសហការជាមួយធនាគារ និងអនុវត្តតាមនីតិវិធីជាធរមានរបស់ធនាគារ និងគោលការណ៍នៃច្បាប់ជាធរមានសម្រាប់ដំណោះស្រាយ ដោយមិនធ្វើឲ្យប៉ះពាល់ដល់ផលប្រយោជន៍របស់ភាគីផ្សេងទៀត។ លោកអ្នកទទួលស្គាល់ និងយល់ព្រមឲ្យធនាគារកាត់ និងធ្វើការទូទាត់ ដោយមិនចាំបាច់ទទួលបានការយល់ព្រមពីលោកអ្នកលើការទទួលបាន ឬបាត់បង់ដែលកើតឡើងដោយសារការបរាជ័យនៃប្រព័ន្ធធនាគារ ឬកំហុសដែលបង្កឡើងដោយមនុស្ស។

    ១៦.៥ ការរាយការណ៍

    លោកអ្នកទទួលស្គាល់ និងព្រមព្រៀងថា ធនាគារមានកាតព្វកិច្ចរាយការណ៍អំពីសាវតា និងព័ត៌មានគណនីរបស់លោកអ្នកទៅកាន់ធនាគារជាតិនៃកម្ពុជា និងអាជ្ញាធរផ្សេងទៀត ក្រោមច្បាប់ និងបទប្បញ្ញត្តិជាធរមានរបស់កម្ពុជា រួមមាន អគ្គនាយកដ្ឋានពន្ធដារ ក្រសួងយុត្តិធម៌ តុលាការនៃព្រះរាជាណាចក្រកម្ពុជា និងអាជ្ញាធរចំណូលផ្ទៃក្នុង ស្របទៅតាមច្បាប់ស្តីពីអនុលោមភាពពន្ធចំពោះគណនីក្រៅប្រទេសរបស់អាមេរិក “FATCA”។

  • ១៧. ប្រតិបត្តិការដែលគ្មានការអនុញ្ញាត

    លោកអ្នកយល់ព្រមថា លោកអ្នកនឹងទទួលខុសត្រូវចំពោះប្រតិបត្តិការដែលមិនមានការអនុញ្ញាតណាមួយដែលផ្តួចផ្តើមនៅក្រោមឈ្មោះរបស់លោកអ្នក ហើយលោកអ្នកព្រមព្រៀងឲ្យធនាគាររួចផុតពីការទទួលខុសត្រូវទាំងអស់ ដែលអាចកើតឡើងដោយសារប្រតិបត្តិការដែលគ្មានការអនុញ្ញាតរបស់លោកអ្នក។

  • ១៨. អត្រាប្តូរប្រាក់

    នៅក្នុងប្រតិបត្តិការធនាគារ យើងអាចទទួលបានចំនួនទឹកប្រាក់ជារូបិយប័ណ្ណផ្សេងសម្រាប់ឥណទាន ឬឥណពន្ធចេញពីគណនីរបស់លោកអ្នក (រួមទាំងការផ្ទេរតាមទូរលេខ ឬមូលប្បទានប័ត្រដែលសរសេរជារូបិយប័ណ្ណបរទេស)។ ក្នុងន័យនេះ យើងនឹងបំលែងចំនួនទឹកប្រាក់ជារូបិយប័ណ្ណផ្សេងៗទៅជារូបិយប័ណ្ណដូចគ្នានៃគណនីរបស់លោកអ្នក ដោយប្រើអត្រាប្តូរប្រាក់លក់រាយ សម្រាប់ ថ្ងៃនោះ។ អត្រាប្តូរប្រាក់ដែលផ្តល់ដោយធនាគារសម្រាប់ប្រតិបត្តិការណាមួយ នឹងត្រូវទទួលឥទ្ធិពលពីកត្តាមួយចំនួនដូចជា បណ្តាញដែលបានប្រើប្រាស់ រូបិយប័ណ្ណប្រតិបត្តិការ ចំនួនទឹកប្រាក់ កាលបរិច្ឆេទ និងពេលវេលាដែលប្រតិបត្តិការត្រូវបានផ្តួចផ្តើម និងលក្ខខណ្ឌទីផ្សារដែលកំពុងមាន។ ដោយពិចារណាលើកត្តាទាំងអស់នេះ លោកអ្នកយល់ព្រមទិញ ឬលក់រូបិយប័ណ្ណផ្សេង ហើយទទួលយកអត្រាប្តូរប្រាក់ដែលបានផ្តល់ឲ្យដោយធនាគារសម្រាប់ប្រតិបត្តិការបែបនេះ។

  • ១៩. វិសោធនកម្មនៃខចែង និងលក្ខខណ្ឌ

    លើកលែងតែមានការចែងជាក់លាក់នៅក្នុងខចែង និងលក្ខខណ្ឌនេះ ធនាគាររក្សាសិទ្ធិក្នុងការកែប្រែ ផ្លាស់ប្តូរ កែសម្រួល បន្ថែម ឬដកចេញផ្នែកណាមួយនៃខចែង និងលក្ខខណ្ឌទាំងនេះនៅពេលណាមួយ ហើយវិសោធនកម្មនេះនឹងមានប្រសិទ្ធភាពភ្លាមៗ នៅពេលបង្ហោះនៅលើគេហទំព័ររបស់ធនាគារ និងបណ្តាញផ្សេងៗដែលពាក់ព័ន្ធដែលធនាគារយល់ថាសមស្រប។ លោកអ្នកមានទំនួលខុសត្រូវក្នុងការត្រួតពិនិត្យខចែង និងលក្ខខណ្ឌទាំងនេះជាទៀងទាត់ ដើម្បីទទួលបានការជូនដំណឹងអំពីបច្ចុប្បន្នភាព។ តាមរយៈការបន្តប្រើប្រាស់ផលិតផល និងសេវាកម្មរបស់យើងខ្ញុំ បន្ទាប់ពីវិសោធនកម្មនេះត្រូវបានបង្ហោះ លោកអ្នកត្រូវបានសន្មត់ថាយល់ព្រមចំពោះវិសោធនកម្មនេះ។

  • ២០. ច្បាប់គ្រប់គ្រង និងយុត្តាធិការ

    ២០.១ ច្បាប់គ្រប់គ្រង

    ខចែង និងលក្ខខណ្ឌទាំងនេះ ត្រូវបានគ្រប់គ្រង និងបកស្រាយស្របតាមច្បាប់នៃព្រះរាជា ណាចក្រកម្ពុជា។

    ២០.២ ការដោះស្រាយវិវាទ

    វិវាទណាមួយដែលកើតចេញពី ឬពាក់ព័ន្ធនឹងខចែង និងលក្ខខណ្ឌទាំងនេះ នឹងត្រូវដោះស្រាយដោយសន្តិវិធី ស្របតាម គោលការណ៍ដោះស្រាយវិវាទ របស់ធនាគារ និងតាមច្បាប់ជាធរមាន។ ប្រសិនបើភាគីមិនអាចស្វែងរកដំណោះស្រាយ បន្ទាប់ពីបញ្ចប់យន្តការដោះស្រាយវិវាទ ក្រោមគោលនយោបាយដោះស្រាយវិវាទ របស់ធនាគារ និងតាមច្បាប់ជាធរមាន វិវាទណាមួយដែលកើតឡើងពី ឬពាក់ព័ន្ធនឹងខចែង និងលក្ខខណ្ឌនេះ រួមទាំងវិវាទពាក់ព័ន្ធនឹងអត្ថិភាព សុពលភាព ការអនុវត្ត ឬការបញ្ចប់របស់ខចែង និងលក្ខខណ្ឌនេះ នឹងត្រូវបញ្ជូនទៅ និងដោះស្រាយជាចុងក្រោយដោយមជ្ឈត្តកម្មដែលគ្រប់គ្រងដោយមជ្ឈមណ្ឌលជាតិនៃមជ្ឈត្តការពាណិជ្ជកម្មជាតិនៃព្រះរាជាណាចក្រកម្ពុជា ដោយអនុលោមតាមវិធានរបស់មជ្ឈមណ្ឌលជាតិនៃមជ្ឈត្តការផ្នែកពាណិជ្ជកម្ម (NCAC Arbitration Rules) ដែលមានជាធរមាននៅពេលចាប់ផ្តើមមជ្ឈត្តកម្ម និង ដោយយោងតាមប្រការនេះ វិធានរបស់មជ្ឈមណ្ឌលជាតិនៃមជ្ឈត្តការផ្នែកពាណិជ្ជកម្ម ត្រូវបានចាត់ទុកថាជាផ្នែកនៃខចែង និងលក្ខខណ្ឌនេះ។
    អាសនៈរបស់មជ្ឈត្តការ គឺស្ថិតនៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា។ អង្គជំនុំជម្រះ ត្រូវមាន មជ្ឈត្តករ ១ (មួយ) នាក់។ ភាសានៃមជ្ឈត្តកម្ម ត្រូវជាភាសាខ្មែរ។

  • ២១. ការជូនដំណឹង

    រាល់ការជូនដំណឹង ឬ ការប្រាស្រ័យទាក់ទងណាមួយ មានសុពលភាពចាប់ពីពេលដែលវាត្រូវបានទទួល ឬចាត់ទុកថាត្រូវបានទទួល លុះត្រាតែមានការបញ្ជាក់កាលបរិច្ឆេទសុពលភាពនៅពេលក្រោយ។ រាល់ការជូនដំណឹង ឬការទំនាក់ទំនងណាមួយ ត្រូវបានចាត់ទុកថាត្រូវបានទទួល៖

    (១) ប្រសិនបើត្រូវបានបង្ហោះនៅលើគេហទំព័ររបស់ធនាគារ ឬផ្តល់ជូនតាមរយៈមធ្យោបាយទំនាក់ទំនងផ្សេងទៀតដែលធនាគារចាត់ទុកថាសមស្រប។
    (២) នៅថ្ងៃដែលបានប្រគល់ជូន ប្រសិនបើធ្វើជាលាយលក្ខណ៍អក្សរ និងប្រគល់ជូនដោយផ្ទាល់ ឬដោយអ្នករត់សំបុត្រ ។
    (៣) រយៈពេលបីថ្ងៃធ្វើការ បន្ទាប់ពីពេលផ្ញើ (ឬប្រាំពីរថ្ងៃធ្វើការបន្ទាប់ពីពេលផ្ញើ ប្រសិនបើផ្ញើពីប្រទេសមួយទៅប្រទេសមួយទៀត) ប្រសិនបើផ្ញើតាមរយៈប្រៃសណីយ៍។
    (៤) ប្រសិនបើផ្ញើតាមរយៈទូរសារ គឺនៅពេលដែលបង្ហាញក្នុងរបាយការណ៍បញ្ជូនដែលជាពេលវេលាដែលទូរសារទាំងមូលត្រូវបានផ្ញើ ។ ឬ
    (៥) ប្រសិនបើផ្ញើតាមអ៊ីម៉ែល៖
    ក. នៅពេលដែលអ្នកផ្ញើទទួលបានសារដោយស្វ័យប្រវត្តិដែលបញ្ជាក់ពីការបញ្ចូន ឬ
    ខ. រយៈពេលបួនម៉ោង បន្ទាប់ពីពេលដែលអ៊ីម៉ែលត្រូវបានផ្ញើ (ដូចដែលបានកត់ត្រានៅលើឧបករណ៍ដែលអ្នកផ្ញើបានផ្ញើអ៊ីម៉ែល) ដោយយោងតាមករណីណាមួយដែលកើតឡើងមុន លុះត្រាតែអ្នកផ្ញើទទួលបានសារដោយស្វ័យប្រវត្តិ ដែលបញ្ជាក់ថាអ៊ីម៉ែលមិនត្រូវបានបញ្ជូន។
  • ២២. ព័ត៌មានទំនាក់ទំនង

    បើមានបញ្ហាណាមួយ ឬក្នុងករណីស្នើសុំព័ត៌មានណាមួយពីធនាគារ សូមទាក់ទងទៅកាន់៖

    ធនាគារ វីង (ខេមបូឌា) ម.ក

    អគារលេខ ៧២១ មហាវិថីព្រះមុនីវង្ស សង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ

    អ៊ីម៉ែល៖ care.centre@wingbank.com.kh

    លេខទូរសព្ទ៖ +៨៥៥ ២៣ ៩៩៩ ៩៨៩

  • ២៣. ការបញ្ចប់ខចែង និងលក្ខខណ្ឌ

    ធនាគារត្រូវបញ្ឈប់ផលិតផល និង/ឬសេវាកម្មដែលប្រើប្រាស់ដោយអតិថិជន បន្ទាប់ពីបានទទួលការជូនដំណឹងអំពីការបញ្ឈប់ពីអតិថិជន លើកលែងតែមានចែងផ្សេងពីនេះនៅក្នុងខចែង និងលក្ខខណ្ឌជាក់លាក់នៃសេវាកម្មរបស់ធនាគារ ឬការជូនដំណឹង ឬការបញ្ជាក់ផ្សេងដោយធនាគារ។ ប្រសិនបើអតិថិជននៅតែបន្តប្រើប្រាស់សេវាកម្ម នោះអតិថិជនព្រមព្រៀងថា នឹងនៅតែគោរពតាមខចែង និងលក្ខខណ្ឌនេះ។

  • ២៤. អនុប្បទាន

    លោកអ្នកមិនធ្វើត្រូវអនុប្បទាន ប្រគល់ ឬផ្ទេរសិទ្ធិ និងកាតព្វកិច្ចរបស់លោកអ្នក នៅក្រោមខចែង និងលក្ខខណ្ឌនេះ ទោះជាទាំងស្រុង ឬដោយផ្នែក តាមមធ្យោបាយណាមួយក៏ដោយ ដោយគ្មានការយល់ព្រមជាលាយលក្ខណ៍អក្សរជាមុនពីធនាគារឡើយ។ លោកអ្នកយល់ព្រមថា ធនាគារអាចធ្វើអនុប្បទាន តាមមធ្យោបាយណាមួយនូវសិទ្ធិ និងកាតព្វកិច្ចរបស់ធនាគារទៅឲ្យអនុប្បទាយី ឬអ្នកទទួលសិទ្ធិណាមួយ ហើយលោកអ្នកយល់ព្រមថា ៖
    (១) លោកអ្នកត្រូវផ្តល់ហត្ថលេខាលើឯកសារទាំងនោះតាមការចាំបាច់ ដើម្បីផ្តល់ការអនុញ្ញាតដល់ការផ្ទេរនោះ និងចូលរួមជាភាគីនៃកិច្ចសន្យាជាមួយអនុប្បទាយី ឬអ្នកទទួលសិទ្ធិ។
    (២) ក្នុងករណីដែលមានការអនុប្បទានទៅឲ្យបុគ្គលណាម្នាក់ដោយធនាគារ នោះអ្នកត្រូវបានភ្ជាប់កាតព្វកិច្ចដាច់ដោយឡែកជាមួយអនុប្បទាយី ឬអ្នកទទួលសិទ្ធិ ពាក់ព័ន្ធនឹងបញ្ហាណាមួយដូចដែលមានចែងនៅក្រោមខចែង និងលក្ខខណ្ឌនេះ។

  • ២៥. ពន្ធ

    លោកអ្នកត្រូវតែអនុវត្តតាមកាតព្វកិច្ចបង់ពន្ធរបស់អ្នកទាំងអស់ ដែលទាក់ទងនឹងប្រតិបត្តិការនៃការបើកគណនី និងការថែទាំគណនីនោះ និងទាក់ទងទៅនឹងការប្រើប្រាស់ផលិតផល ឬសេវាកម្ម ដែលរួមមានថ្លៃសេវាផ្លូវច្បាប់ ព្រមទាំងការទូទាត់ការបង់ពន្ធលើទ្រព្យសម្បត្តិដែលកាន់កាប់ដោយធនាគារ។ ធនាគារអាចកាត់សមតុល្យពីគណនីរបស់លោកអ្នកតាមការចាំបាច់ ដើម្បីរក្សាទុក ឬបង់ពន្ធជូនអាជ្ញាធរពន្ធដារ ឬសម្រាប់ការអនុវត្តខចែង និងលក្ខខណ្ឌនេះ។ សម្រាប់ការទូទាត់ណាមួយដែលត្រូវបង់ពីលោកអ្នកទៅធនាគារ លោកអ្នកធានាថា ធនាគារនឹងទទួលបានការទូទាត់ ដែលមិនមានការប៉ះពាល់ដោយការកាត់ពន្ធ។ ម្យ៉ាងវិញទៀត ធនាគារមិនមានកាតព្វកិច្ចផ្តល់ថ្លៃសេវាបន្ថែម ដើម្បីរ៉ាប់រងការកាត់ពន្ធសម្រាប់ការទូទាត់ណាមួយដែលលោកអ្នកត្រូវបង់ឡើយ។

  • ២៦. ការយកចិត្តទុកដាក់ស្គាល់អតិថិជន

    ប្រសិនបើច្បាប់ណាមួយតម្រូវឲ្យលោកអ្នកអនុវត្តតាមការយកចិត្តទុកដាក់ស្គាល់អតិថិជន“KYC” ឬនីតិវិធីពាក់ព័ន្ធនឹងការកំណត់អត្តសញ្ញាណ លោកអ្នកត្រូវ (ដោយមានការស្នើសុំជាលាយលក្ខណ៍អក្សរ) ផ្តល់ឲ្យធនាគារនូវព័ត៌មាន ឬឯកសារដូចដែលបានស្នើសុំ ដើម្បីអនុវត្ត និងបំពេញតាម KYC ឬនីតិវិធីពាក់ព័ន្ធនឹងការកំណត់អត្តសញ្ញាណនេះ។ លោកអ្នកមានកាតព្វកិច្ចត្រូវជូនដំណឹងទៅធនាគារឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន នៅពេលដែលមានការធ្វើបច្ចុប្បនភាពព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក ហើយលោកអ្នកយល់ព្រមថា ការខកខានក្នុងការផ្តល់នូវបច្ចុប្បន្នភាពនេះ អាចបណ្តាលឲ្យធនាគារមិនអាចរក្សាទុកព័ត៌មានបច្ចុប្បន្នរបស់លោកអ្នកនៅក្នុងប្រព័ន្ធធនាគារ ដែលតម្រូវដោយច្បាប់ជាធរមាន ដែលអាចបណ្តាលឲ្យមានការរអាក់រអួលដោយផ្នែក ឬទាំងស្រុងក្នុងអំឡុងពេលលោកអ្នកប្រើប្រាស់សេវាកម្មរបស់ធនាគារ ។

  • ២៧. សុវត្ថិភាពគណនី

    លោកអ្នក ត្រូវរក្សាទុកនូវលេខសម្ងាត់ លេខកូដ (PIN) និង លេខសម្គាល់អ្នកប្រើប្រាស់ជាការសម្ងាត់ និងមានសុវត្ថិភាពដោយ៖
    (១) មិនត្រូវបញ្ចេញនូវលេខសម្ងាត់ លេខកូដ (PIN) និង លេខសម្គាល់អ្នកប្រើប្រាស់ទៅកាន់នរណាម្នាក់ឡើយ។
    (២) មិនត្រូវឲ្យនរណាម្នាក់មើលឃើញការបញ្ចូលលេខសម្ងាត់ លេខកូដ (PIN) និងលេខសម្គាល់អ្នកប្រើប្រាស់របស់លោកអ្នកឡើយ។
    (៣) ត្រូវចងចាំនូវលេខសម្ងាត់ លេខកូដ (PIN) និង លេខសម្គាល់អ្នកប្រើប្រាស់ និងដោយមិនត្រូវកត់ត្រាទុកនូវលេខសម្ងាត់ទាំងនេះនៅកន្លែងណាផ្សេងឡើយ។
    (៤) មិនត្រូវជ្រើសរើសលេខសម្ងាត់ ឬលេខកូដ (PIN) ដែលងាយធ្វើការកត់សម្គាល់ជាមួយលោកអ្នកឡើយ ឧទាហរណ៍ដូចជា ថ្ងៃកំណើត ស្លាកលេខឡាន លេខទូរសព្ទ ឬឈ្មោះឡើយ។
    (៥) ប្រសិនបើលេខសម្ងាត់ និង/ឬលេខកូដ (PIN) ត្រូវបានបង្ហាញ ឬសង្ស័យថាត្រូវបានបង្ហាញទៅកាន់បុគ្គលណាម្នាក់ លោកអ្នកត្រូវប្ដូរលេខសម្ងាត់ និង/ឬលេខកូដ (PIN) នោះភ្លាម ដើម្បីការពារផលប្រយោជន៍របស់លោកអ្នក។ ធនាគារ វីងនឹងមិនទទួលខុសត្រូវ ឬទទួលបន្ទុកចំពោះការបាត់បង់ ឬការខូចខាតណាមួយដែលបណ្ដាលមកពីហេតុការណ៍ទាំងនោះឡើយ។
    (៦) ប្រសិនបើជឿជាក់ថា មានបុគ្គលណាម្នាក់បានធ្វើការផ្ទេរប្រាក់ ឬអាចនឹងធ្វើការផ្ទេរប្រាក់ចេញពីគណនីរបស់លោកអ្នកដោយគ្មានការអនុញ្ញាតពីលោកអ្នក សូមធ្វើការទាក់ទងមកយើងខ្ញុំភ្លាមដើម្បីឲ្យយើងខ្ញុំជួយលោកអ្នក ក្នុងការផ្អាកគណនីរបស់លោកអ្នកជាបណ្ដោះអាសន្នពីប្រតិបត្តិការបន្ថែមទៀត ហើយធ្វើការស៊ើបអង្កេតអំពីករណីនោះ។

  • ២៨. ឯកជនភាព និងការសម្ងាត់

    ការរក្សាព័ត៌មានរបស់លោកអ្នកជាឯកជន និងសម្ងាត់ គឺជាគោលការណ៍ស្នូលនៃគោលការណ៍របស់ធនាគារ។ ធនាគារប្តេជ្ញាថានឹងខិតខំប្រឹងប្រែងអស់ពីសមត្ថភាព ដើម្បីធានាថាមូលនិធិ និងទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកមិនមានការប៉ះពាល់ ហើយប្រតិបត្តិការទាំងអស់នៅតែរក្សាភាពឯកជន។ គោលការណ៍ឯកជនភាពនេះអាចរកបានតាមរយៈគេហទំព័ររបស់ធនាគារ។ ទោះបីជាមានការប្តេជ្ញាចិត្តនេះក៏ដោយ លោកអ្នកយល់យ៉ាងច្បាស់ថា ឯកជនភាព និងការសម្ងាត់របស់លោកអ្នក អាចនឹងមិនត្រូវបានរក្សាទុកនៅគ្រប់ពេលវេលាឡើយ ហើយដែលធនាគារមិនទទួលខុសត្រូវក្នុងការផ្តល់សំណងនោះទេ។ ធនាគារនឹងប្រើការខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ដើម្បីធានាថា មិនមានការចូលប្រើប្រាស់ដោយគ្មានការអនុញ្ញាតតាមអ៊ីនធើរណិត ចំពោះព័ត៌មានដែលរក្សាទុកក្នុងប្រព័ន្ធធនាគារ។ ទោះជាយ៉ាងណាក៏ដោយ ធនាគារនឹងមិនទទួលខុសត្រូវចំពោះសុវត្ថិភាពនៃព័ត៌មានណាមួយ ដែលលោកអ្នកបញ្ចូលទៅក្នុងប្រព័ន្ធធនាគារតាមអ៊ីនធើណិត តាមរយៈមធ្យោបាយណាមួយរបស់លោកអ្នក ដោយប្រើសេវាធនាគារចល័ត ឬសេវាធនាគារតាមអ៊ីនធើណិត ក្នុងករណីប្រធានសក្តិ ឬករណីដែលសកម្មភាពនោះមិនមែនជារបស់ធនាគារ។ ដូច្នេះ លោកអ្នកទទួលស្គាល់ និងទទួលយកហានិភ័យនៃការជ្រៀតចូលនៃភាគីដែលគ្មានការអនុញ្ញាត ចំពោះព័ត៌មានដែលមាននៅក្នុងប្រព័ន្ធធនាគារអេឡិចត្រូនិក។ លោកអ្នកធានាមិនឲ្យធនាគារទទួលខុសត្រូវចំពោះការចូលប្រើដោយគ្មានការអនុញ្ញាត ឬការបាត់បង់ ឬការខូចខាតណាមួយដែលបណ្តាលមកពីបញ្ហានេះ។