អង្គការមូលនិធិកុមារកម្ពុជា និងធនាគារ វីង សហការជួយក្មេងស្រីក្នុងការអប់រំស្ទែម(STEM)

មីនា 6, 2025

កម្មវិធីអប់រំ STEM សម្រាប់ក្មេងស្រីត្រូវបានដាក់ឱ្យដំណើរការក្រោមភាពជាដៃគូថ្មីមួយ ដើម្បីផ្តល់ឱកាសឱ្យយុវជនកម្ពុជាដែលមានជីវភាពខ្វះខាត និងងាយរងគ្រោះទទួលបាននូវឱកាសសិក្សានូវមុខវិជ្ជា វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា។

ក្នុងឱកាសប្រារព្ធទិវាអន្តរជាតិនារី អង្គការមូលនិធិកុមារកម្ពុជា (ស៊ីស៊ីអេហ្វ) និងធនាគារ វីង បានចាប់ដៃសហការគ្នា ដើម្បីជួយ​ទៅដល់ក្មេងស្រីដែលរស់នៅក្នុងសហគមន៍ដែលមានជីវភាពលំបាកនៅក្នុងប្រទេសកម្ពុជា។ កម្មវិធីអប់រំ STEM ដែលទើបត្រូវបានដាក់ឱ្យដំណើរការឡើងដោយសារភាពជាដៃគូនេះ គឺមានគោលបំណងជួយទៅដល់ក្មេងស្រីមកពីគ្រួសារដែលមានភាពខ្វះខាតឱ្យ​ទទួលបាននូវការសិក្សាមុខវិជ្ជាសំខាន់ៗដូចជា៖  វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា ឬហៅកាត់ថា STEM ព្រមទាំងឱកាសហាត់ការដើម្បីជួយតម្រង់ទិសអនាគត​អាជីពការងារស្របតាមចំណេះជំនាញរបស់ពួកគេ។

ធនាគារ វីង ដែលជាធនាគារឌីជីថលរីកចម្រើនយ៉ាងឆាប់រហ័សមួយនៅកម្ពុជា បានបរិច្ចាគមូលនិធិសប្បុរសធម៌ចំនួន 72,807ដុល្លារអាមេរិក ដើម្បីឧបត្ថម្ភកម្មវិធីអប់រំ STEM នៅសាលាTomorrow Academy របស់អង្គការស៊ីស៊ីអេហ្វ ដោយមានសិស្សានុសិស្ស​ចំនួន 138នាក់ ក្នុងនោះ 88 នាក់គឺជាក្មេងស្រី។ សាលា Tomorrow Academy មានទីតាំងស្ថិតនៅជិតតំបន់អតីតចាក់សំរាមស្ទឹងមានជ័យ ជា​កន្លែង​ផ្តល់​ការអប់រំ​ដែល​ចាំបាច់​ដល់​កុមារ​ក្នុង​តំបន់នោះដើម្បីឱ្យពួកគេអាចទទួលបាននូវចំណេះដឹង និង​ឱកាស​ការងារ​ល្អៗ​នា​ពេល​អនាគត​ដែល​ពួកគេ​មិន​ដែល​ស្រមៃ​ថា​នឹង​អាច​កើត​ឡើង​ក្នុង​ជីវិត​ពួកគេ​ឡើយ។

ថវិកាបរិច្ចាគពីធនាគារ វីង នឹងត្រូវបានចំណាយទិញកុំព្យូទ័រថ្មីចំនួន 33 គ្រឿងដោយបំពាក់នូវបច្ចេកវិទ្យាចុងក្រោយដែលជាតម្រូវការចាំបាច់សម្រាប់​កម្ម​វីធី​សិក្សា​​ទំនើបអនុញ្ញាត​ឱ្យ​សិស្ស​ទាំង​អស់នៅសាលា Tomorrow Academy អាចអនុវត្តឧបករណ៍ឌីជីថល ដែលពួកគេត្រូវការដើម្បីរីកចម្រើនក្នុងការសិក្សា និងបន្តអាជីពនៅក្នុងវិស័យSTEM ដែល​កំពុងរីកចម្រើនយ៉ាងឆាប់រហ័ស។

បន្ថែមពីនេះទៅទៀតសិស្សនិស្សិត​មហាវិទ្យាល័យដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់អង្គការស៊ីស៊ីអេហ្វចំនួន 10 នាក់ នឹងត្រូវបានជ្រើសរើសជារៀងរាល់ឆ្នាំឱ្យចូលមកហាត់ការនៅធនាគារ វីង ដើម្បីឱ្យពួកគេទទួលបានបទពិសោធន៏ផ្ទាល់ និងទំនុកបម្រុងថវិកាខ្លះនៅក្នុងភាពជាដៃគូរយ:ពេល3 ឆ្នាំនេះ​។

លោក Scott Nesson ស្ថាបនិក និងនាយកប្រតិបត្តិ អង្គការស៊ីស៊ីអេហ្វ បានមានប្រសាសន៏ថា៖“​ការ​ផ្តល់​សិទ្ធិ​អំណាច​ដល់​ក្មេងស្រី និងយុវតីឱ្យបន្តការសិក្សាអប់រំSTEM គឺមានសារៈសំខាន់ក្នុងការកសាង​អនាគត​ប្រកប​ដោយ​បរិយាប័ន្ន និងនិរន្តរភាព”។

“ពួកយើងមានសេចក្ដីសោមនស្សជាខ្លាំងក្នុងភាពជាដៃគូជាមួយធនាគារ វីង ដែល​បាន​ចូល​រួម​ជួយ​ក្នុង​ការដោះស្រាយ បញ្ហា​ផ្សេងៗ​ដែល​ជា​ឧបសគ្គ​ដល់​សិស្ស​របស់​យើង​ដើម្បី​ឈាន​ទៅ​ដល់​សក្ដានុពល​របស់ពួកគេ។ ការសហការនេះមិនត្រឹមតែផ្លាស់ប្ដូរជីវិតបុគ្គលតែម្នាក់នោះទេ ប៉ុន្ដែ​គឺជា​ការចូលរួម​ចំណែកក្នុ​ងការអភិវឌ្ឍកម្លាំងពលកម្មរបស់កម្ពុជានាថ្ងៃអនាគតកាន់តែរឹងមាំថែមទៀតផង។”

បើទោះបីកម្មវិធីអប់រំ STEM មានការវិវឌ្ឍគួរឱ្យកត់សម្គាល់ក្តី ប៉ុន្តែចំនួនសិស្សនារីនៅកម្ពុជាដែលបានចូលរៀនវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងវិស្វកម្ម ហាក់នៅមានចំនួនតិចតួចនៅឡើយ។ កិច្ចសហការរវាងអង្គការស៊ីស៊ីអេហ្វ និងធនាគារ វីង គឺជាការបោះជំហានដ៏សំខាន់មួយដើម្បីផ្លាស់ប្តូរនូវគម្លាតនេះ ដោយជួយទៅដល់ស្រ្តីវ័យក្មេងជំនាន់ក្រោយទទួលបាននូវជំនាញ និងភាពក្លាហានដើម្បីជំរុញភាពរីកចម្រើនផ្នែកឌីជីថល និងបច្ចេកវិទ្យាសម្រាប់អនាគតកម្ពុជា។

លោក Manu Rajan អគ្គនាយកក្រុមហ៊ុន វីង បានលើកឡើងថា៖ “នៅ វីង យើងជឿជាក់ទៅលើ​​ការផ្លាស់ប្តូរជាវិជ្ជមានតាមរយៈការសិក្សាអប់រំ។ ភាពជាដៃគូនេះមិនគ្រាន់តែជា​ការវិនិយោគ​លើ​វិស័យអប់រំប៉ុណ្ណោះទេ  តែក៏ជាការវិនិយោគលើអនាគតនៃ​កម្ពុជាផងដែរ។”​

កម្មវិធីអប់រំ STEM សម្រាប់ក្មេងស្រីនៅសាលា Tomorrow Academy បានឆ្លុះបញ្ចាំងពីកំណើនតម្រូវការ របស់ប្រទេសកម្ពុជាសម្រាប់កម្លាំងពលកម្មជំនាញដែលអាចរួមចំណែកដោះស្រាយបញ្ហាសកលដូចជា៖ បម្រែបម្រួលអាកាសធាតុ សុខភាពសាធារណៈ និងនវានុវត្តន៍បច្ចេកវិទ្យាជាដើម។ តាមរយៈការផ្តល់នូវចំណេះដឹងចាំបាច់ទៅដល់ស្រ្តីវ័យក្មេងឱ្យទទួលបាននូវភាពជោគជ័យក្នុងវិស័យវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាបានគូសបញ្ជាក់យ៉ាងច្បាស់នៃកិច្ចសហការរវាងស៊ីស៊ីអេហ្វ និងធនាគារ វីង ក្នុងការរួមចំណែកបង្កើតអនាគតដ៏ភ្លឺស្វាង និងភាពរីកចម្រើនយូរអង្វែងសម្រាប់អនាគតប្រទេសកម្ពុជា។

ចំណែក​លោក Dmytro Kolechko អគ្គនាយកធនាគារ វីង ក៏​បានលើកឡើងដែរ​ថា៖ “យើងខ្ញុំពិតជាមានមោទនភាព ដែល​បាន​គាំទ្រស្ត្រីវ័យក្មេងដែលមានទេពកោសល្យឱ្យចាប់យកអាជីពជាមួយ​STEM ហើយបន្តរួមចំណែកក្នុងការធ្វើបរិវត្តកម្មឌីជីថលនៅក្នុងប្រទេសកម្ពុជាឱ្យកាន់តែរីកចម្រើន។ យើងខ្ញុំសង្ឃឹមយ៉ាងមុតមាំថា​ កិច្ចសហការនេះនឹងលើកទឹកចិត្តដល់អ្នកផ្សេងទៀតឱ្យចូលរួមជាមួយយើងខ្ញុំក្នុងការលើកកម្ពស់ការសិក្សាអប់រំទៅដល់យុវជនឱ្យកាន់តែទូលំទូលាយនៅទូទាំង​ប្រទេសកម្ពុជា។”

កញ្ញា ថៃ ចរិយា សព្វថ្ងៃជាសិស្សស្រីដែលមានអាយុ16ឆ្នាំ កំពុង​សិក្សា​នៅ​សាលា​ Tomorrow Academy ​ថ្នាក់ទី10 បានបង្ហាញចំណាប់អារម្មណ៍យ៉ាងដូច្នេះ​ថា៖​ “ខ្ញុំពិតជាសប្បាយចិត្តខ្លាំងណាស់ ពីព្រោះខ្ញុំបានរៀនអំពីស្ទែម និងកុំព្យូទ័រ។​ ខ្ញុំទទួលបានបទពិសោធន៏ល្អៗពីការរៀននេះ។​ ខ្ញុំសង្ឃឹមថា ខ្ញុំនឹងមានអនាគតល្អ ហើយ​ថ្ងៃ​អនាគត ខ្ញុំចង់ទៅរៀននៅអាមេរិក ខ្ញុំនឹងជ្រើសរើសយកមុខវិជ្ជាផ្នែកវិទ្យាសាស្ដ្រកុំព្យូទ័រ។”

“ខ្ញុំ​សូម​អរគុណ​ទៅ​កាន់​ធនាគារ វីង ​ដែលបានឧបត្ថម្ភដល់ខ្ញុំក៏ដូចជាសិស្សានុសិស្សដល់ការរៀន ដើម្បី​យល់​ដឹង​ពី​វិស័យស្ទែម ក៏ដូចជាបានរៀនជំនាញកុំព្យូទ័រថ្មីៗបន្ថែមទៀត។ ខ្ញុំ​នឹង​ខិតខំ​ប្រឹងប្រែង​រៀន​សូត្រ​ដើម្បី​ឱ្យ​​​មាន​អនាគត​ល្អ និ​ងអាច​សម្រេច​ក្ដីស្រម៉ៃ​នោះឱ្យក្លាយជាការពិត​។”

បង្កើត​ឡើង​នៅ​ក្នុង​ឆ្នាំ​2004 អង្គការស៊ីស៊ីអេហ្វ​បាន​ធ្វើការ​យ៉ាង​សកម្មក្នុង​ការ​លុប​បំបាត់​វដ្តនៃភាព​ក្រីក្រ​សម្រាប់កុមារ និងក្រុមគ្រួសារដែលងាយរងគ្រោះនៅតំបន់អតីតចាក់សំរាមស្ទឹងមានជ័យ។ សិស្សានុសិស្ស​ចំនួន​ជាង1,8០០នាក់ កំពុង​សិក្សា​នៅ​ក្នុងកម្មវិធីអប់រំរបស់អង្គការស៊ីស៊ីអេហ្វ ដែល​អង្គការនេះ​បាន​បន្ដ​លើកកម្ពស់​យុវជន​ជំនាន់​ក្រោយ​របស់​កម្ពុជា​ឱ្យ​​ក្លាយ​ជា​អ្នក​ដឹកនាំ​ដើម្បី​ធ្វើការផ្លាស់ប្ដូរ​ប្រកប​ដោយ​ភាព​យូរអង្វែង និង​នាំមកនូវការអភិវឌ្ឍជាវិជ្ជមាន​នៅ​ក្នុង​សហគមន៍​របស់​ពួក​គេ។

សាលា Tommorrow Academy បានបង្កើតឡើងក្នុងឆ្នាំ 2012​​​ ដែល​បាន​ផ្ដល់​នូវ​ការ​អប់រំ​ក្នុង​ការ​គាំទ្រ​ដល់​សិស្សា​នុសិស្ស​ប្រមាណ​​​ជាង 300នាក់ តាមរយ:​ការផ្ដល់​នូវ​កម្មវិធី​អប់រំ ​មធ្យម​សិក្សា និងទុតិយភូមិ ​ដែល​អាច​បំពេញ​បន្ថែម​តម្រូវការ​របស់​សិស្សម្នាក់ៗ។ ​តាមរយ:ដៃគូសហការជាមួយធនាគារ វីង អង្គការ​ស៊ីស៊ីអេហ្វ នឹងបន្ដការប្តេជ្ញាក្នុងការផ្ដល់នូវឱកាស និងធនធានសម្រាប់សិស្សានុសិស្សទាំង​អស់​ដើម្បី​ភាព​ជោគជ័យ​របស់ពួកគេ៕