fbpx

CFA និង វីង បានចុះហត្ថលេខាលើកិច្ចសហការសេវាបើកប្រាក់បៀវត្សបែបឌីជីថល (Wing Biz+) ដើម្បីផ្តល់មធ្យោបាយហិរញ្ញវត្ថុងាយស្រួលដល់បុគ្គលិក និងនិយោជិតរបស់ខ្លួន

សីហា 13, 2019

ភ្នំពេញថ្ងៃទី ១៣ ខែសីហាឆ្នាំ ២០១៩ – ធនាគារចល័តឈានមុខគេនៅកម្ពុជា ធនាគារឯកទេសវីង និងអង្គភាពផលិតកម្មឈានមុខគេនៅកម្ពុជា – សមាគមស្បែកជើងកម្ពុជា បានចុះហត្ថលេខាលើកិច្ចសហការសេវាបើកប្រាក់បៀវត្សបែប ឌីជីថល វីង ប៊ីស ផ្លឺស (Wing Biz+) នៅថ្ងៃអង្គារនេះដោយបញ្ជាក់ពីកិច្ចព្រមព្រៀងភាពជាដៃគូថ្មី។

យោងតាមកិច្ចព្រមព្រៀង បុគ្គលិករបស់ សមាគមស្បែកជើងកម្ពុជា សមាជិក កម្មករនិយោជិត នឹងមានលទ្ធភាពប្រើប្រាស់នូវសេវាកម្មហិរញ្ញវត្ថុដ៏ច្រើនសម្បូបែបរបស់វីង បានគ្រប់ទីកន្លែង និងគ្រប់ពេលវេលា។ វីងនឹងផ្តល់ដំណោះស្រាយក្នុងការបើកប្រាក់បៀវត្សដល់កម្មកររោងចក្រជាង ១៣ម៉ឺនអ្នក ដែលកំពុងធ្វើការក្នុងរោងចក្រដែលជាសមាជិករបស់ សមាគមស្បែកជើងកម្ពុជា។ ទាំងអស់នេះនឹងធ្វើឱ្យដំណើរការប្រាក់បៀវត្សមានភាពងាយស្រួលនិងមិនចាំបាច់មានសាច់ប្រាក់ទៀតឡើយ។ បញ្ហាផ្សេងៗ ដូចជាការតម្រង់ជួរនៅថ្ងៃបើកប្រាក់ខែ និងការទូទាត់ជាមួយសាច់ប្រាក់ តែងតែធ្វើឲ្យខាតពេលវាលាច្រើន។ បុគ្គលិក សមាជិក កម្មករនិយោជិតអាចដកប្រាក់ និងបង់ថ្លៃទំនិញនិងសេវាកម្មផ្សេងៗរបស់ពួកគេដោយប្រើកម្មវិធីស្មាតហ្វូនវីង ឬតាមរយៈបណ្តាញភ្នាក់ងារវីង ជាង ៧០០០កន្លែង ទូទាំងប្រទេស។សមាគមស្បែកជើងកម្ពុជាគឺជាសមាគមដែលរួមបញ្ចូលគ្នាដោយរោងចក្រស្បែកជើងជាង ៥០ ជាសមាជិក និងអ្នកផ្គត់ផ្គង់ ៧ ផ្សេងទៀត។សមាគមស្បែកជើងកម្ពុជាមានបំណងចង់ក្លាយជាសមាគមដែលមានសមត្ថភាពខ្ពស់និងមានឥទ្ធិពលចូលរួមក្នុងឧស្សាហកម្មស្បែកជើងរបស់ប្រទេសកម្ពុជាដែលមានការប្រកួតប្រជែងទៅក្នុងទីផ្សារពិភពលោក។

ប្រធានសមាគមស្បែកជើងកម្ពុជា លោកឧកញ្ញា លី ឃុនថៃ បានមានប្រសាសន៍នៅក្នុងពិធីចុះហត្ថលេខា ថាៈ “ដូចដែលយើងដឹងថាបទប្បញ្ញត្តិថ្មីតម្រូវអោយរោងចក្រសហគ្រាស ធ្វើការបើកប្រាក់ឈ្នួលកម្មករចំនួនពីរដងក្នុងមួយខែ ហើយ វីងគឺជាជម្រើសមួយដ៏ត្រឹមត្រូវរបស់សមាគមយើង។ សមាគមស្បែកជើងកម្ពុជា ស្វាគមន៍ និងរីករាយចំពោះកិច្ចសហប្រតិបត្តិការជាមួយវីង ដើម្បីទទួលបានសេវាកម្មដែលមានអត្ថប្រយោជន៍ច្រើនសម្រាប់សមាជិក កម្មករនិយោជិត របស់យើង។ “

លោកបានបន្ថែមថា“ការប្រើប្រាស់សេវាកម្មទូទាត់ដែលមានប្រសិទ្ធិភាព និងសុវត្ថិភាពដែលផ្តល់ជូនដោយធនាគារឯកទេសវីង គឺជាជម្រើសដ៏ជឿជាក់មួយ ព្រោះយើងតែងតែស្វែងរកវិធី ជាមួយនឹងបច្ចេកវិទ្យាទំនើប ដើម្បីកែលំអជីវិតសមាជិក កម្មករនិយោជិត របស់យើង។

អគ្គនាយករងធនាគារឯកទេសវីង លោកហោ ប៊ុនថែ បានមានប្រសាសន៍ថា“ បន្ថែមលើការផ្តល់មធ្យោបាយងាយស្រួលដល់កម្មកររោងចក្រ ក្នុងការទូទាត់វិកយបត្រទឹកភ្លើងប្រចាំខែ ការផ្ទេរប្រាក់ និងដកប្រាក់ វីងក៏នឹងអនុញ្ញាតឱ្យសមាគមស្បែកជើងកម្ពុជា ទទួលបាននូវសេវាកម្ម បើកប្រាក់បៀវត្សសម្រាប់បុគ្គលិក និងដំណោះស្រាយសម្រាប់ការទូទាត់អាជីវកម្មខ្នាតតូចនិងមធ្យមផងដែរ។”

ភាពជាដៃគូនេះមានគោលបំណងមិនត្រឹមតែជួយអោយសមាជិកសមាគមស្បែកជើងកម្ពុជា មានភាពងាយស្រួលលើសេវាកម្មហិរញ្ញវត្ថុ សម្រាប់កម្មកររោងចក្រ ១៣ម៉ឺននាក់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយជម្រុញ ដល់ការរីកចម្រើននៃឧស្សាហកម្មស្បែកជើងនៅកម្ពុជា ដោយជួយធ្វើឱ្យ ប្រព័ន្ធទូទាត់ដែលមានរួមបញ្ចូលនូវការរចនានិងការច្នៃប្រឌិតខ្ពស់ផ្តោតលើអ្នកប្រើប្រាស់។ ជាមួយវីងប្រតិបត្តិការហិរញ្ញវត្ថុគឺស្ថិតនៅចុងម្រាមដៃរបស់អ្នក តាមកម្មវិធីទូរស័ព្ទ ឬតាមរយៈភ្នាក់ងារវីង  ដែលនៅជិតលោកអ្នក” ។

គួរបញ្ជាក់ផងដែរថា ធនាគារឯកទេសវីង គឺជាអ្នកផ្តល់សេវាកម្មធនាគារទូរស័ព្ទចល័តដំបូងគេនៅកម្ពុជា។ បង្កើតឡើងក្នុងឆ្នាំ២០០៩ ធនាគារឯកទេសវីង ផ្តល់ជូននូវការរួមបញ្ជូលហិរញ្ញវត្ថុ ទៅកាន់អ្នកមិនមានគណនីធនាគារ និងមិនស្ថិតក្នុងបណ្តាញធនាគារ ដោយអនុញ្ញាតឲ្យប្រជាជនកម្ពុជាទាំងអស់ អាចប្រើប្រាស់សេវាកម្មហិរញ្ញវត្ថុដូចជា ផ្ទេរប្រាក់និងទទួលប្រាក់នៅក្នុងស្រុក បង់វិក្កយបត្រ បញ្ចូលទឹកប្រាក់ទូរស័ព្ទ ទិញទំនិញតាមអនឡាញ និងទូទាត់ដោយស្កេន QRកូដ ព្រមទាំងសេវាផ្ទេរប្រាក់អន្តរជាតិពីជាង ២០០ប្រទេសទូទាំងពិភពលោក។

ភាពជោគជ័យរបស់វីងត្រូវបានគេទទួលស្គាល់នៅពេលដែលត្រូវគេដាក់ឈ្មោះថា “ស្ថាប័នឌីជីថលឆ្នើមប្រចាំឆ្នាំ” ក្នុងកម្មវិធីពានរង្វាន់ ICT កម្ពុជាឆ្នាំ ២០១៩ ។ ធនាគារឯកទេសវីង ជាក្រុមហ៊ុនឈានមុខគេ ផ្នែកសេវាកម្មហិរញ្ញវត្ថុចល័ត និងសេវាទូទាត់តាមប្រព័ន្ធអេឡិចត្រូនិក នៅក្នុងប្រទេសកម្ពុជា ជាមួយសេវាគ្របដណ្ដប់១០០% តាមរយៈបណ្ដាញភ្នាក់ងារវីងជាង ៧០០០កន្លែង នៅទូទាំងប្រទេស។ វីង បានចងសម្ព័ន្ធភាពជាមួយ អាជីវករជាង ៣០០០០ កន្លែង និងក្រុមហ៊ុនអន្តរជាតិរួមមាន Mastercard Western Union MoneyGram និងក្រុមហ៊ុន WorldRemit។ លើសពីនេះទៀត សហគ្រាសធុនតូចនិងមធ្យម ក៏ដូចជាក្រុមហ៊ុនធំៗ អាចប្រើប្រាស់សេវាបើកប្រាក់បៀវត្ស និងទូទាត់ប្រាក់របស់វីង ដើម្បីជួយសម្រួលដល់ប្រព័ន្ធប្រតិបត្តិការហិរញ្ញវត្ថុរបស់ពួកគាត់។