ធនាគារ វីង និងធនាគារ ស៊ីអាយអិមប៊ី សិង្ហបុរី សហការជំរុញកំណើនសេវាហិរញ្ញវត្ថុរវាងកម្ពុជា និងសិង្ហបុរី
June 2, 2025ប្រទេសកម្ពុជា ថ្ងៃទី ២ ខែ មិថុនា ឆ្នាំ២០២៥៖ ធនាគារ វីង (ខេមបូឌា) ម.ក និង ធនាគារ ស៊ីអាយអិមប៊ី សិង្ហបុរី បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់មួយ ក្នុងគោលបំណងលើកកម្ពស់សេវាហិរញ្ញវត្ថុអន្តរជាតិ ក៏ដូចជាជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងប្រទេសកម្ពុជា និងប្រទេសសិង្ហបុរីឱ្យកាន់តែប្រសើរឡើង។
ភាពជាដៃគូនេះគឺជាការបោះជំហានដ៏សំខាន់មួយក្នុងការពង្រឹងទំនាក់ទំនងប្រព័ន្ធហិរញ្ញវត្ថុនៅក្នុងតំបន់អាស៊ាន តាមរយៈភាពខ្លាំងក្នុងតំបន់របស់ធនាគារ ស៊ីអាយអិមប៊ី និងភាពឈានមុខគេនៅក្នុងមូលដ្ឋានរបស់ធនាគារ វីង ដើម្បីផ្តល់នូវសេវាហិរញ្ញវត្ថុសម្បូរបែបដែលឆ្លើយតបតម្រូវការអតិថិជនគ្រប់រូប ដោយរួមមានទាំង៖ ក្រុមហ៊ុនពាណិជ្ជកម្ម សហគ្រាសខ្នាតតូច និងមធ្យម និងអតិថិជនដែលមានចំណូលខ្ពស់ជាដើម។
បណ្ឌិត Dmytro Kolechko អគ្គនាយកធនាគារ វីង បានលើកឡើងថា៖ “ការចាប់ដៃសហការជាមួយធនាគារ ស៊ីអាយអិមប៊ី សិង្ហបុរី នាពេលនេះនឹងអនុញ្ញាតឱ្យយើងខ្ញុំនាំយកនូវដំណោះស្រាយហិរញ្ញវត្ថុលំដាប់ពិភពលោកដើម្បីបំពេញតម្រូវការអតិថិជន ហើយថែមទាំងរួមចំណែកពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងប្រទេសកម្ពុជា និងប្រទេសសិង្ហបុរីឱ្យកាន់តែរីកចម្រើនថែមទៀត។ នេះគឺជាជំហ៊ានដ៏សំខាន់មួយសំដៅលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ និងកាលានុវត្តភាពពាណិជ្ជកម្មអន្តរជាតិឱ្យកាន់តែប្រសើរឡើង។”
ភាពជាដៃគូនេះមានគោលបំណងច្របាច់បញ្ចូលគ្នាក្នុងការប្រើប្រាស់បណ្តាញឯកទេសហិរញ្ញវត្ថុរបស់ធនាគារ ស៊ីអាយអិមប៊ី នៅក្នុងប្រទេសសិង្ហបុរី រួមជាមួយវត្តមានដ៏រឹងមាំរបស់ធនាគារ វីង នៅក្នុងប្រទេសកម្ពុជា ដើម្បីផ្តល់ដំណោះស្រាយហិរញ្ញវត្ថុងាយស្រួលប្រើប្រាស់សម្រាប់អតិថិជន សហគ្រាសខ្នាតតូច និងមធ្យម និងអតិថិជនដែលមានចំណូលខ្ពស់ជាដើម។
កិច្ចសហប្រតិបត្តិការនេះនឹងផ្តល់ជូនដំណោះស្រាយធនាគារជាច្រើនដូចជា៖ ប្រាក់បញ្ញើ កម្ចី ការផ្ទេរប្រាក់ និងហិរញ្ញប្បទានពាណិជ្ជកម្មជាដើម ដើម្បីគាំទ្រកំណើនតម្រូវការអាជីវកម្មអន្តរជាតិ។ ការផ្តោតសំខាន់គឺគាំទ្រដល់សហគ្រាសខ្នាតតូច និងមធ្យមរបស់កម្ពុជា ដែលជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាដែលមានចំណែក ៩៨% នៃអាជីវកម្មកំពុងដំណើរការ ៧០% នៃការផ្តល់ឱកាសការងារដល់ប្រជាជន និងប្រមាណ ៥៨% នៃផលិតផលក្នុងស្រុកសរុបរបស់ប្រទេសកម្ពុជាទៀតផង។
លោក Victor Lee Meng Teck ប្រធាននាយកប្រតិបត្តិ នៃ CIMB Singapore និងប្រធាននាយកប្រតិបត្តិ Growth Markets បានបញ្ជាក់បន្ថែមថា៖ “កិច្ចសហប្រតិបត្តិការរបស់យើង ជាមួយនឹងធនាគារ វីង បានឆ្លុះបញ្ចាំងនូវការប្តេជ្ញាចិត្តរបស់ធនាគារ ស៊ីអាយអិមប៊ី សិង្ហបុរី ក្នុងការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ និងការអភិវឌ្ឍសេដ្ឋកិច្ច ក្នុងតំបន់អាស៊ាន។ តាមរយៈកិច្ចសហការរួមគ្នានេះ យើងនឹងនាំមកនូវគុណតម្លៃថ្មី សម្រាប់អតិថិជន ក៏ដូចជាពង្រឹងមធ្យោបាយហិរញ្ញវត្ថុ រវាងប្រទេសសិង្ហបុរី និងប្រទេសកម្ពុជា។”
យោងតាមទិន្នន័យរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបង្ហាញថាក្នុងឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរបានកើនឡើងដល់ ១០៣ លានដុល្លារអាមេរិក ដែលមានការកើនឡើងគួរឱ្យកត់សម្គាល់ដល់ទៅ ១០១% បើធៀបនឹងឆ្នាំ២០២៣ ហើយនេះគឺជាសមិទ្ធផលកើតចេញពីទំនាក់ទំនងដ៏រឹងមាំរវាងប្រទេសទាំងពីរ។ ក្នុងន័យនេះ ភាពជាដៃគូរវាងធនាគារ វីង និងធនាគារ ស៊ីអាយអិមប៊ី សិង្ហបុរី នឹងជួយសម្រួលសេវាហិរញ្ញវត្ថុ ធ្វើឱ្យប្រតិបត្តិការអន្តរប្រទេសដំណើរការកាន់តែរលូន ហើយអាជីវកម្មរីកចម្រើនកាន់តែខ្លាំងឡើងថែមទៀត។
កិច្ចសហការនេះនឹងប្រើប្រាស់ជំនាញឯកទេសរបស់ធនាគារ ស៊ីអាយអិមប៊ី នៅក្នុងប្រទេសសិង្ហបុរី ដែលជាមជ្ឈមណ្ឌលផ្តល់សេវាគ្រប់គ្រងទ្រព្យសម្បត្តិនាំមុខគេមួយក្នុងតំបន់អាស៊ាន រួមជាមួយឯកទេសក្នុងស្រុកដ៏ជំនាញរបស់ធនាគារ វីង ដើម្បីផ្តល់ជូនអតិថិជនដែលមានចំណូលខ្ពស់នូវជម្រើសវិនិយោគមានភាពបត់បែន ក៏ដូចជាដំណោះស្រាយគ្រប់គ្រងទ្រព្យសម្បត្តិដ៏មានសុវត្ថិភាព ដែលសមស្របទៅនឹងភាពរីកចម្រើនរបស់ទីផ្សារហិរញ្ញវត្ថុនៅក្នុងប្រទេសកម្ពុជា។
ភាពជាដៃគូដ៏សំខាន់នេះគឺជាការត្រួសត្រាយផ្លូវដ៏សំខាន់សម្រាប់យុគសម័យថ្មីនៃការធ្វើសមាហរណកម្មហិរញ្ញវត្ថុរវាងប្រទេសសិង្ហបុរី និងប្រទេសកម្ពុជា សំដៅជំរុញឱ្យមានកំណើននវានុវត្តន៍ បរិយាបន្នហិរញ្ញវត្ថុ និងកំណើនប្រកបដោយចីរភាព។ តាមរយៈជំរុញការតភ្ជាប់សេដ្ឋកិច្ចប្រទេសទាំងពីរ កិច្ចសហការរវាងធនាគារ វីង និងធនាគារ ស៊ីអាយអិមប៊ី សិង្ហបុរី នឹងនាំមកនូវវិបុលភាព និងសមាហរណកម្មកាន់តែរឹងមាំសម្រាប់អនាគតដ៏ត្រចះត្រង់ក្នុងតំបន់អាស៊ាន៕
អំពី ធនាគារ វីង (ខេមបូឌា) ម.ក.
ធនាគារ វីង (ខេមបូឌា) ម.ក. គឺជាធនាគារឌីជីថលរីកចម្រើនដ៏ឆាប់ហ័សមួយនៅក្នុងប្រទេសម្ពុជា ដែលផ្តល់ភាពងាយស្រួលក្នុងការទទួលបាននូវសេវាធនាគារ និងហិរញ្ញវត្ថុនៅទូទាំងប្រទេសកម្ពុជា។ ធនាគារ វីង បានផ្តល់សេវាធនាគារ និងហិរញ្ញវត្ថុយ៉ាងទូលំទូលាយ តាមរយៈបណ្តាញភ្នាក់ងារដ៏ច្រើនពេញផ្ទៃប្រទេស សាខាធនាគារ និងអេបរបស់ធនាគារដែលមានពហុមុខងារ។ អាជីវកម្ម និងស្ថាប័នរដ្ឋាភិបាលជាង ៦00 រួមទាំងអាជីវកម្ម ១៧0.000 កំពុងពឹងផ្អែកលើធនាគារ វីង ដើម្បីជួយសម្រួលប្រតិបត្តិការរបស់ពួកគេ។ ធនាគារ វីង បានប្តេជ្ញាចិត្តក្នុងការលើកកម្ពស់បរិយាបន្នផ្នែកឌីជីថល ហិរញ្ញវត្ថុ និងយេនឌ័រ ដោយធានាឱ្យបានថាប្រជាជនកម្ពុជាទាំងអស់អាចទទួលបានអត្ថប្រយោជន៍ពីដំណោះស្រាយធនាគារ និងហិរញ្ញវត្ថុឌីជីថលប្រកបដោយសសុវត្ថិភាព និងងាយស្រួល។ សម្រាប់ព័ត៌មានបន្ថែម៖ www.wingbank.com.kh
អំពីស៊ីអាយអិមប៊ី
ស៊ីអាយអិមប៊ី គ្រុប គឺជាធនាគារឈានមុខគេមួយ ដែលផ្តោតលើតំបន់អាស៊ានដោយមានទីស្នាក់ការ កណ្តាលនៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។ ស៊ីអាយអិមប៊ី គ្រុប ស្ថិតក្នុងលំដាប់លេខ ៥ ក្នុងតំបន់អាស៊ាន បើគិតលើទ្រព្យសកម្ម។ ស៊ីអាយអិមប៊ី គ្រុប មានវត្តមានអាជីវកម្ម នៅក្នុង ៨ប្រទេស នៃតំបន់ អាស៊ាន (ម៉ាឡេស៊ី ឥណ្ឌូនេស៊ី សិង្ហបុរី ថៃ កម្ពុជា វៀតណាម មីយ៉ាន់ម៉ា និងហ្វីលីពីន)។ ស៊ីអាយអិមប៊ី គ្រុប មានបណ្តាញសាខាដ៏ទូលំទូលាយចំនួន ១.០៨០កន្លែង នៅក្នុងតំបន់ ដែលមានបុគ្គលិកជាង ៣៣.០០០នាក់ និងអតិថិជនប្រហែល ២៨លាននាក់។ ធនាគារ ស៊ីអាយអិមប៊ី សិង្ហបុរី គឺជាទីផ្សារដ៏សំខាន់មួយ ជាមួយនឹងចំនួនបុគ្គលិកជាង ១.០០០នាក់ ដោយបម្រើអតិថិជន ជាមួយនឹងសេវាកម្ម និងផលិតផល ផ្នែកហិរញ្ញវត្ថុបុគ្គល ហិរញ្ញវត្ថុពាណិជ្ជកម្ម ហរិញ្ញវត្ថុវិនិយោគ និងសេវាប្រតិបត្តិការជាដើម។
ស៊ីអាយអិមប៊ី គ្រុប បានប្តេជ្ញាចិត្តខ្ពស់ចំពោះចីរភាពដែលរួមបញ្ចូលនូវការយកចិត្តទុកដាក់ផ្នែកបរិស្ថាន សេដ្ឋកិច្ច និងសង្គមទៅក្នុងប្រតិបត្តិការអាជីវកម្មរបស់ខ្លួន។ សម្រាប់ព័ត៌មានបន្ថែម៖ www.cimb.com.sg