សេវាកម្មហិរញ្ញវត្ថុមានភាពងាយស្រួលតាមរយៈកិច្ចសហការរវាង ធនាគារស្ថាបនា និងធនាគារឯកទេសវីង

ធនាគារស្ថាបនា និងធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត បានដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការនូវ សេវាកម្មថ្មីសម្រាប់អតិថិជនរបស់ខ្លួន។ ឥឡូវនេះ អតិថិជនធនាគារស្ថាបនានឹងមានងាយស្រួល ក្នុងការផ្ទេរប្រាក់ និងទូទាត់ប្រាក់កម្ចីតាមរយៈសេវាកម្មដែលផ្តល់ជូនដោយធនាគារឯកទេសវីង។
ជាងនេះទៅទៀត អតិថិជនរបស់ធនាគារស្ថាបនាក៏អាចទទួលបានសេវាកម្មជាច្រើនពីធនាគារឯកទេសវីង តាមរយៈដៃគូពាណិជ្ជកម្មចំនួន ១២០០០ ដៃគូសហការបង់ប្រាក់ជាង២០០ និងដៃគូផ្ទេរប្រាក់ពីគ្រប់បណ្តាប្រទេសជាង៥០ នៅទូទាំងពិភពលោក និងសេវាកម្មវីងផ្សេងៗទៀត។
លោក ចូចូ ម៉ាឡូឡូស អគ្គនាយកធនាគារឯកទេសវីង មានភាពជឿជាក់ថា ភាពជាដៃគូនេះនឹងផ្តល់ជាឱកាសសម្រាប់មនុស្សរាប់លាននាក់ដែលមិនមាន ឬមិនធ្លាប់ប្រើប្រាស់សេវាកម្មធនាគារ នៅក្នុងតំបន់ប្រតិបត្តិការរបស់វីង ក្នុងការទទួលយកប្រាក់កម្ចីពីធនាគារស្ថាបនាដើម្បីពង្រីកអាជីវកម្ម ការបង់ប្រាក់កម្ចីទិញផ្ទះ ផ្គត់ផ្គង់ការរៀនសូត្រកូន និងប្រកបសកម្មភាពផ្សេងៗទៀត។
លោក ម៉ាឡូឡូស មានប្រសាសន៍ថា “យើងបានឃើញមនុស្សរាប់ពាន់នាក់ ដែលជីវិតរបស់ពួកគេត្រូវបានផ្លាស់ប្តូរជាវិជ្ជមាន តាមរយៈប្រាក់កម្ចីហិរញ្ញវត្ថុពីធនាគារស្ថាបនា។ ទីនេះ វីងនឹងជួយធ្វើឱ្យក្តីសុបិន្តរបស់ពួកគេកាន់តែងាយស្រួលតាមរយៈការផ្ទេរប្រាក់ និងទូទាត់ប្រាក់តាមរយៈទូរស័ព្ទចល័ត។”
លោក កាតូ នូរីហ៊ីកូ នាយកប្រតិបត្តិធនគារស្ថាបនា មានប្រសាសន៍ថា “យើងពិតជាមានសេចក្តីរំភើបរីករាយណាស់ ដែលបានចាប់ផ្តើមសេវាកម្មទាំងនេះជាមួយវីង ដែលនេះជាផ្នែកមួយនៃការសន្យារបស់យើងក្នុងការ ផ្តល់ជូនអតិថិជននូវសេវាកម្មធនាគារដែលប្រកបដោយសុវត្ថិភាព មានភាពងាយស្រួលនិងរហ័ស។”
លោក នូរីហ៊ីកូមានប្រសាសន៍ថា “អតិថិជនឥណទានក៏អាចធ្វើការទូទាត់ប្រាក់កម្ចី នៅតាមភ្នាក់ងារវីងចំនួនជាង 5000 កន្លែងទូទាំងប្រទេស។ ការផ្ទេរប្រាក់ (ឬបញ្ចូលទឹកប្រាក់) ពីគណនីស្ថាបនាទៅគណនីវីងក៏នឹងមានភាពងាយស្រួលនិងរលូនផងដែរ នៅពេលសេវាកម្មធនាគារចល័តស្ថាបនា និងកម្មវិធីអាយ បេងឃីងរបស់ធនាគារ ស្ថាបនាចាប់ផ្តើម។”
សេវាហិរញ្ញវត្ថុ ដែលត្រូវបានផ្តល់ជូនតាមរយៈភាពជាដៃគូនេះ នឹងអនុញ្ញាតឱ្យអតិថិជនរបស់ធនាគារស្ថាបនា ទូទាត់ប្រាក់កម្ចីឬផ្ទេរប្រាក់ពីគណនីវីង តាមរយៈការចុចលេខកូដ*989# កម្មវិធីស្មាតហ្វូនវីង និងភ្នាក់ងារវីង ជាង ៥០០០ កន្លែងនៅទូទាំងប្រទេស។
សម្រាប់រយៈពេលបីខែដំបូង ចាប់ពីសេវាកម្មត្រូវបានដាក់ឲ្យប្រើប្រាស់ អតិថិជននឹងមិនចាំបាច់ត្រូវបង់កម្រៃសេវាកម្មនោះឡើយ សម្រាប់ប្រតិបតិ្តការដូចការទូទាត់ប្រាក់កម្ចីតាមវីង ឬផ្ទេរប្រាក់រវាងគណនីវីង និងគណនីធនាគារស្ថាបនា។
បន្ថែមលើនេះ អតិថិជនរបស់ធនាគារស្ថាបនា ក៏អាចប្រើប្រាស់សេវាកម្មជាច្រើនទៀតរបស់វីង ដូចជាបញ្ចូលទឹកប្រាក់ទូរស័ព្ទ ទូទាត់វិក័យប័ត្រ ទិញទំនិញតាមអនឡាញ ផ្ទេរប្រាក់ទៅអ្នកកាន់គណនីវីង និងអ្នកដទៃទៀត តាមរយៈទូរស័ព្ទដៃរបស់ពួកគាត់យ៉ាងងាយស្រួល តាមរយៈកម្មវិធីស្មាតហ្វូនវីង។
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង៖
ធនាគារឯកទេសវីង
អ៊ីម៉ែល: marketing@wingmoney.com
ធនាគារស្ថាបនា
អ៊ីម៉ែលៈ info@sathapana.com.kh
អំពីធនាគារស្ថាបនា
ធនាគារស្ថាបនាគឺជាធនាគារពាណិជ្ជឈានមុខគេមួយនៅក្នុងប្រទេសកម្ពុជាដែលមានទ្រព្យសម្បត្តិសរុបជាង 1 ពាន់លានដុល្លារ។ ធនាគារនេះមានបណ្តាញសាខាដ៏ធំបំផុតទីពីរនៅក្នុងប្រទេសនេះដែលមាន 169 សាខានិងបុគ្គលិកបម្រើការច្រើនជាង៤០០០នាក់។ ធនាគារផ្តល់ជូននូវផលិតផលនិងសេវាកម្មធនាគារពេញលេញដូចជាប្រាក់កម្ចី ប្រាក់បញ្ញើ ផ្ទេរប្រាក់ក្នុងស្រុកនិងក្រៅប្រទេស ការធានានិងការទូទាត់លើការនាំចេញនិងនាំ ចូល។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ www.sathapana.com.kh
អំពីធានាគារឯកទេសវីង
ធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត ផ្តល់សេវាកម្មហិរញ្ញវត្ថុតាមទូរស័ព្ទចល័តឈានមុខគេនៅប្រទេសកម្ពុជា។ វីងជាធនាគារមួយក្នុងចំណោមធនាគារឯកទេសមួយចំនួនក្នុងពិភពលោក។បង្កើតឡើងក្នុងឆ្នាំ២០០៩ ធនាគារឯកទេសវីង ផ្តល់ជូនវីធីសាស្ត្រជាច្រើនសម្រាប់ប្រជាជនកម្ពុជាក្នុងការផ្ញើ និង ទទួលប្រាក់គ្រប់ពេលវេលា គ្រប់ទីកន្លែងដោយការប្រើប្រាស់ទូរស័ព្ទចល័ត។
ធនាគារឯកទេសវីង បានប្តេជ្ញាផ្តល់សេវាហិរញ្ញវត្ថុតាមរយៈសេវាកម្មហិរិញ្ញវត្ថុតាមទូរស័ព្ទចល័ត ទៅកាន់អ្នកមិនមានគណនីធនាគារនិងមិនស្ថិតក្នុងបណ្តាញធនាគារ ដោយផ្តល់ជូននូវផលិតផល និងសេវាកម្មប្រកបដោយភាពច្នៃប្រឌិតដែលផ្តល់លទ្ធភាពដល់អតិថិជនគ្រប់ៗ គ្នាក្នុងការទទួលបានសេវាដូចជាការផ្ទេរប្រាក់ក្នុងស្រុក ផ្ញើប្រាក់ពីក្រៅប្រទេសភ្លាមៗពីជាង ៥០ប្រទេស បញ្ចូលទឹកប្រាក់ទូរស័ព្ទ និងបង់វិក័យប័ត្រ។
ភាពជោគជ័យរបស់ធនាគារវីង ត្រូវបានទទួលស្គាល់នៅពេលដែលត្រូវបានគេដាក់ឈ្មោះថាជា “ធនាគារទូទាត់ចល័តល្អបំផុតនៅកម្ពុជា” ក្នុងកម្រិតកិត្យានុភាពនៃពានរង្វាន់ហិរញ្ញវត្ថុ និងធនាគារជាសាកលឆ្នាំ២០១៧។ ធនាគារវីងនៅតែជាអ្នកនាំមុខគេក្នុងការផ្តល់សេវាទូទាត់ប្រាក់តាមប្រព័ន្ធអេឡិចត្រូនិក និងការទូទាត់ប្រាក់ចល័តនៅក្នុងប្រទេសកម្ពុជា ជាមួយនឹងការគ្របដណ្តប់ក្នុងស្រុក១០០% តាមរយៈបណ្តាញទូទាំងប្រទេសរបស់យើងដែលមានសាខាវីងចំនួន ៥០០០ និង អាជីវករជាង៨០០០ និងចងសម្ព័ន្ធភាពជាក្រុមហ៊ុននាំមុខឧស្សាហកម្មជាសាកល រួមមាន កាតឥណទានអន្តរជាតិតាមអនឡាញ (Online Mastercard) និងក្រុមហ៊ុន WorldRemit។
ធនាគារឯកទេសវីងក៏ផ្តល់ជូននូវហិរញ្ញវត្ថុ និងដំណោះស្រាយទូទាត់ ដល់វិស័យសាជីវកម្មតាមរយៈសេវាកម្មសហគ្រាសរបស់យើង។ ជាមួយ វីង សហគ្រាសខ្នាតតូច និងមធ្យម (SMEs)ព្រមទាំងក្រុមហ៊ុននានាអាចប្រើប្រាស់សេវាបើកប្រាក់បៀវត្ស និងសេវាទូទាត់ប្រាក់ឲ្យបុគ្គលិករបស់ពួកគេដែលជួយដល់កំណើន និងភាពរីកចម្រើននៃប្រព័ន្ធអេកូទូទាត់ប្រាក់។