កម្មវិធីអភិវឌ្ឍន៍បុគ្គលិកកម្មសិក្សាធនាគារ វីង ជួយយុវជនមកពីជនបទផ្លាស់ប្តូរជីវិតទាំងការរីកចម្រើនសមត្ថភាពផ្ទាល់ខ្លួន និងអាជីពការងារ

មេសា 25, 2025

ជាក្មេងស្រីដែលរស់នៅភូមិដាច់ស្រយាលមួយក្នុងខេត្តតាកែវ យុវតី យ៉ុន ស្រីពៅ បានចាប់យកក្តីស្រមៃបន្តការសិក្សាថ្នាក់មហាវិទ្យាល័យនៅរាជធានីភ្នំពេញ ដែលមិនមានសមាជិកណាម្នាក់នៅក្នុងគ្រួសាររបស់នាងបានបញ្ចប់ការសិក្សាថ្នាក់ឧត្តមសិក្សានេះឡើយ។ ដោយមានបំណងប្រាថ្នាយ៉ាងខ្លាំងចង់ជួយលើកកម្ពស់ជីវភាពគ្រួសារឱ្យរួចផុតពីភាពក្រីក្រ យុវតី ស្រីពៅបានចាប់យកឱកាសផ្លាស់ប្តូរជីវិតមួយក្នុងឆ្នាំ២០២៤ ពេលដែលនាងបានចូលរួមក្នុងកម្មវិធីអភិវឌ្ឍន៍បុគ្គលិកកម្មសិក្សារបស់ធនាគារដ៏ធំមួយនៅភ្នំពេញ។ ចាប់តាំងពីពេលនោះមក ស្រីពៅទទួលបានភាពរីកចម្រើនទាំងសមត្ថភាពផ្ទាល់ខ្លួន និងអាជីពការងាររបស់គាត់។ ឥឡូវនេះ យុវតី ស្រីពៅនឹងចែករំលែកពីដំណើរជីវិតរបស់នាងដើម្បីជំរុញទឹកចិត្តដល់យុវជនដទៃទៀតឱ្យចាប់យកឱកាសដ៏មានសក្តានុពលនេះ ព្រោះវាបានជួយឱ្យនាង មានចំណេះជំនាញ ភាពក្លាហាន ហើយថែមទាំងទទួលបានចំណូលថេរដើម្បីផ្គត់ផ្គង់​ខ្លួនឯង និងគ្រួសារថែមទៀតផង។

កញ្ញា យ៉ុន ស្រីពៅ បច្ចុប្បន្នមានអាយុ ២៣ឆ្នាំ កំពុងបម្រើការងារជាទីប្រឹក្សាសេវាកម្មអតិថិជននៅធនាគារ វីង សាខាទួលគោក ក្រោយបញ្ចប់វគ្គបណ្តុះបណ្តាលរយៈពេល៦ខែពីកម្មវិធីអភិវឌ្ឍន៍បុគ្គលិកកម្មសិក្សារបស់ធនាគារ វីងកាលពីឆ្នាំមុន។ ឆ្លៀត​ពេលសម្រាកពីការងារ យុវតីស្រីពៅក៏ជានិស្សិតកំពុងបន្តការសិក្សាផ្នែកគណនេយ្យឆ្នាំទី៤ នៅសាកលវិទ្យាល័យ ពាណិជ្ជសាស្រ្ត អេស៊ីលីដាផងដែរ។

ជាកូនស្រីពៅនៅក្នុងបន្ទុកគ្រួសារដែលមានសមាជិក៨នាក់ ស្រីពៅ បានខិតខំសិក្សានៅវិទ្យាល័យដើម្បីបន្តការសិក្សានៅសាកលវិទ្យាល័យក្នុងរាជធានីភ្នំពេញនៅអាយុ១៨ឆ្នាំ។ បន្តដំណើរជីវិតតែម្នាក់ឯងនៅក្នុងទីក្រុង យុវតីស្រីពៅបានតស៊ូជម្នះឧបសគ្គគ្រប់យ៉ាងដើម្បីសម្រេចគោលដៅផ្លាស់ប្តូរជោគវាសនាគ្រួសាររបស់នាងតាមរយៈការរកប្រាក់ចំណូលមួយដែលល្អប្រសើរជាងមុន។

ស្រីពៅ បានរម្លឹករឿងរ៉ាវពីអតីតកាលថា៖ “កាលនៅតូចៗ ខ្ញុំតែងតែគិតថាគ្រួសារខ្ញុំមិនមានជីវភាពល្អដូចគ្រួសារដទៃឡើយ។ ខ្ញុំគ្រាន់តែប្រាថ្នារៀនឱ្យចប់ ហើយទទួលបានការងារមួយដែលមានចំណូលជាប់លាប់ដើម្បីជួយដល់គ្រួសារ។”

ក្នុងអំឡុងនៃការសិក្សាឆ្នាំទី២ និងទី៣ នៅសាកលវិទ្យាល័យ ស្រីពៅ បានឆ្លៀតពេលធ្វើការក្រៅម៉ោងនៅផ្សារទំនើបមួយឋិតនៅខណ្ឌសែនសុខក្នុងរាជធានីភ្នំពេញ ចាប់ពីម៉ោង៦ល្ងាច ដល់ម៉ោង១០ ឬ១១យប់ ហើយពេលខ្លះ​ត្រលប់ទៅដល់ផ្ទះយប់ជ្រៅក៏មាន អាស្រ័យលើម៉ោង​កំណត់ត្រូវបញ្ចប់ការងារ។

ស្រីពៅបាននិយាយថា៖ “ខ្ញុំត្រូវធ្វើការដល់យប់ជ្រៅជារៀងរាល់ថ្ងៃ ហើយវាពិតជាលំបាកណាស់សម្រាប់ខ្ញុំជាក្មេងស្រី។”

ដោយសារការងារក្រៅម៉ោងនោះមិនមានអំណោយ​ផល ស្រីពៅក៏បានសម្រេចចិត្តឈប់ធ្វើការយប់ជ្រៅតទៅទៀត ហើយចាប់ផ្តើមស្វែងរកឱកាសការនៅកន្លែងផ្សេង ឬការងារហាត់ការណាដែលផ្តល់នូវប្រាក់ឧបត្ថម្ភដើម្បីជួយឱ្យនាងទទួលបា​នលុយកាក់ខ្លះ និងផ្តល់ជំនាញសមស្របមួយ ដែលនឹងមិនរំខានដល់ការសិក្សា ឬគំរាមកំហែងដល់សុវត្ថិភាពរបស់នាងទៀតនោះឡើយ។

កម្មវិធីអភិវឌ្ឍន៍បុគ្គលិកកម្មសិក្សា

ស្រីពៅ មានការចង់ដឹងជាខ្លាំងអំពី វីង ដែលធ្លាប់ជាភ្នាក់ងារផ្ទេរប្រាក់តែមួយគត់នៅកម្ពុជា។ មកទល់បច្ចុប្បន្ន វីង បានវិវឌ្ឍខ្លួនយ៉ាងឆាប់រហ័សក្លាយជាធនាគារពាណិជ្ជពេញលេញមួយ ដោយបានដើរតួនាទីយ៉ាងសំខាន់សម្រាប់វិស័យហិរញ្ញវត្ថុនៅក្នុងប្រទេសកម្ពុជា ដែលធ្វើឱ្យស្រីពៅកាន់តែមានចំណាប់អារម្មណ៍ខ្លាំងឡើងចង់ក្លាយជាផ្នែកមួយនៃស្ថាប័ននេះ។

ថ្ងៃមួយ ពេលកំពុងធ្វើដំណើរឆ្លងកាត់ក្នុងទីក្រុង នាងបានជក់ចិត្តនឹងអគារ ធនាគារ វីង ថៅវើ​ ដែលមើលទៅអស្ចារ្យ ហើយនាងមានអារម្មណ៍ចង់ធ្វើការនៅទីនេះភ្លាមៗតែម្តង។

ក្រោយមក ពេលដែលនាងកំពុងបើកមើលបណ្តាញសង្គម Facebook ស្រីពៅក៏បានឃើញការផ្សព្វផ្សាយពីកម្មវិធីអភិវឌ្ឍន៍បុគ្គលិកម្មសិក្សារបស់ធនាគារ វីង ដែលជាកម្មវិធីបណ្តុះបណ្តាលការងារដោយផ្ទាល់មួយត្រូវបានបង្កើតឡើងជួយដល់សិស្ស-និស្សិតដែលមានចំណាប់អារម្មណ៍បម្រើការងារក្នុងវិស័យហិរញ្ញវត្ថុ ក៏ដូចជាយុវជនដែលចង់បានជំនាញដ៏មានសក្តានុពលមួយ​ ហើយទទួលបានប្រាក់ចំណូលសមរម្យក្នុងពេលកំពុងបន្តការសិក្សា។

ស្រីពៅ បានមើលឃើញឱកាសដ៏ពិសេសនេះដើម្បីចូលបម្រើការងារនៅក្នុងក្រុមហ៊ុនហិរញ្ញវត្ថុធំមួយនេះ ហើយក៏បានសម្រេចចិត្តដាក់ពាក្យចូលរួមក្នុងកម្មវិធីអភិវឌ្ឍន៍បុគ្គលិកកម្មសិក្សារបស់ធនាគារ វីង​ នៅខែកុម្ភៈ ឆ្នាំ២០២៤។ ស្រីពៅ​បានរៀបរាប់ថា៖​ “ខ្ញុំមិននឹកស្មានទាល់តែសោះថាខ្ញុំត្រូវបានជ្រើសរើស ព្រោះវាថ្មីសម្រាប់ខ្ញុំ ហើយមិនមានបទពិសោធន៍ពាក់ព័ន្ធការងារនេះថែមទៀតផង ចំណែកឯចំណេះដឹងភាសាអង់គ្លេសក៏នៅមានកម្រិតផងដែរ។”

យ៉ាងនេះក្តី ស្រីពៅត្រូវបានជ្រើសរើសក្នុងជុំទី១សម្រាប់ការចូលរួមនៅក្នុងកម្មវិធីនេះ។ ស្រពៅបានពន្យល់ប្រាប់ថា៖ “បន្ទាប់ពីចូលបម្រើការងារនៅធនាគារ វីង ទើបខ្ញុំដឹងថាអ្វីដែលបានគិតទុកមុន គឺផ្ទុយស្រឡះតែម្តង។ តាមពិត ឱកាសការងារសម្រាប់កម្មវិធីអភិវឌ្ឍន៍បុគ្គលិកកម្មសិក្សានេះផ្តល់ជូនដល់សិស្ស-និស្សិត​ ដោយមិនទាមទារនូវបទពិសោធន៍ការងារក្នុងវិស័យធនាគារនោះឡើយ។ ឱកាសដែលផ្តល់ជូននេះគឺជួយ​ឱ្យបេក្ខជនអាចរីកចម្រើននៅទីនេះផ្ទាល់តែម្តង។”

ស្រីពៅបានរៀបរាប់បន្តទៀតថា៖ “ខ្ញុំមានការភិតភ័យជាខ្លាំង ព្រោះគិតថា ធនាគារ​ វីង ជាក្រុមហ៊ុនដ៏ធំមួយ ហើយខ្ញុំមិនមានជំនាញខាងវិស័យធនាគារ និងហិរញ្ញវត្ថុឡើយ។ ខ្ញុំខ្លាចថាពេលគេសួរខ្ញុំ ខ្ញុំមិនអាចឆ្លើយបានល្អ ហើយនឹងបរាជ័យក្នុងការសម្ភាសន៍តែម្តង។”

យ៉ាងណាមិញ ស្រីពៅ បានជាប់ក្នុងការសម្ភាសន៍ដោយជោគជ័យ ហើយទទួលបានឱកាសការងារមួយដែលផ្តល់នូវប្រាក់ឧបត្ថម្ភដ៏ល្អ ដែលអនុញ្ញាតឱ្យនាងទទួលបានទាំងចំណេះដឹងអភិវឌ្ឍសមត្ថភាពផ្ទាល់ខ្លួន និងហិរញ្ញវត្ថុសម្រាប់ទំនុកបម្រុងផ្ទាល់ខ្លួនផងដែរ។ ក្នុងដំណាក់កាលដំបូង នៃការចូលរួមក្នុងកម្មវិធីអភិវឌ្ឍន៍បុគ្គលិកកម្មសិក្សា ស្រីពៅទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែ ១៥០ ដុល្លារ ហើយនៅក្នុងដំំណាក់កាលទី២ ប្រាក់ឧបត្ថម្ភនេះបានកើនដល់ ១៨០ដុល្លារក្នុងមួយខែ។ ប្រាក់ឧបត្ថម្ភនេះជួយឱ្យនាងបន្តការសិក្សាបានយ៉ាងរលូន។

ភាពខុសគ្នា​រវាង​ការសិក្សា និងការបណ្តុះបណ្តាលនៅនឹងកន្លែងការងារដោយផ្ទាល់

តាមរយៈការបណ្តុះបណ្តាលពីកម្មវិធីអភិវឌ្ឍន៍បុគ្គលិកកម្មសិក្សា ស្រីពៅទទួលបាននូវភាពរីកចម្រើនគួរឱ្យកត់សម្គាល់ទាំងភាពរីកចម្រើនលើជំនាញទន់ ហើយចំណេះដឹងក្នុងវិស័យធនាគាររបស់នាង​ក៏រីកចម្រើនជាងមុន ដែលលើសពីអ្វីដែលនាងបានរៀននៅក្នុងសាលា។

ស្រីពៅ បាននិយាយថា៖ “វាមានភាពខុសគ្នាពីអ្វីដែលខ្ញុំរៀននៅក្នុងសាលា ដែលខ្ញុំរៀនទាក់ទងនឹងការគណនាប៉ុន្តែឱកាសហាត់ការនៅធនាគារ វីង ខ្ញុំរៀនអំពីសេវាកម្មបម្រើអតិថិជន។ ធនាគារ វីង ផ្តល់ឱកាសជាច្រើនសម្រាប់ខ្ញុំ ជាពិសេសសិស្ស-និស្សិតដែលមិនធ្លាប់មានបទពិសោធន៍ក្នុងវិស័យធនាគារ ដែល​ចាប់ពីពេលនេះពួកគេអាច មានលទ្ធភាពអភិវឌ្ឍចំណេះជំនាញបានយ៉ាងប្រសើរ។”

ក្នុងអំឡុងនៃការបណ្តុះបណ្តាលរយៈ៦ខែ ស្រីពៅទទួលបានជំនាញទន់ (ផ្តោតលើការផ្តល់សេវាបម្រើអតិថិជន), ជំនាញរឹង ក៏ដូចជាបទពិសោធន៍អនុវត្តការងារផ្ទាល់ក្នុងនាមជាបុគ្គលិកបេឡាធិការដែលជួយសម្របសម្រួលលើការបំពេញឯកសារទាក់ទងនឹងប្រតិបត្តិការហិរញ្ញវត្ថុ និងការផ្តល់ឥណទានជាដើម។ ស្រីពៅ បាននិយាយថា មានឱកាសច្រើនជាងបញ្ហាប្រឈម ព្រោះបុគ្គលិកធនាគារ វីង តែងតែយកចិត្តទុកដាក់លើការជួយជ្រោមជ្រែង ដោយផ្តល់នូវការណែនាំ ក៏ដូចជាហ្វឹកហាត់ និងចែករំលែកចំណេះដឹងល្អៗទៅដល់បុគ្គលិកហាត់ការ។

ដំបូងឡើយ ស្រីពៅ មិនមានការរំពឹងទុកច្រើនឡើយពីការបណ្តុះបណ្តាលនៃកម្មវិធីនេះ។ ប៉ុន្តែជាក់ស្តែង ស្រីពៅមិនត្រឹមតែទទួលបានបទពិសោធន៍ការងារអនុវត្តជាក់ស្តែងនៅក្នុងវិស័យធនាគារប៉ុណ្ណោះទេ ថែមទាំងទទួលបាននូវប្រាក់បៀវត្សដែលជួយផ្គត់ផ្គង់លើការចំណាយប្រចាំខែ និងការសិក្សារបស់នាងផងដែរ។

លើកកម្ពស់ជីវភាព និងការផ្លាស់ប្តូរខ្លួនឯងកាន់តែប្រសើរឡើង

គ្រាដែលស្រីពៅធ្វើការរហូតដល់យប់ជ្រៅនៅផ្សារទំនើប នាងទទួលបានប្រាក់ខែប្រហែល ២០០ដុល្លារអាមេរិកក្នុងមួយខែ ដែលចំណូលនេះមិនអាចរ៉ាប់រងលើការចំណាយប្រចាំថ្ងៃ ថ្លៃសិក្សា និងបន្ទប់ជួលស្នាក់នៅបាននោះឡើយ។ ប៉ុន្តែក្រោយទទួលបានឱកាសការងារពេញម៉ោង ការផ្លាស់ប្តូរជាវិជ្ជមានយ៉ាងច្រើនបានកើតឡើងចំពោះស្រីពៅ ដែលនាងចាប់ផ្តើមមានប្រាក់ខែល្អប្រសើរ ហើយបុគ្គលិកលក្ខណៈផ្ទាល់ខ្លួនកាន់តែរឹងមាំ និងរីកចម្រើនជាងមុនថែមទៀត។

ជាក្មេងស្រីមកពីភូមិជនបទមួយដែលស្ថិតនៅជិតតំបន់ព្រំដែនកម្ពុជា-វៀតណាម ស្រីពៅធ្លាប់មានភាពខ្មាសអៀនច្រើន និងភ័យខ្លាចអ្នកនៅជុំវិញ។ ប៉ុន្តែក្រោយពីបានផ្លាស់ប្តូរមករស់នៅរាជធានីភ្នំពេញដើម្បីបន្តការសិក្សា និងស្វែងរកឱកាសការងារ ស្រីពៅបានក្លាយជាយុវតីមានភាពក្លាហានជាងមុន ហើយអាចពឹងពាក់លើខ្លួនឯងបាន ដោយទទួលបាននូវជំនាញដឹកនាំជីវិត ​និងតែងតែប្រកាន់ភ្ជាប់នូវអាកប្បកិរិយាវិជ្ជមានក្នុងការរស់នៅប្រចាំថ្ងៃ។ បន្ថែមលើនេះ ស្រីពៅតែងតែយកចិត្តទុកដាក់រៀនសូត្រលើការអភិវឌ្ឍជំនាញវិជ្ជាជីវៈរបស់នាងនៅកន្លែងធ្វើការឱ្យមានភាពប្រសើរឡើងជាបន្តបន្ទាប់។

ក្រៅពីភាពរីកចម្រើនសមត្ថភាពផ្ទាល់ខ្លួន ស្រីពៅក៏មានឯករាជ្យភាពហិរញ្ញវត្ថុ ព្រោះនាងមានប្រាក់ខែសមរម្យមួយក្នុងការផ្គត់ផ្គង់លើការសិក្សា និងការចំណាយប្រចាំថ្ងៃ មិនដូចពេលពីមុនដែលត្រូវការឧបត្ថម្ភពីម្តាយរបស់នាងទៀតឡើយ។ ស្រីពៅបាននិយាយទាំងក្តីរំភើបថា៖ “ឥឡូវ ខ្ញុំអាចរកលុយផ្គត់ផ្គង់សម្រាប់ខ្លួនបានហើយ។”

ភាពក្លាហាន ក៏ដូចភាពជឿជាក់ដែលនាងមាន ក៏បានមកពីការរៀនសូត្រពីរបៀបដែលនាងដោះស្រាយបញ្ហានៅកន្លែងធ្វើការ។ ស្រីពៅ ធ្លាប់់ជួបបញ្ហាប្រឈមនៅពេលដែលនាងប្រាស្រ័យទាក់ទងជាមួយអតិថិជន ដែលជួនកាលពួកគាត់ហាក់បង្ហាញអារម្មណ៍មិនពេញចិត្តត្រង់ចំណុចណាមួយ។ យ៉ាងណាក្តី ស្រីពៅ បានតាំងចិត្តដោះស្រាយបញ្ហាទាំងនោះដល់អតិថិជនដោយសន្តិវិធី។

ស្រីពៅ ជឿថាការងាររបស់នាងនៅ ធនាគារ វីង ក៏ជាផ្នែកមួយនៃការជួយសង្គមដោយប្រយោល ដ្បិតថានាងជួយដោះស្រាយបញ្ហាហិរញ្ញវត្ថុរបស់ប្រជាជនតាមរយៈការជួយសម្របសម្រួលើការរៀបចំសំណើរកម្ចី និងការផ្ទេរប្រាក់ទាំងតាមអនឡាញ និងក្រៅប្រព័ន្ធអ៉ិនធឺណេត ដើម្បីធានាបានថាប្រជាជនកម្ពុជាទទួលបាននូវបទពិសោធន៍ក្នុងការប្រើប្រាស់សេវា​ធនាគារដែលងាយស្រួលប្រើប្រាស់ រហ័ស និងមានសុវត្ថិភាពខ្ពស់។

“បើគ្មានធនាគារ វីង​ ទេ ខ្ញុំមិនដឹងត្រូវធ្វើបែបណានោះទេ។” ស្រីពៅបាននិយាយរៀបរាប់ ដោយលើកទឹកចិត្តទៅដល់មិត្តភក្តិរបស់នាង ក៏ដូចជាសិស្ស​​-និស្សិតដទៃទៀតឱ្យចាប់យកបទពិសោធន៍ការងារ​ហាត់ការដែលទទួលបានប្រាក់ឧបត្ថម្ភសមស្រប។ ស្រីពៅបានគូសបញ្ជាក់ថា៖ “ពេលដែលបេក្ខជនទទួលបានឱកាសចូលរួមនៅក្នុងកម្មវិធីអភិវឌ្ឍន៍បុគ្គលិក​កម្មសិក្សារបស់ធនាគារ វីង ពួកគេនឹងទទួលបានការហ្វឹកហាត់ពីចំណុចសូន្យ រហូតដល់ពួកគេអាចមានសមត្ថភាពស្វែងរកការងារដោយខ្លួនឯងបាន។”

ការលើកកម្ពស់ឱកាសការងារ​សម្រាប់សិស្ស និងនិស្សិតកម្ពុជា

យោងតាមលោក កាំង តាំង នាយកគ្រប់គ្រងការបណ្តុះបណ្តាល និងសេវាកម្មបុគ្គលិកនៃធនាគារ វីង បានឱ្យដឹងថា កម្មវិធីនេះមានគោលបំណងជួយពន្លឿនការអភិវឌ្ឍអាជីពការងារដែលមានរយៈពេល៤ទៅ៦ខែ ដែលត្រូវបានបង្កើតឡើងជាពិសេសសម្រាប់យុវជនកម្ពុជាដែលមានសមត្ថភាព តែខ្វះលទ្ធភាពហិរញ្ញវត្ថុដើម្បីបន្តការសិក្សានៅសាកលវិទ្យាល័យ។

លោក កាំង តាំង បានលើកឡើងថា៖ “កម្មវិធីនេះជួយដល់យុវជនមានសក្តានុពល ប៉ុន្តែខ្វះលទ្ធភាពទទួលបានការអប់រំនៅថ្នាក់ឧត្តមសិក្សា។ យើងជួយឱ្យពួកគេនូវការបណ្តុះបណ្តាល ការទំនុកបម្រុង និងឱកាសការងារពិតប្រាកដ ដែលអនុញ្ញាតឱ្យពួកគេកសាងអនាគតមួយកាន់តែប្រសើរ ទោះបីមិនមានសញ្ញាបត្រ ឬបទពិសោធន៍ការងារពីមុនមកក្តី។”

បេក្ខជនចូលរួមនៅក្នុងកម្មវិធីអភិវឌ្ឍន៍បុគ្គលិកកម្មសិក្សារបស់ធនាគារ វីង ទទួលបានការគាំទ្រយ៉ាងពេញលេញមួយដើម្បីជួយជំរុញអាជីពរបស់ពួកគេឱ្យរីកចម្រើនបានលឿនរហ័ស។ បេក្ខជនទាំងអស់ នឹងទទួលបាននូវជំនួយហិរញ្ញវត្ថុ និងសុខុមាលភាព រួមទាំងប្រាក់ឧបត្ថម្ភប្រចាំខែ ធានារ៉ាប់រងសុខភាព ធានារ៉ាប់រងគ្រោះថ្នាក់ការងារ និងផ្តល់នូវកន្លែងស្នាក់នៅឥតគិតថ្លៃ ដែលធ្វើឱ្យពួកគេអាចផ្តោតទាំងស្រុងលើការអភិវឌ្ឍចំណេះ-ជំនាញ ដោយមិនចាំបាច់បារម្ភលើការ​រ៉ាប់រងបន្ទុកចំណាយប្រចាំថ្ងៃនោះឡើយ។

ទន្ទឹមនឹងនេះ ពួកគេក៏ទទួលបាននូវជំនាញទន់ និងជំនាញរឹងដ៏មានតម្លៃតាមរយៈការបណ្តុះបណ្តាលជាប្រព័ន្ធ ក៏ដូចជាបទពិសោធន៍នៃការហ្វឹកហាត់ការងារផ្ទាល់ ដែលផ្តល់ឱ្យពួកគេនូវចំណេះដឹងអនុវត្តជាក់ស្តែងអំពីប្រតិបត្តិការធនាគារ និងសេវាកម្មបម្រើអតិថិជន។ ចំពោះបេក្ខជនដែលមានការតាំងចិត្ត និងឆន្ទៈមោះមុតដើម្បីអភិវឌ្ឍសមត្ថភាពផ្ទាល់ខ្លួនឱ្យរីកចម្រើន នឹងមានឱកាសខ្ពស់ក្លាយជាបុគ្គលិកពេញសិទ្ធនៅធនាគារ វីង ក្រោយចប់វគ្គបណ្តុះបណ្តាលនៃកម្មវិធីនេះ។

និស្សិតមានសមត្ថភាពមួយចំនួន ដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ បានបង្ខំចិត្តបោះបង់ក្តីស្រមៃបន្តថ្នាក់ឧត្តមសិក្សារបស់ពួកគេដោយសារតែស្ថានភាពនៃសេដ្ឋកិច្ចគ្រួសារ។ ការស្វែងរកការងាធ្វើទៀតសោត ពួកគេត្រូវជួបនូវឧបសគ្គមួយបន្ថែមទៀត ពោលគឺទីផ្សារការងារតម្រូវឱ្យបេក្ខជនមានសញ្ញាបត្របរិញ្ញាបត្រ ចំណេះដឹងភាសាបរទេស និងចំណេះដឹងឌីជីថលជាដើម។

លោក កាំង តាំង បានលើកឡើងថានេះជាចំណុចខ្វះចន្លោះមួយ ​ ដោយលោកបានគូសបញ្ជាក់ថា កត្តាប្រឈមនេះ បានធ្វើឱ្យយុវជនមានទេពកោសល្យជាច្រើនមិនអាចទទួលបានឱកាសការងារ ឬជាប់គាំងក្នុងការងារមិនមានស្ថិរភាព ហើយទទួលបានប្រាក់ខែទាប។

ដើម្បីដោះស្រាយនូវបញ្ហាប្រឈមនេះ ក៏ដូចជារួមចំណែកដល់គោលដៅអភិវឌ្ឍធនធានមនុស្សស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ធនាគារ វីង បានដាក់ឱ្យដំណើរការកម្មវិធីអភិវឌ្ឍន៍បុគ្គលិកកម្មសិក្សានេះឡើង ដែលជាផ្នែកមួយនៃបេសកកម្មអភិវឌ្ឍសង្គមដ៏ទូលំទូលាយរបស់ខ្លួន។

លោក កាំង តាំង បានគូសបញ្ជាក់ថា៖ “យើងមិនតម្រូវឱ្យបេក្ខជនទាំងអស់ចំាបាច់ត្រូវមានសញ្ញាបត្របរិញ្ញបត្រ,ភាសាអង់គ្លេសស្ទាត់ជំនាញ ឬជំនាញឌីជីថលអ្វីនោះឡើយ។ អ្វីដែលយើងឱ្យតម្លៃបំផុត នោះគឺការប្តេជ្ញាចិត្ត ការខិតខំប្រឹងប្រែង និងឆន្ទៈមោះមុតក្នុងការអភិវឌ្ឍសមត្ថភាពឱ្យរីកចម្រើន។”

ចាប់តាំងពីការបើកដំណើរការនៅខែកុម្ភៈ ឆ្នាំ២០២៤ កម្មវិធីនេះបានផ្តល់ការបណ្តុះបណ្តាលការងារផ្ទាល់ទៅដល់បេក្ខជនដែលបញ្ចប់កម្មវិធីនេះដោយជោគជ័យមានចំនួនជាង ៦០នាក់ ក្នុងនោះ២៥% ជាបេក្ខនារី។ បេក្ខជនជាច្រើននាក់បន្ថែមទៀតរំពឹងចូលរួមកម្មវិធីអភិវឌ្ឍន៍បុគ្គលិកកម្មសិក្សារបស់ធនាគារ វីង នៅក្នុងឆ្នាំនេះ។

ដើម្បីដាក់ពាក្យ បេក្ខជនត្រូវភ្ជាប់មកជាមួយសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងអត្តសញ្ញាណប័ណ្ណ រួចផ្ញើទៅកាន់អ៉ីម៉ែល ឬទំព័របណ្តាញសង្គមផ្លូវការរបស់ធនាគារ វីង ដូចជា៖ Facebook, Telegram និង LinkedIn ឬអាចយកទៅដាក់ដោយផ្ទាល់នៅតាមសាខា ធនាគារ វីង ដែលនៅជិតបំផុត៕