fbpx

ស.ស.យ.ក និងធនាគារ វីង រួមគ្នា​ជំរុញចំណេះដឹងផ្នែកហិរញ្ញវត្ថុទៅដល់យុវជន

ធ្នូ 5, 2023

សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) បង្កើតភាពជាដៃគូយុទ្ធសាស្ត្រជាមួយធនាគារ វីង ដើម្បីលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ ដល់​សមាជិករបស់ខ្លួន។

សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) កាលពីពេលថ្មីៗកន្លងទៅនេះ បានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ជាមួយធនាគារ វីង (ខេមបូឌា) ម.ក​ ដើម្បីជួយសម្រួលទៅដល់សមាជិកយុវជនរបស់ខ្លួនអាចទទួលបានចំណេះដឹងផ្នែកហិរញ្ញវត្ថចាំបាច់នានាក្នុងការបង្កើនជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគេ តាមរយៈការទទួលយកបទពិសោធន៍នៃដំណោះស្រាយធនាគារឌីជីថលដ៏ទំនើប ក៏ដូចជាចូលរួមបង្កើតគំនិតផ្តួចផ្តើមថ្មៗជាច្រើនទៀត។ ពិធីចុះអនុស្សរណៈយោគយល់គ្នានេះ ត្រូវបានចុះហត្ថលេខាដោយ ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាសមាជិកគណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា និងលោក ហោ ប៊ុនថែ អគ្គនាយករង នៃ​ធនាគារ វីង។

កម្មវិធី​នេះក៏ទទទួលបានការអញ្ចើញចូលរួមជា​អធិបតីភាព និងសក្ខីភាព​ពីសំណាក ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសារធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ​ព្រមទាំងវត្តមានអ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាលធនាគារ វីង និងជាអគ្គនាយកនៃក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប។

ឯកឧត្តម ហ៊ុន ម៉ានី បានមានប្រសាសន៍ថា៖ “ភាពជាដៃគូជាមួយធនាគារ វីង នាពេលនេះ គឺជាការឆ្លុះបញ្ចាំងពីការតាំងចិត្តឥតឈប់ឈររបស់យើងក្នុងការជំរុញដល់សក្តានុពលរបស់យុវជនកម្ពុជា។ តាមរយៈកិច្ចសហការនេះ យើងផ្តល់ឲ្យសមាជិករបស់យើងនូវចំណេះដឹង និងប្រភពនៃការយល់ដឹងពីការគ្រប់គ្រងហិរញ្ញវត្ថុ ក៏ដូចជាដំណើរឆ្ពោះទៅសម្រេចគោលដៅអនាគតរបស់ពួកគេ”។

ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នានេះមានគោលបំណងសិក្សាស្វែងរកឱកាសក្នុងការផ្តល់ការបណ្តុះបណ្តាលចំណេះដឹងផ្នែកហិរញ្ញវត្ថុទៅដល់សមាជិក ស.ស.យ.ក ការជួយសម្របសម្រួលកម្មសិក្សានៅធនាគារ វីង ព្រមទាំងអនុវត្តគំនិតផ្តួចផ្តើមដើម្បីជួយទៅ្រដល់យុវជនជាច្រើនផ្សេងទៀត។

អ្នកឧកញ៉ា គិត ម៉េង បានមានប្រសាសន៍ថា៖ “អនុស្សរណៈនេះបង្ហាញពីការប្តេជ្ញាចិត្តរបស់យើងខ្ញុំក្នុងការជំរុញឲ្យមានបរិយាបន្នហិរញ្ញវត្ថុ និងជួយពង្រឹងសមត្ថភាពទៅដល់ យុវជនកម្ពុជាផងដែរ។ យើងខ្ញុំមានទំនុកចិត្តថា តាមរយៈគំនិតផ្តួចផ្តើមរួមគ្នារបស់យើងនាពេលនេះ យើងនឹងរួមចំណែកក្នុងការកសាងយុជនជំនាន់ថ្មីមួយ ដែលពោរពេញទៅដោយចំណេះដឹងផ្នែកហិរញ្ញវត្ថុ ហើយថែមទាំងមានសមត្ថភាពរឹងមាំ។”

 

 

 

 

កិច្ចសហការរវាង ធនាគារ វីង និង ស.ស.យ.ក គឺជាកម្លាំងសាមគ្គីនាដោយឈរលើចក្ខុវិស័យរួម តាមរយៈការប្រើប្រាស់ជំនាញការនៃស្ថាប័នទាំងពីរ ដើម្បីជួយអភិវឌ្ឍន៍សហគមន៍ឲ្យបានកាន់តែប្រសើរឡើង។ ស.ស.យ.ក មានការប្តេជ្ញាចិត្តក្នុងការបំពាក់បំប៉នយុវជនកម្ពុជានូវចំណេះដឹង និងជំនាញចាំបាច់នានា ដើម្បីក្លាយជាសសរស្តម្ភរបស់ប្រទេសជាតិ ក្នុងការជួយរក្សានិរន្តរភាពសមិទ្ធផលកន្លងមក និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនាពេលអនាគត។ ទន្ទឹមគ្នានេះ ធនាគារ វីង ត្រូវបានជំរុញដោយការតាំងចិត្តរបស់ខ្លួនក្នុងការធានាបានថា ប្រជាជនកម្ពុជាគ្រប់រូបមានថមានភាពអាយស្រួលក្នុងការទទួលបានសេវាហិរញ្ញវត្ថុដែលពាក់ព័ន្ធ ហើយអាចជួយសម្រួលទៅដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគេឲ្យបានកាន់តែប្រសើរ៕