fbpx

វីង សហការជាមួយ Western Union ដើម្បីពង្រីកសេវាផ្ទេរប្រាក់អន្តរជាតិ

វិច្ឆិកា 19, 2018

ភ្នំពេញ៖ ធនាគារឯកទេស វីង (ខេមបូឌា) លីមីតធីត ដែលជាក្រុមហ៊ុន ផ្តល់សេវាធនាគារចល័តឈានមុខគេនៅកម្ពុជា ជាមួយនឹងបណ្តាញភ្នាក់ងារជាង ៦០០០កន្លែង បានសហការជាមួយក្រុមហ៊ុន Western Union ដែលជាក្រុមហ៊ុននាំមុខគេ ផ្នែកសេវាផ្ទេរប្រាក់ឆ្លងកាត់ប្រទេស ដើម្បីផ្តល់ជូនអតិថិជននូវជម្រើស ក្នុងការទទួលបានប្រាក់ពីគ្រប់ប្រទេស នៅជុំវិញពិភពលោក។
កិច្ចសហការនេះ នឹងផ្តល់លទ្ធភាពដល់អតិថិជនរបស់ វីង នៅក្នុងប្រទេសកម្ពុជា ក្នុងការទទួលប្រាក់ពីជាង ២០០ ប្រទេស នៅតាមបណ្តាញភា្នក់ងាររបស់ វីង ដែលមានដាក់ស្លាកសញ្ញាបម្រើសេវាកម្មរបស់ Western Union ដែលនៅជិតពួកគេបំផុត។
លោក ចូចូ ម៉ាឡូឡូស អគ្គនាយកធនាគារឯកទេស វីង បានមានប្រសាសន៍ថា “វីង មានមោទនភាពណាស់ ចំពោះកិច្ចសហការជាមួយក្រុមហ៊ុន Western Union ដោយហេតុថា កិច្ចសហការនេះ នឹងផ្តល់ភាពងាយស្រួលមួយកម្រិតទៀត សម្រាប់អតិថិជន ក្នុងការផ្ទេរប្រាក់ពីក្រៅប្រទេស ជាពិសេសសម្រាប់ប្រជាជនកម្ពុជា ដែលកំពុងធ្វើការនៅក្រៅប្រទេស និងមានបំណងចង់ផ្ទេរប្រាក់ ទៅកាន់ក្រុមគ្រួសារនៅកម្ពុជា”។

លោក ម៉ាឡូឡូស បន្ថែមរួចបន្តទៀតថា “ទឹកប្រាក់ដែលផ្ទេរមកពីក្រៅប្រទេស គឺជាប្រភពចំណូលដ៏សំខាន់មួយ របស់ប្រជាជនកម្ពុជា សម្រាប់បំពេញតម្រូវការប្រចាំថ្ងៃ, ការអប់រំ, ការថែទាំសុខភាព និងសេវាកម្មជាច្រើនទៀត។ ទោះជាយ៉ាងនេះក្តី ពលករចំណាកស្រុក រមែងមានការព្រួយបារម្ភជាច្រើន នៅពេលពួកគេផ្ញើប្រាក់មកផ្ទះ តាមរយៈសេវាឬបណ្តាញដែលមិនស្របច្បាប់ ដែលតែងតែមានតម្លៃសេវាខ្ពស់ ហើយជាទូទៅ មិនបានផ្តល់ជូននូវទំនុកចិត្តខ្ពស់ឡើយ។ កត្តានេះបានក្លាយជាបន្ទុកបន្ថែមមួយទៀត ពីលើសេចក្តីនឹករលឹកដល់មនុស្សជាទីស្រឡាញ់របស់ពួកគេ។ កិច្ចសហការនេះ នៅតែស្ថិតនៅក្នុងចក្ខុវិស័យរបស់ វីង ចំពោះការប្តេជ្ញាចិត្ត ក្នុងការផ្តល់ជូនប្រជាជនកម្ពុជា នូវលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុ ប្រកបដោយតំលៃសមរម្យ និងងាយស្រួល ថែមទាំងធ្វើឲ្យប្រសើរឡើង នូវកម្រិតជីវភាពរស់នៅរបស់ពួកគេ”។
លោក ម៉ាឡូឡូស បានបន្ថែមទៀតថា “ការបង្កើនប្រសិទ្ធភាពនៃសេវាផ្ទេរប្រាក់អន្តរជាតិ នឹងរួមចំណែកយ៉ាងធំធេង ដល់ការកាត់បន្ថយភាពក្រីក្រ ហើយត្រូវបានគេរំពឹងថា នឹងផ្តល់ជាឱកាសសម្រាប់វិនិយោគិនបរទេស ក្នុងការស្វែងរកឱកាសអាជីវកម្មផ្សេងៗ នៅក្នុងប្រទេសផងដែរ”។
លោក Atish Shrestha នាយកប្រចាំតំបន់របស់ក្រុមហ៊ុន Western Union ប្រចាំតំបន់ឥណ្ឌូចិន បានថ្លែងថា “យើងមានសេចក្តីរីករាយ ក្នុងការពង្រីកសេវាកម្មរបស់យើង នៅទូទាំងប្រទេសកម្ពុជា ដោយផ្តល់ជូនអតិថិជននូវវិធីងាយៗ ក្នុងការទទួលបានប្រាក់ និងធ្វើការផ្សារភ្ជាប់ពួកគេទៅគ្រប់ប្រទេស នៅក្នុងពិភពលោក។ យើងរីករាយក្នុងការស្វាគមន៍នូវវត្តមាន វីង មកចូលរួមជាមួយក្រុមគ្រួសារ និងជាបណ្តាញភ្នាក់ងាររបស់ Western Union”។

លោក Atish Shrestha បន្ថែមទៀតថា “នៅក្នុងពិភពលោកមួយ ដែលពោរពេញទៅដោយឱកាស ដែលគ្មានដែនកំណត់ គ្មានអ្វីសំខាន់ជាង ការផ្ទេរប្រាក់ជុំវិញពិភពលោក ដែលមាន ភាពងាយស្រួល រហ័ស និងមានសុវត្ថិភាពនោះទេ។ ខណៈពេលដែលប្រជាជនកម្ពុជា កាន់តែច្រើនផ្លាស់ទៅរស់នៅក្រៅបរទេស ហើយត្រូវផ្តល់ការឧបត្ថម្ភ ត្រលប់ឲ្យគ្រួសាររបស់ពួកគេ នៅស្រុកកំណើតវិញនោះ។ យើងពិតជារីករាយ ក្នុងការសហការជាមួយ វីង និងផ្តល់ឲ្យអតិថិជន នូវមធ្យោបាយផ្ទេរប្រាក់ ដែលមានភាពងាយស្រួល និងផ្តល់នូវទំនុកចិត្តខ្ពស់ ដល់ពួកគេ”។
យោងតាមរបាយការណ៍ របស់អង្គការពលកម្មអន្តរជាតិ និងអង្គការអន្តោប្រវេសន៍អន្តរជាតិ ដែលមានចំណងជើងថា “ហានិភ័យនិងរង្វាន់៖ លទ្ធផលនៃការធ្វើចំណាកស្រុកកម្លាំងពលកម្ម នៅអាស៊ីអាគ្នេយ៍” បានសរសេរថា សេវាកម្មផ្ទេរប្រាក់ (ដូចជា Western Union) គឺជា ជម្រើសប្រើប្រាស់ច្រើនបំផុត សម្រាប់ពលករចំណាកស្រុកកម្ពុជា (៤៤%) ដោយបានគូសបញ្ជាក់ អំពីសារៈសំខាន់ នៃសេវាកម្មផ្ទេរប្រាក់ ដែលប្រកបដោយប្រសិទ្ធភាព។
ចំណែករបាយការណ៍ស្តីពីការធ្វើចំណាកស្រុក និងការផ្ទេរប្រាក់របស់ធនាគារពិភពលោកវិញ កម្ពុជា គឺជាប្រទេសមួយក្នុងចំណោម ប្រទេសទាំង ១០ នៅលំដាប់លើគេ សម្រាប់ “ការផ្ញើប្រាក់មកឲ្យ” នៅអាស៊ីបូព៌ា និងប៉ាស៊ីហ្វិកនៅឆ្នាំ ២០១៧៕

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង៖
ក្រុមហ៊ុន Western Union
Ingrid Sahu, +9714437-3656
Ingrid.sahu@westernunion.com
ធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត
marketing@wingmoney.com