ធនាគារ វីង និងអាជ្ញាធររួមគ្នាកសាងអនាគតបៃតងសម្រាប់មនុស្សជំនាន់ក្រោយ
July 30, 2025ធនាគារ វីង រួមសហការជាមួយរដ្ឋបាលខណ្ឌសែនសុខ និងមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ បានប្រារព្ធទិវារុក្ខទិវាជាតិ ក្នុងគោលបំណងពង្រឹងការយល់ដឹង និងលើកកម្ពស់បរិស្ថានបៃតងទៅដល់យុវជនកម្ពុជា តាមរយៈការដាំកូនឈើ និងកែលម្អហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជាលើកកម្ពស់បរិវេណនៅឯសាលាបឋមសិក្សាសែនសុខ។ ។
រៀបចំឡើងក្រោមប្រធានបទ៖ “ដាំដើមឈើដើម្បីកូនចៅជំនាន់ក្រោយ” បុគ្គលិកធនាគារ វីង ជាង ៣០០នាក់ បានចូលរួមជាមួយសិស្សានុសិស្សដើម្បីដាំកូនឈើកម្រជាច្រើនប្រភេទដែលរួមមាន ដើមក្រញូង និងដើមបេង ឋិតក្នុងបរិវេណសាលាបឋមសិក្សាសែនសុខ។
គំនិតផ្តួចផ្តើមនេះ មានគោលបំណងបង្កើនការយល់ដឹងពីបរិស្ថាន ក៏ដូចជាលើកកម្ពស់បរិយាកាសសិក្សាដ៏ល្អសម្រាប់យុវជនកម្ពុជា។
លោក ហោ ប៊ុនថែ អគ្គនាយករងធនាគារ វីង បានលើកឡើងថា៖ ”នៅធនាគារ វីង យើងខ្ញុំតែងតែប្តេជ្ញាបន្តស្វែងរកនូវមធ្យោបាយនានា ដែលផ្តល់នូវផលវិជ្ជមាន និងការអភិវឌ្ឍនៅក្នុងសហគមន៍ឱ្យកាន់តែប្រសើរឡើង។ លោកបានបន្ថែមថា៖ “តាមរយៈការបណ្តុះស្មារតីស្រឡាញ់បរិស្ថានដល់យុវជន យើងមិនត្រឹមតែដាំដើមឈើសម្រាប់បច្ចុប្បន្នប៉ុណ្ណោះទេ ប៉ុន្តែយើងក៏កំពុងបណ្តុះស្មារតីភាពជាអ្នកដឹកនាំ និងការទទួលខុសត្រូវសម្រាប់អនាគតផងដែរ។”
ជាផ្នែកមួយនៃគាំទ្រគំនិតផ្តួចផ្តើមនេះ ធនាគារ វីង បានឧបត្ថម្ភថវិកាប្រមាណ ៨,០០០ ដុល្លារអាមេរិក ដើម្បីកែលម្អហេដ្ឋារចនាសម្ព័ន្ធក្នុងសាលាដែលរួមមាន ការលាបពណ៌អគារសិក្សាឡើងវិញចំនួនប្រាំបីអគារ, ការជួសជុលដំបូលខ្លោងទ្វារ, និងការចាក់ដីកែលម្អទីលានកីឡា។ បន្ថែមពីនេះ ធនាគារ វីង ក៏បានបរិច្ចាគបង់ស៊ីម៉ងត៍ចំនួន១០បង់ ព្រមទាំងសម្ភារសិក្សាមួយចំនួនដល់សិស្សានុសិស្សមានជីវភាពខ្វះខាតចំនួន១៧២នាក់ផងដែរ។ សកម្មភាពទាំងនេះសបញ្ជាក់យ៉ាងច្បាស់ពីការប្តេជ្ញាចិត្តរបស់ធនាគារ វីង ក្នុងការចូលរួមលើកកម្ពស់ការអប់រំប្រកបដោយបរិយាបន្ន។
យុទ្ធនាការដាំដើមឈើនាពេលនេះ ហាក់ស្របតាមការអំពាវនារបស់ក្រសួងបរិស្ថានដែលបានដាក់ចេញនូវគោលដៅដាំកូនឈើឱ្យបានយ៉ាងតិច ១លានដើមក្នុងមួយឆ្នាំ ដែលជាផ្នែកមួយនៃការអនុវត្តផែនការយុទ្ធសាស្រ្តជាតិសំដៅសម្រេចគោលដៅអព្យាក្រឹត្យកាបូន និងបង្កើនគម្របព្រៃឈើនៅក្នុងប្រទេសកម្ពុជាឱ្យដល់ ៦០% នៅត្រឹមឆ្នាំ២០៥០។
គំនិតផ្តួចផ្តើមរបស់ធនាគារ វីង មានអត្ថន័យជ្រាលជ្រៅលើសពីការកសាងលំហបៃតង ពោលគឺជាការបណ្តុះស្មារតីដល់អ្នកជំនាន់ក្រោយឱ្យយល់ច្បាស់ពីតម្លៃនៃនិរន្តរភាព, ការរួមចំណែកក្នុងសហគមន៍, និងតម្លៃនៃការសិក្សាអប់រំ។ សមិទ្ធផលដែលកើតចេញពីកិច្ចខិតខំប្រឹងប្រែងរួមគ្នានេះនឹងបន្សល់ទុកនូវបរិយាកាសសិក្សាដ៏ល្អ, សោភ័ណភាពដើមឈើលូតលាស់ដ៏ត្រឈឹងត្រឈៃ, ដែលនឹងបំផុសស្មារតីដល់កុមារគ្រប់រូបឱ្យចូលរួមគាំពារនិរន្តរភាពបរិស្ថាន និងសង្គមនាពេលអនាគត៕