ធនាគារ វីង និងសមាជិកក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ប្រគល់អំណោយដល់យោធិន និងគ្រួសារជនភៀសសឹកនៅខេត្តសៀមរាប
August 25, 2025ធនាគារ វីង បានលុបបំណុលជិត ៥០.០០០ ដុល្លារអាមេរិកដល់ទាហានដែលរងរបួស
ធនាគារ វីង រួមជាមួយសមាជិកនៃក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប និងសមាគមសិល្បករខ្មែរ បានផ្តល់នូវអំណោយដល់ទាហាន និងគ្រួសារជនភៀសសឹកកំពុងស្នាក់នៅក្នុងខេត្តសៀមរាបដែលរងផលប៉ះពាល់ដោយជម្លោះព្រំដែនខ្មែរថៃ។
ក្រោមការដឹកនាំនៃលោកជំទាវ អ្នកឧកញ៉ា ម៉ៅ ចំណាន អនុប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប និងជាប្រធានសមាគមសិល្បករខ្មែរ ក្រុមការងារស្ម័គ្រចិត្តបាននាំយកគ្រឿងឧបភោគ បរិភោគចាំបាច់មួយចំនួនជូនដល់យោធិនចំនួន ៨០នាក់ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប និងមន្ទីរពេទ្យភូមិភាគ៤។ ក្រុមការងារស្ម័គ្រចិត្តនេះក៏បានទៅកាន់វត្តជ្រោយនាងងួន ក្នុងស្រុកស្រីស្នំ ដែលប្រជាពលរដ្ឋចំនួន ៧១៨ គ្រួសារបានកំពុងតាំងទីជម្រក បន្ទាប់ពីបានភៀសខ្លួនចេញពីផ្ទះដោយសារជម្លោះព្រំដែន។
គ្រួសារជនភៀសសឹកទាំងនេះ ដែលភាគច្រើនបានរត់គេចខ្លួនដោយយកមកនូវរបស់របរបន្តិចបន្តួចជាប់ខ្លួនធ្វើដំណើរតាមគោយន្ត ឥឡូវនេះបានរស់នៅក្នុងតង់កៅស៊ូក្នុងវត្ត ដោយពឹងលើការឧបត្ថម្ភគាំទ្រពីវត្តអារ៉ាម អាជ្ញាធរមូលដ្ឋាន និងសប្បុរសជននានាសម្រាប់ផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ។
លោកជំទាវ អ្នកឧកញ៉ា ម៉ៅ ចំណាន មានប្រសាសន៍ថា៖ “ដំណើរទស្សនៈកិច្ចថ្ងៃនេះ មិនត្រឹមតែជាការប្រគល់អំណោយប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការបង្ហាញអំពីការគាំទ្រឥតងាករេរបស់យើងខ្ញុំចំពោះបងប្អូនខ្មែរយើងផងដែរ។ យើងនៅជាមួយបងប្អូន ហើយនឹងបន្តគាំទ្របងប្អូន។”
ក្រុមគ្រួសារនីមួយៗទទួលបានកញ្ចប់ជំនួយដែលរួមមាន៖ ទឹកសុទ្ធ១កេស មី១កេស អង្ករ១០គីឡូក្រាម សម្លៀកបំពាក់ និងគ្រឿងសម្ភារចាំបាច់មួយចំនួនទៀត។
ក្នុងពិធីចែកអំណោយនេះ ក៏មានវត្តមានថ្នាក់ដឹកនាំសំខាន់ៗជាច្រើនរូបនៃក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ដូចជា៖ លោក ហោ ប៊ុនថែ អគ្គនាយករងធនាគារ វីង លោក ឈុន វឌ្ឍនភក្តី នាយកគ្រប់គ្រងផ្នែកទំនាក់ទំនងនៃក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប និងលោក ឡៅ សៀងហៃ នាយកគ្រប់គ្រងធនធានមនុស្សនៃក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ។
គណៈគ្រប់គ្រង និងបុគ្គលិកមកពីក្រុមហ៊ុនសែលកាត ខេមបូឌានប្រតឃែសស្ទីសឺវីស ក្រុមហ៊ុនធានារ៉ាប់រងទូទៅ អ៊ីនហ្វីនីធី សណ្ឋាគារកាំបូឌីយ៉ាណា ក្រុមហ៊ុន រ៉ូយ៉ាល់ រេលវេ និងសមាគមសិល្បករខ្មែរ ក៏បានចូលរួមយ៉ាងសកម្មគាំទ្រកិច្ចការសប្បុរសធម៌ផងដែរនេះ។
នេះជាការចែកចាយជំនួយសប្បុរសធម៌លើកទី៤ដោយក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ។ ការចែកជូនជំនួយលើកទី១ ត្រូវបានប្រគល់នៅថ្ងៃទី២-៣ ខែសីហា នាវត្តគិរីទួលអណ្តែត ដែលជាជំរំជនភៀសសឹកក្នុងខេត្តព្រះវិហារ ដោយបានជួយដល់កុមារ និងគ្រួសារជាង៧០០នាក់។ ចំណែកការចែកលើកទី២ ត្រូវបានធ្វើឡើងនៅថ្ងៃទី៦ ខែសីហា នៅជំរំក្នុងភូមិអូរតាមែង ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ និងការចែកលើកទី៣ ត្រូវបានធ្វើឡើងនៅថ្ងៃទី១១ ខែសីហា នៅភូមិតាមន្តសែនជ័យ ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។
ជំនួយសប្បុរសធម៌ទាំងនេះបានមកពី “មូលនិធិទ្រទ្រង់ជនភៀសសឹក” ដែលផ្តួចផ្តើមដោយអ្នកឧកញ៉ា គិត ម៉េង និងលោកជំទាវ អ្នកឧកញ៉ា ម៉ៅ ចំណាន ព្រមទាំងមានការគាំទ្រយ៉ាងពេញទំហឹងពីសមាជិកក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប និងការចូលរួមវិភាគទានពីសប្បុរសជននានា។
ធនាគារ វីង បានចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ដើម្បីគោរពដល់កងទ័ពកម្ពុជា ដែលបានលះបង់សាច់ស្រស់ ឈាមស្រស់ក្នុងអំឡុងពេលជម្លោះព្រំដែនកម្ពុជា–ថៃ។ ដោយអនុវត្តតាមការអំពាវនាវរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងតបតាមសេចក្ដីណែនាំរបស់ធនាគារជាតិនៃកម្ពុជា ធនាគារ វីង បានលុបចោលបំណុលទាំងស្រុងជូនដល់អតិថិជន ឬអ្នករួមខ្ចី ដែលជាយោធិនបានពលី ឬពិការក្នុងពេលបំពេញបេសកកម្ម និងលុបចោលបំណុលចំនួន ៧៥% សម្រាប់យោធិនដែលរងរបួស ដែលតម្លៃសរុបជិត ៥០.០០០ ដុល្លារអាមេរិក។ ធនាគារ វីង កំពុងធ្វើការដោយផ្ទាល់ជាមួយគ្រួសារយោធិនដើម្បីធានាបាននូវដំណោះស្រាយឆាប់រហ័ស និងប្រកបដោយការគោរពដឹងគុណ។
ដើម្បីប្រារព្ធខួបលើកទី ១៧ របស់ខ្លួន សម្រាប់រាល់គណនីថ្មីដែលបានបើក ធនាគារនឹងបរិច្ចាគ ២០០ រៀលដល់ “មូលនិធិទ្រទ្រង់ជនភៀសសឹក”។ មូលនិធិនេះជួយដល់គ្រួសារជនភៀសសឹក កងទ័ពដែលក្លាហានការពារអធិបតេយ្យភាពកម្ពុជា និងក្រុមគ្រួសារនៃវីរបុរសដែលបានបាត់បង់ជីវិត៕