ធនាគារ វីង និងដៃគូសហការលើកកម្ពស់ស្រ្តីនៅក្នុងប្រទេសកម្ពុជា

មីនា 7, 2025

សមាគមសហគ្រិនស្រ្តីកម្ពុជា អង្គការមូលនិធិកុមារកម្ពុជា និងធនាគារ វីង បានរួមសហការគ្នាដើម្បីជំរុញការគាំទ្រាំទៅដល់ស្រ្តីនៅទូទាំងប្រទេសកម្ពុជា។

នៅប្រទេសកម្ពុជា ស្ត្រីមិនត្រឹមតែជាឆ្អឹងខ្នងនៃគ្រួសារប៉ុណ្ណោះទេ ពួកគាត់ក៏ជាកម្លាំងចលករដ៏សំខាន់សម្រាប់ការរួមចំណែកអភិវឌ្ឍសង្គមជាតិផងដែរ។ ​ទឡ្ហីករណ៍នេះ គឺស្តែងឱ្យឃើញតាមរយៈការចូលរួមរបស់ស្រ្តីក្នុងការបង្កើតអាជីវកម្ម ការប្រើប្រាស់បច្ចេកវិទ្យា រហូតដល់តួនាទីដឹកនាំក្នុងវិស័យនានាដែលភាគច្រើនពីមុនគឺគ្រប់គ្រងដោយបុរស ហើយការផ្លាស់ប្តូរនេះបានសបញ្ជាក់ឱ្យឃើញពីការចូលរួមរបស់ស្រ្តីក្នុងការកសាងភាពរុងរឿងសម្រាប់អនាគតកម្ពុជា។ យ៉ាងនេះក្តី ដំណើរឆ្ពោះទៅរកសមភាព និងឱកាសស្មើភាពនៅតែជាបញ្ហាប្រឈមសម្រាប់ស្ត្រីជាច្រើន។

ធនាគារ វីង ប្តេជ្ញាដើរលើវិថីនេះជាមួយស្ត្រី ដើម្បីពង្រីកលទ្ធភាពទទួលបានហិរញ្ញវត្ថុ ការអប់រំ និងឱកាសក្នុងការជួយពួកគេ កសាងគ្រួសារឱ្យកាន់តែរឹងមាំ និងរួមចំណែកដល់ការរីកចម្រើនរបស់ប្រទេសកម្ពុជា។

លោក Dmytro Kolechko អគ្គនាយកធនាគារ វីង បានលើកឡើងថា៖ “ការផ្តល់សិទ្ធអំណាចទៅដល់ស្ត្រីគឺលើសពីការលើកកម្ពស់បរិយាបន្នយេនឌ័រ ដោយហេតុថាវាជាគ្រឹះនៃវឌ្ឍនភាពរបស់ប្រទេសកម្ពុជា។ នៅពេលដែលស្ត្រីរីកចម្រើន ជីវភាពគ្រួសារកាន់តែប្រសើរ អាជីវកម្មរីកដុះដាល នោះប្រទេសជាតិក៏រីកចម្រើនទៅមុខផងដែរ។ ធនាគារ វីង​ ពិតជាមានមោទនភាពដែលបានគាំទ្រស្ត្រីដើម្បីរួមចំណែកអភិវឌ្ឍអនាគតប្រទេសកម្ពុជា។”

សព្វថ្ងៃនេះ 56% នៃបុគ្គលិក និងភ្នាក់ងារធនាគារ វីង គឺជាស្ត្រី។ ធនាគារ វីង បានផ្តល់នូវឱកាសការងារដល់ពួកគាត់ជាបុគ្គលិក ភ្នាក់ងារធនាគារ វីង និងភ្នាក់ងារធនាគារ​ វីង ម៉ាស្ទ័រ។ តាមរយៈតួនាទីទាំងនេះ ពួកគាត់អាចមានលទ្ធភាពបង្កើតប្រាក់ចំណូលមួយដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារ ហើយថែមទាំងមានសមត្ថភាពគ្រប់គ្រាន់ផ្តល់នូវសេវាហិរញ្ញវត្ថុដ៏ចាំបាច់នៅក្នុងសហគមន៍ដែលពួកគាត់រស់នៅថែមទៀតផង។

ភ្នាក់ងារ ធនាគារ វីង ជាច្រើនជាស្ត្រី​មេផ្ទះ​ដែលមើលថែទាំគ្រួសារផង និងរកប្រាក់ចំណូលដើម្បីទ្រទ្រង់ជីវភាពគ្រួសារផង។ គំនិតផ្តួចផ្តើមរបស់ធនាគារ វីង មិនត្រឹមតែជួយស្ត្រីទាំងនេះឱ្យមានឯករាជ្យភាពផ្នែកហិរញ្ញវត្ថុប៉ុណ្ណោះទេ ថែមទាំងជួយពង្រឹងសេដ្ឋកិច្ចនៅក្នុងសហគមន៍មូលដ្ឋានផងដែរ។

ការប្តេជ្ញាចិត្តរបស់ធនាគារ​ វីង ចំពោះការលើកកម្ពស់សិទ្ធអំណាចទៅដល់ស្ត្រី មិនគ្រាន់តែចូលរួមប្រារព្ធត្រឹមថ្ងៃទិវាសិទ្ធអន្តរជាតិនារីប៉ុណ្ណោះទេ។ រាល់ថ្ងៃ ធនាគារ​ វីង បានយកចិត្តទុកដាក់យ៉ាងខ្លាំងដើម្បីលុបបំបាត់ឧបសគ្គនានា ជំរុញសក្តានុពលរបស់ស្រ្តី ជំរុញការ​ចូលរួមក្នុង​សកម្មភាពផ្សេងៗ​ក៏ដូចជារួមចំណែកពន្លឿនការអភិវឌ្ឍសមភាពយេនឌ័រ និងភាពរីកចម្រើនប្រកបដោយសមធម៌​សម្រាប់អនាគតកម្ពុជាផងដែរ។

គំនិតផ្តួចផ្តើមសម្រាប់ការគាំទ្រសហគ្រិនស្ត្រី

ប្រទេសកម្ពុជាបានខិតខំយ៉ាងចិត្តទុកដាក់ក្នុងការផ្តល់សិទ្ធអំណាចដល់ស្ត្រី ជាពិសេសផ្នែកសហគ្រិនភាព។ សព្វថ្ងៃ ស្ត្រីកាន់តែច្រើនឡើងទទួលបានការអប់រំ ឱកាសក្នុងការចូលរួមសេដ្ឋកិច្ច និងបណ្តាញគាំទ្រចាំបាច់នានាដើម្បជំរុញដំណើរការអាជីវកម្មរបស់ពួកគេឱ្យកាន់តែរីកចម្រើន។

កញ្ញា ស៊ុន ស៊ីហនិតនោវី អនុប្រធានសមាគមសហគ្រិនស្ត្រីកម្ពុជា  (CWEA) បានលើកឡើងថា៖ “នៅ CWEA យើងខ្ញុំជឿជាក់ថា ការផ្តល់សិទ្ធអំណាចទៅដល់សហគ្រិនស្ត្រីមិនមែនគ្រាន់តែជួយឱ្យស្ត្រីទទួលបានលទ្ធផលអាជីវកម្មល្អប៉ុណ្ណោះទេ ថែមទាំងបង្កើតអនាគតមួយដែលប្រកបដោយសមធម៌ រុងរឿងនិង និរន្តរភាពសម្រាប់កម្ពុជាទាំងមូល។”

ទោះបីមានការរីកចម្រើនយ៉ាងនេះក្តី ក៏នៅតែមានបញ្ហាប្រឈមមួយចំនួនទៀតដែរ។ ជាក់ស្តែង សហគ្រិនស្ត្រីជាច្រើន នូវតែជួបផលលំបាកក្នុង​ការទទួលបានសេវាហិរញ្ញវត្ថុ ការបណ្តុះបណ្តាល និងឱកាសកសាងបណ្តាញទំនាក់ទំនងជាដើម។ ដើម្បីដោះស្រាយនូវបញ្ហាប្រឈមទាំងនេះ ធនាគារ​ វីង និងCWEA បានចាប់ដៃសហការគ្នាកាលពីឆ្នាំមុនដើម្បីបង្កើតកម្មវិធីអប់រំហិរញ្ញវត្ថុ និងសិក្ខាសាលាចែករំលែកចំណេះដឹងចាំបាច់នានា។ គំនិតផ្តួចផ្តើមទាំងនេះមានគោលដៅដោះស្រាយឧបសគ្គដ៏ធំមួយដែលស្ត្រីជួបប្រទះ នោះគឺកង្វះចំណេះដឹងផ្នែកហិរញ្ញវត្ថុ។

កញ្ញា ស៊ុន ស៊ីហនិតនោវី បានបន្ថែមថា៖ “តទៅមុខទៀត យើងខ្ញុំត្រូវបន្តផ្តោតលើការពង្រឹងភាពលេចធ្លោរបស់ស្ត្រីក្នុងតួនាទីជាអ្នកដឹកនាំ តាមរយៈ​ការ​នូវ​ផ្តល់ឱកាសអប់រំ និងបណ្តុះបណ្តាលបន្ថែម ដោយធានាឱ្យ​បានថាស្ត្រីមានឱកាសស្មើភាពដើម្បីសម្រេចបាននូវភាពជោគជ័យសម្រាប់ភាពជាសហគ្រិន។”

ការផ្តល់ជំនាញ STEM ដល់ក្មេងស្រីដើម្បីក្លាយជាធនធានដឹកនាំសម្រាប់អនាគត

ការផ្តល់សិទ្ធអំណាចទៅដល់ស្ត្រី និងកុមារី នាំមកនូវផលវិជ្ជមានយូរអង្វែង ដោយជួយលើកកម្ពស់សមភាព និងភាពច​ម្រើនរុងរឿងនៅក្នុងសង្គម។ ការណ៍នេះ ពិត​ជា​សំខាន់ណាស់​ជា​ពិសេស​នៅក្នុង​វិស័យមួយចំនួនដូចជា៖ វិស័យអប់រំ សុខភាព ការអភិវឌ្ឍសេដ្ឋកិច្ច និងការកាត់បន្ថយអំពើហិង្សាលើស្ត្រី​ជាដើម។​ នៅក្នុងប្រទេសកម្ពុជា ស្ត្រីជាច្រើនដឹកនាំគ្រួសារតែម្នាក់ឯង ហើយពួកគេ​មានតួនាទី​សំខាន់​ណាស់​ក្នុង​ការ​ធានាថាកូនៗមានអនាគតល្អប្រសើរ។

លោក Scott Neeson ស្ថាបនិក និងនាយកប្រតិបត្តិនៃអង្គការមូលនិធិកុមារកម្ពុជា (CCF) បានលើកឡើងថា៖ “ការផ្តល់នូវសិទ្ធអំណាចដ៏សំខាន់បំផុតដល់កុមារី និងស្ត្រី គឺតាមរយៈការអប់រំនេះឯង។ កុមារី និងស្ត្រីត្រូវការការលើកទឹកចិត្ត និងការគាំទ្រដើម្បី​ទទួល​បាន​ការសិក្សាពេញលេញ​មួយ​ ហើយ​អាចទទួល​បាន​ការងារ និងទទួលបាននូវសិទ្ធសមរម្យនៅក្នុងពិភពលលោកយើងនេះ។”

ធនាគារ វីង និងអង្គការមូលនិធិកុមារកម្ពុជា បានចាប់ដៃសហការគ្នា ដើម្បីជួយ​ទៅដល់កុមារីរស់នៅតាម​សហគមន៍ក្នុងប្រទេសកម្ពុជា ដែលមានជីវភាពខ្វះខាត។ ។ កម្មវិធីអប់រំ STEM ដែលទើបត្រូវបានដាក់ឱ្យដំណើរការឡើងតាមរយៈ​ភាព​ជាដៃគូនេះ គឺមានគោលបំណងជួយទៅដល់កុមារីមកពីគ្រួសារដែលមានភាពស្ថិតក្នុងស្ថានភាពប្រឈមនានា ឱ្យ​ទទួលបាននូវការសិក្សាមុខវិជ្ជាសំខាន់ៗដូចជា៖  វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា ឬហៅកាត់ថា STEM ព្រមទាំងផ្តល់​ឱកាសហាត់ការងារ​ដើម្បីជួយតម្រង់ទិសអនាគត​អាជីពការងារស្របតាមចំណេះជំនាញរបស់ពួកគេ។

គំនិតផ្តួចផ្តើមនេះគាំទ្រសិស្សានុសិស្ស​ចំនួន 138 នាក់  នៃ​សាលា Tomorrow Academy របស់អង្គការមូលនិធិកុមារកម្ពុជាដោយ​ក្នុង​ចំណោម​នោះមានសិស្ស​ស្រី​ចំនួន​​ 88 នាក់ ដើម្បីឱ្យ​ពួកគេ​អាច​​ទទួលបាននូវចំណេះដឹង​ និង​ឱកាស​ការងារ​ល្អៗ​នា​ពេល​អនាគត​ដែលពួក​គេ​​ពិបាក​នឹង​ទទួល​បាន​បើគ្មាន​ការ​ឧបត្ថម្ភ​គាំទ្រ​។

បន្ថែមលើនេះ សិស្ស​និស្សិតចំនួន 10 នាក់ ដែល​ស្ថិត​នៅ​ក្រោមការថែ​រក្សា​របស់អង្គការមូលនិធិកុមារកម្ពុជា នឹងត្រូវជ្រើសរើសជារៀងរាល់ឆ្នាំឱ្យចូលមកហាត់ការនៅធនាគារ វីង ដើម្បី​ឱ្យពួកគេទទួលបានបទពិសោធន៍ផ្ទាល់ ក៏ដូចជា​រៀបចំខ្លួន​សម្រាប់​ឱកាសការងារ​នាពេល​ខាងមុខផងដែរ។​

លោក Scott Neeson បានបន្ថែមថា៖ “ស្ត្រីគួរមានមោទនភាព និងទទួលការលើកទឹកចិត្តគ្រប់ជំហាននៃការតស៊ូនិងសមិទ្ធិផលដែលពួកគេទទួលបានក្នុងពេលបច្ចុប្បន្ននេះ។ ឥឡូវនេះ មានការយល់ដឹងកាន់តែច្រើនអំពីតួនាទីដ៏សំខាន់របស់ស្ត្រីនៅក្នុងសង្គម ដែល​រួមមាន​ទាំង៖ ​ការអប់រំ សីលធម៌ គុណ​តម្លៃ ក៏ដូចជា​បរិយាកសា​ការងារជាដើម។”

ការកសាងអនាគតដ៏ភ្លឺស្វាងមួយសម្រាប់កម្ពុជា

មាន​គំនិតផ្តួចផ្តើមជាច្រើន​របស់ ធនាគារ វីង ដែល​បានបង្ហាញពីការប្តេជ្ញាចិត្តដ៏មុតមាំរបស់ខ្លួនក្នុងការផ្តល់សិទ្ធអំណាចទៅដល់ស្ត្រី និងកុមារី​ តាមរយៈ​ការ​ទទួលស្គាល់នូវ​តួនាទីដ៏សំខាន់របស់ពួកគេក្នុងការជំរុញភាពរីកចម្រើនរបស់កម្ពុជា។ ដោយ​គាំទ្រសហគ្រិនស្ត្រី ក៏ដូចជាការបណ្តុះបណ្តាល​​ជំនាញ STEM ដល់កុមារី​​ជាច្រើន​ ធនាគារ​ វីង មិនត្រឹមតែធ្វើឱ្យជីវិតរបស់ពួកគេ​កាន់តែប្រសើរឡើងប៉ុណ្ណោះទេ ប៉ុន្តែ​ថែមទាំងរួមចំណែកអភិវឌ្ឍប្រទេសជាតិឆ្ពោះទៅមុខរីកចម្រើនប្រកបដោយបរិយាបន្នថែមទៀតផង។

តាមរយៈកិច្ចសហការជាមួយសមាគមនសហគ្រិនស្ត្រីកម្ពុជា និងអង្គការមូលនិធិកុមារកម្ពុជា ធនាគារ វីង កំពុងត្រួសត្រាយមាគ៌ា​សម្រាប់ប្រទេសកម្ពុជា ដែលស្ត្រី និងកុមារី​អាចរីកចម្រើន ដឹកនាំ និងមានសមត្ថភាពគ្រប់គ្រាន់ដើម្បីអភិវឌ្ឍអនាគតប្រទេសជាតិកាន់តែប្រសើរឡើង។ ក្នុងដំណើររួមកម្លាំងសហការគ្នានេះ ពួកគេ​នឹងកសាងសង្គមមួយដែលមនុស្សគ្រប់រូបទទួលបាននូវ​ឱកាស និងភាពស្មើរមុខប្រកបដោយសុខុដុមរមនា៕