ធនាគារ វីង និង Singapore Airlines រួមគ្នាបង្កើតកម្មវិធីប្តូរយករង្វាន់ដំបូងគេនៅកម្ពុជា

August 14, 2025

តាមរយៈភាពជាដៃគូនេះ អតិថិជនធនាគារ វីង ទាំងអស់អាចប្តូរWingpoints  ជាមួយKrisFlyer Miles ដែលធ្វើឱ្យការចំណាយមានប្រសិទ្ធភាពជាងមុន និងរីករាយជាមួយដំណើរកម្សាន្តជុំវិញពិភពលោក។

ធនាគារ វីង (ខេមបូឌា) ម.ក ដែលជាធនាគារឌីជីថលដែលបង្កើតឡើងដោយជនជាតិខ្មែរ​ ១០០% បានចាប់ដៃគូជាមួយក្រុមហ៊ុនអាកាសចរណ៍ Singapore Airlines ដើម្បីដាក់ឱ្យដំណើរការជាផ្លូវនូវកម្មវិធីប្តូរយករង្វាន់ ដែលជាព្រឹត្តិការណ៍នៃភាពច្នៃប្រឌិតមួយដ៏សំខាន់តាមរយៈការផ្តល់ជូននូវអត្ថប្រយោជន៍ពិសេសៗមិនធ្លាប់មានសម្រាប់អតិថិជន។

ពិធីអបអរសាទរភាពជាដៃគូនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍,​ ឯកឧត្តមបណ្ឌិត ម៉ី វ៉ាន់ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ, និងអ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាលធនាគារ វីង និងជាអគ្គនាយកក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប។

ក្នុងនោះក៏មានការអញ្ជើញចូលរួមពីតំណាងក្រុមហ៊ុន Singapore Airlines រួមមាន៖ លោក Bryan Koh អនុប្រធានផ្នែកទីផ្សារ, លោក Zechariah Chai អ្នកគ្រប់គ្រងប្រចាំតំបន់នៃភាពជាដៃគូ KrisFlyer, និងកញ្ញា Berlinda Yong អ្នកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន Singapore Airlines ប្រចាំប្រទេសកម្ពុជា។

ចាប់ពីថ្ងៃនេះតទៅ អតិថិជនធនាគារ វីង ទាំងអស់ អាចប្រើប្រាស់ Wingpoints ប្តូរយកពិន្ទុនៅក្នុងកម្មវិធី KrisFlyer Miles បានយ៉ាងងាយស្រួល ដែលជាការផ្តល់ជូននូវអត្ថប្រយោជន៍ដ៏ពិសេសសម្រាប់ដំណើរកម្សាន្ត និងធ្វើឱ្យគុណភាពជីវិតកាន់តែស្រស់បំព្រង។ កិច្ចសហការជាយុទ្ធសាស្ត្រនេះ បានបង្ហាញពីការយកចិត្តទុកដាក់របស់ស្ថាប័នទាំងពីរក្នុងការផ្តល់ជូននូវបទពិសោធន៍ប្រើប្រាស់របស់អតិថិជនកាន់តែប្រសើរ ក៏ដូចជាជំរុញការប្រើ​ប្រាស់ប្រព័ន្ធហិរញ្ញវត្ថុឌីជីថល។

តាមរយៈការធ្វើសមាហរណកម្មនៃ​ផ្លេតហ្វមឌីជីថល រវាងធនាគារឌីជីថលឈានមុខគេរបស់ប្រទេសកម្ពុជា និងក្រុមហ៊ុនអាកាសចរណ៍ដែលមានកិត្តិនាមដ៏ល្បីល្បាញនៅលើពិភពលោក  ភាពជាដៃគូនេះនឹងផ្តល់លទ្ធភាពឱ្យអ្នកប្រើប្រាស់អាចបង្កើនអត្ថប្រយោជន៍ពីការទូទាត់ប្រចាំថ្ងៃជាមួយធនាគារ វីង និងការទិញទំនិញនៅលើអេប Wingmall នូវឱកាសធ្វើដំណើរកម្សាន្តទៅកាន់ពិភពលោកតាមរយៈការប្រើប្រាស់Wingpoints ដែលទទួលបាន ដោយប្តូរទៅជា ពិន្ទុ KrisFlyer Milesដែលអាចប្រើប្រាស់ដើម្បីទូទាត់ថ្លៃសំបុត្រយន្តហោះជាមួយក្រុមហ៊ុន Singapore Airlines ឬប្តូរយកផលិតផលដ៏សម្បូរបែបពីផ្សារឌីជីថល KrisShop។

បណ្ឌិត ឌីមីត្រូ ខូលេកកូ អគ្គនាយកធនាគារ វីង បានលើកឡើងថា៖ “នេះមិនគ្រាន់តែជាការផ្តល់ជូននូវកម្មវិធីរង្វាន់ធម្មតានោះឡើយ តែវាក៏ជាជម្រើសនៃដំណោះស្រាយដ៏មានភាពច្នៃប្រឌិតមួយដែលជួយឱ្យអតិថិជនបង្កើនបទពិសោធន៍ធ្វើដំណើរទៅកាន់ពិភពលោក។​ ក្នុងនាមជាគ្រឹះស្ថានហិរញ្ញវត្ថុក្នុងស្រុក យើងខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយក្នុងការបម្រើជូនអតិថិជនរបស់យើង​នូវអត្ថប្រយោជន៍ពីការទូទាត់ប្រចាំថ្ងៃ ហើយអាចប្រែក្លាយទៅជាបទពិសោធន៍ទូទាត់ជាសកល និងធ្វើដំណើរទៅកាន់ពិភពលោក។​”

ការប្តូរយកពិន្ទុរង្វាន់គឺមានភាពងាយស្រួល ដោយគ្រាន់តែធ្វើឡើងតាមរយៈអេប Wing Bank ។ អ្នកប្រើប្រាស់គ្រាន់តែជ្រើសរើសមុខងារ ‘Earn Wingpoints’ រួចជ្រើសរើស ‘Redeem KF Miles’ ដើម្បីប្តូរពី Wingpoints យកពិន្ទុរង្វាន់ KrisFlyer Miles ហើយរីករាយជាមួយអត្ថប្រយោជន៍ភ្លាមៗ។​ អតិថិជនក៏នឹងទទួលបាន ១.០០០ Wingpoints បន្ថែម បន្ទាប់ពីធ្វើប្រតិបត្តិការប្តូររង្វាន់ពី Wingpoints ទៅ KrisFlyer Miles បានដោយជោគជ័យ។

ដើម្បីអបអរសាទរនៃភាពជាដៃគូនេះ អ្នកប្រើប្រាស់ធនាគារ វីង ទាំងអស់នឹងទទួលបាននូវភាពរីករាយ ក្នុងការបញ្ចុះតម្លៃពិសេសជាមួយក្រុមហ៊ុន Singapore Airlines។ ចាប់ពីថ្ងៃទី១៣ ខែសីហា ដល់ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥ សម្រាប់អ្នកដំណើរដែលកក់សំបុត្រយន្តហោះពីភ្នំពេញទៅសិង្ហបុរី នឹងទទួលបានការបញ្ចុះតម្លៃ ៥% ដោយគ្រាន់តែបញ្ចូលលេខកូដប្រូម៉ូសិន SQWING25 ពេលកក់សំបុត្រ។

អតិថិជន​អាចធ្វើដំណើរ ចាប់ពីថ្ងៃទី១៣ ខែសីហា ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ ដែលជាឱកាសដ៏ល្អសម្រាប់ការរៀបចំទុក​ជាមុន។ រួសរាន់ឡើង ការផ្តល់ជូននេះមានកំណត់។

ភាពជាដៃគូនេះ គឺជាការបោះជំហានដ៏សំខាន់មួយក្នុងការជំរុញវិស័យទេសចរណ៍ក្នុងតំបន់ ក៏ដូចជាជំរុញនវានុវត្តន៍ហិរញ្ញវត្ថុ ដែលនឹងផ្តល់ជូនប្រជាជនកម្ពុជានូវអត្ថប្រយោជន៍កាន់តែច្រើន, ភាពងាយស្រួល និងឱកាសធ្វើដំណើរជុំវិញពិភពលោក៕