ធនាគារ វីង និងមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” បានបិទបញ្ចប់កម្មវិធីពន្លឿនអាជីវកម្មថ្នាលឌីជីថលរដូវកាលទី ៤ ដោយជោគជ័យ
July 3, 2025មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” ដោយមានការចូលរួមឧបត្ថម្ភធំពីធនាគារ វីង បានអបអរសាទរភាពជោគជ័យក្នុងការបិទបញ្ចប់កម្មវិធីពន្លឿនអាជីវកម្មថ្នាលឌីជីថលរដូវកាលទី ៤ បន្ទាប់ពីកម្មវិធីនេះបានប្រព្រឹត្តិទៅអស់រយៈពេល ១២ សប្តាហ៍ ដើម្បីបំពាក់បំប៉នក្រុមអាជីវកម្មបង្កើតថ្មី ដោយផ្តល់នូវការតម្រង់ទិស មធ្យោបាយចាំបាច់នានាដែលអាចរីកចម្រើនទៅមុខយូរអង្វែង។
ដោយបានចំណាយពេលពេញមួយកម្មវិធីនេះ បេក្ខជនក្រុមអាជីវកម្មបង្កើតថ្មីបានឆ្លងកាត់ដំណាក់កាលជាច្រើនរួមមាន៖ វគ្គបណ្តុះបណ្តាលដែលដឹកនាំដោយអ្នកជំនាញ សិក្ខាសាលាបច្ចេកទេស ព្រមទាំងមានការចូលរួមបង្វឹកដោយផ្ទាល់ពីអ្នកតម្រង់ទិសមានបទពិសោធន៍ និងធុរជនសក្តានុពលជាដើម។ ធនាគារ វីង បានដើរតួនាទីយ៉ាងសំខាន់ និងរួមចំណែកនៅគ្រប់ដំណាក់កាលទាំងអស់ ទាំងការចែករំលែកបទពិសោធន៍អាជីវកម្ម ការតម្រង់ទិស និងមតិកែលម្អ ដើម្បីជួយដល់ម្ចាស់អាជីវកម្មបង្កើតថ្មីអាចសម្រួចគំរូអាជីវកម្ម ក៏ដូចជាការកែលម្អដំណោះស្រាយដែលឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងនៅក្នុងទីផ្សារ។ ។
លោក ជីវ ដារ៉ា នាយកគ្រប់គ្រងហិរញ្ញវត្ថុនៃធនាគារ វីង បានគូសបញ្ជាក់ពីការយកចិត្តទុកដាក់របស់ធនាគារ វីង ចំពោះការជំរុញគំនិតច្នៃប្រឌិតថ្មីៗក្នុងស្រុកឱ្យបានកាន់តែច្រើនឡើង។ លោក ជីវ ដារ៉ា បានលើកឡើងថា៖ “ម្ចាស់អាជីវកម្មវ័យក្មេងទាំងនេះកំពុងបង្ហាញពីសមត្ថភាពក្នុងការប្រើប្រាស់បច្ចេកវិទ្យាដោះស្រាយបញ្ហាប្រឈមនៅក្នុងប្រទេសកម្ពុជា ឱ្យកាន់តែទូលំទូលាយ ហើយនាំមកនូវផលវិជ្ជមានជាច្រើនសម្រាប់សហគមន៍។ ភាពជោគជ័យរបស់ពួកគេឆ្លុះបញ្ចាំងពីភាពរីកចម្រើននៃសហគ្រិនមានទេពកោសល្យក្នុងស្រុក ដែលនេះជាអ្វីដែលយើងខ្ញុំចង់ឃើញ ហើយស្របតាមបេសកកម្មរបស់ធនាគារ វីង ដែលតែងតែប្តេជ្ញាចិត្តលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ និងដំណោះស្រាយឌីជីថល ដែលផ្តល់ប្រយោជន៍ទៅដល់ប្រជាជនកម្ពុជាទាំងអស់។
លោកបានបន្ថែមទៀតថា៖ “យើងខ្ញុំមានមោទនភាពក្នុងការជំរុញប្រព័ន្ធអេកូឡូស៊ីសហគ្រិនឱ្យរីកលូតលាស់តទៅមុខ តាមរយៈការជួយជ្រោមជ្រែងក្រុមអាជីវកម្មបង្កើតថ្មីឱ្យទទួលបានឱកាសរីកចម្រើន មូលនិធិគាំទ្រ បណ្តាញទំនាក់ទំនង និងទីផ្សារថ្មីៗជាដើម។ ហើយកម្មវិធីពន្លឿនអាជីវកម្មថ្នាលឌីជីថលនេះ នឹងជួយកសាងគ្រឹះអនាគតឌីជីថលរបស់ប្រទេសកម្ពុជាឱ្យកាន់តែរឹងមាំមួយកម្រិតទៀត។”
កម្មវិធីពន្លឿនអាជីវកម្មថ្នាលឌីជីថល គឺជាផ្នែកមួយនៃភាពជាដៃគូយូរអង្វែងរវាងធនាគារ វីង និងមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” ដែលបានបង្កើតនូវគំនិតផ្តួចផ្តើមជាច្រើនសម្រាប់ការគាំទ្រភាពរីកចម្រើនសហគ្រិនវ័យក្មេងដូចជា៖ កម្មវិធីនវានុវត្តន៍បញ្រ្ចាស (ចាប់ពីរដូវកាលទី ១ ដល់ទី ៤), កម្មវិធីពន្លឿនអាជីវកម្មសហគ្រាសខ្នាតតូច និងមធ្យមឌីជីថល២០២១, កម្មវិធីTurning Hackathon រដូវកាលទី៦, ដំណើរទស្សនកិច្ចស្វែងយល់ពីប្រព័ន្ធធុរកិច្ចថ្មីនៅប្រទេសវៀតណាម និងកម្មវិធីពន្លឿនអាជីវកម្មថ្នាលឌីជីថលរដូវកាលទី១, ទី២ និងទី៤ ជាដើម។ គំនិតផ្តួចផ្តើមទាំងនេះបានជួយគាំទ្រប្រមាណ ១៦០ អាជីវកម្មដែលកំពុងដំណើរការយ៉ាងសកម្មនៅក្នុងទីផ្សារ ហើយអាជីវកម្មទាំងនេះបានបង្កើតឱកាសការងារជាង ២០០០ នាក់។
កម្មវិធីពន្លឿនអាជីវកម្មថ្នាលឌីជីថលឆ្នាំ ២០២៥នេះ ទទួលបានការដាក់ពាក្យចូលរួមចំនួន ៦១ អាជីវកម្ម ហើយក្នុងនោះមានចំនួន ៧ក្រុមត្រូវបានជ្រើសរើសចូលរួមក្នុងរដូវកាលនេះ។ ជាលទ្ធផល មានតែ៥ ក្រុមប៉ុណ្ណោះដែលគណៈកម្មការផ្តល់ពិន្ទុជាបេក្ខជនជ័យលាភី ដែលនេះបង្ហាញពីការប្តេជ្ញាចិត្តរួមគ្នាសំដៅជំរុញសេដ្ឋកិច្ចឌីជីថលរបស់ប្រទេសកម្ពុជាតាមរយៈការលើកកម្ពស់នវានុវត្តន៍ និង សហគ្រិនភាព។
ក្រុមអាជីវកម្មបង្កើតថ្មីដែលអភិវឌ្ឍខ្លួនបានល្អបំផុតទទួលបានរង្វាន់លើកទឹកចិត្តនៅវគ្គផ្តាច់ព្រ័ត្រ ក្នុងថ្ងៃធ្វើបទបង្ហាញសាធារណៈចំពោះភាពច្នៃប្រឌិត និងការត្រៀមខ្លួនចូលក្នុងទីផ្សារ៖
- ចំណាត់ថ្នាក់លេខមួយបានទៅលើក្រុមអាជីវកម្ម Point Hub ដែលបង្កើតប្រព័ន្ធគ្រប់គ្រងអាជីវកម្មទំនើបដោយប្រើប្រាស់បច្ចេកវិទ្យា Cloud ទទួលបានរង្វាន់ទឹកប្រាក់ចំនួន ៤០ លានរៀល
- ចំណាត់ថ្នាក់ទីពីរបានទៅលើក្រុមអាជីវកម្ម Espass ដែលជាថ្នាលឌីជីថលជួយសម្រួលដល់ការទិញ និងដឹកជញ្ជូនទំនិញពីក្រៅប្រទេសមកកម្ពុជា ទទួលរង្វាន់ទឹកប្រាក់ចំនួន ៣០ លានរៀល
- ចំណាត់ថ្នាក់ទីបីបានទៅលើក្រុមអាជីវកម្ម Digi-Lab ដែលជាវេទិកាអប់រំ STEM បែបឌីជីថល និង BeOne HR ដែលជាដំណោះស្រាយកម្មវិធីផ្តោតលើការអភិវឌ្ឍធនធានមនុស្ស។ក្រុមនីមួយៗទទួលបានទឹកប្រាក់រង្វាន់ចំនួន ២០ លានរៀល
- ក្រុមអាជីវកម្ម Bomnorng ទទួលបានចំណាត់ថ្នាក់ Honorable Mention ចំពោះការបង្កើតដំណោះស្រាយប្រព័ន្ធគ្រប់គ្រងផ្ទះជួលឌីជីថល ដោយប្រើប្រាស់បចេ្ចកវិទ្យា SaaS ទទួលរង្វាន់ទឹកប្រាក់ចំនួន ១០ លានរៀល
បន្ថែមពីលើជំនួយផ្នែកហិរញ្ញវត្ថុ ជ័យលាភីទាំង ៥ក្រុម ក៏នឹងទទួលការឧបត្ថម្ភសម្រាប់ការចូលរួមពិពណ៌ថ្នាក់តំបន់នៅប្រទេសវៀតណាមនាខែសីហាខាងមុខនេះផងដែរ ដែលផ្តល់ឱកាស និងការកសាងបណ្តាញទំនាក់ទំនងធុរកិច្ចកាន់តែទូលំទូលាយបន្ថែមទៀតនៅលើឆាកអន្តរជាតិ។
ស្របពេលដែលប្រទេសកម្ពុជាឆ្ពោះទៅអនាគតក្នុងការសម្របខ្លួនបរិវត្តកម្មឌីជីថលកាន់ខ្លាំងឡើង កម្មវិធីពន្លឿនអាជីវកម្មថ្នាលឌីជីថលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយឱ្យសហគ្រិនទទួលបាននូវជំនាញ ការកសាងទំនុកចិត្ត និងការគាំទ្រចាំបាច់នានាដែលពួកគេត្រូវការដើម្បីជំរុញភាពច្នៃប្រឌិតប្រកបដោយនិរន្តរភាព។ ធនាគារ វីង និងមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” នៅតែប្តេជ្ញាចិត្តក្នុងការកសាងប្រព័ន្ធអេកូឡូស៊ីគាំទ្រអាជីវកម្មបង្កើតថ្មី ឱ្យកាន់តែរឹងមាំ និងលូតលាស់ប្រកបដោយបរិយាបន្ន ដែលនេះសបញ្ជាក់ឱ្យឃើញពីគោលដៅអភិវឌ្ឍរបស់ប្រទេសកម្ពុជា ដែលអាចប្រកួតប្រជែងទាំងក្នុងតំបន់ និងនៅលើសកលលោក៕