ធនាគារ វីង និងមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” រកឃើញជ័យលាភីនៃកម្មវិធីប្រកួតគំនិតអាជីវកម្មក្នុងខេត្តសៀមរាប

October 27, 2025

មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” និង ធនាគារ​ វីង  បានបញ្ចប់កម្មវិធី Turing Hackathon រដូវកាលទី​ ៩ នៅខេត្តសៀមរាប ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីពង្រីកឱកាសសហគ្រិនឌីជីថល ក៏ដូចជាជំរុញការច្នៃប្រឌិតទៅដល់បណ្តាខេត្តនានានៅក្នុងប្រទេសកម្ពុជា។

សម្រាប់​រដូវកាលនេះ គឺជាប្រវត្តិសាស្ត្រថ្មី​ដែលកម្មវិធី​Turing Hackathon ត្រូវ​បាន​រៀបចំឡើង​នៅខាងក្រៅទីក្រុងភ្នំពេញជា​លើកដំបូងដែលមិនធ្លាប់មានពី​មុន​ ដែលនេះ​ជានិមិត្តរូបនៃជំហានដ៏សំខាន់មួយក្នុងការនាំយកឱកាសឌីជីថល និងការច្នៃប្រឌិតទៅកាន់ខេត្តផ្សេង​ៗ​របស់ប្រទេស​កម្ពុជា។

ឯកឧត្តមបណ្ឌិត តាំង ងួនលី នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” បានមានប្រសាសន៍ថា៖ “ការនាំយកកម្មវិធី Turing Hackathon មករៀបចំនៅខេត្តសៀមរាប គឺជាជំហានយុទ្ធសាស្ត្រសំខាន់មួយរបស់មជ្ឈមណ្ឌល ដើម្បីពង្រីកឱកាសដល់យុវជនក្រៅរាជធានីភ្នំពេញបានចូលរួមក្នុងបរិយា​កាស​នវានុវត្តន៍ដ៏រស់រវើកនេះ។ ពួកគាត់បានបង្ហាញសមត្ថភាពក្នុងការដោះស្រាយបញ្ហាពិតប្រាកដនៅក្នុងទីផ្សារ។ កម្មវិធីនេះក៏ផ្តល់ឱកាសឱ្យបេក្ខជនទទួលបាននូវគ្រឹះសហគ្រិនភាព និងការណែនាំពីអ្នកជំនាញ ដើម្បីពង្រឹងគុណភាពនៃគំនិតរបស់ពួកគាត់ផងដែរ។ ភាពច្នៃប្រឌិត និងគុណភាពនៃបទបង្ហាញរបស់ក្រុម​ទាំងអស់បានបញ្ជាក់យ៉ាងច្បាស់ពីសមត្ថភាព និង ទេពកោសល្យដ៏អស្ចារ្យរបស់យុវជនកម្ពុជាជំនាន់​​ថ្មី។ យើង​នឹង​បន្តពង្រឹងការគាំទ្រដល់យុវជន សហគ្រិន និង ធុរកិច្ចថ្មី ដើម្បីជួយឱ្យពួកគាត់ក្លាយជាចំណែកមួយនៃការរីកចម្រើនសេដ្ឋកិច្ចឌីជីថលកម្ពុជា។”

កម្មវិធីនេះបានដំណើរការអស់រយៈពេល៨សប្តាហ៍ដោយ​ចាប់ផ្តើមជាមួយនឹងការដាក់ពាក្យ ៤សប្តាហ៍ បន្ទាប់មកគឺវគ្គណែនាំកម្មវិធីតាមអនឡាញ ដែលបានបំពាក់បំប៉ន​បេក្ខជនទាំងអស់នូវជំនាញសហគ្រិនសំខាន់ៗដូចជា៖ ការស្វែងយល់​អំពី​អតិថិជន ផែនការ​អាជី​វកម្ម និង​ការ​រៀបចំបទ​បង្ហាញ​ផែនការ​អាជីវកម្ម​ជាដើម។

លោក ហោ ប៊ុនថែ អគ្គនាយករងធនាគារ វីង បានលើកឡើង​ថា​៖ “ការគាំទ្រកម្មវិធី Turing Hackathon គឺជាបេសកកម្មដ៏សំខាន់មួយរបស់យើង ដើម្បីរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលនៅកម្ពុជា។ ក្រុម​ដែល​ទទួល​បាន​ជ័យ​លាភី​មិន​ត្រឹម​តែ​មាន​ភាព​ច្នៃប្រឌិត​ប៉ុណ្ណោះ​ទេ តែ​ពួក​គាត់​ក៏​បាន​រួម​ចំណែក​កសាង​អនាគត​កម្ពុជា​ដែល​គាំទ្រ​ដោយ​ឌីជីថល​ផងដែរ​។ ខណៈពេលដែល​ក្រុមនីមួយៗ​ព្យាយាម​ដោះស្រាយនូវ​បញ្ហានានាក្នុង​មូលដ្ឋាន យើងរំពឹងថាគម្រោងទាំងនេះនឹង​រីកចម្រើនទៅ​មុខប្រកបដោយភាពស្វាហាប់​។​”

ចាប់ពីថ្ងៃទី ២៤ ដល់ថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០២៥ ក្រុមធុរកិច្ចថ្មីចំនួន ១១ បានជួបជុំ​គ្នានៅខេត្តសៀមរាបសម្រាប់កម្មវិធី​ចុងក្រោយដែលមានរយៈពេល​ ៣ ថ្ងៃ ដើម្បី​​អភិវឌ្ឍគំនិត ទទួល​ការណែនាំ និងធ្វើ​ការងារ​ជាមួយអ្នកជំនាញទាំងផ្នែកអាជីវកម្ម និងបច្ចេកវិទ្យា​។

នៅថ្ងៃបទ​បង្ហាញ​ជាសាធារណៈ​ កាលពី​ថ្ងៃទី ២៦ ខែតុលា ក្រោយពី​ការរៀបចំ និងបំផុសគំនិតអស់​ជិត​ ៥០ ម៉ោងរួចមក បេក្ខជនទាំង ១១ក្រុម បានបង្ហាញគំនិតអាជីវកម្មដែលពោរពេញដោយភាពច្នៃប្រឌិតជូនដល់គណៈកម្មការ​។

បន្ទាប់ពីការវាយតម្លៃយ៉ាងហ្មត់ចត់ គណៈកម្មការបានផ្តល់ចំណាត់ថ្នាក់លេខ ១ ដល់​ក្រុម TechSquadso TH សម្រាប់គម្រោងទេសចរណ៍ធម្មជាតិដែលជំរុញភ្ញៀវ​ទេសចរ​ទៅកាន់​សហគមន៍នៅស្រះស្រង់ខាងជើង​ដោយទទួលបានរង្វាន់ទឹក​ប្រាក់​ចំនួន ៤ លានរៀល។ ចំណាត់ថ្នាក់​លេខ ​២ ​បាន​ទៅ​លើក្រុម​ Rent Me ទទួលបានរង្វាន់ទឹក​ប្រាក់​ចំនួន ៣​ លាន​រៀល សម្រាប់​គម្រោង​​ដែល​ជួយ​ម្ចាស់ផ្ទះ​ឱ្យ​ទូទាត់​​វិក្កយបត្រ​ទៅ​អ្នក​ជួល​ច្រើន​នាក់បានយ៉ាងងាយស្រួល​។ ចំណាត់ថ្នាក់លេខ ៣ ត្រូវបានទៅ​​ក្រុមLocal Grew សម្រាប់វេទិកាពាណិជ្ជកម្មអេឡិចត្រូនិកដែលអាចឱ្យសហគមន៍ក្នុងខេត្តសៀមរាបលក់ផលិតផលក្នុងរាជធានីភ្នំពេញ ដោយទទួលបានរង្វាន់ទឹក​ប្រាក់​ចំនួន ២ លានរៀល។

គួរបញ្ជាក់ផងដែរថា បន្ទាប់ពី​ដំណើរការបាន​​៩​រដូវកាលរួចមក កម្មវិធី Turing Hackathon បានផ្តល់ឱកាសដល់យុវជនជាង ៥០០​ នាក់ ឱ្យ​បង្កើតគំនិតអាជីវកម្មថ្មីៗជាង ១០៨​អាជីវកម្ម។ ការណ៍នេះបង្ហាញឱ្យ​ឃើញ​យ៉ាងច្បាស់ថា Turing Hackathon គឺជាកម្លាំងចលករដ៏សំខាន់ក្នុងការលើកកម្ពស់ភាពច្នៃប្រឌិត ការធ្វើការងារ​ជា​ក្រុម និងស្មារតីសហគ្រិននៅក្នុងសង្គមកម្ពុជា។

ធនាគារ វីង​ និងមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី “តេជោ” បានសហការគ្នា​យ៉ាងសកម្មដើម្បីគាំទ្រដល់ការរីកចម្រើន​នៃប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មីនៅកម្ពុជាតាមរយៈកម្មវិធីសំខាន់​ៗជាច្រើន​។ កម្មវិធី​ទាំងនេះរួមមាន៖ កម្មវិធីនវានុវត្តន៍បញ្ច្រាស​(រដូវកាលទី ១ ដល់ ៤) កម្មវិធីពន្លឿនអាជីវកម្មសហគ្រាសខ្នាតតូច និងមធ្យមឌីជីថល​ឆ្នាំ​២០២១ ​ដំណើរទស្សនកិច្ចស្វែងយល់ពីប្រព័ន្ធធុរកិច្ចថ្មីនៅប្រទេសវៀតណាម និង​កម្មវិធីពន្លឿនអាជីវកម្មថ្នាលឌីជីថលឆ្នាំ​២០២២ ឆ្នាំ ២០២៣ និង​ឆ្នាំ ២០២៥ ជាដើម៕