ធនាគារ វីង និង អង្គការ WELL ចូលរួមលើកកម្ពស់យុវជនកម្ពុជាដើម្បីអនាគតមួយដែលមានភាពធន់
កុម្ភៈ 17, 2025ធនាគារ វីង សហការជាមួយកម្មវិធីសិក្សា WELL Academy នៃអង្គការ WELL បានបោះជំហានមួយទៀតដើម្បីបង្កើតអនាគតដ៏ភ្លឺស្វាងមួយសម្រាប់យុវជនកម្ពុជា។ «វេទិកាសុខុមាលភាពយុវជន២០២៥៖ ផ្តោតលើការកសាងភាពធន់ដើម្បីដោះស្រាយចំណោទជីវិត» បានបណ្តុះបណ្តាលយុវជននូវបំណិនជីវិតតាមរយៈការជំរុញភាពធន់ សុខុមាលភាព និងការកំណត់គោលដៅ។
ភាពរឹងមាំរបស់សហគមន៍គឺអាស្រ័យទៅលើសក្តានុពលរបស់យុវជនផ្ទាល់តែម្តង ហើយមិនសំដៅលើតែទេពកោសល្យ និងមហិច្ឆតារបស់ពួកគេនោះឡើយ ប៉ុន្តែគឺជាសមត្ថភាពក្នុងការប្រឈមមុខជាមួយបញ្ហាប្រកបដោយភាពជឿជាក់ ការចេះសម្របខ្លួន និងសុខុមាលភាពល្អផងដែរ។ ដោយយល់ឃើញអំពីសារៈសំខាន់ទំាងនេះហើយ ទើបធនាគារ វីង បានផ្តល់ការគាំទ្រសិក្ខាសាលាដែលមានរយៈពេលមួយថ្ងៃពេញកាលពីចុងសប្តាហ៍មុន ដោយមានយុវជនជាង ២០០នាក់ ចូលរួមរៀនសូត្រនិងដកពិសោធន៍ជាក់ស្តែងអំពីការពង្រឹងសុខមាលភាពផ្លូវកាយ ចិត្ត ស្មារតី ទំនាក់ទំនង និងហិរញ្ញវត្ថុ ។
លោក Dymtro Kolechko អគ្គនាយកនៃធនាគារ វីង បានលើកឡើងពីសារៈសំខាន់នៃសុខុមាលភាពរបស់យុវជនក្នុងការកសាងសង្គមដែលរីកចម្រើន។ លោកបានលើកឡើងថា៖ “សុខភាព និងសុភមង្គលរបស់យុវជនគឺជាមូលដ្ឋានគ្រឹះនៃភាពជោគជ័យ មិនមែនសម្រាប់តែបុគ្គលម្នាក់ៗប៉ុណ្ណោះទេ ប៉ុន្តែគឺសម្រាប់សហគមន៍ទាំងមូលផងដែរ។ នៅពេលដែលចិត្តគំនិតរបស់យុវជនត្រូវបានបំពាក់បំប៉នជាមួយភាពធន់ ចំណេះដឹង និងការចេះឱ្យតម្លៃលើខ្លួនឯង ពួកគេនឹងក្លាយជាកម្លាំងចលករនៅពីក្រោយការច្នៃប្រឌិតថ្មី ការរីកចម្រើនសេដ្ឋកិច្ច និងភាពសុខដុមរមនាក្នុងសង្គម។”
វេទិកាសុខុមាលភាពយុវជនដែលបានរៀបចំកាលពីចុងសប្តាហ៍មុននេះ បានក្តោបលើប្រធានបទដែលមានសារៈសំខាន់ជាច្រើនដែលជួយទៅដល់ការរីកចម្រើនជាលក្ខណៈបុគ្គល ដោយរួមមានដូចជា៖ ការយកឈ្នះលើបញ្ហាប្រឈមក្នុងជីវិត ការអនុវត្តការស្រលាញ់ខ្លួនឯង យូហ្គា សមាធិ និងអាហារូបត្ថម្ភ ការកសាងថាមពលវិជ្ជមាន ការគ្រប់គ្រងហិរញ្ញវត្ថុ ការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមប្រកបដោយការទទួលខុសត្រូវ និងឱកាសអភិវឌ្ឍអាជីព ជាដើម។ តាមរយៈការលើកយកប្រធានបទទាំងនេះមកពិភាក្សា កម្មវិធីនេះបានផ្តល់ឱ្យយុវជននូវវិធីសាស្រ្តដែលមានសារប្រយោជន៍ក្នុងការកសាងជីវិតមួយប្រកបដោយអត្ថន័យ និងតុល្យភាព។
លោកស្រី វិរៈ បុណ្ណារ័ត្ន នាយកប្រតិបត្តិនៃ WELL មានប្រសាសន៍ថា៖ “ការឧត្ថម្ភគាំទ្រនេះអនុញ្ញាតឱ្យយើងបង្កើតនូវព្រឹត្តិការណ៍មួយដែលយុវជនអាចស្វែងរកការបំផុសគំនិត ការលើកទឹកចិត្ត និងទទួលបានបទពិសោធន៍ជីវិតជាក់ស្តែងពីវាគ្មិន ដើម្បីត្រួសត្រាយជីវិតប្រកបដោយភាពជឿជាក់។ សូមអរគុណចំពោះការគាំទ្ររបស់ធនាគារ វីង ដែលអនុញ្ញាតឱ្យយើងបាននាំមកនូវក្តីសង្ឃឹម និងសុទិដ្ឋិនិយមដល់យុវជន ដោយលើកទឹកចិត្តឱ្យពួកគេមានក្តីសុបិន្ត និងរស់នៅដោយមានគោលបំណង”។
នេះមិនមែនជាកិច្ចសហការជាលើកទីមួយដែលស្ថាប័នទាំងពីរបានធ្វើរួមគ្នានោះទេ។ ចាប់តាំងពីខែកញ្ញាឆ្នាំមុនមក ធនាគារ វីង ក៏បានផ្តល់ការគាំទ្រដល់ WELL Academy សម្រាប់កម្មវិធីបណ្តុះបណ្តាលដែលរៀបចំឡើងសម្រាប់ម្ចាស់អាជីវកម្មខ្នាតមីក្រូ ធុនតូច មធ្យម និងធុរកិច្ចថ្មី។ កម្មវិធីទាំងនេះផ្តោតទៅលើប្រធានបទសំខាន់ៗដូចជា៖ ការអភិវឌ្ឍអាជីវកម្ម ចំណេះដឹងផ្នែកហិរញ្ញវត្ថុ ការការពារសុខភាព និយោជិតនិងសុខុមាលភាពអតិថិជន គណនេយ្យភាព ជំនាញឌីជីថល និងការធ្វើទីផ្សារអនឡាញជាដើម។ តាមរយៈការឧបត្ថម្ភគាំទ្រដែលមានជាបន្តបន្ទាប់នេះ ធនាគារ វីង មិនត្រឹមតែចូលរួមលើកកម្ពស់យុវជនប៉ុណ្ណោះទេ ថែមទាំងពង្រឹងសហគ្រិនភាព ដោយធានាថាអាជីវកម្ម និងសហគមន៍អាចរីកចម្រើនជាមួយគ្នា៕