ធនាគារ វីង ប្រារព្ធខួប ១៧ ឆ្នាំ នៃការប្តេជ្ញាចិត្តចំពោះនវានុវត្តន៍ឌីជីថល និងការលើកកម្ពស់វិស័យហិរញ្ញវត្ថុនៅកម្ពុជា

October 17, 2025

សម្រាប់ប្រជាជនកម្ពុជារាប់លាននាក់ ធនាគារ វីង មិនត្រឹមតែជាស្ថាប័នហិរញ្ញវត្ថុមួយប៉ុណ្ណោះទេ តែជាដៃគូយូរអង្វែងដែលបានជួយលើកកម្ពស់ជីវភាពក្រុមគ្រួសារ សហគ្រិន និងសហគមន៍ឱ្យរីកចម្រើន។ អស់រយៈពេល ១៧ ឆ្នាំមកនេះ ធនាគារ វីង បានក្លាយជាដៃគូហិរញ្ញវត្ថុដែលប្រជាជនកម្ពុជារាប់លាននាក់ទុកចិត្ត ដែលតែងតែជួយគាំទ្រដល់ក្រុមគ្រួសារ សហគ្រិន និងសហគមន៍ តាមរយៈការបម្រើជូននូវសេវាធនាគារឌីជីថលដែលប្រជាជនកម្ពុជាអាចប្រើប្រាស់បានគ្រប់ៗគ្នា។

ស្របពេលនៃការត្រៀមបិទទំព័រឆ្នាំ ២០២៥ ធនាគារ វីង បានសាទរចំពោះវឌ្ឍនភាពគួរឱ្យកត់សម្គាល់រយៈពេលជិតពីរទសវត្សរ៍មកនេះ ដោយបានពង្រីកវិសាលភាពសេវាហិរញ្ញវត្ថុរបស់ខ្លួននៅទូទាំងប្រទេសកម្ពុជា ភាពជាដៃគូយុទ្ធសាស្ត្រជាមួយរដ្ឋាភិបាល ក៏ដូចជាភាពច្នៃប្រឌិតសំដៅលើកកម្ពស់ការប្រើប្រាស់ហិរញ្ញវត្ថុឱ្យកាន់តែទូលំទូលាយនៅក្នុងសហគមន៍ផងដែរ។

ជាមួយនឹងការិយាល័យប្រតិបត្តិការចំនួន ២៦ សាខា និងភ្នាក់ងារជាង ១២.០០០ ទីតាំងគ្រប់ដណ្តប់គ្រប់ស្រុក វត្តមានធនាគារ វីង អាចធានាបានថា ការផ្តល់សេវាហិរញ្ញវត្ថុរបស់ខ្លួនបានពង្រីកទៅដល់ប្រជាជនគ្រប់ទីកន្លែង សូម្បីតែនៅតំបន់ស្រយាល។ ទន្ទឹមនេះ កិច្ចសហការដ៏ជិតស្និទ្ធជាមួយធនាគារជាតិ នៃកម្ពុជា ក៏បានរួមចំណែកក្នុងការពន្លឿនប្រើប្រាស់បាគង ដែលជាប្រព័ន្ធទូទាត់អន្តរប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជា ហើយក្នុងនោះភ្នាក់ងារធនាគារ​ វីង ដើរតួជាចំណុចសំខាន់ដែលអនុញ្ញាតឱ្យប្រជាជនកម្ពុជាទាំងអស់អាចដាក់ប្រាក់ និងដកប្រាក់នៅទូទាំងប្រទេសកម្ពុជាបានយ៉ាងងាយស្រួល។

ដើម្បីគាំទ្ររូបិយវត្ថុជាតិ ធនាគារ វីង បានផ្តល់ជូនអតិថិជនទាំងអស់នូវការប្រើប្រាស់គណនីប្រាក់រៀលខ្មែរ រួមជាមួយគណនីដុល្លារឥតគិតថ្លៃ ហើយថែមទាំងអាចធ្វើប្រតិបត្តិការតាមប្រព័ន្ធទូទាត់ KHQR ទាំងពីររូបិយប័ណ្ណបានយ៉ាងរលូន ដែលធ្វើឱ្យការទូទាត់ ការសន្សំ និងការធ្វើអាជីវកម្មដោយប្រើប្រាស់រូបិយប័ណ្ណក្នុងស្រុកកាន់តែងាយស្រួលជាងមុន។

ភាពជាដៃគូដែលជំរុញវឌ្ឍនភាពជាតិ

ភាពជាដៃគូរបស់ ធនាគារ វីង ក៏បានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមគ្នាចំពោះកំណើនចីរភាពនៅក្នុងប្រទេសកម្ពុជាផងដែរ។ ក្នុងនោះ ធនាគារ វីង បានចាប់ដៃសហការជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ  ដើម្បីនាំមកនូវក្តីសង្ឃឹមថ្មីសម្រាប់សហគមន៍ជនបទ តាមរយៈមូលនិធិអាកាសធាតុឆ្លាតវៃចំនួន៣ លានដុល្លារអាមេរិក ដោយផ្តល់ជូននូវកម្ចីការប្រាក់ទាបដល់កសិករ និងអាជីវកម្មកសិកម្ម។

 

ជាមួយគ្នានេះ ធនាគារ វីង ក៏បានសហការជាមួយក្រសួងទេសចរណ៍ ដើម្បីផ្តល់នូវដំណោះស្រាយទូទាត់ឌីជីថលសម្រាប់ភ្ញៀវទេសចរ ដោយទទួលបាននូវបទពិសោធន៍ដំណើរកម្សាន្តដ៏រីករាយ និងមានសុវត្ថិភាពក្នុងការប្រើប្រាស់កាបូបភ្ញៀវទេសចរ និងការទូទាត់តាម QR ដូចប្រជាជនក្នុងស្រុកដែរ។ លើសពីនេះទៀត

កិច្ចសហការជាមួយក្រុមហ៊ុន TotalEnergies Cambodia ធនាគារ វីង បានផ្តល់កម្ចីអាជីវកម្មរហូតដល់ ៣ លានដុល្លារអាមេរិក ដើម្បីគាំទ្រដៃគូអាជីកម្មរបស់ក្រុមហ៊ុននេះក្នុងការពង្រឹងបណ្តាញស្ថានីយ៍សេវាកម្ម និងអ្នកចែកចាយ ខណៈដែលភាពជាដៃគូរបស់ធនាគារ វីង ជាមួយធនាគារ CIMB Singapore ជួយពង្រឹងហិរញ្ញប្បទានឆ្លងដែនសំដៅលើកកម្ពស់សហគ្រាសធុនតូច និងមធ្យម ក៏ដូចជាជំរុញពាណិជ្ជកម្ម និងសមាហរណកម្មក្នុងតំបន់ឱ្យកាន់តែរីកចម្រើនមួយកម្រិតទៀត។

បន្ថែមពីនេះទៀត ធនាគារ វីង ក៏បានចូលរួមសហការយ៉ាងសកម្មជាមួយមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” ដើម្បីកសាងគ្រឹះសេដ្ឋកិច្ចឌីជីថលនៅក្នុងប្រទេសកម្ពុជា។ កិច្ចសហការនេះ​បានអនុញ្ញាតឱ្យធនាគារ វីង ចូលរួមជាអ្នកតម្រង់ទិស និងជាអ្នកឧបត្ថម្ភធំសម្រាប់គំនិតផ្តួចផ្តើមជាច្រើនដូចជា៖ ​កម្មវិធីពន្លឿនអាជីវកម្មថ្នាលឌីជីថល, កម្មវិធីនវានុវត្តន៍បញ្រ្ចាស, កម្មវិធី Turning Hackathon ដោយគំនិតផ្តួចផ្តើមទាំងនេះបានជួយគាំទ្រ ១៦០ អាជីវកម្ម ហើយបង្កើតឱកាសការងារជាង ២០០០​ នាក់ ហើយថែមទាំងបានបណ្តុះបណ្តាលនវានុវត្តជនជំនាន់ថ្មីប្រកបដោយភាពប៉ិនប្រសព្វទៀតផង។

លោកបណ្ឌិត Dmytro Kolechko អគ្គនាយកធនាគារ វីង បានលើកឡើងថា៖ “ដំណើរដ៏វែងឆ្ងាយរបស់យើងគឺមានទំនាក់ទំនងយ៉ាងស៊ីជម្រៅទៅនឹងដំណើរនៃវឌ្ឍនភាពរបស់កម្ពុជា។ យើងខ្ញុំពិតមានមោទនភាពក្នុងការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ ការអភិវឌ្ឍវិស័យកសិកម្ម ការផ្តល់ដំណោះស្រាយទូទាត់ និងនវានុវត្តន៍ឌីជីថល ហើយយើងតែងតែជឿថាបច្ចេកវិទ្យាអាចជាកម្លាំងចលករនាំមកនូវវឌ្ឍនភាព លើកកម្ពស់ជីវភាពរស់នៅ ពង្រឹងការអភិវឌ្ឍក្នុងសហគមន៍ ក៏ដូចជារួមចំណែកដល់កំណើនជាតិទៀតផង។”

ភាពច្នៃប្រឌិតដែលនាំមកនូវឌ្ឍនភាពដ៏ត្រចះត្រចង់

ភាពច្នៃប្រឌិត គឺជាមូលដ្ឋាននៃភាពជោគជ័យរបស់ ធនាគារ វីង ដោយបាននាំមកនូវដំណោះស្រាយដំបូងគេនៅលើទីផ្សារជាបន្តបន្ទាប់ ចាប់ពីសេវាវេលុយតាមទូរសព្ទ រហូតដល់ការប្រើប្រាស់ប្រព័ន្ធហិរញ្ញវត្ថុដែលមិនប្រើប្រាស់ក្រដាសប្រាក់ និងការធ្វើសមាហរណកម្មជាមួយប្រព័ន្ធទូទាត់បាគង របស់ធនាគារជាតិ នៃកម្ពុជា បានធ្វើ​ឱ្យធនាគារ វីង ក្លាយជាគ្រឹះស្ថានហិរញ្ញវត្ថុនាំមុខគេសម្រាប់បរិវត្តកម្មឌីជីថលនៅក្នុងប្រទេសកម្ពុជា។

នៅក្នុងឆ្នាំ ២០២៤ ធនាគារ វីង បានដាក់ឱ្យដំណើរការម៉ាស្ទ័រកាត វ័នកាត ដែលរួមបញ្ចូលគ្នានូវភាព​ងាយស្រួល និងភាពបត់បែន ​នៃបណ្ណឥណទាន និងបណ្ណឥណពន្ធនៅក្នុងកាតតែមួយ។ ក្នុងឆ្នាំដដែលនោះ ធនាគារ វីង បានទទួលពានរង្វាន់ចំនួនបីនៅក្នុងកម្មវិធីជួបជុំប្រចាំឆ្នាំរបស់ក្រុមហ៊ុនម៉ាស្ទ័រកាត ដែលរួមមានពានរង្វាន់៖ Leadership in Debit Volume 2024, Leadership in Cross-Border Volume 2024 និងពានរង្វាន់ Innovation Breakthrough 2024។

ក្នុងឆ្នាំ ២០២៥ ធនាគារ វីង បំបែកកំណត់ត្រាថ្មីក្នុងវិស័យហិរញ្ញវត្ថុឌីជីថល និងការរួមចំណែកសង្គម ដោយទទួលបានពានរង្វាន់ ជាគ្រឹះស្ថានធនាគារដ៏លេចធ្លោនៅកម្ពុជាដែលនាំមុខគេលើការទូទាត់មិនប្រើក្រដាសប្រាក់ និងរួមចំណែកល្អបំផុតនៅក្នុងសង្គមឆ្នាំ ២០២៤  ប្រគល់ដោយស្ថាប័ន CFI.co លើការប្តេជ្ញាចិត្តឥតងាករេរបស់ខ្លួនចំពោះបរិយាបន្នហិរញ្ញវត្ថុ ភាពច្នៃប្រឌិត និងជំរុញការអភិវឌ្ឍក្នុងសហគមន៍ប្រទេសកម្ពុជា។

លើសពីនេះ ធនាគារ វីង បានបន្តឆ្ពោះទៅមុខមួយជំហានទៀត ជាមួយនឹងការប្រកាសនូវយុទ្ធនាការដកប្រាក់ឥតគិតថ្លៃ  ដែលជាគំនិតផ្តួចផ្តើមដំបូងគេផ្តោតលើតម្រូវការអតិថិជន និងជំរុញការប្រើប្រាស់ប្រព័ន្ធហិរញ្ញវត្ថុឌីជីថល ហើយគំនិតផ្តួចផ្តើមនេះ ត្រូវបានទទួលស្គាល់នូវភាពជោគជ័យដ៏បំផុតមួយនៅតំបន់អាស៊ីអាគ្នេយ៍នៅក្នុងព្រឹត្តិការណ៍ TikTok’s Quantum ២០២៥។ ជាមួយគ្នានេះ មុខងារកម្ចីឌីជីថល ដែលអតិថិជនអាចស្នើកម្ចីបានភ្លាមៗ មិនត្រូវការទ្រព្យបញ្ចំ ព្រមទាំងគណនីសន្សំដើម្បីគោលដៅ ដែលអ្នកប្រើប្រាស់អាចដាក់ប្រាក់សន្សំដោយស្វ័យប្រវត្តិ បានឈ្នះពានរង្វាន់២ពីទស្សនាវដ្តីល្បីល្បាញនៅចក្រភពអង់គ្លេស Global Banking & Finance Review ដែលរួមមានពានរង្វាន់នវានុវត្តន៍នាំមុខគេនៅកម្ពុជាលើការផ្តល់កម្ចីឌីជីថល និងគណនីសន្សំឆ្នាំ ២០២៥​។

ជាលើកដំបូងនៅក្នុងប្រទេសកម្ពុជា ធនាគារ វីង បានដាក់ឱ្យដំណើរការកម្មវិធីប្តូរយកពិន្ទុនៅក្នុងកម្មវិធី KrisFlyer Miles របស់ក្រុមហ៊ុនអាកាសចរណ៍ Singapore Airlines ដែលអនុញ្ញាតឱ្យអតិថិជនប្រើប្រាស់ពិន្ទុ WingPoints ប្តូរយកសំបុត្រយន្តហោះបានយ៉ាងរលូន។ ភាពជាដៃគូនេះបានភ្ជាប់សេវាធនាគារ និងរបៀបរស់នៅ ដោយផ្តល់រង្វាន់ដល់អតិថិជនជាមួយអត្ថប្រយោជន៍ធ្វើដំណើរនៅទូទាំងពិភពលោក ក៏ដូចជាបង្ហាញនូវភាពច្នៃប្រឌិតលើសពីសេវាធនាគារបែបប្រពៃណី។

លើកកម្ពស់ការរស់នៅរបស់អតិថិជន និងភាពរីកចម្រើនក្នុងសហគមន៍

បេសកកម្មដ៏សំខាន់បំផុតរបស់ ធនាគារ វីង គឺផ្តោតលើការលើកស្ទួយការរស់នៅរបស់ប្រជាជនកម្ពុជា។ តាមរយៈប្រព័ន្ធឌីជីថលរបស់ខ្លួន ធនាគារ វីង បានជួយសម្រួលដល់ប្រជាជនកម្ពុជារាប់លាននាក់អាចផ្ទេរប្រាក់ គ្រប់គ្រងប្រាក់សន្សំ និងទទួលបានកម្ចី ប្រកបដោយសុវត្ថិភាព និងភាពងាយស្រួលបំផុត។ ធនាគារវីង ក៏ជាស្ពានហិរញ្ញវត្ថុដ៏សំខាន់សម្រាប់ពលរដ្ឋខ្មែររាប់ម៉ឺននាក់ ដែលកំពុងធ្វើការនៅក្រៅប្រទេសផងដែរ។ តាមរយៈភាពជាដៃគូជាមួយក្រុមអន្តរជាតិធំៗ តួយ៉ាងក្រុមហ៊ុន Japan Money Express និង Japan Remit Finance ធនាគារ​ វីង ធានាថា ក្រុមគ្រួសារដែលនៅក្នុងប្រទេសកម្ពុជាអាចទទួលបានប្រាក់កាសភ្លាមៗដើម្បីផ្គត់ផ្គង់ការអប់រំ សុខភាព និងតម្រូវការប្រចាំថ្ងៃ។

លើសពីនេះ ក៏បានប្តេជ្ញាចិត្តយ៉ាងមោះមុតចំពោះការអភិវឌ្ឍធនធានបុគ្គលិកផងដែរ។ តាមរយៈកម្មវិធីបុគ្គលិកកម្មសិក្សា ដែលបានដាក់ឱ្យដំណើរការក្នុងឆ្នាំ ២០២៤ ធនាគារ វីង បានផ្តល់ឱ្យនិស្សិតសាកលវិទ្យាល័យទទួលបាននូវការបណ្តុះបណ្តាល និងហ្វឹកហាត់ដោយផ្ទាល់ ដើម្បីជួយឱ្យយុវនជំនាន់ក្រោយទទួលបានជំនាញច្បាស់លាស់នៅក្នុងវិស័យធនាគារ។  មកទល់ពេលនេះ មានសិក្ខាកាមជាង ៦០ នាក់ បញ្ចប់ការសិក្សាកម្មវិធីនេះដោយជោគជ័យ ហើយក្នុងនោះ1/4 ជាបេក្ខនារី។ នៅក្នុងឆ្នាំ ២០២៥ ធនាគារ វីង បានពង្រឹងបេសកកម្មបរិយាបន្នរបស់ខ្លួន តាមរយៈគម្រោង Project Echo ដោយបានជ្រើសរើសបុគ្គលិកពិការភាពគ-ថ្លង់ចំនួន ៦ នាក់ ដើម្បីចូលបម្រើការងារសេវាអតិថិជន  ហើយថែមទាំងបានបណ្តុះបណ្តាលបុគ្គលិកផ្សេងទៀតឱ្យចេះប្រើភាសាសញ្ញាទៀតផង ដែលនេះគឺជាការឈានទៅមុខមួយក្នុងការលើកកម្ពស់បរិយាបន្ននៅក្នុងស្ថាប័នសាជីវកម្មរបស់កម្ពុជា។

កញ្ញា គិត អេឃីត្រាវីននីដា នាយិកាគ្រប់គ្រងទីផ្សារនៃធនាគារ វីង  បានលើកឡើងថា៖  “បុគ្គលិក គឺជាគ្រឹះនៃភាពជោគជ័យរបស់យើង។ យើងវិនិយោគលើការរីកចម្រើនរបស់ពួកគេ ព្រោះយើងជឿថា នៅពេលដែលបុគ្គលិករបស់យើងរីកចម្រើន អតិថិជន និងសហគមន៍របស់យើងក៏រីកចម្រើនដែរ”។

ផ្តោតលើគោលដៅលើសពីប្រាក់ចំណេញ

កេរដំណែលរបស់ វីង មិនត្រឹមតែត្រូវបានកសាងឡើងដោយនវានុវត្តន៍បច្ចេកវិទ្យាប៉ុណ្ណោះទេ តែក៏បានចាក់ឫសយ៉ាងជ្រៅចំពោះការចិត្តទុកដាក់នៅក្នុងសង្គមផងដែរ។ តាមរយៈកម្មវិធីទ្រទ្រង់សង្គម Wing For Good ធនាគារ វីង បានគាំទ្រគំនិតផ្តួចផ្តើមដែលជួយពង្រឹងសហគមន៍ និងលើកកម្ពស់ជីវភាពអ្នកខ្វះខាត។ អស់រយៈពេល ១៧ ឆ្នាំកន្លងមកនេះ ធនាគារ វីង បានវិនិយោគជាង ៣.២ លានដុល្លារអាមេរិក លើគំនិតផ្តួចផ្តើមសហគមន៍ដែលគ្របដណ្តប់ការអប់រំ សុខភាព និងសុខុមាលភាពសង្គម។ យុទ្ធនាការអប់រំផ្នែកហិរញ្ញវត្ថុរបស់ធនាគារបានពង្រីកទៅដល់សិស្សជាង ៥.០០០ នាក់ទូទាំងប្រទេស ខណៈដែលបុគ្គលិករបស់ធនាគារ វីង បានចូលរួមយ៉ាងសកម្មក្នុងសកម្មភាពស្ម័គ្រចិត្តផ្សេងៗ ចាប់ពីយុទ្ធនាការបរិច្ចាគឈាម រហូតដល់កម្មវិធីបណ្តុះបណ្តាលសហគ្រិនភាពជាដើម។

ក្នុងឆ្នាំ ២០២៥ ធនាគារ វីង បានប្តេជ្ញាថានឹងបរិច្ចាគមួយផ្នែកនៃការបើកគណនីថ្មីទៅឱ្យបុព្វហេតុមនុស្សធម៌ និងការអភិវឌ្ឍ ដោយប្រាកដថាអតិថិជនគ្រប់រូបក៏អាចរួមចំណែកដល់វឌ្ឍនភាពជាតិផងដែរ។ ចំពោះការប្តេជ្ញាចិត្តមិនរាថយសម្រាប់ការទទួលខុសត្រូវសង្គម ធនាគារ វីង បានទទួលពានរង្វាន់ CSR Excellence Awards ចំនួន២ ពី សភាពពាណិជ្ជកម្មអាមេរិកនៅកម្ពុជា ដោយបានទទួលស្គាល់ភាពជាអ្នកដឹកនាំរបស់ធនាគារ វីង​ ក្នុងការលើកកម្ពស់បរិយាបន្នឌីជីថល និងចំណេះហិរញ្ញវត្ថុនៅក្នុងប្រទេសកម្ពុជា។

១៧ ឆ្នាំដ៏រឹងមាំ ហើយវឌ្ឍនភាពដ៏ត្រចះត្រចង់នេះនឹងនៅតែបន្តទៅមុខជានិច្ច

រយៈពេល ១៧ឆ្នាំ នេះ ធនាគារ វីង បានក្លាយជានិមិត្តរូបនៃ ភាពធន់ ទំនុកចិត្ត និងវឌ្ឍនភាព។ ខណៈដែលប្រទេសកម្ពុជានៅតែបន្តរីកចម្រើន ធនាគារ វីង នៅតែប្តេជ្ញាចិត្តក្នុងការធ្វើឱ្យបរិយាប័ន្នកាន់តែរីកលូតលាស់ ពង្រីកការច្នៃប្រឌិត និងជាកម្លាំងចលករសម្រាប់ភាពរីកចម្រើននៅក្នុងសង្គមជាតិ។

លោកបណ្ឌិត Dmytro Kolechko អគ្គនាយកធនាគារ វីង បានលើកឡើងថា៖ “យើងពិតជាមានមោទនភាពចំពោះអ្វីដែលយើងបានសម្រេចមកដល់ពេលនេះ។ ប៉ុន្តែយើងដឹងថាដំណើររបស់យើងមិនទាន់ចប់ទេត្រឹមនេះទេ។ ស្របពេលដែលកម្ពុជាបន្តរីកចម្រើនឥតឈប់ឈរ ធនាគារ វីង នៅតែវិវឌ្ឍខ្លួនទៅមុខជានិច្ចដោយមកនូវសេវាធនាគារដ៏កាន់តែសម្បូរបែប លើកកម្ពស់បរិយាបន្ន និងកាន់តែឆ្លាតវៃដែលប្រជាជនកម្ពុជាអាចប្រើប្រាស់បានគ្រប់ៗគ្នា”។

ធនាគារ វីង មានមោទនភាពជាធនាគាររបស់កូនខ្មែរ ១០០% ដែលបង្ហាញថា នៅពេលយើងធ្វើការដោយគោលបំណងច្បាស់លាស់ និងការច្នៃប្រឌិត ភាពរីកចម្រើនតែងតែកើតមានឡើង។ ជាមួយនឹងអតិថិជនគាំទ្រកើនឡើងជាបន្តបន្ទាប់ ការពង្រីកវិសាលភាពទូទាំងប្រទេស និងផលិតផលឈ្នះពានរង្វាន់ជាហូរហែរ ធនាគារ វីង គឺជាដៃគូហិរញ្ញវត្ថុដ៏ទុកចិត្តបំផុតសម្រាប់ពលរដ្ឋខ្មែរគ្រប់រូប​ មិនថាបច្ចុប្បន្ន អនាគត និងតទៅជំនាន់ក្រោយៗទៀត៕