ធនាគារ វីង បើកសាខាថ្មីដើម្បីលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុនៅខេត្តរតនគិរី

November 18, 2025

ធនាគារ វីង  សាខាខេត្តរតនគិរី ផ្តល់ជូនសេវាហិរញ្ញវត្ថុពេញលេញ ជាមួយនឹងការផ្តល់ជូនអត្រាការប្រាក់បញ្ញើខ្ពស់រហូតដល់​ ៦% ក្នុងមួយឆ្នាំ។

ធនាគារ វីង ដែលជាធនាគារឌីជីថលរីកចម្រើនលឿនបំផុតមួយនៅកម្ពុជា បានបើកដំណើរការសាខាថ្មីជាផ្លូវការនៅខេត្តរតនគិរី ដែលជាការប្តេជ្ញាចិត្តដ៏មុតមាំក្នុងការពង្រីកលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុទំនើប និងសមរម្យដល់សហគមន៍ទូទាំងប្រទេសកម្ពុជា ជាពិសេសនៅតំបន់ជនបទដាច់ស្រយាល។

ពិធីសម្ពោធនេះត្រូវបានរៀបចំឡើងយ៉ាងអធិកអធម ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ណាប់ ប៊ុនហេង ប្រធានក្រុមប្រឹក្សាខេត្តរតនគិរី, ឯកឧត្តម ញ៉ែម សំអឿន អភិបាល នៃគណៈអភិបាលខេត្តរតនគិរី

ព្រមទាំងលោក ហែម សុវណ្ណារ៉ា នាយកសាខាធនាគារជាតិ នៃកម្ពុជាខេត្តរតនគិរី និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់លោកជំទាវ បណ្ឌិត ជា សិរី អគ្គទេសាភិបាល ធនាគារជាតិនៃកម្ពុជា។​

បន្ថែមពីនេះ​ទៀតក៏មាន​ការ​ចូលរួម​ជា​អធិបតី​ភាពនៃ​អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាល ធនាគារ វីង និងជាអគ្គនាយកប្រតិបត្តិក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប​, លោកជំទាវ អ្នកឧកញ៉ា ម៉ៅ ចំណាន អនុប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប និងជាប្រធានសមាគមសិល្បករខ្មែរ ព្រមទាំងភ្ញៀវកិត្តិយស និងអាជ្ញាធរមូលដ្ឋានជាច្រើនរូបទៀត។

លោកបណ្ឌិត Dmytro Kolechko  អគ្គនាយកធនាគារ វីង បានលើកឡើងថា៖ “ការបើកសាខានៅខេត្តរតនគិរីនេះ គឺជាជំហានដ៏ធំមួយក្នុងការនាំយកសេវាធនាគារទំនើបៗ ទៅដល់បងប្អូនខ្មែរគ្រប់រូប ទោះបីពួកគាត់រស់នៅទីណាក៏ដោយ។ ហើយនេះមិនគ្រាន់តែជាការពង្រីកបណ្តាញវិសាលភាពធនាគារប៉ុណ្ណោះទេ តែជាការនាំយកឱកាសដល់ក្រុមគ្រួសារ កសិករ និងម្ចាស់អាជីកម្មនៅក្នុងតំបន់ អាចរីកចម្រើន និងជោគជ័យបាន។”

លោកបណ្ឌិត Dmytro Kolechko បានបន្ថែមថា៖ “តាមរយៈការផ្តល់សេវាធនាគារពេញលេញ យើងអាចបង្កើនលទ្ធភាពដើម្បីពង្រឹងសហគមន៍មូលដ្ឋាន និងរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចក្នុងខេត្តរតនគិរីឱ្យកាន់តែប្រសើរថែមទៀត។”

សាខាថ្មីរបស់ធនាគារ វីង នៅខេត្តរតនគិរី នឹងផ្តល់ជូននូវសេវាធនាគារយ៉ាងទូលំទូលាយ ដូចជា៖ គណនីសន្សំ, ផ្ទេរប្រាក់ក្នុង និងក្រៅប្រទេស, សេវាប្រាក់កម្ចី និង ដំណោះស្រាយធនាគារឌីជីថលទំនើបៗ ដែលបន្ថែមលើបណ្តាញភ្នាក់ងារ វីង ជាង ១៤០ កន្លែង ដែលមានស្រាប់ក្នុងខេត្តរតនគិរីផ្ទាល់។ អតិថិជនក៏អាចរីករាយជាមួយនឹងការដកប្រាក់ និងប្រើប្រាស់ម៉ាស៊ីន ATM ២៤ម៉ោង ពេញមួយសប្តាហ៍ ព្រមទាំងអាចដកប្រាក់ដោយឥតគិតថ្លៃនៅតាមភ្នាក់ងារ ធនាគារ វីង នៅ​គ្រប់​ទីកន្លែង​ ហើយថែមទាំងទទួលបាននូវភាពងាយស្រួលសម្រាប់ការប្រើប្រាស់អេប Wing Bank ជាមួយមុខងារដ៏សម្បូរបែប ដែលអាចធ្វើប្រតិបត្តិការបានគ្រប់ពេល គ្រប់ទីកន្លែង។

ដើម្បីជាការលើកទឹកចិត្តដល់ប្រជាជននៅក្នុងខេត្តរតនគិរី សម្រាប់ការសន្សំ និងការវិនិយោគ ធនាគារ វីង ក៏នឹងផ្តល់ជូនប្រូម៉ូសិនដ៏ពិសេស ចំពោះអតិថិជនរស់នៅក្នុងខេត្តរតនគិរី ដែលបើកគណនីបញ្ញើមានកាលកំណត់ សម្រាប់រយៈពេល ១២ ខែ នៅទីតាំងសាខាផ្ទាល់  នឹងទទួលបានអត្រាការប្រាក់ប្រចាំឆ្នាំ ៦% ដែលខ្ពស់ជាងអត្រាការប្រាក់ជាមធ្យមបច្ចុប្បន្ន ៤.៥% ហើយការផ្តល់ជូននេះមានសុពលភាពរហូតដល់ដំណាច់ឆ្នាំ ២០២៥។

ធនាគារ វីង សាខាខេត្តរតនគិរី មានអាសយដ្ឋានស្ថិតនៅចំណុចប្រសព្វផ្លូវលេខ ២៥ និងផ្លូវជាតិលេខ ៧៨A គឺនៅខាងលិចរង្វង់មូលក្រុងបានលុងតែបន្តិចប៉ុណ្ណោះ ហើយបើកបម្រើសេវាជូនអតិថិជនពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ពីវេលាម៉ោង ៨:00 ព្រឹក ដល់ ៤:00 រសៀល។

ខេត្តរតនគិរី ជាខេត្តមួយសម្បូរដោយធនធានធម្មជាតិ និងវប្បធម៌ចម្រុះ ដែលមានចំនួនប្រជាជនប្រមាណជាង ២០០.០០០ នាក់។ ជាមួយនឹងតំបន់ទេសចរណ៍ដ៏ល្បីល្បាញដូចជា៖ បឹងយក្សឡោម និងឧទ្យានជាតិវីរជ័យ ខេត្តដ៏មានសក្តានុពលមួយនេះកំពុងឈានចូលយុគសម័យថ្មីនៃការអភិវឌ្ឍ ដែលជំរុញដោយគម្រោងហេដ្ឋារចនាសម្ព័ន្ធ និងការវិនិយោគធំៗជាបន្តបន្ទាប់។

ជាក់ស្តែងកាលពីពេលថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជាក៏បានដាក់ចេញនូវ កម្មវិធីពិសេសជំរុញការវិនិយោគនៅខេត្តទាំងបួននៅភូមិភាគឦសាន ២០២៥–២០២៨ ដែលមានគោលដៅទាក់ទាញការវិនិយោគបន្ថែមមកកាន់រតនគិរី ជាពិសេសលើវិស័យកសិកម្ម កសិ-ឧស្សាហកម្ម និងទេសចរណ៍។

វត្តមានរបស់ធនាគារ វីង ក៏នឹងចូលរួមបំពេញបន្ថែមដល់កិច្ចខិតខំប្រឹងប្រែងទាំងនេះ ដោយជួយសម្រួលដល់ប្រតិបត្តិការហិរញ្ញវត្ថុកាន់តែរលូន និងបង្កើនលំហូរសាច់ប្រាក់នៅក្នុងសេដ្ឋកិច្ចមូលដ្ឋានឱ្យកាន់តែប្រសើរឡើង។

ធនាគារ វីង ដែលរីកចម្រើនជាមួយកម្ពុជាអស់រយៈពេល ១៧ ឆ្នាំ បានក្លាយជាស្ថាប័នហិរញ្ញវត្ថុមួយដែលទទួល​បានការ​ជឿជាក់ និងច្នៃប្រឌិតបំផុត ដោយបច្ចុប្បន្នកំពុងគ្រប់គ្រងប្រាក់បញ្ញើជិត ៣ ពាន់លានដុល្លារ។ បើតាមរបាយការណ៍ ធនាគារជាតិ​នៃកម្ពុជា ឆ្នាំ ២០២៤ ធនាគារ វីង ជាប់ចំណាត់ថ្នាក់ទី ៥ លើទ្រព្យសកម្មសរុប និងទី ៦ ផ្នែកប្រាក់បញ្ញើសរុប និងទី១០ លើការផ្តល់កម្ចីសរុប ដែលវឌ្ឍនភាពនេះឆ្លុះបញ្ចាំងពីភាពរឹងមាំផ្នែកហិរញ្ញវត្ថុរបស់ខ្លួននៅក្នុងវិស័យធនាគារនៅក្នុងប្រទេសកម្ពុជា។

បច្ចុប្បន្ន ធនាគារ វីង មានបណ្តាញប្រតិបត្តិការទូលំទូលាយ រួមមានសាខាធនាគារ ២៧ ទីតាំង ភ្នាក់ងារជាង ១២.០០០ កន្លែង និងភ្នាក់ងារវីង ម៉ាស្ទ័រ ជិត ២០០ កន្លែង នៅទូទាំងប្រទេស។ មកទល់ពេលនេះ ធនាគារ វីង បានបម្រើអតិថិជនជាង ៩,៨ លានគណនី ដោយផ្តល់ជូននូវដំណោះស្រាយធនាគារប្រកបដោយសុវត្ថិភាពយ៉ាងពេញលេញ រហ័ស និងងាយស្រួលប្រើប្រាស់សម្រាប់ការរស់នៅប្រចាំថ្ងៃ៕