ធនាគារ វីង ទទួលពានរង្វាន់ជាប្រតិបត្តិករឆ្នើមចំពោះការផ្តល់សេវារក្សាសុវត្ថិភាព

November 11, 2025

ធនាគារ វីង (ខេមបូឌា) ម.ក បានទទួលពានរង្វាន់ជា “ប្រតិបត្តិករបរធនបាលឆ្នើម សម្រាប់ប្រតិបត្តិការបរធនបាលកិច្ចសេវារក្សាសុវត្ថិភាព ឬសេវារក្សាទុកសម្រាប់ប្រអប់សុវត្ថិភាព ប្រចាំឆ្នាំ២០២៤” ពី​និយ័តករបរធនបាលកិច្ច នៃ​អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែននៅកម្ពុជា​ ។

ពានរង្វាន់នេះត្រូវបានប្រគល់ជូនក្រោម​អធិបតី​ភាពឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ​នៅក្នុងកម្មវិធី “វេទិកាបរធនបាលកិច្ច ឆ្នាំ២០២៥”។

លោក ហោ ប៊ុនថែ អគ្គនាយករងធនាគារ វីង បានលើកឡើងថា៖ “ប្រអប់បញ្ញើសុវត្ថិភាពរបស់យើងត្រូវបានរចនាឡើងស្រប​តាម​តម្រូវការប្រចាំថ្ងៃរបស់ប្រជាជនកម្ពុជា មិនថា​ជា​ការរក្សា​ទុក​ទ្រព្យសម្បត្តិគ្រួសារ ឬឯកសារអាជីវកម្មសំខាន់ផ្សេងៗនោះឡើយ។​ យើងនៅតែប្តេជ្ញាចិត្តក្នុងការផ្តល់នូវ​សេវា​ធនាគារដែលប្រកបដោយ​សុវត្ថិភាព និងបរិយាបន្ន​ឱ្យ​បាន​កាន់តែប្រសើរឡើង​សម្រាប់ប្រជាជនកម្ពុជាទាំងអស់។”

ប្រអប់បញ្ញើសុវត្ថិភាពរបស់ធនាគារ វីង ផ្តល់ជូនកន្លែងរក្សាទុកប្រកប​ដោយសុវត្ថិភាព និងមាន​​ការ​សម្ងាត់សម្រាប់ឯកសារសំខាន់ៗ និងវត្ថុមានតម្លៃផ្សេងៗ​ ជាមួយនឹងជម្រើសទំហំប្រអប់ដែលសមរម្យសម្រាប់តម្រូវការផ្សេងៗ មិនថា​ប្រអប់​រក្សា​ទុក​គ្រឿងអលង្ការ ឬ​ក៏​ប្រអប់ដែល​​មាន​ទំហំ​ធំសម្រាប់រក្សាទុក​កំណត់ត្រាអាជីវកម្ម ហើយ​ថែមអាច​​ជ្រើសរើស​ទំហំ​ទៅ​តាម​តម្រូវការជាក់ស្តែងបានទៀតផង​។

ប្រអប់នីមួយៗត្រូវ​បាន​ការពារ​ដោយ​ធានារ៉ាប់រងដែល​មាន​តម្លៃ​រហូតដល់ទៅ​​ ៥.០០០​ ដុល្លា​អាមេរិក​ ក្នុងករណីមានការខូចខាត ឬបាត់បង់ ហើយអនុញ្ញាត​ឱ្យ​អតិថិជន​ជា​ម្ចាស់​កម្មសិទ្ធិ​ចូល​ពិនិត្យ​ជារៀងរាល់ថ្ងៃចាប់ពីម៉ោង ៨:00 ព្រឹកដល់ម៉ោង ៤:០០ ល្ងាច។

ការទទួលស្គាល់នេះត្រូវបាន​ធ្វើឡើង​ ស្របពេលដែលទីផ្សារបរធនបាលកិច្ចនៅក្នុងប្រទេសកម្ពុជាមានវឌ្ឍនភាពគួរឱ្យកត់សម្គាល់ ដោយបានចុះបញ្ជីជាង ១.៦០០ ករណី និងគិតជាទំហំបរធនសរុបចំនួន ២,២៦ ពាន់លានដុល្លារអាមេរិក​គិតត្រឹមខែតុលា ឆ្នាំ ២០២៥។

វិស័យបរធនបាលកិច្ចរបស់កម្ពុជាបានរីកចម្រើនយ៉ាងឆាប់រហ័សចាប់តាំងពីការបង្កើតឡើងក្នុងឆ្នាំ ២០២១។ ក្នុងឆ្នាំដំបូង បរធនបាលកិច្ចចុះបញ្ជីមាន ១៧ ករណី ជាមួយទំហំបរធនត្រឹមតែ ១៥៦ លានដុល្លារអាមេរិកប៉ុណ្ណោះ​។

ឥឡូវនេះប្រព័ន្ធអេកូឡូស៊ីមួយ​នេះ​រួមមាន៖ ក្រុមហ៊ុនបរធនបាលចំនួន ១៦ ធនាគារពាណិជ្ជចំនួន ២៨ កំពុង​បម្រើការជាប្រតិបត្តិករសេវាកម្មរក្សាទុក​ និងធានាសុវត្ថិភាព បរធនបាលរូបវន្តបុគ្គលចំនួន ៧២ ក្រុមហ៊ុនវាយតម្លៃចំនួន ១៧ និងក្រុមហ៊ុនសវនកម្មចំនួន ១៥ ។

ធនាគារ វីង បានចូលរួមនៅក្នុង​វិស័យបរធនបាលកិច្ចក្នុងខែកក្កដា ឆ្នាំ ២០២៣ បន្ទាប់ពីទទួលបានអាជ្ញាប័ណ្ណពីនិយ័តករបរធនបាលកិច្ច សម្រាប់ការផ្តល់សេវារក្សាទុក។ ចាប់តាំងពីពេលនោះមក ធនាគារ វីង បានផ្តល់ជូននូវសេវារក្សាទុកជាច្រើនរួមមាន៖ បរធនបាលកិច្ចសាធារណៈ, បរធនបាលកិច្ចហិរញ្ញវត្ថុ, បរធនបាលកិច្ចសង្គម, និងបរធនបាលកិច្ចបុគ្គល។

តាមរយៈការ​ផ្តល់​សេវាកម្មបរធនបាលកិច្ច ធនាគារ វីង បានដើរតួជាអ្នកកាន់មូលនិធិអព្យាក្រឹត និងអ្នកសម្របសម្រួលកិច្ចព្រមព្រៀង ដោយធានាបាននូវសុវត្ថិភាពទាំងអ្នកទិញ និងអ្នកលក់។ ការ​ទូទាត់​នឹង​ត្រូវ​ធ្វើឡើង​នៅ​ពេល​ដែល​លក្ខខណ្ឌព្រមព្រៀងទាំងអស់ត្រូវបានបំពេញ​ដែល​អាច​ជួយកាត់បន្ថយហានិភ័យ និងការកសាងទំនុកចិត្តទាំងក្នុងអាជីវកម្ម និងប្រតិបត្តិការផ្ទាល់ខ្លួន។

កាលពីដើមឆ្នាំនេះ កម្ពុជាបានដាក់ចេញនូវយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យបរធនបាលកិច្ចឆ្នាំ ២០២៥-២០៣៥ ដែលជាផែនទីបង្ហាញផ្លូវរយៈពេល ១០ ឆ្នាំ សំដៅបង្កើតវិស័យបរធនបាលកិច្ចកម្រិតខ្ពស់ និងស្របតាម​លក្ខណៈអន្តរជាតិនៅឆ្នាំ ២០៣៥។ យុទ្ធសាស្ត្រនេះបង្ហាញពីតួនាទីនៃយន្តការបរធនបាលកិច្ចក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ខណៈពេលដែលពង្រឹងទំនុកចិត្តក្នុងចំណោមវិនិយោគិន និងដៃគូអភិវឌ្ឍន៍ឱ្យបានកាន់តែរឹងមាំ និងរីកចម្រើនទៅមុខដ៏ត្រចះត្រចង់៕