ធនាគារ វីង និងសាលាអន្តរជាតិសៅប្រ៊ីដកម្ពុជា បានរៃអង្គាសទឹកប្រាក់ជាង ៧០០០ ដុល្លារសហរដ្ឋអាមេរិក ជូន​ទៅដល់មន្ទីរពេទ្យកុមារអង្គរ

កុម្ភៈ 12, 2025

ដើម្បីបង្ហាញពីទឹកចិត្តសប្បុរសធម៌ និងសាមគ្គីភាព សិស្សានុសិស្ស មាតាបិតា អ្នកអាណាព្យាបាល និងសប្បុរសជននានា បានចូលរួមក្នុងកម្មវិធីពិព័រណ៌សប្បុរសធម៌បុណ្យណូអែល ដែលរៀបចំឡើងដោយសាលាអន្តរជាតិសៅប្រ៊ីដកម្ពុជា និងមានការគាំទ្រពីធនាគារ វីង បានរៃអង្គាសថវិកាចំនួន ៧៥៨០.២០ ដុល្លារសហរដ្ឋអាមេរិក ដើម្បីបរិច្ចាគដល់មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប។ 

លោកស្រី Louisa Condorelli  ​នាយិកាសាលាអន្តរជាតិសៅប្រ៊ីដកម្ពុជា  បានថ្លែងថា៖​ “យើងខ្ញុំពិតជាមានការស្ងប់ស្ងែងជាខ្លាំង ដោយ​បាន​ឃើញ​សិស្សានុសិស្ស មាតាបិតា អ្នកអាណាព្យាបាល និងសប្បុរសជននានា​បាន​សហការ​គ្នាយ៉ាងល្អ ក្នុងបុព្វហេតុដ៏សំខាន់នេះយើង​បានរៃអង្គាស​ថវិកាមួយចំនួន​​ជូនទៅដល់មន្ទីរពេទ្យ​កុមារ​អង្គរ ​ដើម្បីជួយសង្គ្រោះ​ជីវិត​កុមារបន្តទៀត។ យើងរួមគ្នាធ្វើឱ្យមានការផ្លាស់ប្តូរដ៏មានអត្ថន័យក្នុងជីវិតកុមារកម្ពុជា។” 

កាលពីខែធ្នូកន្លងទៅនេះ កម្មវិធីពិព័រណ៌សប្បុរសធម៌ បានប្រមូលផ្តុំមនុស្សមកពីគ្រប់មជ្ឈដ្ឋាន ដើម្បីរួមចំណែកក្នុងបុព្វហេតុមួយនេះដែលធានាថាកុមារកម្ពុជានឹងទទួលបានការថែទាំសុខភាពដោយឥតគិតថ្លៃ និងប្រកបដោយគុណភាពខ្ពស់។ 

លោក Dmytro Kolecho អគ្គនាយកនៃធនាគារ វីង មានប្រសាសន៍ថា “នៅពេលដែលកូនៗមានជំងឺ មាតាបិតា មិនគួរមានការព្រួយបារម្ភថា តើពួកគេអាចមានលទ្ធភាពព្យាបាល ឬអត់នោះទេ។ មន្ទីរពេទ្យកុមារអង្គរ គឺជាទីពឹងសម្រាប់គ្រួសាររាប់ពាន់នាក់ ដូចនេះហើយរាល់ការឧបត្ថម្ភ​របស់សប្បុរសជនពិតជាបានជួយសង្រ្គោះអាយុជីវិតកុមារជាច្រើន​យើងខ្ញុំសូមថ្លែងអំណរគុណដល់សប្បុរសជនទាំងអស់ដែលបានចូលរួមក្នុងពិព័រណ៌សប្បុរសធម៌បុណ្យណូអែលនេះ និងសូមលើកទឹកចិត្តដល់សាធារណជនទាំងអស់ឱ្យគាំទ្របុព្វហេតុនេះកាន់តែច្រើន ដោយធានាថាកុមារគ្រប់រូបទទួលបានការថែទាំដែលពួកគេត្រូវការ 

ជារៀងរាល់ឆ្នាំ មន្ទីរពេទ្យកុមារអង្គរ ផ្តល់ការព្យាបាល និងសង្គ្រោះជីវិតកុមារប្រមាណជាង ១០០.០០០នាក់ ដែលភាគច្រើនជាគ្រួសារដែលមានជីវភាពខ្វះខាត។ ការបរិច្ចាគពីសាធារណជនបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយមន្ទីរពេទ្យ​អោយបន្តបេសកកម្មរបស់ខ្លួន ដើម្បី​ផ្តល់ការថែទាំសុខភាពដោយឥតគិតថ្លៃនិងប្រកបដោយគុណភាពខ្ពស់ដល់កុមារដែលត្រូវការ ការ​ព្យាបាល​ 

ការលើកកម្ពស់សហគមន៍ដោយការរួមចំណែក និងផ្តល់ការគាំទ្រ  

ធនាគារ វីង និងសាលាអន្តរជាតិសៅប្រ៊ីដកម្ពុជា បានប្តេជ្ញាចិត្តនឹងរួបរួមគ្នាផ្តល់ត្រឡប់ទៅកាន់សហគមន៍វិញ។ ក្នុងឆ្នាំ ២០២៣ កន្លងទៅនេះ ក្រុមហ៊ុនទាំង​ពីរនេះបានធ្វើការរួមគ្នារៃអង្គាស​ថវិកា​​បានប្រមាណជាង ៧.៥០០ ដុល្លារសហរដ្ឋអាមេរិក ក្នុងកម្មវិធីពិព័រណ៌សប្បុរសធម៌បុណ្យណូអែល ដែលបានបង្ហាញពីការខិតខំប្រឹងប្រែងធ្វើឱ្យមានភាពប្រសើរឡើង​ដល់សហគមន៍ 

កាលពីដើមឆ្នាំកន្លងទៅនេះ ធនាគារ វីង ក៏បានបរិច្ចាគថវិកាចំនួន ៥.០០០ ដុល្លារសហរដ្ឋអាមេរិកតាមរយៈ​ការរៀបចំកម្មវិធីរត់ម៉ារ៉ាតុងដែលមានបុគ្គលិក សមាជិកគ្រួសារ និងមិត្តភក្តិរបស់ពួកគេចូលរួមចំណែក ដើម្បីជួយដល់កិច្ចការ​សប្បុរសធម៌នេះ​ 

ចាប់តាំងពីឆ្នាំ ២០២០ មក ធនាគារ វីង តែងតែផ្តល់ការគាំទ្រឥតឈប់ឈរទៅកាន់មន្ទីរពេទ្យកុមារអង្គរ តាមរយៈការផ្តួចផ្តើមគំនិតនានា​ជាច្រើន 

សាធារណជនក៏អាចចូលរួម​ចំណែក​ជួយដល់​កុមារ​កម្ពុជា​ តាម​រយៈការបរិច្ចាគដោយផ្ទាល់ជាមួយ​អេប Wing Bank ដោយគ្រាន់តែជ្រើសរើសមុខងារទូទាត់​វិក្កយបត្រ​” ជ្រើសរើស “អំណោយ ​និង​សប្បុរសធម៌​” និង​បន្ទាប់មក​​ ”​មន្ទីរពេទ្យកុមារអង្គរ”​  ឬ​អាច​ស្កេន KHQR ​ ដែល​មាន​នៅ​ខាងក្រោមនេះ​