ធនាគារ វីង គាំទ្រសន្និសីទធនាគារនៅកម្ពុជាលើកទី៤ ដើម្បីលើកកម្ពស់និរន្តរភាពហិរញ្ញវត្ថុ
August 25, 2025ធនាគារ វីង បានចូលរួមគាំទ្រសន្និសីទធនាគារនៅកម្ពុជាលើកទី៤ ដើម្បីលើកកម្ពស់នវានុវត្តន៍ឌីជីថល បរិយាបន្នហិរញ្ញវត្ថុ និងហិរញ្ញប្បទានអាកាសធាតុ ដើម្បីជំរុញកំណើនប្រកបដោយភាពធន់។
សន្និសីទធនាគារនៅកម្ពុជាលើកទី៤ ដែលធ្វើឡើងរយៈពេលពីរថ្ងៃ ១៩-២០ ខែសីហា ឆ្នាំ២០២៥ នៅឯសណ្ឋាគារសុខាភ្នំពេញ បានបញ្ចប់ដោយជោគជ័យ ហើយទទួលបានការចូលរួមពីថ្នាក់ដឹកនាំក្នុងវិស័យធនាគារ និយ័តករ និងអ្នកជំនាញអន្តរជាតិមកពីស្ថាប័នានា ដើម្បីពិភាក្សាពីរបៀបដែលនវានុវត្តន៍ឌីជីថល និងហិរញ្ញវត្ថុនិរន្តរភាព អាចជំរុញកំណើនសេដ្ឋកិច្ចនៅកម្ពុជាប្រកបដោយបរិយាបន្ន។
ប្រព្រឹត្តិទៅក្រោមប្រធានបទ ”ការពង្រឹងកំណើនប្រកបដោយបរិយាបន្ន៖ នវានុវត្តន៍ឌីជីថល និងនិរន្តរភាពហិរញ្ញវត្ថុ” សន្និសីទធនាគារឆ្នាំនេះបានផ្តោតសំខាន់លើការគាំទ្រដល់ប្រទេសកម្ពុជាដើម្បីសម្រេចបាននូវផែនការជាតិរួមចំណែកការឆ្លើយតបការប្រែប្រួលអាកាសធាតុឆ្នាំ២០៣០ និងការឈានទៅសម្រេចអព្យាក្រឹតកាបូននៅឆ្នាំ២០៥០។
វេទិកាពិភាក្សារយៈពេល២ថ្ងៃនេះ បានផ្តោតយ៉ាងស៊ីជម្រៅលើតួនាទីនៃវិស័យធនាគារ និងហិរញ្ញវត្ថុ សំដៅគាំទ្រប្រទេសកម្ពុជាឆ្ពោះទៅសម្រេចបានសេដ្ឋកិច្ចកាបូនទាប។ ក្នុងនោះប្រធានបទសំខាន់ៗផ្សេងទៀតដែលត្រូវបានលើកយកពិភាក្សារួមមាន៖ ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលដើម្បីលើកកម្ពស់ប្រសិទ្ធភាពប្រតិបត្តិការធនាគារ និងបង្កើនបទពិសោធន៍សេវាអតិថិជន, យុទ្ធសាស្រ្តជំរុញការអនុវត្តក្របខណ្ឌបរិស្ថាន សង្គម និងអភិបាលកិច្ច (ESG) ក៏ដូចជាសារៈសំខាន់នៃបរិយាបន្នហិរញ្ញវត្ថុដើម្បីជំរុញឱ្យមានកំណើនប្រកបដោយសមធម៌។ ការគ្រប់គ្រងហានិភ័យ និងពង្រឹងភាពធន់ ក៏ជាប្រធានបទសំខាន់ផងដែរ ដោយអ្នកជំនាញបានចែករំលែកចំណេះដឹងពាក់ព័ន្ធនឹងការអនុលោមតាមបទប្បញ្ញតិ និងការណែនាំស្តីពីសន្តិសុខសាយប័រ ដើម្បីត្រៀមដោះស្រាយនឹងបញ្ហាប្រឈមនានាផងដែរ។
ក្នុងនាមជាធនាគារឌីជីថលដែលរីកចម្រើនយ៉ាងឆាប់រហ័សមួយនៅកម្ពុជា ធនាគារ វីង បានដើរតួនាទីដ៏សំខាន់ក្នុងការរួមចំណែកដល់ភាពជោគជ័យនៃការរៀបចំសន្និសីទធនាគារឆ្នាំនេះ។ ធនាគារ វីង បានចូលរួមយ៉ាងសកម្មតាមរយៈការឧបត្ថម្ភគាំទ្រផ្នែកហិរញ្ញវត្ថុ, ថ្នាក់ដឹកនាំធនាគារ វីង ចូលរួមជាវាគ្មិនចែករំលែកមតិយោបល់ក្នុងកិច្ចពិភាក្សា, ព្រមទាំងមានការផ្ដល់សេវាហិរញ្ញវត្ថុ និងប្រឹក្សាយោបល់ដល់អ្នកចូលរួមទាំងអស់ផងដែរ។ ការចូលរួមនេះបានបង្ហាញយ៉ាងច្បាស់ពីការប្ដេជ្ញាចិត្តរបស់ធនាគារ វីង ក្នុងការសហការជាមួយដៃគូ និងភាគីពាក់ព័ន្ធនានា ដើម្បីជំរុញគំនិតផ្តួចផ្តើមនៃការជំរុញហិរញ្ញវត្ថុប្រកបដោយចីរភាពនៅកម្ពុជាឱ្យកាន់តែរីកចម្រើនទៅមុខទៀត។
លោក ហោ ប៊ុនថែ អគ្គនាយករងធនាគារ វីង បានលើកឡើងថា៖ ”ការគាំទ្រសន្និសីទធនាគារកម្ពុជាលើកទី៤ ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់យើងក្នុងការជំរុញហិរញ្ញវត្ថុប្រកបដោយនិរន្តរភាព ដោយស្របតាមទិសដៅរបស់ធនាគារជាតិនៃកម្ពុជា និងសមាគមធនាគារនៅកម្ពុជា»។ លោកបានបន្តថា៖ ”សន្និសីទនេះគឺជាវេទិកាដ៏សំខាន់មួយសម្រាប់រៀបចំទិសដៅនៃវិស័យហិរញ្ញវត្ថុក្នុងការចូលរួមចំណែកដល់សកម្មភាពអាកាសធាតុរបស់ប្រទេសកម្ពុជា ហើយធនាគារ វីង មានមោទនភាពដែលបានក្លាយជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរួមគ្នានេះ ដើម្បីជំរុញការអនុវត្តហិរញ្ញវត្ថុដែលគិតគូរពីបញ្ហាអាកាសធាតុនៅក្នុងប្រទេសឱ្យកាន់តែទូលំទូលាយថែមទៀត។”
ការចូលរួមរបស់ធនាគារ វីង ក្នុងសន្និសីទនេះ ឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីការប្ដេជ្ញាចិត្តរបស់ខ្លួនដើម្បីសម្រេចបាននូវកំណើនប្រកបដោយចីរភាព។ ជាក់ស្ដែង ធនាគារបានដាក់បញ្ចូលការគិតគូរពីបរិស្ថានទៅក្នុងប្រតិបត្តិការស្នូលរបស់ខ្លួនជាប្រចាំ តាមរយៈការដាក់ឱ្យប្រើប្រាស់កាតធនាគារដែលមិនប៉ះពាល់ដល់បរិស្ថាន, ការផ្លាស់ប្តូរប្រតិបត្តិការស្ទើរតែទាំងស្រុងក្នុងការប្រើប្រាស់ប្រព័ន្ធឌីជីថល ដើម្បីកាត់បន្ថយការប្រើប្រាស់ក្រដាស, ព្រមទាំងការជំរុញការសន្សំសំចៃថាមពល និងការគ្រប់គ្រងកាកសំណល់ប្រកបដោយប្រសិទ្ធភាពនៅទូទាំងការិយាល័យរបស់ខ្លួនផងដែរ។ លើសពីនេះ គំនិតផ្ដួចផ្ដើមទាំងនេះគឺត្រូវបានអនុវត្តទន្ទឹមនឹងគម្រោងធំៗផ្សេងទៀតដូចជា ការបង្កើតភាពជាដៃគូជាមួយស្ថាប័ន FootprintLab ដើម្បីដាក់បញ្ចូលESG ទៅក្នុងសេវាធនាគារប្រចាំថ្ងៃ ព្រមទាំងការចូលរួមក្នុងគម្រោងសហគមន៍នានា ដែលមានជាអាទិ៍៖ការដាំដើមឈើជាមួយយុវជន និងយុទ្ធនាការកាត់បន្ថយប្លាស្ទិកក្នុងរាជធានីភ្នំពេញ។
សកម្មភាពទំនួលខុសត្រូវសង្គម និងភាពជាដៃគូសហគមន៍របស់ធនាគារ វីង សរបញ្ជាក់ឱ្យឃើញថា ការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះនិរន្តរភាព មិនគ្រាន់តែចូលរួមលើការឧបត្ថម្ភនោះទេ ប៉ុន្តែការយកចិត្តទុកដាក់ចំពោះបរិស្ថានដែលត្រូវបានអនុវត្តនៅក្នុងផលិតផល ប្រតិបត្តិការប្រចាំថ្ងៃ និងចក្ខុវិស័យដ៏វែងឆ្ងាយរបស់ធនាគារផ្ទាល់ផងដែរ។
សន្និសីទធនាគារកម្ពុជាលើកទី៤ បានគូសបញ្ជាក់ពីតួនាទីដ៏សំខាន់របស់វិស័យធនាគារក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងលើកកម្ពស់បរិស្ថានសម្រាប់អនាគតដ៏ត្រចះត្រចង់នៅកម្ពុជា ហើយការចូលរួមគាំទ្រពីស្ថាប័នផ្សេងៗដូចជាពីសំណាក់ធនាគារ វីង ជាដើមនោះ ប្រទេសកម្ពុជានឹងអាចឆ្ពោះទៅមុខមួយជំហានទៀតសំដៅកសាងសេដ្ឋកិច្ចបៃតង ក៏ដូចជាជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយបរិយាបន្ន៕