ធនាគារ វីង គាំទ្រដល់ការតាំងពិព័រណ៍វារីវប្បកម្មលើកទី១ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
ធ្នូ 13, 2024ធនាគារ វីង គាំទ្រក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងការរៀបចំពិព័រណ៍វារីវប្បកម្មលើកដំបូងបង្អស់របស់ប្រទេសកម្ពុជា ដើម្បីលើកកម្ពស់ការអនុវត្តកសិកម្មប្រកបដោយនិរន្តរភាព។
ធនាគារ វីង បានបន្តការចូលរួមគាំទ្រដល់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តាមរយៈការឧបត្ថម្ភពិព័រណ៍វារីវប្បកម្មលើកទី១ ដែលជាវេទិកាសំខាន់សម្រាប់អ្នកដែលមានចំណង់ចំណូលចិត្តវិស័យវារីវប្បកម្ម សំដៅលើកកម្ពស់ការយល់ដឹងអំពីគុណភាពត្រីកសិកម្ម ក៏ដូចជាបង្ហាញពីវឌ្ឍនៈភាព និងការអភិវឌ្ឍ៍វិស័យនេះនៅកម្ពុជាឱ្យកាន់តែរីកចម្រើន។
ពិព័រណ៍នេះមានការចូលរួមជាង 100 ក្រុមហ៊ុនរួមទាំងអ្នកផ្គត់ផ្គង់ អ្នកទិញ អ្នកលក់រាយ អ្នកលក់ដុំ និងរោងចក្រកែច្នៃអាហារ។ ព្រឹត្តិការណ៍នេះក៏មានការចែករំលែកអំពីភាពជោគជ័យរបស់សហគ្រិនវារីវប្បកម្ម ដែលបានប្រែក្លាយអាជីវកម្មគ្រួសារទៅជាក្រុមហ៊ុនបណ្តាក់ទុន ដោយទទួលបានការគាំទ្រពីទីផ្សារក្នុងស្រុក និងទទួលបានស្តង់ដារនាំចេញទៅកាន់ទីផ្សារអន្តរជាតិផងដែរ។ លើសពីនេះទៅទៀត អ្នកចូលរួមក៏ទទួលបាននូវចំណេះដឹងតាមរយៈកម្មវិធី ផ្សេងៗទៀតដូចជា៖ បទបង្ហាញស្តីពីបច្ចេកទេសក្នុងការធ្វើវារីវប្បកម្ម សុវត្ថិភាពចំណីអាហារ និងការធ្វើទីផ្សារជាដើម។ ជាមួយគ្នានេះពិព័រណ៍ក៏មានការរៀបចំកិច្ចពិភាក្សាជាក្រុម ដោយផ្តោតលើការចែករំលែកអំពីការណែនាំស្តីពីការអនុវត្តវារីវប្បកម្មល្អ (GAQP) និងនិមិត្តសញ្ញាគុណភាពផលផលិតផលជលផលកម្ពុជា (CQS) ដែលអ្នកជំនាញបានជជែកពីបញ្ហាប្រឈម និងកាលានុវត្តភាពក្នុងវិស័យវារីវប្បកម្ម។
លោក ហោ ប៊ុនថែ អគ្គនាយករងធនាគារ វីង បានសម្តែងការសាទរចំពោះព្រឹត្តិការណ៍នេះ ដោយលើកឡើងថា៖ “ក្នុងនាមជាធនាគារសម្រាប់ប្រជាជនកម្ពុជា យើងពិតជាទទួលបាននូវការបំផុសគំនិតតាមរយៈគំនិតផ្តួចផ្តើមដែលជះឥទ្ធិពលជាវិជ្ជមានដល់សហគមន៍របស់យើង។ ព្រឹត្តិការណ៍នេះដើរតួជាវេទិកាដ៏សំខាន់មួយសម្រាប់កិច្ចសហការ និងការច្នៃប្រឌិតនៅក្នុងវិស័យវារីវប្បកម្ម ដែលផ្តល់អត្ថប្រយោជន៍ដល់សហគមន៍មូលដ្ឋាន និងសេដ្ឋកិច្ចទាំងមូល។ ការគាំទ្ររបស់យើងចំពោះក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មិនត្រឹមតែលើកកម្ពស់ការយល់ដឹងអំពីវារីវប្បកម្មប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញផែនការយុទ្ធសាស្រ្តជាតិសម្រាប់ការអភិវឌ្ឍន៍វារីវប្បកម្មឆ្នាំ២០១៦-២០៣០របស់កម្ពុជាផងដែរ។”
យោងតាមរបាយការណ៍វាយតម្លៃវិស័យកសិកម្ម ធនធានធម្មជាតិ និងអភិវឌ្ឍន៍ជនបទនៅកម្ពុជារបស់ធនាគារអភិវឌ្ឍន៍អាស៊ីក្នុងឆ្នាំ២០២១ បានរកឃើញថា ត្រីផ្តល់ប្រូតេអ៊ីនជាង ៨០% នៅក្នុងរបបអាហារជាតិ ដោយក្នុងមនុស្សម្នាក់ៗទទួលទានត្រីប្រចាំឆ្នាំលើសពី ៦៣គីឡូក្រាម។ យោងតាមសម្រង់សម្តីរបស់ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ក្នុងឱកាសទិវាជលផលជាតិលើកទី១៩ នៅខេត្តកំពង់ធំ បានគូសបញ្ជាក់ថា គិតត្រឹមឆ្នាំ២០២២ កម្ពុជាបាននាំចេញផលិតផលជលផលស្រស់ និងកែច្នៃទៅកាន់ប្រទេសជិតខាង ដោយសម្រេចបានជិត៣.០០០តោន ហើយបានកើនដល់ជាង៣,៥០០តោននៅឆ្នាំ២០២៣។
លោក ហោ ប៊ុនថែ បន្ថែមថាទៀតថា៖ “យើងខ្ញុំសូមថ្លែងអំណរគុណចំពោះក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ដែលបានអនុញ្ញាតឱ្យយើងខ្ញុំក្លាយជាដៃគូសហការជាបន្តបន្ទាប់។ បន្ថែមពីលើការគាំទ្រជាបន្តបន្ទាប់របស់យើងសម្រាប់គំនិតផ្តួចផ្តើមដូចជាការតាំងពិព័រណ៍វារីវប្បកម្ម និងពិព័រណ៍កសិកម្មវាលបៃតង និងពិព័រណ៍អាហារ យើងខ្ញុំប្តេជ្ញាដោះស្រាយបញ្ហាប្រឈមផ្នែកហិរញ្ញប្បទានក្នុងវិស័យកសិកម្មតាមរយៈការផ្តល់ប្រាក់កម្ចីដែលមានអាត្រាការប្រាក់សមរម្យបំផុតដល់អាជីវកម្មកសិកម្ម។ កិច្ចខិតខំប្រឹងប្រែងនេះនឹងជួយលើកកម្ពស់ផលិតភាព ក៏ដូចជាបំពេញតម្រូវការឧស្សាហកម្មវារីវប្បកម្មដែលកំពុងរីកចម្រើន។
លើសពីការគាំទ្រដល់ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ធនាគារ វីង ក៏បានរំលេចពីប្រព័ន្ធអេកូឡូស៊ីរបស់ខ្លួននោះគឺថ្នាលកសិកម្ម Wingagri ដែលជាវេទិកាឌីជីថលមួយដែលសម្រួលការគ្រប់គ្រងខ្សែសង្វាក់ផ្គត់ផ្គង់កសិកម្ម និងផ្តល់នូវដំណោះស្រាយហិរញ្ញវត្ថុកម្រិតខ្ពស់។ ថ្នាលឌីជីថល គឺជាដំណោះស្រាយដ៏មានសក្តានុពលមួយដែលអនុញ្ញាតឱ្យភាគីពាក់ព័ន្ធក្នុងវិស័យវារីវប្បកម្មអាចបំពេញតម្រូវការត្រីដែលកំពុងកើនឡើងសម្រាប់ការប្រើប្រាស់ក្នុងស្រុក និងលើកទឹកចិត្តដល់ការវិនិយោគក្នុងវិស័យវារីវប្បកម្មរបស់កម្ពុជា ដែលកន្លងមកនេះWingagri ទទួលបានជោគជ័យនិងការគាំទ្រយ៉ាងច្រើនពីសំណាក់សហករណ៍កសិកម្ម អ្នកទិញ អ្នកផ្គត់ផ្គង់ និងកសិករជាច្រើនផងដែរ។
យោងតាមសេចក្តីរាយការណ៍ព័ត៌មានក្នុងស្រុក បានឱ្យដឹងថា ប្រទេសកម្ពុជាមានគ្រួសារដែលប្រកបរបរវារីវប្បកម្មសរុបចំនួន ៦១,៧២៧ គ្រួសារ និងផ្តល់ការងារដល់ប្រជាជនចំនួន ១០៦,៥២២ នាក់នៅក្នុងវិស័យនេះ។ នៅឆ្នាំ ២០២៣ កម្ពុជាសម្រេចបានទិន្នផលវារីវប្បកម្មទឹកសាប និងសមុទ្រប្រមាណ ៣១៤,០០០ តោន។