ធនាគារ វីង ទទួលបានពានរង្វាន់អន្តរជាតិក្នុងការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុនៅកម្ពុជា

November 3, 2025

ធនាគារ វីង ត្រូវ​បាន​ទទួលស្គាល់លើឆាកអន្តរជាតិជាមួយ​ពានរង្វាន់ធនាគារប្រកបដោយ​នវានុវត្តន៍លំដាប់​ពិភពលោកប្រចាំឆ្នាំ ២០២៥ ដែលរៀបចំឡើងដោយស្ថាប័ន The Digital Banker។ សមិទ្ធផលនេះឆ្លុះបញ្ចាំងពីការខិតខំប្រឹងប្រែងលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ និងធ្វើឱ្យប្រសើរឡើងនូវ​សេវាធនាគារសម្រាប់​អតិថិជន​ក្នុង​ប្រទេស​កម្ពុជា។

ក្នុងនាមជាធនាគារឌីជីថលឈានមុខគេមួយនៅក្នុងប្រទេសកម្ពុជា ធនាគារ វីង បានប្ដេជ្ញាចិត្តធ្វើឱ្យសេវាហិរញ្ញវត្ថុកាន់តែងាយស្រួលសម្រាប់ប្រជាជនគ្រប់ទីកន្លែង មិនថានៅតាមតំបន់ប្រជុំជន​ ឬសហគមន៍ដាច់ស្រយាលនោះឡើយ។

លោកបណ្ឌិត Dmytro Kolechko អគ្គនាយកធនាគារ វីង បានលើកឡើងថា៖ “ការទទួលស្គាល់នេះបានឆ្លុះបញ្ចាំងពីការប្ដេជ្ញាចិត្តដ៏មុតមាំរបស់យើងខ្ញុំក្នុងការកសាងអនាគតហិរញ្ញវត្ថុមួយប្រកបដោយបរិយាបន្នសម្រាប់ប្រជាជនកម្ពុជាគ្រប់មជ្ឈដ្ឋាន។ គ្រប់សកម្មភាពរបស់យើង មិនថាជាការលុបចោលថ្លៃសេវាដកប្រាក់ ការពង្រីកបណ្ដាញភ្នាក់ងារ គឺដើម្បីធានាថាសេវាកម្មរបស់យើង កាន់តែសាមញ្ញ មានសមភាព និងផ្ដល់ភាពងាយស្រួលដល់អ្នកប្រើប្រាស់ទាំងអស់ មិនថាពួកគេរស់នៅទីណានោះឡើយ។”

The Digital Banker ជាស្ថាប័នផ្សព្វផ្សាយហិរញ្ញវត្ថុឈានមុខគេមួយនៅក្នុងប្រទេសសិង្ហបុរី បានរៀបចំកម្មវិធីពានរង្វាន់នេះឡើង កាលពីថ្ងៃទី ២៣ ខែតុលា ដើម្បីផ្ដល់កិត្តិយសដល់ស្ថាប័ននានា ដែលបានរួមចំណែកធ្វើឱ្យវិស័យធនាគារកាន់តែល្អប្រសើរ តាមរយៈដំណោះស្រាយហិរញ្ញវត្ថុប្រកបដោយភាពច្នៃប្រឌិត និងការយកចិត្តទុកដាក់ បំផុតចំពោះអតិថិជន។

វឌ្ឍនភាពដ៏មានអត្ថន័យបំផុតមួយដែលធនាគារ វីង បានអនុវត្តនៅឆ្នាំនេះ គឺការលុបចោលថ្លៃសេវាដកប្រាក់សម្រាប់អតិថិជន។ ការណ៍​នេះ បានជួយឱ្យអតិថិជនទាំងអស់អាចផ្ញើប្រាក់ទៅក្រុមគ្រួសារ និងដកប្រាក់ដោយមិនចាំបាច់បង់ថ្លៃសេវាឡើយ ដែលធ្វើឱ្យប្រតិបត្តិការហិរញ្ញវត្ថុកាន់តែមានតម្លៃសមរម្យសម្រាប់មនុស្សគ្រប់គ្នា សូម្បីតែនៅក្នុងភូមិដាច់ស្រយាលបំផុតក៏ដោយ។

ជាមួយនឹងបណ្តាញភ្នាក់ងារដែលមានជាង ១២.០០០ ទីតាំងទូទាំងប្រទេស ធនាគារ វីង បាននាំមកនូវសេវាកម្មហិរញ្ញវត្ថុងាយស្រួលប្រើ​ប្រាស់​ទៅ​ជិតសហគមន៍ដែលមាន​ប្រជាពលរដ្ឋកំពុងរស់នៅ និងប្រកបមុខរបរនានា​។

ធនាគារ វីង ក៏បានយកចិត្តទុកដាក់លើការជួយដល់ប្រជាជនកម្ពុជាក្នុងការកសាងមូលដ្ឋានហិរញ្ញវត្ថុឱ្យបានរឹងមាំ តាមរយៈការលើកទឹកចិត្តឱ្យមានការសន្សំផងដែរ។ គណនីសន្សំរបស់ធនាគារ វីង ផ្ដល់ជូនអត្រាការប្រាក់ប្រកួតប្រជែងរហូតដល់ ៣% ក្នុងមួយឆ្នាំ ខណៈដែលម្ចាស់គណនីនៅតែអាចប្រើប្រាស់សាច់ប្រាក់របស់ពួកគាត់សម្រាប់តម្រូវការប្រចាំថ្ងៃជាធម្មតា។ ទន្ទឹមនឹងនេះ គណនីសន្សំដើម្បីគោលដៅ ផ្ដល់ជូនអត្រាការប្រាក់រហូតដល់ ៥% ក្នុងមួយឆ្នាំ ដែលអនុញ្ញាតឱ្យអតិថិជនកំណត់គោលដៅសន្សំផ្ទាល់ខ្លួន ដែលធ្វើឱ្យការបង្កើតទម្លាប់​សន្សំ​កាន់តែងាយស្រួល ហើយអាចសម្រេចបានទៀតផង។

គំនិតផ្ដួចផ្ដើមទាំងនេះបានរួមចំណែកយ៉ាងសំខាន់ដល់គោលដៅនៃយុទ្ធសាស្ត្រជាតិស្ដីពីបរិយាបន្នហិរញ្ញវត្ថុរបស់ប្រទេសកម្ពុជា ឆ្នាំ២០១៩-២០២៥ ដែលមានគោលបំណងពង្រីកការប្រើប្រាស់សេវាហិរញ្ញវត្ថុផ្លូវការពី ៥៩% ទៅ ៧០% ត្រឹមឆ្នាំ២០២៥ ហើយកាត់បន្ថយអត្រាស្រ្តីដែលមិនទាន់ទទួលបានសេវាហិរញ្ញវត្ថុឱ្យបានពាក់កណ្តាល ពី ២៧% មកត្រឹម ១៣%។ តាមរយៈការលើកកម្ពស់ការសន្សំ ការពង្រីកលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុ និងការគាំទ្រអ្នកប្រើប្រាស់ ធនាគារ វីង កំពុងរួមចំណែកអនុវត្តគោលនយោបាយទាំងនេះឱ្យសម្រេចដល់គោលដៅ។

ការទទួលស្គាល់ជាសកលនេះ មិនត្រឹមតែជាសមិទ្ធផលដ៏សំខាន់មួយទៀតសម្រាប់ធនាគារ វីង ប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាសក្ខីភាពមួយ  ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសកម្ពុជាដែល​កំពុង​បង្កើតនូវ​ភាព​ច្នៃ​ប្រឌិតថ្មីៗ​​​ ក៏ដូចជាជំរុញការ​អភិវឌ្ឍ​ប្រកបដោយបរិយាបន្ននៅក្នុងវិស័យហិរញ្ញវត្ថុទាំងមូលផងដែរ៕​