ធនាគារ វីង ឈ្នះពានរង្វាន់នវានុវត្តន៍ហិរញ្ញវត្ថុឌីជីថល និងការរួមចំណែកសង្គមល្អបំផុត

May 27, 2025

ធនាគារ វីង បំបែកកំណត់ត្រាថ្មីក្នុងវិស័យហិរញ្ញវត្ថុឌីជីថល និងការរួមចំណែកសង្គម ដោយទទួលបានពានរង្វាន់ ជាគ្រឹះស្ថានធនាគារដ៏លេចធ្លោនៅកម្ពុជាដែលនាំមុខគេលើការទូទាត់មិនប្រើក្រដាសប្រាក់ និងរួមចំណែកល្អបំផុតនៅក្នុងសង្គមឆ្នាំ ២០២៤  ប្រគល់ដោយស្ថាប័ន CFI.co លើការប្តេជ្ញាចិត្តឥតងាករេរបស់ខ្លួនចំពោះបរិយាបន្នហិរញ្ញវត្ថុ ភាពច្នៃប្រឌិត និងជំរុញការអភិវឌ្ឍក្នុងសហគមន៍ប្រទេសកម្ពុជា។

ធនាគារ វីង (ខេមបូឌា) ម.ក បាននាំមុខគេជាថ្មីម្តងទៀតនៅក្នុងវិស័យហិរញ្ញវត្ថុ ដោយទទួលបានពានរង្វាន់ជាគ្រឹះស្ថានធនាគារដ៏លេចធ្លោនៅកម្ពុជា លើការទូទាត់មិនប្រើក្រដាសប្រាក់ និងការរួមចំណែកល្អបំផុតនៅក្នុងសង្គមឆ្នាំ ២០២៤ ប្រគល់ជូនដោយស្ថាប័នព័ត៌មានហិរញ្ញវត្ថុដ៏ល្បីល្បាញ CFI.co ដែលការទទួលស្គាល់នេះនឹងជួយពង្រឹងកិត្តិនាមធនាគារ វីង ឱ្យកាន់តែរឹងមាំលើការផ្តល់ដំណោះស្រាយហិរញ្ញវត្ថុងាយស្រួលប្រើប្រាស់ក្នុងវិស័យធនាគារដែលជំរុញដោយបច្ចេកវិទ្យាដ៏ទំនើប។

ចំណុចស្នូលនៃសមិទ្ធផលដែលធនាគារ វីង សម្រេចបានមកទល់បច្ចុប្បន្ន នោះគឺការប្រកាន់ភ្ជាប់នូវចក្ខុវិស័យដ៏ច្បាស់លាស់  ដោយនាំមកនូវការផ្លាស់ប្តូរពីរបៀបដែលប្រជាជនកម្ពុជាទូទាត់សាច់ប្រាក់ និងងាយស្រួលប្រើប្រាស់។ ជាមួយប្រតិបត្តិការហិរញ្ញវត្ថុតាមប្រព័ន្ធឌីជីថលមានទំហំទឹកប្រាក់ប្រមាណ ៥០ ពាន់លានដុល្លារអាមេរិកជារៀងរាល់ឆ្នាំ ហើយជាមធ្យមមានប្រមាណ ៣៨ លានប្រតិបត្តិការក្នុងមួយខែ  ធនាគារ វីង មិនត្រឹមតែសម្របខ្លួនជាមួយបច្ចេកវិទ្យាឌីជីថលប៉ុណ្ណោះទេ ​ថែមទាំងនាំមុខគេនៅក្នុងវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុទៀតផង។ ធនាគារ វីង សម្រេចបានកំណីន៣១% បើធៀបទៅនឹងឆ្នាំមុន ដោយបាននឹងកំពុងពន្លឿនការផ្លាស់ប្តូរសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាមិនប្រើប្រាស់ក្រដាសប្រាក់ ថែមទាំងបង្កើនការតភ្ជាប់ប្រព័ន្ធឌីជីថលកាន់តែខ្លាំងឡើងនៅក្នុងចរន្តសេដ្ឋកិច្ច។

លោក ហោ ប៊ុនថែ អគ្គនាយករងធនាគារ វីង បានលើកឡើងថា៖“នៅធនាគារ វីង យើងខ្ញុំជឿថាវត្តមាននៃបច្ចេកវិទ្យានឹងជួយលើកកម្ពស់ជីវភាពរបស់ប្រជាជនឱ្យកាន់តែប្រសើរឡើង ពោលគឺកាត់បន្ថយភាពស្មុគស្មាញសម្រាប់ការរស់នៅប្រចាំថ្ងៃ។ គ្រប់ទិដ្ឋភាពនៃគំនិតច្នៃប្រឌិតថ្មីៗដែលយើងដាក់ឱ្យប្រើប្រាស់នៅក្នុងទីផ្សារបានចាក់ឬស​យ៉ាងជ្រៅនៅក្នុងគោលដៅដ៏ប្រាកដនិយមរបស់យើង នោះគឺធ្វើយ៉ាងណាដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន ពង្រឹងការអភិវឌ្ឍ ក៏ដូចជានាំមកនូវភាពរីកចម្រើនប្រកបដោយនិរន្តរភាពនៅក្នុងសហគមន៍។”

លោក ហោ ប៊ុនថែ​ បានបន្ថែមថា៖ “ការទទួលស្គាល់សមិទ្ធផលដ៏លេចធ្លោពីស្ថាប័ន CFI.co នាពេលនេះនឹងធ្វើឱ្យបេសកកម្មឆ្ពោះទៅមុខរបស់យើងកាន់តែខ្លាំងក្លាឡើងដើម្បីកសាងអនាគតមួយដែលប្រព័ន្ធហិរញ្ញវត្ថុកាន់តែរឹងមាំ និងប្រកបដោយបរិយាបន្នសម្រាប់ប្រជាជនកម្ពុជាទាំងគ្រប់រូប។”

ប្រែក្លាយបរិយាបន្នហិរញ្ញវត្ថុ ទៅជាប្រយោជន៍សង្គម

ក្នុងនាមជាដៃគូទុកចិត្តរបស់រដ្ឋាភិបាលកម្ពុជា ធនាគារ វីង ដើរតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែកដល់សុខុមាលភាពជាតិ​ ដោយបានចែកចាយជំនួយសង្គមសំខាន់ៗក្រោមកម្មវិធីឧបត្ថម្ភមូលនិធិសង្គមជាង ២.៥ លានគ្រួសារដែលរួមមាន៖ ស្ត្រីមានផ្ទៃពោះ គ្រួសារក្រីក្រ និងពលរដ្ឋដែលរងផលប៉ះពាល់ដោយស្ថានភាពសេដ្ឋកិច្ចក្នុងកំឡុងពេលដ៏លំបាកនៃការប្រយុទ្ធប្រឆាំងកូវីដ-១៩។ ការផ្ទេរសាច់ប្រាក់នេះត្រូវបានធ្វើឡើងតាមរយៈភ្នាក់ងារ ធនាគារ វីងជាង ១២.០០០កន្លែងនៅទូទាំងប្រទេសកម្ពុជា ដែលក្នុងនោះ៨០% ជាស្ត្រី ហើយភាគច្រើនពួកគាត់ជាស្ត្រីមេផ្ទះ ដែលបច្ចុប្បន្នអាចបង្កើតបានប្រភពចំណូលថេរមួយដើម្បីផ្គត់ផ្គង់គ្រួសារ ហើយថែមទាំងបានរួមចំណែកបម្រើនូវសេវាហិរញ្ញវត្ថុចាំបាច់ទៅដល់សហគមន៍ទៀតផង។ ។

វត្តមានភ្នាក់ងារដ៏ទូលំទូលាយនេះ មិនត្រឹមតែពង្រីកវិសាលភាពសេវាហិរញ្ញវត្ថុទៅដល់តំបន់ដាច់ស្រយាលនៅក្នុងប្រទេសប៉ុណ្ណោះទេ ថែមទាំងបានលើកកម្ពស់សិទ្ធអំណាចរបស់ស្ត្រី ព្រមទាំងជំរុញឱ្យមានការចូលរួមអភិវឌ្ឍសេដ្ឋកិច្ចនៅតាមសហគមន៍មូលដ្ឋាន ដោយបង្កើតបាននូវឱកាស​ជាច្រើនសម្រាប់ប្រជាជន និងភាពរីកចម្រើនប្រកបដោយភាពធន់។

លើកកម្ពស់សហគ្រិន ដើម្បីភាពរីកចម្រើនក្នុងសហគមន៍

តាមរយៈថ្នាលឌីជីថល Wingmarket របស់ខ្លួន ធនាគារ វីង កំពុងចូលរួមយ៉ាងសកម្មក្នុងការពង្រឹងកំណើនសេដ្ឋកិច្ច តាមរយៈការជួយដល់សហគ្រាសធុនតូច និងមធ្យម នូវការប្រើប្រាស់ទីផ្សារឌីជីថល ហើយអាចស្នើកម្ចីខ្នាតតូចដោយមិនចាំបាច់មានទ្រព្យបញ្ចាំ​នោះឡើយ។ ការគាំទ្រទាំងនេះបានបើកឱកាសរីកចម្រើនទៅដល់សហគ្រិនក្នុងស្រុកជាច្រើន ដែលអាចឱ្យពួកគាត់ពង្រីកអាជីវកម្ម លើកកម្ពស់ជីវភាព ក៏ដូចជារួមចំណែកដល់ការកាត់បន្ថយភាពក្រីក្របានកាន់តែប្រសើរ។

តាមរយៈការធ្វើឱ្យប្រតិបត្តិការហិរញ្ញវត្ថុមានភាពសាមញ្ញ និងជំរុញការប្រើប្រាស់ប្រព័ន្ធឌីជីថលកាន់តែច្រើនឡើង ហេតុដូចនេះធនាគារ វីង មិនត្រឹមតែកសាងប្រព័ន្ធហិរញ្ញវត្ថុមួយដ៏ទំនើបប៉ុណ្ណោះទេ តែក៏ជាការកសាងគ្រឹះដ៏រឹងមាំសម្រាប់កំណើនសេដ្ឋកិច្ចប្រកបដោយសមធម៌ និងភាពធន់សម្រាប់ការអភិវឌ្ឍនៅក្នុងសហគមន៍ផងដែរ។

បំបែកកំណត់ត្រាថ្មីក្នុងវិស័យធនាគារ ព្រោះនាំផលវិជ្ជមានច្រើនដល់សង្គម

សមិទ្ធផលដ៏ស្ងប់ស្ងែងរបស់ធនាគារ វីង គឺជាតឹកតាងបង្ហាញយ៉ាងច្បាស់ថា ភាពច្នៃប្រឌិត និងការនាំមកនូវផលវិជ្ជមានសម្រាប់សង្គមត្រូវដើរទន្ទឹមគ្នា ដោយទាមទារ​នូវការដឹកនាំដែលមានចក្ខុវិស័យវែងឆ្ងាយ និងការអនុវត្តជាមួយគោលដៅច្បាស់លាស់ ហើយនាំមកនូវលទ្ធផលផ្លែផ្កា  ដែលមិនគ្រាន់តែបង្ហាញត្រឹមតួរលេខ​ប៉ុណ្ណោះទេ ថែមទាំងធ្វើឱ្យការរស់នៅរបស់ប្រជាជនមានការផ្លាស់ប្តូរយ៉ាងពិតប្រាកដ។

គណៈវិនិច្ឆ័យរបស់ស្ថាប័ន CFI.co បានកោតសរសើរធនាគារ វីង សម្រាប់ភាពជាអ្នកដឹកនាំឆ្នើម និងចក្ខុវិស័យច្បាស់លាស់ដោយបានគូសបញ្ជាក់ថា៖ “ធនាគារ វីង កំពុងជំរុញការវិវឌ្ឍវិស័យហិរញ្ញវត្ថុរបស់ប្រទេសកម្ពុជា សំដៅសម្របខ្លួនទៅនឹងសេដ្ឋកិច្ចមិនប្រើក្រដាសប្រាក់ ហើយបង្កើតនូវផលវិជ្ជមានជាច្រើននៅក្នុងសង្គម។ ។ កិច្ចខិតខំប្រឹងប្រែងទាំងនេះគឺលើសពីការផ្តល់ជូនសេវាហិរញ្ញវត្ថុងាយស្រួលប្រើប្រាស់ ពោលគឺថែមទាំងជួយពង្រឹងការអភិវឌ្ឍសហគមន៍ កាត់បន្ថយវិសមភាព និងគាំទ្រដល់ការអភិវឌ្ឍរយៈពេវែងប្រកបដោយនិរន្តរភាពទៀតផង។

ជាមួយនឹងការទទួលស្គាល់ជាសកលនេះ ធនាគារ វីង នៅតែប្តេជ្ញាចិត្តដើរតួនាទីជាកត្តាលីករដើម្បីវឌ្ឍនភាពជាតិ  លើកកម្ពស់ជីវភាពប្រជាជន អភិវឌ្ឍសហគមន៍ ព្រមទាំងបង្កើតអនាគតហិរញ្ញវត្ថុដ៏រឹងមាំសម្រាប់សង្គមជាតិទាំងមូល៕