វីងចូលរួមសហការក្នុងកិច្ចការរៃអង្គាសថវិកាជូនមូលនិធិគន្ធបុប្ផា

នៅរសៀលថ្ងៃទី ៣០ ខែ សីហា ឆ្នាំ២ ០១៨, នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាបរធនបាល នៃ “មូលនិធិគន្ធបុប្ផាកម្ពុជា” បានអញ្ជើញចូលរួមចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (Memorandum of Understanding) ស្តីពី “ការប្រើប្រាស់សេវាកម្មទទួលវិភាគទានសប្បុរសធម៌ជូនមូលនិធិគន្ធបុប្ផាកម្ពុជា” រវាងមូលនិធិគន្ធបុប្ផាកម្ពុជា និងធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត ។
ការចុះអនុស្សរណៈនៃការយោគយល់រវាងមូលនិធិគន្ធបុប្ផាកម្ពុជា និងធនាគារឯកទេសវីងថ្ងៃនេះ គឺជាកិច្ចសហ- ប្រតិបត្ដិការ ដើម្បីផ្ដល់ជូនសប្បុរសជន ដែលមានបំណងផ្ដល់ការបរិច្ចាគជាសាច់ប្រាក់ជូនមូលនិធិគន្ធបុប្ផាកម្ពុជា នូវ ជម្រើសបន្ថែម ដែលមានលក្ខណៈកាន់តែងាយស្រួល តាមរយៈសេវាកម្មរបស់ធនាគារឯកទេសវីង នៅតាមគ្រប់ភ្នាក់ងារទាំងអស់នៅទូទាំងប្រទេសដោយមិនគិតថ្លៃសេវា ។ បន្ថែមលើនេះ, ធនាគារឯកទេសវីង ក៏នឹងបន្ដសហការជាមួយលេខាធិការដ្ឋានមូលនិធិគន្ធបុប្ផាកម្ពុជា ក្នុងសកម្មភាពផ្សព្វផ្សាយផ្សេងៗ ដើម្បីកៀរគរការបរិច្ចាគមូលនិធិបន្ថែមទៀតផងដែរ ។
កម្មវិធីថ្ងៃនេះ សបញ្ជាក់ពីវឌ្ឍនភាពថ្មីមួយទៀត ក្នុងការគិតគូរអំពីសុខទុក្ខរបស់កុមារកម្ពុជា ដែលជាទំពាំងស្នងឬស្សីរបស់ប្រទេសជាតិ បន្ទាប់ពីការបង្កើត និងដាក់ឱ្យដំណើរការមូលនិធិគន្ធបុប្ផាកម្ពុជា កាលពីថ្ងៃទី ១១ ខែ មេសា ឆ្នាំ ២០១៨ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលសម្ដេចទាំងពីរ គឺជាស្ថាបនិក និងជាប្រធានកិត្ដិយសរបស់មូលនិធិផ្ទាល់ ។
មូលនិធិគន្ធបុប្ផាកម្ពុជា ត្រូវបានបង្កើតឡើងក្រោមទម្រង់ជាបរធនបាលកិច្ច នៅក្រោមពាក្យស្លោក “ភាពញញឹមរបស់កុមារ គឺជាអនាគតដ៏ភ្លឺស្វាងរបស់កម្ពុជា” ក្នុងគោលបំណងដើម្បីកៀរគរនូវអំណោយឧបត្ថម្ភធន និងវិភាគទានសប្បុរសធម៌ពីគ្រប់ប្រភពស្របច្បាប់នានា សម្រាប់គោលដៅនៃការធានាចីរភាពនៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា ព្រមទាំងធានាថាកុមារកម្ពុជានឹងបន្ដទទួលបានការធានានូវការគាំពារផ្នែកសុខភាពប្រកបដោយគុណភាព និងដោយមិនគិតថ្លៃ ។ គិតត្រឹមថ្ងៃទី ២៧ ខែ សីហា ឆ្នាំ ២០១៨ មូលនិធិគន្ធបុប្ផាកម្ពុជា ទទួលបានសមាជិកដែលបានចូលរួមបរិច្ចាគសរុបចំនួន ៥១.២៨១ នាក់ និងគិតជាទឹកប្រាក់បានចំនួន ៤.៩៥៦.៦៥៥ ដុល្លារ និង ៤.១១៥.០២៤.៦៤៧ រៀល ។
ក្នុងពិធីចុះហត្ថលេខានេះ អ្នកឧកញ៉ា គិត ម៉េង ប្រធានប្រឹក្សាភិបាលក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ដែលបានបរិច្ចាគទ្រព្យសម្បត្តិដែលមានតម្លៃ ០៨ លានដុល្លារសហរដ្ឋអាមេរិក ដើម្បីគាំទ្រដល់ដំណើរការការិយាល័យរដ្ឋបាលរបស់មូលនិធិបានឱ្យដឹងថា កិច្ចសហការនេះ នឹងនាំមកនូវភាពងាយស្រួល សម្រាប់ប្រជាពលរដ្ឋក្នុងការបរិច្ចាគវិភាគទានជូនដល់មូលនិធិ ក៏ដូចជាជួយចូលរួមធានាបាននូវអនាគតដ៏ល្អប្រសើរសម្រាប់កុមារកម្ពុជា។
អ្នកឧកញ៉ា គិត ម៉េង មានប្រសាសន៍បន្ថែមថា “ដើម្បីធ្វើការបរិច្ចាគ អតិថិជនអាចទៅកាន់ភ្នាក់ងារវីងណាមួយដែលមានបើកបម្រើការនៅក្នុងប្រទេសកម្ពុជា។ ពេលទៅដល់ទីនោះ ពួកគាត់គ្រាន់តែប្រាប់ទៅដល់ភ្នាក់ងារវីងថាពួកគាត់ចង់បរិច្ចាគជូនមូលនិធិគន្ធបុប្ផាតាមរយៈលេខកូដ ៥៥៥៩ (សម្រាប់ប្រាក់រៀល) ឬ ៥៥៥៨ (សម្រាប់ប្រាក់ដុល្លារ) ។ អតិថិជនក៏អាចជ្រើសយកជម្រើសនៃការបរិច្ចាគ ដោយចូលទៅក្នុងកម្មវិធី ស្មាតហ្វូនវីង និងជ្រើសរើស “ទូទាត់វិក្កយបត្រ” ឬវាយលេខកូដល់ទូរស័ព្ទ *989# ហើយការបរិច្ចាគនេះនឹងអាចធ្វើបានក្នុងរយៈពេលត្រឹមតែប៉ុន្មានវិនាទីប៉ុណ្ណោះ។”
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអ្នកឧកញ៉ាប្រធានក្រុមប្រឹក្សាភិបាល របស់ Royal Group ចំពោះទឹកចិត្ដសប្បុរសដែលបានបរិច្ចាគដីដែលជាទ្រព្យសម្បត្ដិផ្ទាល់ខ្លួនជូនមូលនិធិគន្ធបុប្ផាកម្ពុជា និងថែមទាំងបានជួយផ្សព្វផ្សាយអំពីមូលនិធិ និងជាពិសេស តាមរយៈធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត ដែលបានសម្រួលដល់ការផ្តល់វិភាគទានដោយមិនគិតថ្លៃសេវា ។ កាយវិការដ៏សប្បុរសនេះ បាននឹងកំពុងចូលរួមចំណែកជួយដល់កុមារកម្ពុជារាប់លាននាក់ ។
ជាមួយនឹងការចុះអនុស្សរណៈនេះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ក៏បានលើកទឹកចិត្តឱ្យក្រុមការងារគន្ធបុប្ផាកម្ពុជា ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត និង ដៃគូរពាក់ព័ន្ធដ៏ទៃទៀត ក្នុងការបន្តផ្សព្វផ្សាយអំពីមូលនិធិ និងសម្រួលដល់កិច្ចការកៀរគរការចូលរួមវិភាគទានសប្បុរធម៌ឱ្យបានកាន់តែច្រើនបន្ថែមទៀត ផងដែរ ។