មូលនិធិរបស់វីងឧបត្ថម្ភប្រជាជនរាប់រយគ្រួសារ ខណៈមានការរាតត្បាតនៃកូវីដ១៩

ចាប់តាំងពីបានប្រកាសដំណើរការ “គំនិតផ្តួចផ្តើមគាំទ្រសហគមន៍ដែលជួបវិបត្តិខ្វះខាតដោយជំងឺកូវីដ១៩” ធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីតបានទទួលជំនួយឧបត្ថម្ភសរុបចំនួន ២១ ០១៦,៧០ ដុល្លារ ដើម្បីជួយដល់គ្រួសារនៃអ្នករត់តុកតុក និងមគ្គុទ្ទេសក៍ទេសចរណ៍នៅក្នុងប្រទេសកម្ពុជា។
ដោយត្រូវបានប្រកាសបើកដំណើរការមូលនិធិនៅដើមខែមេសាជាមួយការគាំទ្រពីកាសែតភ្នំពេញ ប៉ុស្តិ៍មកធនាគារចល័តដែលផ្តល់សេវាឈានមុខគេនៅក្នុងព្រះរាជាណាចក្រមួយនេះបានទទួលជំនួយឧបត្ថម្ភពីសប្បុរសជនប្រមាណជាង ៧ ៨០០ នាក់។
សប្បុរសជនទាំងនោះរួមមាន៖ ភ្នាក់ងារវីង បុគ្គលិក អតិថិជន និងដៃគូសហការរបស់វីងរួមទាំងបុគ្គលិកនៃក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបផងដែរ។ ថវិកាឧបត្ថម្ភទាំងនេះត្រូវបានផ្តល់ជូនតាមរយៈកម្មវិធីស្មាតហ្វូនវីង និងភ្នាក់ងារវីងនៅទូទាំងប្រទេស។
លោក ម៉ានូ រ៉ាចាន់ អគ្គនាយកនៃធនាគារឯកទេសវីងបានមានប្រសាសន៍ថា៖ «គំនិតផ្តួចផ្តើមនេះគឺជាការបង្ហាញពីសាមគ្គីភាពមួយ ខណៈពេលដែលពិភពលោកស្ទើរតែទាំងមូលប្រឈមនឹងជំងឺរាតត្បាតដែលធ្វើឱ្យជំនួញអាជីវកម្ម និងសេដ្ឋកិច្ចសកលរួមទាំងវិស័យក្រៅប្រព័ន្ធបានទទួលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ»។
«ជំនួយឧបត្ថម្ភទាំងនេះដើរតួយ៉ាងសំខាន់ក្នុងការជួយសហគមន៍របស់យើងក្នុងគ្រាដ៏លំបាកនេះ។ វាមិនត្រឹមតែជួយដល់អ្នកខ្វះខាតតែប៉ុណ្ណោះទេ ប៉ុន្តែវាបង្ហាញពីសាមគ្គីភាពរបស់យើងក្នុងនាមជាប្រជាជាតិមួយដើម្បីជួយគ្នាក្នុងគ្រាដ៏លំបាកដែលបណ្តាលមកពីជំងឺមួយនេះ»។
លោក ម៉ានូ រ៉ាចាន់ បានមានប្រសាសន៍ថា៖ «នេះជាពេលវេលាដែលចាំបាច់ខ្លាំងបំផុត ហើយយើងរីករាយដែលយើងបានចូលរួមជួយគាំទ្របែបនេះ»។
លោកបានបន្តថា ក្នុងនាមជាពលរដ្ឋដែលមានការទទួលខុសត្រូវក្រុមហ៊ុនមិនត្រឹមតែយកចិត្តទុកដាក់ពីសុវត្ថិភាព និងសុខភាពខ្លួនឯងតែប៉ុណ្ណោះទេ ប៉ុន្តែយើងក៏បានគិតគូរដល់អ្នកដែលខ្វះខាតក៏ដូចប្រជាពលរដ្ឋដែលកំពុងរងគ្រោះផងដែរ។
លោក ម៉ានូ រ៉ាចាន់ បានមានប្រសាសន៍ថា៖ «ក្នុងនាមជាក្រុមហ៊ុនដែលមានសេវាកម្មហិរញ្ញវត្ថុចល័តធំជាងគេនៅកម្ពុជា វីងចាត់ទុកវាជាការទទួលខុសត្រូវរបស់យើងក្នុងការកៀរគរធនធាន និងប្រជាពលរដ្ឋទូទៅដើម្បីជួយដល់សហគមន៍ក្នុងគ្រាដ៏លំបាកនេះ»។
លោក លី តៃសេង អគ្គនាយក និង ចាងហ្វាងនៃកាសែតភ្នំពេញ ប៉ុស្តិ៍ ក៏បានមានប្រសាសន៍ផងដែរថា៖ «យើងរីករាយធ្វើជាដៃគូជាមួយវីងក្នុងការផ្តួចផ្តើមគំនិតជួយដល់អ្នកបើកតុកតុក និងមគ្គុទ្ទេសក៍ទេសចរណ៍ដែលរងផលប៉ះពាល់ផ្នែកហិរញ្ញវត្ថុយ៉ាងធ្ងន់ធ្ងរក្នុងអំឡុងពេលនៃជំងឺរាតត្បាតនេះ»។
«ក្នុងនាមជាក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយធំជាងគេនៅព្រះរាជាណាចក្រកម្ពុជាដែលរួមមានកាសែតភ្នំពេញ-ប៉ុស្តិ៍ និងប៉ុស្តិ៍ខ្មែរដែលត្រូវបានគេទទួលស្គាល់ជាកាសែតឯករាជ្យ និងមានវិជ្ជាជីវៈខ្ពស់អាចជឿជាក់បានតែ ១ គត់នៅកម្ពុជា យើងបានទទួលស្គាល់ពីសារៈសំខាន់នៃតួនាទីរបស់យើងក្នុងការផ្តល់ជូនព័ត៌មានដែលពាក់ព័ន្ធ និងសំខាន់»។
«វាជាប្រយោជន៍ជាតិយើងដែលវិស័យឯកជនចូលរួមចំណែកជួយដល់ប្រជាជនខ្វះខាតក្នុងគ្រានេះ។ ភាពជាដៃគូរបស់កាសែតភ្នំពេញ-ប៉ុស្តិ៍ដែលជាប្រព័ន្ធផ្សព្វផ្សាយផ្លូវការសម្រាប់វីងក្នុងការផ្តួចផ្តើមនេះ វាគឺជាឧទាហរណ៍មួយ»។
អ្នកស្រី ងិល សុខកូឡាប ភ្នាក់ងារវីងនៅរាជធានីភ្នំពេញដែលបានចូលរួមវិភាគទាន ១០ ម៉ឺនរៀលតាមរយៈកម្មវិធីស្មាតហ្វូនវីងបង្ហាញការស្វាគមន៍ចំពោះគំនិតផ្តួចផ្តើមមួយនេះ។ អ្នកស្រីបាននិយាយថា ការចូលរួមរបស់អ្នកស្រីពិតជាតិចមែន ប៉ុន្តែវាជាការបង្ហាញសាមគ្គីភាព។
«ខ្ញុំមិនអាចមើលរំលង សហគមន៍ដែលងាយរងគ្រោះក្នុងគ្រាដ៏លំបាកនេះបានទេ។ ប្រសិនបើយើងមានហូបគ្រប់គ្រាន់ហើយ យើងគួរតែចែករំលែកជាមួយអ្នកផ្សេងទៀត។ ការចូលរួមដ៏បន្តិចបន្តួចនេះ វានឹងមានអត្ថន័យយ៉ាងសំខាន់នៅពេលដែលយើងរួមគ្នាជួយដល់អ្នកដែលមានតម្រូវការខ្លាំង»។
លោក ជា រ៉ាឌី ជាងជួសជុលទូរស័ព្ទនៅភ្នំពេញបានយល់ស្រប។
លោកបានឲ្យដឹងថា៖ «ខ្ញុំជឿជាក់ថា ការបរិច្ចាគ ៥ ម៉ឺនរៀលដ៏ស្តួចស្តើងតាមរយៈវីង វានឹងជួយដល់អ្នកដែលងាយរងគ្រោះពីការរាតត្បាតនៃជំងឺនេះ»។ អ្នកបើកតុកតុក និងមគ្គុទ្ទេសក៍ទេសចរណ៍ទាំងឡាយអាចមកការិយាល័យកណ្តាលរបស់វីងនៅភ្នំពេញ ឬការិយាល័យតំណាងរបស់វីងនៅខេត្តសៀមរាប ដើម្បីចុះឈ្មោះទទួលបានប្រាក់ចំនួន ៣០ ដុល្លារនៅក្នុងគណនីវីងរបស់ពួកគេ។
វីងបានបញ្ជាក់ផងដែរថា សប្បុរសជនទាំងឡាយនៅតែអាចចូលរួមវិភាគទានតាមរយៈភ្នាក់ងារវីងទូទាំងប្រទេស ឬតាមរយៈកម្មវិធីស្មាតហ្វូនវីងតាមរយៈគណនីលុយរៀលលេខ 03210000 ឬគណនីលុយដុល្លារលេខ 03310000៕