fbpx

ធនាគារឯកទេស វីង ចុះកិច្ចព្រមព្រៀងសហការណ៍ជាមួយ ធនាគារកម្ពុជាពាណិជ្ជ

ធ្នូ 17, 2018

ធនាគារឯកទេសវីង (កម្ពុជា) លីមីតធីត បានប្រកាសពីកិច្ចសហការណ៍ជាដៃគូថ្មីរបស់ខ្លួន ជាមួយធនាគារកម្ពុជាពាណិជ្ជ (CCB) ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធ ១០០% របស់ធនាគារ Siam Commercial Bank (SCB) នៅប្រទេសថៃ។ កិច្ចព្រមព្រៀងនេះ បានត្រួសត្រាយផ្លូវសម្រាប់សេវាផ្ទេរប្រាក់ និងទទួលប្រាក់ពីក្រៅប្រទេស រវាងប្រទេសកម្ពុជា និងប្រទេសថៃ ក៏ដូចជាបណ្តាប្រទេសដទៃទៀត ដែលមានធនាគារជាដៃគូរបស់ធនាគារ SCB នៅទីនោះ។

ភាពជាដៃគូនេះ នឹងជួយធ្វើឱ្យប្រសើរឡើង នូវសេវាកម្មផ្ទេរប្រាក់ និងទទួលប្រាក់ដែលផ្ញើមកកាន់កម្ពុជា ដោយជួយកាត់បន្ថយតម្លៃសេវាផ្ទេរប្រាក់ និងលើកកម្ពស់សុវត្ថិភាព នៃប្រតិបតិ្តការផ្ទេរប្រាក់។

លោក Kamalkant Agarwal ប្រធានជាន់ខ្ពស់ផ្នែកធនាគារអន្តរជាតិរបស់ធនាគារ SCB បាននិយាយថា ធនាគារ CCB មានការប្តេជ្ញាចិត្ត ក្នុងការបម្រើជូនអតិថិជនថៃ និងកម្ពុជា នូវសេវាកម្មដែលមានភាពប្រសើរឡើង។ ជាមួយនឹងកិច្ចព្រមព្រៀងភាពជាដៃគូ ដែលបានចុះហត្ថលេខា ជាមួយធនាគារ វីង នៅថ្ងៃនេះ ធនាគារ CCB សង្ឃឹមថា នឹងចាប់ផ្តើមសករាជថ្មី នៃសេវាកម្មផ្ញើប្រាក់ឆ្លងប្រទេសនៅកម្ពុជា តាមរយៈការប្រើប្រាស់អនុភាព នៃបច្ចេកវិទ្យា ប្លុកឆេន (BlockChain)។

លោក Agarwal បានបន្ថែមទៀតថា៖ “ភ្នាក់ងារវីងជាង ៦០០០កន្លែង និងជំហរទីផ្សារដែលបានបង្កើតឡើងនៅកម្ពុជារបស់ពួកគេ នឹងពង្រឹងប្រព័ន្ធអេកូ (ecosystem) ទូទាត់ថ្មីនេះបន្ថែមទៀត។ ធនាគារ CCB នឹងដើរតួជាស្ពានតភ្ជាប់ រវាងធនាគារឯកទេស វីង និងធនាគារ SCB ដើម្បីធានាថា ភាពជាដៃគូនេះ នឹងផ្តល់ជូននូវបទពិសោធន៍ល្អប្រសើរដល់អតិថិជន។ ភាពជាដៃគូនេះ នឹងបើកឱកាសឱ្យមានកិច្ចសហការជាច្រើនទៀត នាពេលអនាគតរវាងធនាគារទាំងពីរ ដោយប្រើប្រាស់នូវភាពខ្លាំងរបស់ខ្លួន”។

ធនាគារកម្ពុជាពាណិជ្ជ (CCB) ជាធនាគារពាណិជ្ជដំបូងគេបង្អស់ នៅក្នុងប្រទេសកម្ពុជា ដែលបានបង្កើតឡើងក្នុងឆ្នាំ ១៩៩១ ដោយមានសាខាស្ថិតនៅទីតាំងយុទ្ធសាស្ត្រ ចំនួន៤កន្លែង នៅក្នុងប្រទេសកម្ពុជា ក្នុងនោះរួមមាន រាជធានីភ្នំពេញ, ខេត្តបាត់ដំបង, ខេត្តសៀមរាប និងក្រុងព្រះសីហនុ។ ធនាគារ CCB គឺជាធនាគារថៃដំបូងគេ ដែលមានម៉ាស៊ីនអេធីអឹម នៅខាងក្រៅប្រទេសថៃ និងម៉ាស៊ីនអេធីអឹម របស់ខ្លួននៅកម្ពុជា ចាប់តាំងពីខែមករា ឆ្នាំ២០១១ នឹងបានក្លាយជាផ្នែកមួយ នៃក្រុមម៉ាស៊ីនអេធីអឹមនៅកម្ពុជា ក្រោមគម្រោង “Central Share Switch”។

លោក ចូចូ ម៉ាឡូឡូស អគ្គនាយកធនាគារឯកទេស វីង បានមានប្រសាសន៍ថា ជំហានគួរអោយចាប់អារម្មណ៍នេះ គឺគ្រាន់តែជាការចាប់ផ្តើមនៃដំណើរការ ក្នុងការភ្ជាប់ទំនាក់ទំនងកម្ពុជា ឲ្យពេញលេញជាមួយពិភពលោកទាំងមូល។

លោក ចូចូ ម៉ាឡូឡូស បានបន្តទៀតថា៖ “ក្នុងរយៈពេលប៉ុន្មានខែខាងមុខទៀតនេះ អតិថិជនរបស់វីង នឹងអាចទទួលបាននូវភាពងាយស្រួល ក្នុងការទទួលបានប្រាក់ពីប្រទេសថៃ តាមរយៈសេវាកម្មរបស់ធនាគារ SCB និងបណ្តាប្រទេសផ្សេងទៀត តាមរយៈដៃគូរបស់ធនាគារ SCB នៅទូទាំងពិភពលោក។ អ្នកទទួលនៅប្រទេសកម្ពុជា អាចទទួលបានប្រាក់បញ្ញើ ពីភ្នាក់ងារវីងជាង ៦០០០កន្លែង ឬតាមរយៈកម្មវិធីស្មាតហ្វូនវី “។

បច្ចុប្បន្នអតិថិជនរបស់ វីង នៅកម្ពុជា អាចទទួលប្រាក់បញ្ញើពីជាង ២០០ ប្រទេសនៅជុំវិញពិភពលោក ហើយ វីង ទើបតែបានណែនាំសេវាកម្ម Wing2World និងសេវាកម្មផ្ទេរប្រាក់ ទៅក្រៅប្រទេស រួមមានប្រទេសហ្វីលីពីន និងប្រទេសវៀតណាម ។ នៅពេលដែលសេវាផ្ទេរប្រាក់ មកពីក្រៅប្រទេស រវាងធនាគារទាំងពីរ នឹងត្រូវបានណែនាំក្នុងរយៈពេលបីខែទៀតនោះ ភាពជាដៃគូរវាងធនាគារឯកទេស វីងនិងធនាគារ CCB នឹងនាំមកនូវការផ្ទេរប្រាក់ ទៅក្រៅប្រទេស រួមមានប្រទេសថៃ និងប្រទេសផ្សេងទៀតនៅក្នុងពិភពលោក នាពេលអនាគត។

បើយោងតាមរបាយការណ៍របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានពលករខ្មែរជាង១លាននាក់ នៅក្នុងប្រទេសថៃនៅក្នុងឆ្នាំ ២០១៨ ដែលភាគច្រើននៃពួកគេ បាននឹងកំពុងផ្ញើប្រាក់ត្រលប់មកផ្ទះវិញ ឲ្យដល់មនុស្សជាទីស្រលាញ់របស់ពួកគេ៕

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង
ធនាគារឯកទេស វីង (ខេមបូឌា) លីមីតធីត
អ៊ីមែល: marketing@wingmoney.com
ធនាគារពាណិជ្ជកម្ពុជា
អ៊ីមែល: wanlapa.sookyai@scb.co.th