fbpx

វីង និង ឌី អេហ្វ អាយ ឡាក់គី សហការគ្នាផ្ដល់ការទូទាត់ ដោយពុំប្រើប្រាស់ក្រដាស់ប្រាក់ ដល់អតិថិជន និងអ្នកផ្គត់ផ្គង់របស់ខ្លួន

មីនា 18, 2019

ធនាគារឯកទេស វីង (ខេមបូឌា) លីមីតធីត ដែលជាអ្នកផ្ដល់សេវាកម្មធនាគារចល័ត ឈានមុខគេនៅប្រទេសកម្ពុជា បានប្រកាសអំពីកិច្ចសហប្រតិបត្តិការរបស់ខ្លួន ជាមួយក្រុមហ៊ុន ឌី អេហ្វ អាយ ឡាក់គី (DFI Lucky) ដែលជាក្រុមហ៊ុនដែលគ្រប់គ្រងផ្សារទំនើបឈានមុខគេ និងធំបំផុតមួយនៅកម្ពុជា ក្នុងការផ្តល់ជូនចំពោះអតិថិជនរបស់ផ្សារទំនើបឡាក់គី និង ​ Guardian ក៏ដូចជាអ្នកផ្គត់ផ្គង់ផលិតផលរបស់ខ្លួន នូវភាពងាយស្រួលក្នុងការទូទាត់ថ្លៃទំនិញ ដោយពុំចាំបាច់ប្រើប្រាស់ក្រដាស់ប្រាក់ (Cashless Payment) ។

អតិថិជនរបស់ផ្សារទំនើបឡាក់គី ក៏ដូចជា ​ Guardian អាចធ្វើការទូទាត់ បានយ៉ាងឆាប់រហ័ស និងងាយស្រួលជាមួយសេវាកម្ម WingPay របស់វីង តាមរយៈទូរស័ព្ទដៃ ឬប្រើប្រាស់កាតគណនីវី ។ អត្ថប្រយោជន៍សម្រាប់អតិថិជផ្សារទំនើបឡាក់គី និងក៏ដូចជាផ្សារទំនើបឡាក់គី គឺផ្តល់នូវបទពិសោធន៍នថ្មីពាក់ព័ន្ធនឹងដំណើការ នៃការទូទាត់នៅកន្លែងគិតប្រាក់ ដែលអតិថិជននឹងមិនជួបប្រទះភាររំខានក្នុងការរង់ចាំលុយអាប់, កាត់បន្ថយហានិភ័យនានាជុំវិញការទូទាត់ដោយប្រើក្រដាស់ប្រាក់ និងផ្តល់ជម្រើសទូទាត់សមស្របបន្ថែមទៀត សម្រាប់តម្រូវការរបស់អតិថិជន ក៏ដូចជាអ្នកផ្គត់ផ្គង់ផលិតផលផងដែរ។

លើសពីនេះទៀត វីង ក៏ផ្ដល់ជូនផ្សារទំនើបឡាក់គី នូវមធ្យោបាយក្នុងការទូទាត់សាច់ប្រាក់ភ្លាមៗ ​ដល់អ្នកផ្គត់ផ្គង់របស់ខ្លួន។ ការទូទាត់ដោយពុំប្រើប្រាស់ក្រដាស់ប្រាក់ ផ្តល់អត្ថប្រយោជន៍​ ទាំងផ្សារទំនើបឡាក់គី និងអ្នកផ្គត់ផ្គង់ផលិតផលសម្រាប់ផ្សារទំនើបឡាក់គី​ ដោយសារតែវាជួយកាត់បន្ថយថ្លៃចំនាយនានាពាក់ព័ន្ធនឹងការគ្រប់គ្រងក្រដាស់ប្រាក់ ក៏ដូចជាហានិភ័យនៃការបាត់បង់សាច់ប្រាក់ផ្សេងៗ ។ ម្យ៉ាងវិញទៀត ការទូទាត់លើផលិតផលត្រូវបានបញ្ចូលភ្លាមៗ ទៅក្នុងគណនីវីងរបស់អ្នកផ្គត់ផ្គង់ ដើម្បីឱ្យពួកគេអាចប្រើវាបានភ្លាមៗ​ សម្រាប់តម្រូវការអាជីវកម្មរបស់ពួកគេផងដែរ។

លោក ចូចូ ម៉ាឡូឡូស អគ្គនាយកធនាគារឯកទេស វីង មានប្រសាសន៍ថា ភាពជាដៃគូរវាង វីង និងក្រុមហ៊ុន ឌី អេហ្វ អាយ ឡាក់គី គឺជាការឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់យើង ក្នុងការពង្រីកសេវាទូទាត់ដោយពុំប្រើប្រាស់ក្រដាសប្រាក់ នៅទូទាំងប្រទេសកម្ពុជា និងធ្វើឱ្យមានភាពងាយស្រួល សម្រាប់អតិថិជន និងអាជីវកម្ម ក្នុងការគ្រប់គ្រងប្រតិបត្តិការទូទាត់របស់ពួកគេ សម្រាប់ប្រតិបត្តិការទូទាត់ប្រាក់ជារៀងរាល់ថ្ងៃ ឬប្រតិបត្តិការទូទាត់ប្រាក់រវាងអាជីវកម្មនិងអាជីវកម្ម ។

លោក ចូចូ ម៉ាឡូឡូស បានបន្តទៀតថា៖ “គោលដៅមួយ ក្នុងចំណោមគោលដៅរបស់ វីង គឺដើម្បីបង្កើតនិងកសាងប្រព័ន្ធអេកូនៃការទូទាត់ដោយពុំប្រើប្រាស់ក្រដាសប្រាក់នៅកម្ពុជា។ ការធ្វើបែបនេះ យើងជួយបង្កើតផលប្រយោជន៍ភ្លាមៗ សម្រាប់អ្នកប្រើប្រាស់ ដែលកំពុងស្វែងរកនូវជម្រើសនៃការទូទាត់ប្រាក់ដែលងាយស្រួល ដូចជាការទូទាត់ពុំប្រើប្រាស់ក្រដាសប្រាក់ និងការទូទាត់តាមឌីជីថល ខណៈពេលជាមួយគ្នានេះ បានជំរុញសេដ្ឋកិច្ចឲ្យធំជាងមុន ព្រោះទឹកប្រាក់ត្រូវបាន ប្រើប្រាស់ប្រកបដោយប្រសិទ្ធភាព ចំពោះមុខជំនួញ និងគោលបំណងផ្ទាល់ខ្លួន។”

លោក Stephane Pariente នាយកគ្រប់គ្រងរបស់ក្រុមហ៊ុន ឌី អេហ្វ អាយ ឡាក់គី បានមានប្រសាសន៍អំពីភាពជាដៃគូរបស់ខ្លួនជាមួយ វីង ថា បច្ចេកវិទ្យាទំនើប និងជឿទុកចិត្តរបស់​ វីង និងភាពឈានមុខគេក្នុងការទូទាត់ពុំប្រើប្រាស់ក្រដាសប្រាក់​ និងឌីជីថល រឹតតែនាំឱ្យគាត់មានទំនុកចិត្តរឹតតែខ្លាំងចំពោះភាពជាដៃគូនេះ។

លោក​ Pariente បានលើកឡើងថា៖ “ក្រុមហ៊ុន DFI Lucky មានយុទ្ធសាស្រ្តអាទិភាពមួយ គឺផ្តល់ជូននូវផលិតផលល្អឥតខ្ចោះ និងជានិច្ចកាលបំរើជូនអតិថិជន និងអ្នកផ្គត់ផ្គងមូលដដ្ឋាន ​ដែល​កើនឡើងយ៉ាងឆាប់រហ័ស ឲ្យបានល្អបំផុត។ ដៃគូ ដែលយើងធ្វើការជាមួយ ត្រូវតែមានការប្តេជ្ញាចិត្តដូចគ្នា ចំពោះគុណភាព សេវាកម្មអតិថិជន និងភាពច្នៃប្រឌិត។ វីង បានឈរជើងជាអ្នកនាំមុខគេយ៉ាងច្បាស់ លើសេវាកម្មទូទាត់ដោយពុំប្រើប្រាស់ក្រដាសប្រាក់ និងធ្វើជាដៃគូយូរអង្វែងសម្រាប់យើង។ វីង ក៏បានធ្វើឲ្យមានភាពងាយស្រួលយ៉ាងខ្លាំង សម្រាប់ក្រុមហ៊ុន ឌី​ អេហ្វ អាយ ឡាក់គី និងអ្នកផ្គត់ផ្គង់ផលិតរបស់យើង ក្នុងការធ្វើការរួមគ្នា ព្រោះយើងនឹងទូទាត់វិក្កយបត្រដោយពុំប្រើប្រាស់ក្រដាសប្រាក់ ដែលវាបានជួយកាត់បន្ថយពេលវេលា និងថ្លៃចំនាយផ្សេងៗលើការទូទាត់វិក្កយបត្រ និងការប្រមូលប្រាក់ ហើយអ្នកផ្គត់ផ្គង់ទទួលបានការទូទាត់លើផលិតផលដែលពួកគេផ្តត់ផ្គង់មកយើង ដោយផ្ទាល់ទៅក្នុងគណនីវីងរបស់ពួកគេ»។

ដើម្បីចូលរួមអបអរសាទរ ចំពោះភាពជាដៃគូនេះ អ្នកប្រើប្រាស់គណនីវីង នឹងទទួលបានការបញ្ចុះតម្លៃ ៥% នៅពេលដែលពួកគេទិញទំនិញនៅផ្សារទំនើបឡាក់គី ចាប់ពីថ្ងៃទី ១៥ ដល់ថ្ងៃទី ៣១ ខែមីនាឆ្នាំ ២០១៩ ។

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង៖

ធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត

marketing@wingmoney.com