fbpx

វីងឧបត្ថម្ភពិធីសប្បុរសធម៌លើកទី១១ នៃសកលវិទ្យាល័យភូមិន្ទភ្នំពេញ

កុម្ភៈ 26, 2020

ធនាគារឯកទេស​​ វីង (ខេមបូឌា) លីមីតធីតបានក្លាយជាអ្នកឧបត្ថម្ភធំមួយនៃពិធីសប្បុរសធម៌លើកទី១១ ដែលបានរៀបចំឡើងនៅសកលវិទ្យាល័យភូមិន្ទភ្នំពេញ កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២០ ក្នុងគោលបំណងលើកកម្ពស់ ការចូលរួមរបស់យុវជនក្នុងកិច្ចការសប្បុរសធម៌។

កម្មវីធីនេះត្រូវបានរៀបចំក្រោមអធិបតីភាពរបស់ ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ​​ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា លោក ម៉ានូ រ៉ាចាន់ អគ្គនាយកនៃធនាគារឯកទេស​​ វីង (ខេមបូឌា) លីមីតធីត និងឯកឧត្តម លោក​ឧកញ៉ា​ លោក​ លោកស្រី​ អ្នក​នាង​ កញ្ញា​ តំណាង​ឲ្យ​ស្ថាប័ន​ជាតិ​​ ក្រុមហ៊ុន​ឯកជន​ និង​សិស្សនិសិ្សតរាប់ម៉ឺននាក់មកពីសកលវិទ្យាល័យនានា។

ពិធីសប្បុរសធម៌លើកទី១១ឆ្នាំនេះ បានបង្កើតនូវបរិយាកាសដ៏សប្បាយរីករាយដោយសិស្សនិសិ្សតជាច្រើនបានដាក់តាំងពិព័រណ៍ដែលជាស្នាដៃរបស់ខ្លួនប្រកបដោយភាពច្នៃប្រឌិត និងមានការសម្តែងសិល្បៈនានា និងបានប្រមូលថវិកាឧបត្ថម្ភមួយចំនួន ​​​​​​ដើម្បីគាំទ្រដល់សកម្មភាពរបស់ក្លឹបយុវជនកាកបាទក្រហមកម្ពុជានៃសកលវិទ្យាល័យភូមិន្ទភ្នំពេញ។

ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ​​ ហង់ ជួន ណារ៉ុន បានកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់ យុវជនស្ម័គ្រចិត្តដែលបានរៀបចំកម្មវិធីបានយ៉ាងល្អប្រសើរ។ ការចូលរួមដឹកនាំកម្មវិធីផ្សេងៗបែបនេះ នឹងធ្វើឲ្យយុវជនកាន់តែមានសមត្ថភាពនិងបទពិសោធន៍ ក្នុងការចាប់យកឱកាសការងារនាថ្ងៃអនាគត។

តាម​រយៈ​ការ​ឧបត្ថម្ភ​នេះ​ វីង​ បង្ហាញ​ការ​ប្ដេជ្ញា​ចិត្ត​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ និងដៃគូរនានាក្នុង​កិច្ចការគាំទ្រយុវជន និងមហាជននានាដើម្បីលើកកម្ពស់កិច្ចការសប្បុរសធម៌ ដើម្បីជួយដល់ជនរងគ្រោះ និងជនទាំងឡាយដែលកំពុងត្រូវការជំនួយជាដើម៕