fbpx

ចូលរួមកាត់បន្ថយឧបសគ្គចំពោះការចូលរួមរបស់ស្ត្រីនៅក្នុងវិស័យសេដ្ឋកិច្ច

ឧសភា 24, 2018

ខណៈដែលស្ត្រីនៅតែមិនត្រូវបានរាប់បញ្ចូលទៅក្នុងសកម្មភាពសេដ្ឋកិច្ច មេដឹកនាំចំនួន១៣នាក់ បានចូលរួមក្នុង កិច្ចប្រជុំក្រុមប្រឹក្សាយោបល់អាស៊ីអាគ្នេយ៍នៅសប្តាហ៍នេះ ដើម្បីធ្វើការតស៊ូមតិសម្រាប់ស្ត្រីក្នុងការចូលរួមសកម្មភាពហិរញ្ញវត្ថុនៅទូទាំងតំបន់។

យោងតាមទិន្នន័យចុងក្រោយរបស់ធនាគារពិភពលោក ស្ត្រីជិត ១ ភាគ ៣ នៅអាស៊ីអាគ្នេយ៍មិនមាន លទ្ធភាពប្រើប្រាស់គណនីធនាគារឡើយ។ ស្រ្តីនៅប្រទេសកម្ពុជាក៏ជួបប្រទះឧបសគ្គស្រដៀងៗគ្នានេះដែរ។ នៅប្រទេសកម្ពុជា ខណៈដែលម្ចាស់អាជីវកម្មភាគច្រើនគឺជាស្ត្រី ពួកគាត់រមែងខ្វះធនធានឬលទ្ធភាពក្នុងការប្រើប្រាស់សេវាហិរញ្ញវត្ថុនានា។

ក្នុងនាមជាសមាជិកផ្លូវការរបស់ក្រុមប្រឹក្សា លោក ចូចូ ម៉ាឡូឡូស អគ្គនាយកធនាគារឯកទេសវីង មានប្រសាសន៍ថា លោកពិតជាមានកិត្តិយស ដែលបានដើរតួនាទីក្នុងការតស៊ូមតិសម្រាប់ស្ត្រីក្នុងវិស័យហិរញ្ញវត្ថុនៅក្នុងតំបន់ ទាំងក្នុងនាមជាអតិថិជន និងជាអ្នកបំពេញវិជ្ជាជីវៈ។ លោក ម៉ាឡូឡូស មានប្រសាសន៍ថា “នៅកម្ពុជា ធនាគារឯកទេសវីង បានប្តេជ្ញាចិត្តក្នុងការបិទគំលាតនេះ ជាពិសេសសម្រាប់ បុគ្គលិកជាកម្មករ និស្សិតសាកលវិទ្យាល័យ សហគ្រិន សហគ្រាសធុនតូចនិងមធ្យម” ។

“ជាឧទាហរណ៍ ធនាគារឯកទេសវីងបានចូលរួមលើកទឹកចិត្ត និស្សិតសាកលវិទ្យាល័យ ឱ្យពួកគាត់បើកគណនីវីងរបស់ខ្លួនជាលើកដំបូង និងរៀនពីរបៀបគ្រប់គ្រងហិរញ្ញវត្ថុផ្ទាល់ខ្លួន។ ”

“វីងបានធ្វើការយ៉ាងសកម្មជាមួយបណ្តាញសហគ្រិននានានៅក្នុងប្រទេស ដោយផ្តល់នូវវិធីសាស្រ្តងាយៗ សម្រាប់ពួកគាត់ក្នុងការគ្រប់គ្រងហិរញ្ញវត្ថុនិងធ្វើប្រតិបត្តិការផ្សេងៗ ប្រយោជន៍ផ្តល់ជាការរីកចម្រើនសម្រាប់អាជីវកម្មរបស់ពួកគេ។ ភាគច្រើននៃសហគ្រិនទាំងនេះគឺជាស្រ្តី ដែលប្រកបអាជីវកម្មផ្ទាល់ខ្លួន ដោយរាប់ចាប់ពីអ្នកលក់គ្រឿងទេសរហូតដល់ម្ចាស់ភោជនីយដ្ឋាន ម្ចាស់សិប្បកម្មនិងអ្នកផ្តល់សេវាកម្មផ្សេងៗ។”

ក្រោមកិច្ចការលើកស្ទួយទាំងថ្នាក់ជាតិ ទាំងថ្នាក់អន្តរជាតិ លោកម៉ាឡូឡូស​ មានទំនុកចិត្តថា កម្ពុជានឹងទទួលបាននូវកំនើននៃការចូលរួមរបស់ស្ត្រីនិងការផ្តល់សិទ្ធិអំណាចរឹតតែច្រើន។

កិច្ចប្រជុំក្រុមប្រឹក្សាលើកដំបូង ដែលប្រព្រឹត្តនៅប្រទេសសិង្ហបុរីមានគោលបំណងដើម្បីបង្កើតជាយុទ្ធសាស្រ្តរយៈពេលខ្លីនិងវែង ដើម្បីផ្តល់លទ្ធភាពកាន់តែច្រើនដល់ស្ត្រីក្នុងវិស័យហិរញ្ញវត្ថុ ក្នុងនាមជាអតិថិជន និងអ្នកប្រកបវិជ្ជា​ជីវៈ  ។ កិច្ចប្រជុំនេះ ត្រូវបានចូលរួមដោយលោកជំទាវ ជា សេរី អគ្គនាយកធនាជាតិនៃកម្ពុជា ជាអ្នកតំនាងមកពី ប្រទេសកម្ពុជា។

ក្រុមប្រឹក្សាយោបល់អាស៊ីអាគ្នេយ៍ ត្រូវបានបង្កើតឡើងក្រោយជំនួយឧបត្ថម្ភពីក្រសួងការបរទេសនិងពាណិជ្ជកម្មអូស្ត្រាលី (DFAT) ដើម្បីតំណាងឲ្យវិស័យធនាគារឧស្សាហកម្ម បច្ចេកវិទ្យា រដ្ឋាភិបាល និងឧស្សាហកម្មទំនិញ​ប្រើប្រាស់។ ក្រុមប្រឹក្សានេះនឹងបង្កើតយុទ្ធសាស្រ្ត និងវិធានការដ៏រឹងមាំក្នុងការបញ្ចុះបញ្ចូលភាគីពាក់ព័ន្ធសំខាន់ៗនៅទូទាំងតំបន់ដែលមានគោលជំហរខ្ពស់ក្នុងការជំរុញការចូលរួមរបស់ស្រ្តីក្នុងវិស័យសេដ្ឋកិច្ច។

សម្រាប់ព័ត៌មានបន្ថែមស្តីពីកិច្ចប្រជុំ សូមចូលទៅកាន់ៈ https://bit.ly/2kiEp6r