វីងចាប់ដៃគូជាមួយ PassApp ក្នុងការផ្លាស់ប្តូររបៀបធ្វើដំណើរនៅកម្ពុជា

អតិថិជន PassApp និង វីង អាចធ្វើដំណើរយ៉ាងងាយស្រួលនៅជុំវិញរាជធានីភ្នំពេញ បន្ទាប់ពីក្រុមហ៊ុនទាំងពីរចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា ក្នុងការផ្តល់ជូននូវមធ្យោបាយទូទាត់ថ្លៃធ្វើដំណើរតាមរ៉ឺម៉កកង់បី ដែលមានភាពងាយស្រួល និងរហ័ស។ ធនាគារឯកទេសវីង បានបំពាក់នូវប្រព័ន្ធទូទាត់ប្រាក់ដោយស្គេនកូដ QR ដែលហៅកាត់ថា “វីងគិតលុយ” នៅជាង៣០០០ រ៉ឺម៉កកង់បីរបស់PassApp នៅក្នុងរាជធានីភ្នំពេញ ដើម្បីជួយឲ្យអតិថិជនៅភ្នំពេញទាំងអស់ អាចទូទាត់ថ្លៃធ្វើដំណើរតាមវីង។
នៅពេលដែលអតិថិជនធ្វើដំណើរទៅដល់គោលដៅ ពួកគេអាចប្រាប់អ្នកបើកបររ៉ឺម៉កកង់បីថា ពួកគេចង់គិតលុយតាមវីង។ ពេលនោះ អ្នកបើកបរតុកតុករបស់ PassApp នឹងបង្ហាញលេខកូដ QR “វីងគិតលុយ” ដែលបិទនៅលើរ៉ឺម៉កកង់បីនោះ។ វិធីសាស្ត្រទូទាត់ប្រាក់នេះ តម្រូវឱ្យអតិថិជនមានគណនី Wing និងធ្វើការទូទាត់តាមរយៈUSSD * 989 # ឬ កម្មវិធីស្មាតហ្វូនវីង នៅលើទូរស័ព្ទរបស់ពួកគេជាមុន ដើម្បីឲ្យពួកគេអាចស្កេនកូដ QR ឬវាយលេខទូទាត់។
មានប្រសាសន៍នៅក្នុងកម្មវិធី លោក ចូចូ ម៉ាឡូឡូស អគ្គនាយកធនាគារឯកទេសវីង មានប្រសាសន៍ថា ភាពជាដៃគូនេះនឹងផ្តល់ជាលទ្ធភាពថ្មីមួយសម្រាប់ប្រជាពលរដ្ឋជាច្រើនពាន់នាក់ដែលរស់នៅរាជធានីភ្នំពេញ និងកំពុងប្រើប្រាស់សេវាកម្មវីងដើម្បីជួយលើកស្ទួយដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគេ នូវបទពិសោធន៍ថ្មីនៃការធ្វើដំណើរដោយពុំចាំបាច់មានសាច់ប្រាក់នៅជុំវិញទីក្រុង។
លោក ម៉ាឡូឡូស មានប្រសាសន៍បន្ថែមថា “ផលិតផលនិងសេវាកម្មរបស់យើងមានគោលបំណងផ្តល់នូវដំណោះស្រាយចំពោះបញ្ហាដែលអតិថិជនរបស់យើងកំពុងជួបប្រទះ។ វិធីសាស្រ្តទូទាត់ប្រាក់ “វីងគិតលុយ” នៅលើរ៉ឺម៉ក កង់បីរបស់ PassApp គឺឆ្លើយតបទៅនឹងបញ្ហាដែលមនុស្សគ្រប់គ្នាកំពុងជួបប្រទះ ពាក់ព័ន្ធនឹងការត្រៀមប្រាក់ឬលុយរាយ និងសំខាន់បំផុតនោះគឺសុវត្ថិភាពនៅពេលធ្វើដំណើរ។”
លោក តុប និមល នាយកប្រតិបត្តិនៃក្រុមហ៊ុនបច្ចេកវិទ្យា PassApp មានប្រសាសន៍ថា ភាពជាដៃគូនេះ គឺជាការ ប្តេជ្ញាចិត្តមួយរបស់ក្រុមហ៊ុន ដើម្បីធានាថា អតិថិជនរបស់យើង អាចសម្របខ្លួនបានសមស្របទៅនឹងអាយុកាលថ្មីនៃបច្ចេកវិទ្យាក្នុងការធ្វើដំណើរទាំងស្រុង ដោយរាប់បញ្ចូលតាំងពីការកក់រ៉ឺម៉កកង់បីដោយចំណាយតែប៉ុន្មាននាទី និងទូទាត់ថ្លៃធ្វើដំណើរដោយគ្រាន់តែចុចប៊ូតុង។
លោក តុប និមលមានប្រសាសន៍ថា “យើងក៏កំពុងអភិវឌ្ឍសមត្ថភាពរបស់អ្នកបើកបររ៉ឺម៉កកង់បីរបស់យើង ក្នុងការគ្រប់គ្រងហិរញ្ញវត្ថុផងដែរ។ នៅពេលថ្លៃធ្វើដំណើរចូលទៅក្នុងគណនីវីង ពួកគេនឹងអាចចូលទៅមើលរបាយការណ៍នៃប្រាក់ចំណូលប្រចាំថ្ងៃ។ លើសពីនេះទៀត អ្នកបើកបរខ្លះនឹងមានភាពស្រួលជាងមុន ពីព្រោះពួកគេមិនចាំបាច់ព្រួយបារម្ភអំពីសុវត្ថិភាព នៅពេលបើករ៉ឺម៉កកង់បីជូនអតិថិជន ឬធ្វើដំណើរត្រឡប់ទៅផ្ទះនៅពេលយប់។”
ដើម្បីអបអរសាទរភាពជាដៃគូនេះ អ្នកដំណើរតាមរ៉ឺម៉កកង់បីរបស់ PassApp នឹងទទួលបានទឹកប្រាក់ ៥០% មកវិញ (រហូតដល់៤០០០រៀល) ពេលទូទាត់ថ្លៃធ្វើដំណើរជាមួយ “វីងគិតលុយ” ។ ការផ្តល់ជូននេះ នឹងត្រូវបានផ្តល់ជូនក្នុងចំនួនកំនត់ និងសម្រាប់តែរ៉ឺម៉កកង់បីរបស់ PassApp ដែលមានភ្ជាប់លេខកូដ QR ពីថ្ងៃនេះរហូតដល់ថ្ងៃទី ២៦ ខែ កក្កដាឆ្នាំ ២០១៨ តែប៉ុណ្ណោះ។
ដើម្បីប្រើប្រាស់ “វីងគិតលុយ” អតិថិជនត្រូវតម្រូវឲ្យមានគណនេយ្យវីង។ អតិថិជនអាច បង្កើតគណនីវីងបានយ៉ាងងាយស្រួលដោយគ្រាន់តែទាញយកកម្មវិធីស្មាតហ្វូនវីង ឬចុចលេខកូដ * 989 # ហើយបំពេញព័ត៌មានមួយចំនួន ឬទៅកាន់ភ្នាក់ងារវីងដើម្បីដើម្បីបើកគណនីក៏បាន។ អតិថិជនក៏អាចបញ្ចូលទឹកប្រាក់ទៅក្នុងគណនីនៅភ្នាក់ងារវីងទូទាំងប្រទេសផងដែរ។ ជាមួយនឹងគណនីវីង អតិថិជនមានជម្រើសជាច្រើនក្នុងការទូទាត់ដោយមិនប្រើសាច់ប្រាក់ដូចជា ទូទាត់វិក្កយបត្រ ទិញទំនិញតាមអនឡាញ បញ្ចូលទឹកប្រាក់ទូរស័ព្ទ ផ្ទេរប្រាក់ និងជាច្រើនទៀត។
អំពីធានាគារឯកទេសវីង
ធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត គឺជាអ្នកផ្តល់សេវាកម្មធនាគារតាមទូរស័ព្ទចល័តដំបូងគេនៅកម្ពុជា។ វីងជាធនាគារមួយក្នុងចំណោមធនាគារឯកទេសមួយចំនួនក្នុងពិភពលោក។បង្កើតឡើងក្នុងឆ្នាំ២០០៩ ធនាគារឯកទេសវីង ផ្តល់ជូនវីធីសាស្ត្រជាច្រើនសម្រាប់ប្រជាជនកម្ពុជាក្នុងការផ្ញើ និង ទទួលប្រាក់គ្រប់ពេលវេលា គ្រប់ទីកន្លែងដោយការប្រើប្រាស់ទូរស័ព្ទចល័ត។
ធនាគារឯកទេសវីង បានប្តេជ្ញាផ្តល់សេវាហិរញ្ញវត្ថុតាមរយៈសេវាកម្មហិរិញ្ញវត្ថុតាមទូរស័ព្ទចល័ត ទៅកាន់អ្នកមិនមានគណនីធនាគារនិងមិនស្ថិតក្នុងបណ្តាញធនាគារ ដោយផ្តល់ជូននូវផលិតផល និងសេវាកម្មប្រកបដោយភាពច្នៃប្រឌិតដែលផ្តល់លទ្ធភាពដល់អតិថិជនគ្រប់ៗ គ្នាក្នុងការទទួលបានសេវាដូចជាការផ្ទេរប្រាក់ក្នុងស្រុក ផ្ញើប្រាក់ពីក្រៅប្រទេសភ្លាមៗពីជាង ៥០ប្រទេស បញ្ចូលទឹកប្រាក់ទូរស័ព្ទ និងបង់វិក័យប័ត្រ។
ភាពជោគជ័យរបស់ធនាគារវីង ត្រូវបានទទួលស្គាល់នៅពេលដែលត្រូវបានគេដាក់ឈ្មោះថាជា “ធនាគារទូទាត់ចល័តល្អបំផុតនៅកម្ពុជា” ក្នុងកម្រិតកិត្យានុភាពនៃពានរង្វាន់ហិរញ្ញវត្ថុ និងធនាគារជាសាកលឆ្នាំ២០១៧។ ធនាគារវីងនៅតែជាអ្នកនាំមុខគេក្នុងការផ្តល់សេវាទូទាត់ប្រាក់តាមប្រព័ន្ធអេឡិចត្រូនិក និងការទូទាត់ប្រាក់ចល័តនៅក្នុងប្រទេសកម្ពុជា ជាមួយនឹងការគ្របដណ្តប់ក្នុងស្រុក១០០% តាមរយៈបណ្តាញទូទាំងប្រទេសរបស់យើងដែលមានសាខាវីងចំនួន ៥០០០ និង អាជីវករជាង៨០០០ និងចងសម្ព័ន្ធភាពជាក្រុមហ៊ុននាំមុខឧស្សាហកម្មជាសាកល រួមមាន កាតឥណទានអន្តរជាតិតាមអនឡាញ (Online Mastercard) និងក្រុមហ៊ុន WorldRemit។
ធនាគារឯកទេសវីងក៏ផ្តល់ជូននូវហិរញ្ញវត្ថុ និងដំណោះស្រាយទូទាត់ ដល់វិស័យសាជីវកម្មតាមរយៈសេវាកម្មសហគ្រាសរបស់យើង។ ជាមួយ វីង សហគ្រាសខ្នាតតូច និងមធ្យម (SMEs)ព្រមទាំងក្រុមហ៊ុននានាអាចប្រើប្រាស់សេវាបើកប្រាក់បៀវត្ស និងសេវាទូទាត់ប្រាក់ឲ្យបុគ្គលិករបស់ពួកគេដែលជួយដល់កំណើន និងភាពរីកចម្រើននៃប្រព័ន្ធអេកូទូទាត់ប្រាក់។
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង
ធនាគារឯកទេសវីង
អ៊ីម៉ែល: marketing@wingmoney.com