fbpx

ធនាគារ វីង និងសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា បានចុះកិច្ចព្រមព្រៀងរួមគ្នា ដើម្បីផ្តល់សេវាធនាគារ និងលើកកម្ពស់អាជីវកម្មរបស់សមាជិកទាំងអស់

កុម្ភៈ 20, 2023

តាមរយៈកិច្ចសហការនេះ ធនាគារ វីង និងសម្ព័ន្ធសហគ្រាសធុនតូច និងមធ្យមកម្ពុជានឹងផ្តល់ដំណោះស្រាយហិរញ្ញវត្ថុដល់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ក៏ដូចជាជួយលើកកម្ពស់អាជីវកម្មរបស់ពួកគេឲ្យកាន់តែប្រសើរឡើង។​

រាជធានីភ្នំពេញ, ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣៖ ធនាគារ វីង (ខេមបូឌា) ម.ក ដែលជាធនាគារសម្រាប់ប្រជាជនកម្ពុជា និងសម្ព័នសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា ឬហៅកាត់ថា “FASMEC” ដែលជាបណ្តុំនៃអាជីវកម្មធុនតូច មធ្យមនៅកម្ពុជា​ បានចុះកិច្ចព្រមព្រៀងរួមគ្នា ដើម្បីផ្តល់សេវាធនាគារ និងដំណោះស្រាយគ្រប់គ្រងផ្នែកហិរញ្ញវត្ថុដល់សមាជិកFASMECទាំងអស់។ ពិធីចុះហត្ថលេខានេះ មានការចូលរួមពីសំណាក់លោក ហាន ប៉េងក្វាង អគ្គនាយក នៃធនាគារ វីង និង ឧកញ៉ា តែ​ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាល នៃសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំទាំងពីរស្ថាប័នផងដែរ។

លោក ហាន ប៉េងក្វាង អគ្គនាយក នៃធនាគារ វីង បាន​ថ្លែងថា៖ “សហគ្រាសធុនតូច និងមធ្យម គឺជាមូលដ្ឋានគ្រឹះនៃសេដ្ឋកិច្ចកម្ពុជា និងជាគន្លឺះយ៉ាងសំខាន់ក្នុងការជួយកសាងប្រទេសឲ្យកាន់តែមានភាពរីកចម្រើនសម្រាប់ថ្ងៃអនាគត។ សហគ្រាសធុនតូច និងមធ្យម បានបង្កើតឱកាសការងាររាប់សិបកន្លែង ដើម្បីជួយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា ក៏ដូចជាកត្តាជម្រុញសម្រាប់ដំណោះស្រាយផ្នែកអាជីវកម្ម និងបច្ចេកវិទ្យាផងដែរ។  ប្រព័ន្ធអេកូឡូស៊ីរបស់សហគ្រាសធុនតូច និងមធ្យម ដែលរឹងមាំ នឹងមានសក្តានុពលក្នុងការទាក់ទាញវិនិយោគគិន និងអ្នកជំនាញមកកាន់ប្រទេសកម្ពុជា​ ក៏ដូចជាធ្វើពិ​ពិធកម្ម​មូលដ្ឋាន​គ្រឹះ​សេដ្ឋកិច្ច​ និងពង្រីក​សេដ្ឋកិច្ចកម្ពុជាផងដែរ។”

លោក ហាន ប៉េងក្វាង បានបន្ថែមថា៖ “ក្នុងនាមជាធនាគារឌីជីថ​លឈានមុខគេ យើងមានមោទកភាពក្នុងការផ្តល់ជូននូវផលិតផល និងសេវាកម្មប្រកបដោយភាពច្នៃប្រឌិតស្របតាមតម្រូវការសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា។​ ធនាគារយើងក៏បានផ្តល់ជូនអត្រាការប្រាក់ពិសេសលើសេវាកម្មប្រាក់កម្ចីនិងប្រាក់បញ្ញើ សម្រាប់សហគ្រាសធុនតូច និងមធ្យមផងដែរ។ យើងរីករាយស្វាគមន៍រាល់កិច្ចសហការទាំងឡាយណា ដែលអនុញ្ញាតឲ្យធនាគារ វីង ជួយលើកកម្ពស់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ហើយកិច្ចព្រមព្រៀងរវាងធនាគារ វីង និងFASMECនៅពេលនេះ គឺជាឧហរណ៍ជាក់ស្តែង​តែម្តង។ ខ្ញុំសង្ឃឹមយ៉ាតមុតមាំថា កិច្ចសហការនេះនឹងផ្តល់ផលវិជ្ជមានដល់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ក៏ដូចជាសេដ្ឋកិច្ចកម្ពុជាទាំងមូលផងដែរ។” 

ឧកញ៉ា តែ​ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាល នៃសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា បានមានប្រសាសន៍ថា៖ “កន្លងមកនេះFASMEC បានធ្វើការយ៉ាងច្រើន ក្នុងការជួយសហគ្រាសធុនតូច និងមធ្យម នៅកម្ពុជា ឲ្យមានការលូតលាស់ និងរីកចម្រើនតាមរយៈសកម្មភាពជាច្រើនដូចជា៖ កម្មវិធីសិក្ខាសិលា វគ្គបណ្តុះបណ្តាល ការដោះស្រាយបញ្ហាប្រឈមនានា ក៏ដូចជាធ្វើការផ្សព្វផ្សាយសម្រាប់ទីផ្សារក្នុងស្រុក និងទីផ្សារនាំចេញផងដែរ។ គោលបំណងនៃការចុះកិច្ចព្រមព្រៀងនេះ​ គឺដើម្បីជួយសម្រួលភាពងាយស្រួលដល់សមាជិករបស់FASMECទាំងអស់ តាមរយៈការប្រើប្រាស់សេវាធនាគារ វីង ដែលផ្តល់អត្រាការប្រាក់ទាបសម្រាប់ប្រាក់កម្ចី។” 

ធនាគារ វីង និង​ FASMEC ជាដៃគូដ៏ល្អជាមួយគ្នាយូរណាស់មកហើយ។ ហើយនេះជាកិច្ចព្រមព្រៀងទី២ ដែលស្ថាប័ណ្ឌ​ទំាងពីរ​បានចុះហត្ថលេខារួមគ្នា។ ក្រោមកិច្ចសហការនេះ សមាជិករបស់FASMECទាំងអស់ នឹងទទួលបានសិទ្ធិពិសេសក្នុងការប្រើប្រាស់ដំណោះស្រាយគ្រប់គ្រងហិរញ្ញវត្ថុរបស់ធនាគារ​ វីង រួមមាន៖ សេវាប្រាក់កម្ចី, សេវាគ្រប់គ្រងសាច់ប្រាក់, សេវាទូទាត់ និងសេវាប្រមូលប្រាក់ឌីជីថល, ច្រកចូលទីផ្សារតាមរយៈធនាគារ វីង និងសេវាសំខាន់ៗជាច្រើនទៀតសម្រាប់សហគ្រាស់ធុនតូច និងមធ្យមនៅកម្ពុជា៕