fbpx

ក្រុមហ៊ុនវីង និង ក្រុមហ៊ុនវ៉នឌើរផាស ចុះអនុស្សារណៈយោគយល់គ្នាដើម្បីគាំទ្រវិស័យទេសចរណ៍នៅកម្ពុជា

ធ្នូ 10, 2021

កម្ពុជាទទួលបាននូវបទពិសោធទេសចរណ៍បែបឌីជីថល 4.0 ពីបច្ចេកវិទ្យាប្រកបដោយភាពច្នៃប្រឌិត និងដំណោះស្រាយការទូទាត់តាមរយៈភាពជាដៃគូរបស់ក្រុមហ៊ុនវីង និង ក្រុមហ៊ុនវ៉នឌើរផាស។

ក្រុមហ៊ុន វ៉នឌើរផាស ថេកណឡជី​ ឯ.ក បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាជាមួយ ក្រុមហ៊ុន វីង ម៉ាន់​នី​(ខេមបូឌា)ម.ក  ដើម្បីសហការជាដៃគូយុទ្ធសាស្ត្រក្នុងការជំរុញការទូទាត់តាមឌីជីថលក្នុងយុគសម័យទំនើបនៃវិស័យទេសចរណ៍ឌីជីថលនៅកម្ពុជា។

លោក ម៉ានូ រ៉ាចាន់ អគ្គនាយកនៃក្រុមហ៊ុនវីង និង​​លោក Frederic H. Proulx ប្រធាន​ក្រុមហ៊ុន វ៉នឌើរផាស និង​ជា​ប្រធាន​សភា​ពាណិជ្ជកម្ម​កាណាដា​នៅ​កម្ពុជា បានចុះហត្ថលេខាលើ​កិច្ច​ព្រម​ព្រៀងនៃភាពជាដៃគូយុទ្ធសាស្ត្រ ស្តីពី​កិច្ច​សហការ​រវាងក្រុមហ៊ុន វ៉នឌើរផាស និង ក្រុមហ៊ុនវីង ដើម្បី​ផ្សព្វផ្សាយ​បច្ចេកវិទ្យា​ទូទាត់​ដោយមិនប្រើប្រាស់សាច់ប្រាក់ ការទូទាត់តាមប្រព័ន្ធអេឡិចត្រូនិក ដំណោះស្រាយទូទាត់ឧបករណ៍ពាក់ដៃ សំបុត្រឆ្លាតវៃ ក៏ដូចជាឌីជីថលភាវូនីយកម្មនៃបទពិសោធន៍ភ្ញៀវទេសចរណ៍ក្នុងកំឡុងពេលក្រោយកូវីដ។លោក ម៉ានូ រ៉ាចាន់ បាន

មានប្រសាសន៍ថា៖ “ដំណោះស្រាយឌីជីថលជួយអ្នកទេសចរឲ្យរៀបចំផែនការធ្វើដំណើររបស់ពួកគេ ហើយថែមទាំងជួយឲ្យការទូទាត់បានលឿន សុវត្ថិភាព និងមានការការពារ នៅមុនពេល​ កំឡុងពេល និងក្រោយពេល​ការធ្វើដំណើររបស់ពួកគេក្នុងប្រទេសកម្ពុជា ដោយប្រើប្រាស់ប្រព័ន្ធដំណោះស្រាយនៃការទូទាត់បែបឌីជីថលប្រកបដោយភាពច្នៃប្រឌិត និងទូលំទូលាយរបស់វីង។ ភាពជាដៃគូនៅថ្ងៃនេះ នឹងអនុញ្ញាតឲ្យពួកយើងពង្រីកដំណោះស្រាយ និងប្រព័ន្ធអេកូឡូស៊ីនៃការទូទាត់តាមឌីជីថលរបស់យើង ដើម្បីគាំទ្រដល់ការស្តារឡើងវិញនៃវិស័យទេសចរណ៍នៅក្នុងប្រទេសកម្ពុជា និងជួយប្រទេសនេះក្នុងការប្រកួតប្រជែងជាមួយប្រទេសដទៃទៀតនៅក្នុងតំបន់” ។

ខ្សែដៃវ៉នឌើរផាស អនុញ្ញាតឲ្យ​អ្នកប្រើប្រាស់ធ្វើការទូទាត់ដោយបាច់ប្រើសាច់ប្រាក់ផ្ទាល់ ជាមួយហាងជាច្រើននៅក្នុងប្រទេសកម្ពុជា ដោយប្រើប្រាស់សេវាកម្មទូទាត់តាមឌីជីថលរបស់វីង។

លោក Frederic H. Proulx បានមានប្រសាសន៍ថា៖” ការវិវត្តនៃការធ្វើដំណើរជាសាកល ដែលជាផែនការទេសចរណ៍បែបឌីជីថល4.0 គឺជាចំណុចសំខាន់មួយដែលវ៉នឌើរផាសអាចជាដំណោះស្រាយដ៏មានប្រសិទ្ធភាពសម្រាប់អាជីវកម្ម និងប្រតិបត្តិករទេសចរណ៍កម្ពុជា នៅពេលដែលពួកគេកំពុងប្រកួតប្រជែងនៅក្នុងតំបន់ តាមរយៈការផ្តល់នូវបទពិសោធន៍នៃការធ្វើដំណើរដ៏រលូន និងងាយស្រួលបំផុតសម្រាប់អ្នកទេសចរ។”

វ៉នឌើរផាស ត្រូវបានគាំទ្រដោយក្រសួងទេសចរណ៍នៃព្រះរាជាណាចក្រកម្ពុជាក្នុងភាពជាដៃគូដែលមានគោលបំណងប្រតិបត្តិ និងផ្សព្វផ្សាយប្រព័ន្ធលក់សំបុត្រនៅតាមតំបន់ទេសចរណ៍ និងគោលដៅនានារបស់ប្រទេសកម្ពុជា ដោយភ្ជាប់ជាមួយគេហទំព័រ និងកម្មវិធីទូរស័ព្ទ “Visit Cambodia” និង “Kingdom of Wonder” ។

ក្រុមហ៊ុនវីង និងក្រុមហ៊ុនវ៉នឌើរផាស មានឆន្ទៈក្នុងការប្រើប្រាស់ជំនាញរបស់ពួកគេក្នុងបច្ចេកវិទ្យាប្រកបដោយភាពច្នៃប្រឌិត និងដំណោះស្រាយការទូទាត់តាមឌីជីថល ដើម្បីជំរុញការអភិវឌ្ឍវិស័យទេសចរណ៍នៅកម្ពុជា។ ក្រុមហ៊ុនវីង ត្រូវបានគេស្គាល់តាមរយៈភ្នាក់ងារវីង ដែលអាចឲ្យអ្នកប្រើប្រាស់ធ្វើការដកប្រាក់បានគ្រប់ពេលវេលា និងគ្រប់ទីកន្លែង ខណៈដែលកម្មវិធីស្មាតហ្វូនវីង ផ្តល់នូវដំណោះស្រាយទូទាត់តាមឌីជីថលជាច្រើន ។ ក្រុមហ៊ុនវ៉នឌើរផាសគឺជាក្រុមហ៊ុនដែលអាចគ្រប់គ្រងព្រឹត្តិការណ៍ និងលក់សំបុត្រឆ្លាតវៃដោយមិនបាច់ប្រើសាច់ប្រាក់ផ្ទាល់ ដែលត្រូវបានដាក់ឲ្យដំណើរការដោយមានការគាំទ្រពីក្រុមហ៊ុន Haystack Fund ដែលជាក្រុមហ៊ុនមូលធនវិនិយោគសាកល។ ក្រុមហ៊ុន Haystack Fund បានដាក់ទុនជាទឹកប្រាក់ជាង $2 លានដុល្លារអាមេរិក ដើម្បីវិនិយោគលើការបណ្តាក់ទុនឌីជីថលនៅក្នុងប្រទេសកម្ពុជា រួមទាំង $1 លានដុល្លារអាមេរិក ដើម្បីអភិវឌ្ឍន៍ក្រុមហ៊ុនវ៉នឌើរផាស ថេកណឡជី ៕

ចំណងជើងរូបថត៖ លោក ម៉ានូ រ៉ាចាន់ (ឆ្វេង) និង​​លោក Frederic H. Proulx (ស្តាំ) ថតរូបក្នុងកម្មវិធីចុះអនុស្សារណៈយោគយល់គ្នាដើម្បីគាំទ្រវិស័យទេសចរណ៍នៅកម្ពុជា