fbpx

ធនាគារ ឯកទេស វីង (ខេមបូឌា) លីមីធីត និងធនាគារ អេស៊ីលីដា ភីអិលស៊ី ដាក់ឲ្យដំណើរការសេវាផ្ទេរ និងទូទាត់ប្រាក់

មករា 17, 2020

ភ្នំពេញ ថ្ងៃពុធ ៦រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ ធនាគារ អេស៊ីលីដា ភីអិលស៊ី (ប្រជា​ធនាគារ​ដែល​លោកអ្នក​ជឿ​ទុក​ចិត្ត) និងធនាគារ ឯកទេស វីង (ខេមបូឌា) លីមីធីត ប្រកាសជាសាធារណៈ ស្តីអំពីពិធីដាក់ឲ្យដំណើរការសេវាផ្ទេរ និងទូទាត់ប្រាក់ រវាងធនាគារ អេស៊ីលីដា ភីអិលស៊ី និងធនាគារ ឯកទេស វីង (ខេមបូឌា) លីមីធីត។​​

ពិធីដាក់ឱ្យដំណើរការសេវាផ្ទេរ និងទូទាត់ប្រាក់​នេះ មានការចូលរួមពីបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី និង លោក ម៉ានូ រ៉ាចាន់ អគ្គនាយកនៃធនាគារ ឯកទេស វីង​ (ខេមបូឌា) លីមីធីត ព្រមទាំងថ្នាក់ដឹកនាំរបស់ស្ថាប័នទាំងពីរ ។

កិច្ចសហប្រតិបត្តិការរវាងធនាគារទាំងពីរ គឺក្នុងគោលបំណងដើម្បីបង្កើនភាពងាយស្រួលជូនដល់អតិថិជនក្នុងការធ្វើប្រតិបត្តិការ ដូចខាងក្រោម៖

  • ១- ផ្ទេរប្រាក់ រវាងគណនី Core Banking របស់ធនាគារ អេស៊ីលីដា ភីអិលស៊ី និងគណនីវីង
  • ២- ផ្ទេរប្រាក់ រវាងគណនីអេស៊ីលីដាយូនីធីទាន់ចិត្ត និងគណនីវីង

បណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា​ ភីអិលស៊ី បានមានប្រសាសន៍ថា៖ “ធនាគារ​ អេស៊ីលីដា​ ភីអិលស៊ី មានសេចក្តីសោមនស្សរីករាយ ដែលធនាគារ ឯកទេស វីង (ខេមបូឌា) លីមីធីត បានចាប់​ដៃគូ​ជាយុទ្ធសាស្រ្ត ក្នុងកិច្ចសហប្រតិបត្តិការជាមួយធនាគារ អេស៊ីលីដា ភីអិលស៊ី​ ក្នុងការ​បម្រើ​សេវាផ្ទេរប្រាក់និងទូទាត់ប្រាក់របស់ស្ថាប័នទាំងពីរឲ្យកាន់តែទូលំទូ​លាយ​​​ថែមទៀត​ ដើម្បីលើកកម្ពស់​ក្នុងការពង្រីក​ប្រតិបត្តិ​ការ​ធនាគារទាំងពីរឱ្យកាន់តែទំនើប ប្រកប​ដោយ​ប្រសិទ្ធភាព និងសុវត្ថិភាពខ្ពស់ថែមទៀត ដែលអនុញ្ញាតឲ្យអតិថិជនរបស់ធនាគារទាំងពីរ អាចធ្វើការផ្ទេរ និងទូទាត់ប្រាក់រវាងគ្នា និងគ្នា។ កិច្ចសហប្រតិបត្តិការនេះ នាំឲ្យធនាគារយើងទាំងពីរមានបណ្តាញប្រតិបត្តិការសម្បូរបែបចំនួន៤៣.៤៧៦កន្លែង គ្រប​ដណ្តប់​គ្រប់​ខេត្ត-ក្រុង នៃព្រះរាជាណាច​ក្រកម្ពុ​ជា ធ្វើឲ្យអតិថិជនងាយស្រួលក្នុងការជ្រើសរើស ដែលជំរុញឲ្យសេវាផ្ទេរបា្រក់កាន់តែទូលំ​ទូលា​យ ឆាប់រហ័ស ងាយស្រួល និងមាន​សុវត្ថិភាព។ សមិទ្ធផលនេះបានផ្តល់​អត្ថ​ប្រយោ​ជ​ន៍យ៉ាងច្រើន​ដល់​អតិថិជន និង​សាធារណៈជន និងគាំទ្រដល់ការរីកលូតលាស់​របស់​អតិថិជន ជាមួយ​នឹងការ​កាត់ បន្ថយចំណាយ និងហានិភ័យ។ ឥឡូវនេះ អតិថិជនឥណទាន និងអតិថិជនដែលមានគណនីនៅ ធនាគារ អេស៊ីលីដា ភីអិលស៊ី អាចធ្វើទូទាត់សងឥណទាន និងធ្វើការដក-ដាក់សាច់ប្រាក់​ នៅតាមបណ្តាញប្រតិបត្តិការរបស់ធនាគារទាំងពីរគ្រប់ទីកន្លែងទូទាំងប្រទេស។”

លោកបណ្ឌិតបានបន្ថែមថា “ធនាគារ អេស៊ីលីដា ភីអិលស៊ី ជាធនាគារឌីជីថល ដែលមាន អេស៊ីលីដា យូនីធី ទាន់ចិត្ត ដែលអតិថិជនអាចធ្វើប្រតិបត្តិការសេវាធនាគារយ៉ាងសម្បូរបែបតាម​រយៈ​ទូរស័ព្ទដៃដោយខ្លួនឯង។ គិតមកដល់បច្ចុប្បន្ននេះ អេស៊ីលីដា យូនីធី ទាន់ចិត្ត​ ជាសេវាធនាគារតាមទូរស័ព្ទដែលដែលធំជាងគេនៅព្រះរាជាណាចក្រកម្ពុជា ដែលមានអ្នកចុះឈ្មោះប្រើ អេស៊ីលីដា យូនីធី ទាន់ចិត្ត​ ចំនួន ១,២២៦,៣៨៣ ជាលក្ខណៈបុគ្គល និង ៣០,៩៨៩ ជាលក្ខណៈដៃគូ។”

លោក ម៉ានូ រ៉ាចាន់ អគ្គនាយកនៃធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត បានមានប្រសាសន៍ថា៖“ទាំងធនាគារ ឯកទេស វីង និង ធនាគារ អេស៊ីលីដា​ ភីអិលស៊ី សុទ្ធសឹងតែមានចក្ខុវិស័យដូចគ្នាក្នុងការផ្តល់សេវាហិរញ្ញវត្ថុដ៏ល្អដល់សហគមន៍ ដែលធ្វើឱ្យគុណភាពជីវិតរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជាកាន់តែប្រសើរឡើង។​ ក្រុមហ៊ុនវីង ក្នុងនាមជាធនាគារឯកទេស មានការជឿជាក់លើទស្សនៈវិស័យ​ដែលប្រើ​សេវាហិរញ្ញវត្ថុតាមទូរស័ព្ទចល័ត​ ដើម្បី​ផ្តល់នូរផលិតផល និងដំណោះស្រាយផ្សេងៗ​ ដែលចាំបាច់និងជួយសម្រួលដល់ការរស់នៅរបស់ប្រជាជន​កម្ពុជាគ្រប់រូប ឱ្យ​កាន់​តែមានភាពងាយស្រួល។”

តាំងពីចាប់ផ្តើម​ក្នុងឆ្នាំ២០០៩មក ធនាគារ ឯកទេស វីង បានប្តេជ្ញាចិត្តក្នុងការជម្រុញ ឌីជីថល ​និង យេនឌ័រ និងការដាក់រួមបញ្ចូលហិរញ្ញវត្ថុនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ក្នុងរយៈពេលជាង ១០ឆ្នាំកន្លងមកនេះ ធនាគារ ឯកទេស វីង បានធ្វើឱ្យប្រាកដថាប្រជាជនកម្ពុជារាប់លាននាក់ រីករាយជាមួយនឹងភាពងាយស្រួល ក៏ដូចជាសុវត្ថិភាព នៅពេល​​ប្រើប្រាស់នូវសេវាហិរញ្ញវត្ថុតាមទូរស័ព្ទចល័ត ដោយបង្កើតបណ្តាញភ្នាក់ងារវីងផ្ទេរប្រាក់លំដាប់ពិភពលោកជាឆ្អឹងខ្នងរបស់ខ្លួន​ ដោយ​ស្ទើរតែ ៨០ ភាគរយនៃភ្នាក់ងារវីងគឺជាស្រ្តី ហើយនេះជាលើកកម្ពស់យេនឌ័រ និងការរួមបញ្ចូលវិស័យហិរញ្ញវត្ថុ ដ៏សំខាន់មួយ នៅចំណោម​សហគ្រាសខ្នាតមីក្រូ​ តូចនិងមធ្យម នៅកម្ពុជា។​

លោក ម៉ានូ រ៉ាចាន់ បានបន្ថែមថា៖ “ យើងជឿជាក់ថា ភាពជាដៃគូរបស់យើងនៅថ្ងៃនេះ​ នឹងអាចឱ្យយើងអាចផ្តល់ដល់អតិថិជនរបស់ធនាគារអេស៊ីលីដា រាប់ម៉ឺននាក់នូវសេវាកម្មផ្ទេរប្រាក់​ក្នុងប្រទេសកម្ពុជាដ៏សម្បូរបែប ប្រកបដោយភាពងាយស្រួល សុវត្ថិភាព និងគ្មានហានិភ័យ ។​ តាមរយៈភាពជាដៃគូនេះ អតិថិជនរបស់ធានាគារ​​អេស៊ីលីដា នឹងអាចធ្វើការផ្ទេរប្រាក់​របស់ខ្លួនតាមរយៈភ្នាក់ងារវីងជាង៧៣០០ កន្លែងទូទាំងប្រទេស​ ដោយអាចសន្សំសំចៃពេលវេលា និងថវិការបស់ពួកគេក្នុងការធ្វើដំណើរទៅកាន់សាខារបស់ធានាគារអេស៊ីលីដា។​ លើសពីនេះទៅទៀត ពួកគេអាចផ្ទេរប្រាក់ពីគណនីវីង ទៅពីគណនីអេស៊ីលីដា យ៉ាងងាយស្រួលតាមរយៈ​កម្មវិធីស្មាតហ្វូនវីង ឬក៏ប្រើ USSD កូដ *989# នៅលើទូរស័ព្ទដៃគ្រប់ពេលវេលា” ។

ភាពជាដៃគូនេះមិនត្រឹមតែផ្តល់អត្ថប្រយោជន៍ដល់ប្រជាជនកម្ពុជាដែលរស់នៅក្នុងប្រទេសប៉ុណ្ណោះទេ សូម្បីតែប្រជាជនកម្ពុជាដែលរស់នៅជាង ២០០ ប្រទេសទូទាំងពិភពលោក ក៏អាចផ្ទេរប្រាក់តាមរយៈ​ដៃគូសហការអន្តរជាតិតាមរយៈគណនីវីងទៅសមាជិកគ្រួសាររបស់ពួកគេប្រកបដោយប្រសិទ្ធភាពខ្ពស់ផងដែរ៕​​

អំពី​ធនាគារ អេស៊ីលីដា ភីអិលស៊ី

ធនាគារ អេស៊ីលីដា ភីអិលស៊ី មានក្រុមហ៊ុនបុត្រសម្ព័ន្ធចំនួនប្រាំ គឺអេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី វិទ្យាស្ថាន ពាណិជ្ជសាស្ត្រ អេស៊ីលីដា អេស៊ីលីដា ប្រូភើធី អិលធីឌី ធនាគារ អេស៊ីលីដា ឡាវ លីមីធីត និងស្ថាប័នមីក្រូហិរញ្ញវត្ថុ អេស៊ីលីដា មីយ៉ាន់ម៉ា និងព្រមទាំងមានការិយាល័យតំណាងនៅសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា។ ធនាគារ អេស៊ីលីដា ភីអិល​ស៊ី មានទ្រព្យសកម្មសរុបចំនួនជាង ៦,១៩ ពាន់លានដុល្លារអាមេរិក សមតុល្យឥណទានសរុបចំនួន ៣,៨៨ ពាន់លានដុល្លារអាមេរិក និងប្រាក់បញ្ញើសន្សំសរុបចំនួន ៤,៣៣ ពាន់លានដុល្លារអាមេរិក និងមានអតិថិជនប្រមាណជាងពីរលាននាក់ គិតត្រឹមដំណាច់ខែធ្នូ ឆ្នាំ២០១៩ នេះ។

សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់គេហទំព័រ៖​www.acledabank.com.kh

អំពី​ធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត

ធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត គឺជាអ្នកផ្តល់សេវាធនាគារចល័តឈានមុខគេនៅកម្ពុជា និងជាធនាគារឯកទេសមួយក្នុងចំណោមធនាគារឯកទេសមួយចំនួនតូច​នៅលើពិភពលោក។ បង្កើតឡើងក្នុងឆ្នាំ ២០០៩ វីងបានផ្លាស់ប្តូររបៀបដែលប្រជាជនកម្ពុជាផ្ញើនិងទទួលប្រាក់ដោយប្រើទូរស័ព្ទចល័តគ្រប់ពេលនិងគ្រប់ទីកន្លែងយ៉ាងងាយស្រួល។

ធនាគារឯកទេសវីង ជាក្រុមហ៊ុនឈានមុខគេផ្នែកសេវាកម្មហិរញ្ញវត្ថុចល័ត និងសេវាទូទាត់តាមប្រព័ន្ធអេឡិចត្រូនិក នៅក្នុងប្រទេសកម្ពុជា ជាមួយសេវាគ្របដណ្ដប់១០០% តាមរយៈបណ្ដាញភ្នាក់ងារវីងជាង ៧៣០០កន្លែង​ នៅទូទាំងប្រទេស ។ វីងបានចាប់ដៃគូជាមួយពាណិជ្ជករជាង ៤ ម៉ឺនកន្លែង និងក្រុមហ៊ុនឈានមុខគេក្នុងពិភពលោកមួយចំនួនដូចជា៖ ម៉ាស្ទ័រកាត វីសា ​MoneyGram Alipay WeChat Pay និង Western Union ជាដើម។

វីងក៏ផ្តល់​នូវដំណោះស្រាយទូទាត់ការចំណាយ និងថវិកាផ្សេងៗ​​ដល់ក្រុមហ៊ុនសាជីវកម្មតាមរយៈសេវាកម្មសហគ្រាសរបស់យើង។ ជាមួយនឹងវីង សហគ្រាសធុន តូចនិងមធ្យម និងក្រុមហ៊ុនផ្សេងៗអាចប្រើប្រាស់សេវាបើកប្រាក់បៀវត្សរ៍ និងទូទាត់ប្រាក់របស់វីង ដើម្បីជួយដល់ការលូតលាស់និងការរីកចម្រើន​នៃប្រព័ន្ធអេកូទូទាត់ការចំណាយ។

សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់គេហទំព័រ៖www.wingmoney.com