fbpx

សភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា ទទួលស្គាល់ធនាគារ វីង ជាស្ថាប័នឆ្នើមក្នុងការរួមចំណែកសង្គម

មករា 17, 2024

ធនាគារ វីង ឈ្នះពានរង្វាន់ លើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុ និងផ្តល់ផលជាវិជ្ជមានទៅដល់សង្គម ពីសភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា សម្រាប់ការរួមចំណែកយ៉ាងសកម្មក្នុងការផ្តល់ចំណេះដឹងហិរញ្ញវត្ថុទៅដល់ស្ត្រី និងយុទ្ធនាការបោសសម្អាតមីន។

ក្នុងកម្មវិធីប្រគល់ពានរង្វាន់ទំនួលខុសត្រូវសង្គមឆ្នើមប្រចាំឆ្នាំ២០២៣ របស់សភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា ធនាគារ វីង ត្រូវបានទទួលស្គាល់ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុទៅដល់ស្ត្រី និងយុទ្ធនាការរៃអង្គាសថវិកាសម្រាប់ការបោសសម្អាតមីន ដោយទទួលបានពានរង្វាន់ “ការលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុ និងផ្តល់ផលជាវិជ្ជមានទៅដល់សង្គម”។

លោក Travis Mitchell នាយកប្រតិបត្តិនៃសភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា​ បានអបអរសាទរដល់ធនាគារ វីង ចំពោះកិច្ចខិតខំប្រឹងប្រែងចំពោះសង្គម ដោយលោកបានមានប្រសាសន៍ថា៖ “សូមអបអរសាទរធនាគារ វីង ដែលបានឈ្នះពានរង្វាន់ទំនួលខុសត្រូវសង្គមឆ្នើមប្រចាំឆ្នាំ២០២៣ ពីសភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា។ ការរួមចំណែកជាវិជ្ជមានរបស់ធនាគារ​ វីង ទៅដល់ផ្នែកដែលត្រូវការជំនួយ គឺពិតជាគួរឲ្យស្ងើចសរសើរណាស់។ យើងសង្ឃឹមថាគំនិតផ្តួចផ្តើមសប្បុរសធម៌បែបនេះនឹងកើតមានជាបន្តបន្ទាប់ទៀត ដែលមានក្រុមហ៊ុនធំៗដូចជាធនាគារ វីង ជាដើម​ បានរួមចំណែកយ៉ាងវិជ្ជមានដល់សហគមន៍”។

ពានរង្វាន់ទំនួលខុសត្រូវសង្គមឆ្នើមប្រចាំឆ្នាំ២០២៣ របស់សភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា​ ដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់ទំនួលខុសត្រូវសង្គមនៅក្នុងសហគមន៍របស់សភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា និងសង្គមទាំងមូល។ ជារៀងរាល់ឆ្នាំ ពានរង្វាន់មានគោលបំណងលើកកម្ពស់ការយល់ដឹងអំពីកម្មវិធីទំនួលខុសត្រូវសង្គម ដោយទទួលស្គាល់ក្រុមហ៊ុន និងរូបវន្តបុគ្គល ដែលបង្ហាញពីស្មារតីទទួលខុសត្រូវខ្ពស់ក្នុងប្រតិបត្តិការរបស់ពួកគេ។ នៅឆ្នាំ ២០២៣ សភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជាបានផ្តល់ពានរង្វាន់ទំនួលខុសត្រូវសង្គមចំនួនប្រាំប្រភេទសំខាន់ៗដែលមានដូចជា៖ ពានរង្វាន់ផ្តល់ផលជាវិជ្ជមានដល់សង្គម ពានរង្វាន់បរិយាបន្នឌីជីថល ពាន់រង្វាន់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ ពានរង្វាន់ច្បាប់(ជំនួយផ្នែកច្បាប់) និងពានរង្វាន់អប់រំ។

លោក ហាន​​​ ប៉េងក្វាន អគ្គនាយកនៃធនាគារ វីង បានមានប្រសាសន៍ថា៖ “ធនាគារ វីង​ ប្រកាន់យកទំនួលខុសត្រូវសង្គមជាមូលដ្ឋានគ្រឹះនៃអាជីវកម្មរបស់យើងខ្ញុំ យើងចាត់ទុកពានរង្វាន់ទាំងពីរនេះថាជាសក្ខីភាព និងការទទួលស្គាល់សម្រាប់ការរួមចំណែករបស់ធនាគារយើងដល់សង្គម”។ “យើងប្តេជ្ញាចិត្តក្នុងការក្លាយជាស្ថាប័នដែលមានទំនួលខុសត្រូវសង្គម និងសូមថ្លែងអំណរគុណដល់សភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា ដែលបានទទួលស្គាល់ និងកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែង​ឥតឈប់ឈររបស់យើងក្នុងការលើកកម្ពស់ទំនួលខុសត្រូវសង្គម។”

នៅឆ្នាំនេះ ធនាគារ វីង បានទទួលពានរង្វាន់ចំនួនពីរ ពីកម្មវិធីពានរង្វាន់ទំនួលខុសត្រូវសង្គមឆ្នើមប្រចាំឆ្នាំ២០២៣ របស់សភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា។ ពានរង្វាន់ទីមួយ សម្រាប់កម្មវិធីចំណេះដឹងផ្នែកហិរញ្ញវត្ថុ ដែលបានទទួលស្គាល់ពីភាពជោគជ័យនៃ “សិក្ខាសាលាហិរញ្ញវត្ថុភ្នាក់ងារវីង” ដែលធ្វើឡើងនៅ២៥រាជធានីខេត្ត ដោយបំពាក់បំប៉នចំណេះដឹងហិរញ្ញវត្ថុសំខាន់ៗដល់បណ្តាញវីង ជាង ៤,000 នាក់។ ពានរង្វាន់ទីពីរជា ពានរង្វាន់ផ្តល់ផលជាវិជ្ជមានដល់សង្គម ដែលទទួលបានតាមរយៈ “យុទ្ធនាការ៤,000 រៀល ដើម្បីបោសសម្អាតមីននៅកម្ពុជា” ដែលធ្វើឡើងដោយមានការសហការជាមួយសភាពាណិជ្ជកម្មម៉ាឡេស៊ីនៅកម្ពុជា និងកាសែតខ្មែរថាមស៍។ យុទ្ធនាការនេះ លើកទឹកចិត្តដល់សប្បុរសជនក្នុងការបរិច្ចាគថវិកា ដើម្បីគាំទ្រដល់បេសកកម្មរបស់អាជ្ញាធរកំចាត់មីនកម្ពុជាក្នុងការធ្វើឲ្យកម្ពុជាគ្មានមីននៅឆ្នាំ ២០២៥។

ធនាគារ វីង ទទួលស្គាល់ការរួមចំណែកដល់ការលើកកម្ពស់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជន និងសុខុមាលភាពជារួមរបស់សង្គម។ ការប្តេជ្ញាចិត្តនេះត្រូវបានបង្ហាញតាមរយៈការរៀបចំ និងការគាំទ្រសកម្មភាពទំនួលខុសត្រូវសង្គមជាច្រើនជារៀងរាល់ឆ្នាំ រួមទាំងការរៃអង្គាសថវិកាសម្រាប់មន្ទីរពេទ្យកុមារអង្គរនៅខេត្តសៀមរាប ភាពជាដៃគូជាមួយមជ្ឈមណ្ឌលធុរកិច្ច “តេជោ” និង សហគ្រិនខ្មែរ ដើម្បីជួយទៅដល់ការចាប់ផ្តើមអាជីវកម្មថ្មី ការផ្តល់ការគាំទ្រដល់អង្គការ Smile Cambodia ក្នុងការផ្តល់ការវះកាត់ដោយឥតគិតថ្លៃដល់អ្នកជំងឺដែលមានមាត់ឆែប និងបញ្ហាក្រអូមមាត់ កិច្ចសហការជាមួយសភាពាណិជ្ជកម្មកម្ពុជា ដើម្បីជួយគាំទ្រដល់សហគ្រាសធុនតូច និងមធ្យមទូទាំងប្រទេសកម្ពុជាអំពីការផ្តល់ហិរញ្ញប្បទាន និងប្រតិបត្តិការអាជីវកម្ម និងផ្តល់ការឧបត្ថម្ភគាំទ្រដល់ Happy Football Cambodia Australia (HFCA) ដើម្បីលើកកម្ពស់ការចូលរួមរបស់យុវជនក្នុងវិស័យកីឡាជាដើម៕