fbpx

ក្រុមហ៊ុន CSDS និងគម្រោងហាវែស III​ ចាប់ដៃសហការជាមួយ WingCommerce និងធនាគារ វីង

មករា 24, 2024

ធនាគារ វីង,​ ទីផ្សារពាណិជ្ជកម្មអនឡាញ WingCommerce, គម្រោងហាវែស III និងក្រុមហ៊ុន CSDS ផ្តល់ការគាំទ្រដល់ប្រជាកសិករជាមួយនឹងដំណោះស្រាយក្នុងការប្រើប្រាស់ទីផ្សារ​ពាណិជ្ជកម្មអនឡាញ និងសេវាធនាគារទំនើបតាមប្រព័ន្ធឌីជីថល។​

ផ្សារពាណិជ្ជកម្មអនឡាញ WingCommerce របស់ក្រុមហ៊ុន វីង អ៊ិនធើ ឡូជីស្ទីក ថេកណឡជី ឯ.ក, ធនាគារ វីង (ខេមបូឌា) ម.ក, ក្រុមហ៊ុនខេមបូឌាន ស្តេនដាត ឌីវេ ឡុបម៉ិន និងសឹបផ្លាយ ឯ.ក (CSDS) និងគម្រោងហាវែស  III បានសម្រេចកិច្ចសហការ ដើម្បីជួយគាំទ្រទៅដល់សហគមន៍កសិករកម្ពុជាក្នុងការទទួលបាននូវដំណោះស្រាយប្រើប្រាស់ទីផ្សារពាណិជ្ជកម្មអនឡាញ និងដំណោះស្រាយហិរញ្ញវត្ថុ។ 

កិច្ចសហការនេះ​ត្រូវបានផ្តួចផ្តើមឡើងតាមរយៈការចុះអនុស្សរណៈយោគយល់គ្នាមួយ ដែលអនុញ្ញាតឱ្យសមាជិកគម្រោងកសិកម្ម ហាវែស III និងក្រុមហ៊ុន CSDS អាចប្រើប្រាស់ទីផ្សារពាណិជ្ជកម្មអនឡាញ WingCommerce ដែលរួមមានថ្នាលឌីជីថល Wingagri ដែលផ្តោតលើផលិតផលកសិកម្ម ក៏ដូចជាទទួលបានជំនួយផ្នែកហិរញ្ញវត្ថុពីធនាគារ វីង ដើម្បីពង្រីកទីផ្សាររបស់ប្រជាកសិករនៅទូទាំងប្រទេសកម្ពុជាឱ្យបានកាន់តែទូលំទូលាយ។ 

លោក ម៉ានូ រ៉ាចាន់ អគ្គនាយកក្រុមហ៊ុន វីង អ៊ិនធើ ឡូជីស្ទីក ថេកណឡជី បានលើកឡើងថា៖ យើងប្តេជ្ញាប្រើប្រាស់បច្ចេកវិទ្យាដើម្បីបង្កើតកាលានុវត្តភាពការងារឱ្យបានកាន់តែប្រសើរ កែលម្អគុណភាពរបបអាហារ ក៏ដូចជារួមចំណែកលើកកម្ពស់សុខុមាលភាពទូទៅរបស់ប្រជាជនកម្ពុជាផងដែរ 

លោក ម៉ានូ រ៉ាចាន់ បានបន្តថា៖ ការប្តេជ្ញាចិត្តរបស់យើងលើសពីការសន្យាអាជីវកម្ម។ នោះគឺការគូសបញ្ជាក់ពីគោលជំហរក្នុងការយកចិត្តទុកដាក់របស់យើងចំពោះឆន្ទៈដ៏មុះមុត និងអនាគតរបស់ប្រទេសកម្ពុជា ជាពិសេសវិស័យកសិកម្ម 

ដោយផ្តោតលើ​​ដំណោះស្រាយផ្នែកបច្ចេកវិទ្យាហិរញ្ញវត្ថុ បច្ចេកវិទ្យាសម្រាប់ទីផ្សារផលិតផលកសិកម្ម និងសេវាកម្មដឹកជញ្ចូន WingCommerce អាចជួយបំពេញតម្រូវការដ៏សំបូរបែបទៅដល់ប្រជាជនកម្ពុតាមរយៈថ្នាលឌីជីថលរបស់ខ្លួន នោះគឺ​Wingagri។​ បន្ថែមលើនេះ WingCommerce ក៏ជួយសម្រួលដល់សេវាធនាគារឌីជីថល, ការគ្រប់គ្រងសាច់ប្រាក់, និងជម្រើសនៃការទូទាត់នានា ដើម្បីផ្តល់ភាពងាយស្រួលក្នុងការទទួលបាននូវហិរញ្ញប្បទានសម្រាប់ខ្សែច្រវាក់ផ្គត់ផ្គង់ និងហិ​រញ្ញប្បទានសម្រាប់ផលិតកម្មកសិកម្មតាមកិច្ចសន្យា ពីគ្រឹះស្ថានហិរញ្ញវត្ថុនានានៅក្នុងប្រទេសកម្ពុជា។ 

តាមរយៈកិច្ចសហការដ៏មានសារៈសំខាន់នេះ កសិករម្នាក់ៗអាចស្នើសុំឥណទានរហូតដល់ ១០០ លានរៀលពីធនាគារ វីង ដោយមិនចំាបាច់មានទ្រព្យបញ្ចាំនោះឡើយ ដែលកត្តានេះគឺជាកិច្ចការគាំទ្រដ៏សំខាន់មួយ សំដៅលើកកម្ពស់អាជីវកម្មកសិកម្ម ការបង្កើនឱកាសទីផ្សារថ្មីៗ ក៏ដូចជាដោះស្រាយតម្រូវការហិរញ្ញវត្ថុបានភ្លាមៗផងដែរ។

លោក ហាន​ ប៉េងក្វាង អគ្គនាយកធនាគារ វីង បានលើកឡើងថា៖ យើងប្តេជ្ញាចិត្តក្នុងការផ្តល់ដំណោះស្រាយធនាគារប្រកបដោយភាពច្នៃប្រឌិត ដើម្បីឆ្លើយតបទៅនឹងតម្រូវការចាំបាច់នានារបស់កសិករ សហករណ៍ និងកសិពាណិជ្ជកម្ម 

លោក ហាន​ ប៉េងក្វាង បានបញ្ជាក់បន្ថែមថា៖ គោលដៅរបស់យើងគឺដើម្បីរួមចំណែកដល់អនាគតដ៏រុងរឿង និរន្តរភាព និងសមធម៌ទៅដល់ភាគីពាក់ព័ន្ធទាំងអស់ដែលចូលរួមអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជា  

ក្រុមហ៊ុន CSDS ដែលជាប្រភេទ​អាជីវកម្មពេញសិទ្ធិក្នុងការបញ្ជាទិញកសិផលពីកសិករនៅទូទាំង ២៥ ខេត្តក្រុង ដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្គត់ផ្គង់បំពេញតម្រូវការប្រចាំថ្ងៃនៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្តនានាក្នុងប្រទេសកម្ពុជា។ ក្រុមហ៊ុននេះក៏បានផ្តល់ជាចំណេះដឹងសំខាន់ៗទៅដល់អ្នកផលិត អ្នកប្រើប្រាស់ និងភាគីពាក់ព័ន្ធនានាដើម្បីធានាបានការប្រកាន់ខ្ជាប់នូវស្តង់ដារសុវត្ថិភាពចំណីអាហារផងដែរ។ 

ចំណែកឯគម្រោងកសិកម្ម​ហាវែស III ដែលជាគំនិតផ្តួចផ្តើមក្រោម​ជំនួយ​ពី​ទីភ្នាក់ងារ​សហរដ្ឋ​អាមេរិក USAID មាន​រយៈពេល​ ៥ឆ្នាំ ត្រូវបានបង្កើតឡើងក្នុងគោលបំណងជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព និងវិសាលភាពនៃកំណើនសេដ្ឋកិច្ចនៅក្នុងប្រទេសកម្ពុជា ដោយផ្តោតលើការបង្កើនពិពិធកម្ម និងភាពប្រកួតប្រជែងនៅក្នុងវិស័យកសិកម្ម។ 

វិស័យកសិកម្មដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅកម្ពុជា។ ជាក់ស្តែងពេញមួយឆ្នាំ ២០២៣ កម្ពុជាសម្រេចបានជោគជ័យចំពោះកំណើននៃការនាំចេញគួរឱ្យកត់សម្គាល់ ដោយបង្កើតចំណូល ប្រមាណ ៤,៣ ពាន់លានដុល្លារពីការនាំចេញកសិផលចំនួន ៨,៤ លានតោន នេះបើយោងតាមរបាយការណ៍ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ 

ទន្ទឹមគ្នានេះ យោងតាមការសិក្សាមួយដែលរៀបចំឡើងដោយទីភ្នាក់ងារ​សហរដ្ឋ​អាមេរិក USAID បានបង្ហាញថាប្រហែល ៦១ ភាគរយនៃចំនួនប្រជាជនកម្ពុជារស់នៅតំបន់ជនបទ ហើយប្រមាណ ៧៧ ភាគរយនៃគ្រួសាររស់នៅជនបទពឹងផ្អែកលើវិស័យកសិកម្ម ព្រៃឈើ និងនេសាទ សម្រាប់ជីវភាពរស់នៅរបស់ពួកគេ។  

តាមរយៈកិច្ចសហការរវាង WingCommerce, ធនាគារ វីង, ក្រុមហ៊ុន CSDS និងគម្រោងហាវែស​ III នាពេលនេះ គឺមានគោលបំណងជួយទៅដល់សហគមន៍កសិករទទួលបានលទ្ធភាពងាយស្រួលក្នុងការប្រើប្រាស់ទីផ្សារពាណិជ្ជកម្មអនឡាញ និងជំនួយផ្នែកហិរញ្ញវត្ថុ សំដៅជំរុញវឌ្ឍនភាព ចីរភាព​ សម្រាប់វិស័យកសិកម្មនៅកម្ពុជា៕