About Me:

ខ្ញុំជាកូនស្រីនៅក្នុងគ្រួសារដែលបើកអាជីវកម្មនៅក្នុងខេត្តកំពត។ ឪពុកម្តាយរបស់ខ្ញុំប្រកបរបរលក់គ្រឿងទេសនៅផ្ទះ ដើម្បីគាំទ្រការសិក្សារបស់ខ្ញុំនៅសកលវិទ្យាល័យ។

About Sreyem Kim

បន្ទាប់ពីបញ្ចប់ការសិក្សានៅវិទ្យាល័យ ប្រហែលពាក់កណ្តាលនៃមិត្តភក្តិរបស់ខ្ញុំ មិនបានបន្តការសិក្សារបស់ពួកគេទៅថ្នាក់សកលវិទ្យាល័យទេ។ ខុសប្លែកពីពួកគាត់ ខ្ញុំមានក្តីសុបិន្តធំជាងនេះ ដូច្នេះខ្ញុំបានបន្តការសិក្សាថ្នាក់បរិញ្ញាបត្រអក្សរសាស្រ្តអង់គ្លេសនៅសាកលវិទ្យាល័យ បញ្ញាសាស្ត្រ និងបរិញ្ញាបត្រផ្នែកហិរញ្ញវត្ថុនៅសកលវិទ្យាល័យអាស៊ីអឺរ៉ុប។ បច្ចុប្បន្ននេះ ខ្ញុំកំពុងធ្វើការនៅធនាគារឯកទេសវីងអស់រយៈពេលពីរខែ ជាបុគ្កលិកហាត់ការក្នុងផ្នែកសេវាបម្រើអតិថិជន។

ចំណង់ចំណូលចិត្ត:

ខ្ញុំរឹតតែមានចំណាប់អារម្មណ៍ក្នុងការអាន បន្ទាប់ពីឃើញថា មនុស្សភាគច្រើនដែលទទួលបានជោគជ័យ តែងតែអានសៀវភៅ។ ការអានធ្វើឱ្យអ្នកមើលឃើញពិភពលោកខុសប្លែកពីមុន តាមរយៈអារម្មណ៍ និងផ្នត់គំនិតរបស់អ្នកនិពន្ធ ដែលបង្ហាញតាមរយៈការតែងនិពន្ធរបស់ពួកគាត់។ ចំណង់ចំណូលចិត្តបែបនេះ បានរួមចំណែកដល់អាជីពរបស់ខ្ញុំនៅ ធនាគារឯកទេសវីង ព្រោះវាជួយឲ្យខ្ញុំរៀនយល់ពីអារម្មណ៍របស់អតិថិជនតាមរយៈសារដែលពួកគេបានផ្ញើមកកាន់ទំព័របណ្តាញសង្គមរបស់វីង។ នៅពេលដែលពួកគាត់មានអារម្មណ៍ខឹង វាជាការល្អដែលយើងឈានមួយជំហានទៅក្រោយ ហើយព្យាយាមយល់ពីអារម្មណ៍របស់ពួកគាត់មុននឹងធ្វើការឆ្លើយតបតាមរយៈសារទៅកាន់ពួកគាត់។ ខ្ញុំក៏ចូលចិត្តជួបមនុស្សថ្មីដែរ ដោយសារយើងអាចចែករំលែកបទពិសោធន៍ខុសៗគ្នា ហើយវាជួយកាត់បន្ថយភាពអៀនខ្មាស់របស់ខ្ញុំនៅពេលខ្ញុំជួបនឹងអ្នកដទៃដែលមិនធ្លាប់ស្គាល់ពីមុន។

ឱកាសរបស់ខ្ញុំ

ទោះបីជាខ្ញុំកំពុងសិក្សានៅសកលវិទ្យាល័យក៏ពិតមែន វីងបានផ្តល់ឱ្យខ្ញុំនូវបទពិសោធន៍ការងារពិតប្រាកដមួយក្រោមការផ្តល់ដំបូន្មានដ៏ល្អពីបុគ្គលិករបស់វីង។ ការយកចិត្តទុកដាក់ពីបុគ្គលិកវីង រឹតតែជួយឲ្យខ្ញុំឲ្យត្រៀមខ្លួនរួចជាស្រេចក្នុងការក្លាយជាបុគ្គលិកបម្រើការងារនៅក្នុងវិស័យធនាគារនៅរាជធានីភ្នំពេញ។ ខ្ញុំសង្ឃឹមថាឲកាសហាត់ការនេះ នឹងនាំមកនូវជំនាញដែលសមស្របមួយសម្រាប់ខ្ញុំនៅពេលខ្ញុំបញ្ចប់ការសិក្សាពីសកលវិទ្យាល័យ។

អំពីវីង

វីង គឺជាកន្លែងធ្វើការមួយដែលបុគ្គលិកទទួលបានបរិយាកាសការងារត្រឹមត្រូវនិង ជំនាញជីវិតដ៏ត្រឹមត្រូវ។ ក្នុងករណីរបស់ខ្ញុំ ខ្ញុំចូលចិត្តជួបមនុស្សថ្មី។ ដូច្នេះ វីងផ្តល់នូវបទពិសោធន៍ការងារមួយដែលខ្ញុំអាចជួបជាមួយអតិថិជនថ្មីជារៀងរាល់ថ្ងៃ ហើយវាក៏ជួយខ្ញុំឱ្យក្លាយជាមនុស្សក្លាហានផងដែរ។ ពេលធ្វើការនៅធនាគារឯកទេសវីង អ្នកទទួលបានអត្ថប្រយោជន៍ការងារល្អ ៗ ទោះបីខ្ញុំជាបុគ្គលិកហាត់ការក៏ពិតមែន។ វីងត្រូវបានគេស្គាល់ថាជាធនាគារឯកទេស និងជាកន្លែងធ្វើការដែលមានបរិយាកាសការងារល្អ។

ដំបូន្មាន​របស់ខ្ញុំ

អនាគតរបស់អ្នកស្ថិតនៅលើដៃអ្នក។ ក្នុងករណីដែលអ្នកប្រឈមនឹងឧបសគ្គណាមួយដែលបង្ខំឱ្យអ្នកបោះបង់ការសិក្សារបស់អ្នក សូមធ្វើការពិចារណាម្តងទៀត។ ក្នុងកាលៈទេសៈខ្លះ អ្នកមិនចាំបាច់បោះបង់ចោលការសិក្សា ដើម្បីធ្វើការនិងទទួលបានបទពិសោធន៍ឡើយ។ អ្នកអាចធ្វើកិច្ចការទាំងពីរក្នុងពេលតែមួយ ដូចដែលខ្ញុំកំពុងធ្វើឥឡូវនេះ។ អ្នកប្រហែលជាមិនឃើញលទ្ធផលរបស់វាទេក្នុងពេលឥឡូវនេះ ប៉ុន្តែខ្ញុំជឿជាក់ថា អ្នកនឹងទទួលបានលទ្ធផលទំាងនោះនាពេលអនាគត។