fbpx

ក្រុមហ៊ុនព្រូដិនសល កម្ពុជា និងធនាគារ វីង ចាប់ដៃគូសហការអាជីវកម្ម ប៊េនកាសួរេន

កុម្ភៈ 23, 2024

ឥឡូវនេះផលិតផលធានារ៉ាប់រងអាយុជីវិត និងសុខភាពរបស់ក្រុមហ៊ុន ព្រូដិនសលកម្ពុជា មានលក់​នៅតាម សាខាធនាគារ វីង ដែលជាការបោះជំហានដ៏សំខាន់មួយ ដើម្បីពង្រីកវិសាលភាព ក្នុងការផ្តល់សេវា ធានារ៉ាប់រងអាយុជីវិតនៅទូទាំងប្រទេសកម្ពុជា។

ក្រុមហ៊ុន ព្រូដិនសល (ខេមបូឌា) ឡាយហ្វ៍ អឹសួរ៉ិនស៍ ម.ក និងធនាគារ វីង (ខេមបូឌា) ម.ក បានប្រកាសពីកិច្ចសហការដៃគូអាជីវកម្ម ប៊េនកាសួរេន ដែលគាំទ្រដោយនិយ័តករធានារ៉ាប់រងនៃកម្ពុជា និងធនាគារ ជាតិ នៃកម្ពុជា។

ភាពជាដៃគូយុទ្ធសាស្ត្រនេះ ធ្វើឡើងក្នុងគោលបំណងបង្កើនវិសាលភាពក្នុងការផ្តល់សេវាធានារ៉ាប់រងអាយុជីវិត ក៏ដូចជាសេវាការពារហិរញ្ញវត្ថុដោយប្រើប្រាស់ចំណុចខ្លាំងនៃស្ថាប័នទាំងពីរក្នុងការផ្តល់សេវាកម្មហិរញ្ញវត្ថុឱ្យបានកាន់តែទូលំទូលាយ នៅក្នុងប្រទេសកម្ពុជា។ ប៊េងកាសួរេន ដែលត្រូវបានកំណត់និយមន័យដោយធនាគារជាតិ នៃកម្ពុជា គឺសំដៅដល់កិច្ចសហការរវាងគ្រឹះស្ថាន និងក្រុមហ៊ុនធានារ៉ាប់រងក្នុងការចែកចាយ និងផ្សព្វផ្សាយផលិតផលធានារ៉ាប់រងតាមរយៈការប្រើប្រាស់បណ្តាញគ្រឹះស្ថានដែលជាដៃគូ។

ពិធីសម្ពោធជាផ្លូវការនេះមានការអញ្ជើញចូលរួមជាកិត្តិយសក្រោមគណៈអធិបតីភាព ឯកឧត្តមបណ្ឌិត ម៉ី វ៉ាន់ រដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការ នៃអគ្គលេខាដ្ឋានអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ, ឯកឧត្តម ប៊ូ ច័ន្ទភីរូ អគ្គនាយកនៃនិយ័តករធានារ៉ាប់រងកម្ពុជា, លោក ហេង បូមករា អគ្គនាយករងត្រួតពិនិត្យទី១  អគ្គនាយកដ្ឋានត្រួតពិនិត្យ នៃធនាគារជាតិនៃកម្ពុជា, លោក ហ៊ុយ វ៉ាថារ៉ូ ប្រធានសមាគមធានារ៉ាប់រងកម្ពុជា, អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាលធនាគារ វីង និងជាអគ្គនាយកក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប, លោក Han Peng Kwang អគ្គនាយកធនាគារ វីង, លោក Wilson Ma ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនព្រូដិនសលកម្ពុជា និងជាប្រធានផ្នែកគ្រប់គ្រងអាជីវកម្ម និងយុទ្ធសាស្រ្ត នៃក្រុមហ៊ុនព្រូដិនសល ភីអិលស៊ី, លោក Mandar Hastekar អគ្គនាយកស្តីទី និងនាយកផ្នែកហិរញ្ញវត្ថុ នៃក្រុមហ៊ុនព្រូដិនសលកម្ពុជា (CLM Hub) ព្រមទាំងវត្តមានអតិថិជន និងភ្ញៀវកិត្តិយសជាច្រើនរូប។

លោក Mandar Hastekar  បានលើកឡើងថា៖ «កិច្ចសហការរបស់យើងជាមួយធនាគារ វីង គឺជាជំហានដ៏សំខាន់មួយឆ្ពោះទៅជំរុញបរិយាបន្នហិរញ្ញវត្ថុនៅក្នុងប្រទេសកម្ពុជាតាមរយៈកិច្ចសហការរួមគ្នាដោយនាំមកជាមួយជំនាញរបស់ក្រុមហ៊ុនព្រូដិនសល កម្ពុជា ក្នុងការពារហិរញ្ញវត្ថុ និងបណ្តាញរបស់ធនាគារ វីង នឹងជំរុញការផ្តល់សេវាធានារ៉ាប់​រងឱ្យបានកាន់តែទូលំទូលាយទៅដល់សហគមន៍”។

លោក Mandar Hastekar បានបន្ថែមថា៖ «ភាពជាដៃគូនេះគឺឆ្លុះបញ្ជាំងពីការប្តេជ្ញាចិត្តរបស់យើងខ្ញុំ ដោយនាំមកនូវអនាគតកាលដ៏ត្រចះត្រចង់តាមរយៈការផ្តល់ជូននូវស្ថិរភាពហិរញ្ញវត្ថុទៅដល់គ្រប់គ្រួសារកម្ពុជា”។

ឥឡូវនេះ អតិថិជនមានភាពងាយស្រួលក្នុងការទិញផលិតផលរបស់ក្រុមហ៊ុនព្រូដិនសល ដោយផ្ទាល់នៅតាមទីតាំងសាខាធនាគារ វីងដែលបានអនុម័តនៅទូទាំងប្រទេសកម្ពុជា ដែលមានបុគ្គលិកប្រកបដោយជំនាញវិជ្ជាជីវៈដើម្បីជួយសម្របសម្រួលរាល់តម្រូវការសេវាហិរញ្ញវត្ថុជូនទៅដល់អតិថិជន។

ដើម្បីអបអរដល់កិច្ចសហការនេះ អតិថិជនដែលទិញផលិតផលធានារ៉ាប់រងណាមួយពីក្រុមហ៊ុនព្រូដិនសល កម្ពុជា តាមរយៈធនាគារ វីង នឹងទទួលបានការផ្ដល់ជូនដ៏ពិសេសដូចជា៖ ទទួលបានអត្រាការប្រាក់ពិសេសសម្រាប់ការដាក់ប្រាក់បញ្ញើមានកាលកំណត់រយៈពេល ១២ ខែក្នុងចំនួនទឹកប្រាក់ណាមួយ ព្រមទាំងទទួលបានផលិតផលធានារ៉ាប់រងគ្រោះថ្នាក់ចរាចរណ៍តាមដងផ្លូវ ឬហៅថា PRUសុវត្ថិភាពខ្ញុំ ដោយឥតគិតថ្លៃ និងការផ្ដល់ជូនពិសេសផ្សេងៗទៀត។ ការផ្ដល់ជូននេះមានរយៈពេលត្រឹមតែមួយខែប៉ុណ្ណោះ ដោយចាប់ផ្តើមពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ ២០២៤ តទៅ។ លោក Han Peng Kwang អគ្គនាយកធនាគារ វីង បានលើកឡើងថា៖ «ភាពជាដៃគូនេះគឺជាការវិវឌ្ឍដ៏សំខាន់ ដើម្បីបង្កើនការការពារហិរញ្ញវត្ថុជូនអតិថិជនគ្រប់រូប ដែលជាការរួមចំណែកទៅដល់ស្ថិរភាព និងសុវត្ថិភាពគ្រប់ក្រុមគ្រួសារ ក៏ដូចជាសហគ្រាសនៅក្នុងប្រទេសកម្ពុជា»។

លោក Han Peng Kwang បានបន្តថា៖ «ជាមួយចក្ខុវិស័យរួមគ្នាក្នុងការផ្តល់ការការពារហិរញ្ញវត្ថុដ៏រឹងមាំជូនសហគមន៍ និងអតិថិជនទាំងអស់ កិច្ចសហការរបស់យើងនាពេលនេះគឺជាការវិវឌ្ឍដ៏សំខាន់មួយទៀតឆ្ពោះទៅសម្រេច គោលដៅរួម   និងជួយដល់ប្រជាជនកម្ពុជាគ្រប់រូបឱ្យទទួលបាននូវអនាគតកាន់តែមានសុវត្ថិភាព និងល្អប្រសើរ»។

អាជីវកម្ម​ប៊េន​កាសួ​រេន កំពុង​ដើរ​តួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​ជំរុញ​វិសាលភាព​សេវា​ធានា​រ៉ាប់រង​ឲ្យ​កាន់​តែ​ងាយស្រួល​ទៅ​ដល់​ប្រជាជន​កម្ពុជា ដែល​គំរូ​​អាជីវកម្ម​នេះ​បាន​រួម​ចំណែក​ដល់​ទៅ ៤០ ភាគរយ នៃ​ការលក់​សរុប​នៅ​ក្នុង​វិស័យ​ធានា​រ៉ាប់រង​កម្ពុជា​កាល​ពី​ឆ្នាំ​២០២២​។ រាជ​រដ្ឋាភិបាល​កម្ពុជា​កំពុង​ផ្ដោត​សំខាន់​លើ​អាជីវកម្ម​ប៊េនកាសួរេន​ ដើម្បី​ពង្រីក​វិសាលភាព​នៃ​វិស័យ​ធានា​រ៉ាប់រង​ដែល​មាន​គោលបំណង​បង្កើន​អត្រា​នៃ​ការអភិវឌ្ឍ​វិស័យ​ធានា​រ៉ាប់​រង​​​ឱ្យកើនដល់ ៥,៥ ភាគរយ និង​បង្កើន​ដង់ស៊ីតេ​ឧស្សាហកម្ម​ធានា​រ៉ាប់រង​ដល់ ១៣៥ ដុល្លារអាមេរិក​ នៅត្រឹមឆ្នាំ ២០៣០។

ក្រុមហ៊ុន​ព្រូដិនសល កម្ពុជា បាន​ក្លាយ​ជា​ក្រុមហ៊ុន​ធានា​រ៉ាប់​រង​ដ៏​ធំ​មួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​តាំង​ពី​ឆ្នាំ ២០១៣ ដែល​មាន​ទ្រព្យ​សកម្ម​សរុប​ជាង ២៥៦ លានដុល្លារអាមេរិក​។ ក្រុមហ៊ុន​ព្រូដិន​សល កម្ពុជា បាន​ផ្ដល់​នូវ​ការការពារ​ហិរញ្ញ​វត្ថុ​ដល់​ប្រជា​ពលរដ្ឋ​កម្ពុជា​ជាង ៤២៥.០០០ គ្រួសារ និង​បាន​ផ្តល់​សំ​ណង​ជាង ២០ លាន​ដុល្លា​អាមេរិក​ គិត​ត្រឹម​ខែ​មិថុនា ឆ្នាំ២០២៣។

ក្នុងនាមជាធនាគារឌីជីថលមួយដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័សនៅកម្ពុជា ធនាគារ វីង ប្តេជ្ញាចិត្តលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ តាមរយៈការផ្ដល់ដំណោះស្រាយហិរញ្ញវត្ថុប្រកបដោយភាពច្នៃប្រឌិត។ ដោយមានសាខាជាច្រើនកំពុងដំណើរការ ជាមួយ​នឹង​បណ្តាញ​វីង​ជាង ១១.០០០ ទីតាំង​គ្រប់​ដណ្តប់​នៅ​ទូទាំង​ប្រទេស​ផង​ដែរ​នោះ ធនាគារ វីង បាន​ផ្តល់​សេវា​កម្ម​ទៅ​ដល់​អ្នក​ប្រើប្រាស់​ជាង ១៤,៥​លាននាក់។

កិច្ចសហការនេះកំពុងតែបន្តឆ្ពោះទៅមុខ  ដើម្បី​បង្កើន​លទ្ធភាព​ទទួល​បាន​ការការពារ​ហិរញ្ញ​វត្ថុ​កាន់​តែ​ប្រសើរ​សម្រាប់​ប្រជាជន​កម្ពុជា​គ្រប់​រូប។